Denise Hruby
ជនសង្ស័យក្នុងការសម្លាប់គ្រូឱសថបុរាណនៅមិនទាន់ចាប់ខ្លួនបាននៅឡើយ
នគរបាលនៅក្នុងស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងកាលពីម្សិលមិញថា ពួកគេកំពុងតែស្វែងរកបុរសចំនួន១១នាក់ដែលគេស្គាល់ថា ជាជនសង្ស័យសំខាន់ៗក្នុងការសម្លាប់ឈ្មោះ ពៅ សុវណ្ណ អាយុ៣៦ឆ្នាំ ដែលត្រូវបានវាយនឹងដំបង និងគប់ដុំថ្មរហូតដល់ស្លាប់កាលពីថ្ងៃអាទិត្យ ដោយមនុស្សប្រហែល៦០០នាក់ ដែលចោទគាត់ថា ចេះអំពើអាបធ្មប់។
លោក ឃុត ឡូ នាយការិយាល័យនគរបាលព្រហ្មទណ្ឌស្រុកបានឲ្យដឹងកាលពីម្សិលមិញថា " ជនសង្ស័យទាំង១១នាក់នេះ ដែលយើងបានកំណត់អត្តសញ្ញាណ បានរត់គេចខ្លួនកាលពីយប់ថ្ងៃអាទិត្យ នៅវេលាម៉ោងប្រហែល៨យប់ បន្ទាប់ពីសម្លាប់ជនរងគ្រោះ"។ លោកបានបន្ថែមថា ពួកគេនឹងត្រូវចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន។
នគរបាលបានមើលឃើញការសម្លាប់លោក ពៅ សុវណ្ណ ដែលជាគ្រូឱសថបុរាណ ដែលចាប់ផ្ដើមឡើងដោយអ្នកភូមិមួយក្រុមមានគ្នាប្រមាណ២០០នាក់ ព័ទ្ធជុំវិញផ្ទះឪពុករបស់គាត់កាលពីថ្ងៃអាទិត្យ នៅម៉ោងប្រមាណ២រសៀល។ ខណៈដែលក្រុមមនុស្សកើនឡើងបន្តិចម្ដងៗរហូតដល់៦០០នាក់នៅកន្លែងកើតហេតុ នគរបាលបានឲ្យដឹងថា ពួកគេមិនអាចចូលអន្តរាគមន៍បានឡើយ។ បន្ទាប់ពីក្រុមមនុស្សដែលមានកំហឹងវាយដំជាច្រើនដងដោយព្រនង់ និងដុំថ្ម ពៅ សុវណ្ណ បានស្លាប់នៅម៉ោងប្រហែល៨យប់។
លោ ឃុត ឡូ បានឲ្យដឹងថា ជនសង្ស័យទាំងនេះជាសាច់ញាតិរបស់មនុស្សប្រាំពីរនាក់ដែលបានស្លាប់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយមិនបង្ហាញអាការជំងឺណាមួយ។ លោក ឃុត ឡូ បានមានប្រសាសន៍ថា ជនសង្ស័យ១១នាក់នេះបញ្ឆេះកំហឹងអ្នកភូមិផ្សេងទៀត ដោយប្រាប់ពួកគេថា ពៅ សុវណ្ណ ជាគ្រូអាបធ្មប់ដែលធ្វើអំពើបណ្ដាលឲ្យសមាជិកគ្រួសារផ្សេងទៀតស្លាប់។
លោក ចេន អូវើសេន នរវិទូដែលបានស្រាវជ្រាវតួនាទីនៃឱសថបុរាណក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា ជារឿយៗគេតែងតែដឹងថា វាជាអាវុធមុខពីរដែលវាអាចព្យាបាលបាន ប៉ុន្តែក៏បង្កគ្រោះថ្នាក់ដែរ។ លោកបានលើកឡើងក្នុងអុីម៉េលមួយថា "គ្រូឱសថបុរាណតែងតែព្យាបាលជំងឺតាមរយៈឱសថបុរាណ និងមន្តអាគមអូមអាម"។
លោក អូវើសេន បានមានប្រសាសន៍ថា "ក៏ប៉ុន្តែគួរតែពិចារណាថា អ្នកស្រុកប្រហែលជាក្រីក្រ រៀនសូត្របានតិច ទទួលបានការព្យាបាលតិចតួច ឬគ្មានលទ្ធភាពទិញឱសថ ដូច្នេះយើងអាចយល់បានថា ពួកគេអស់សង្ឃឹមយ៉ាងខ្លាំងប្រសិនបើគ្រូឱសថបុរាណដែលពួកគេជឿទុកចិត្តបោះបង់ពួកគេចោល"។
ការសម្លាប់គ្រូអាបធ្មប់កើតមានជាទូទៅ៤០០ឆ្នាំមកហើយ ក៏ប៉ុន្តែកន្លងមកពួកគេត្រូវបានប្រហារជីវិតដោយរដ្ឋាភិបាលផ្ទាល់ នេះបើយោងតាមលោក វង់ សុធារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ តាមច្បាប់ អ្នកដែលត្រូវចោទប្រកាន់ថា ជាគ្រូអាបធ្មប់ ដៃរបស់ពួកគេត្រូវបានគេចង ហើយញាត់ក្នុងបាវមុនពេលគ្រវែងចូលទៅក្នុងទឹក។
លោក សុធារ៉ា បានឲ្យដឹងថា " ប្រសិនបើជនសង្ស័យទាំងនោះលិចទៅក្នុងទឹក នោះមានន័យថា ពួកគេអត់ចេះអំពើអាបធ្មប់នោះទេ។ ប៉ុន្តែ ប្រសិនបើជនសង្ស័យអណ្ដែត នោះមានន័យថា ពួកគេចេះអំពើអាបធ្មប់ ហើយត្រូវតែប្រហារជីវិត៕ ប៊ុននី
រដ្ឋាភិបាលបដិសេធថា ខ្លួនមិនបានលក់សិទ្ធិចុះបញ្ជីនាវាបរទេសទៅឲ្យក្រុមហ៊ុនកូរ៉េទេ
កាលពីថ្ងៃសុក្រ អ្នកនាំពាក្យរដ្ឋាភិបាលបានគំរាមចាត់វិធានការតាមផ្លូវច្បាប់ចំពោះអត្ថបទចុះផ្សាយមួយរបស់កាសែតខេមបូឌា ដេលី កាលពីខែវិច្ឆិកា ដែលបានសរសេរអំពីការលក់ សិទ្ធិចុះបញ្ជីនាវាបរទេសដែលប្រើទង់ជាតិកម្ពុជាទៅឲ្យក្រុមហ៊ុនមួយរបស់កូរ៉េខាងត្បូង។ ព័ត៌មានមួយផ្សាយដោយវិទ្យុអាស៊ីសេរី ដែលនៅក្នុងនោះអ្នកយកព័ត៌មានម្នាក់បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន “បានទទួលស្គាល់” ថា មិនអាចកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្របាននោះ ក៏បានរងការរិះគន់ដែរ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រសិនបើការធ្វើសេចក្តីរាយការណ៍ “គ្មានវិជ្ជាជីវៈ” នៅតែបន្តទៀត រដ្ឋាភិបាលនឹងប្តឹងអ្នកយកព័ត៌មាន។ លោកមានប្រសាសន៍ថា “គ្រប់ករណី ទាំងអស់...
មន្ត្រីរដ្ឋាភិបាល៖ កម្ពុជាមិនទាន់ត្រៀមខ្លួនរួចសម្រាប់ការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន
ជំនាញការរបស់រដ្ឋាភិបាលលើកឡើងកាលពីថ្ងៃសុក្រថា កម្ពុជានៅមិនទាន់ត្រៀមខ្លួនរួចសម្រាប់មូលដ្ឋានផលិតកម្មតែមួយនិងទីផ្សារអាសា៊នតែមួយនៅឆ្នាំក្រោយទេ។ ឆ្នាំក្រោយ សមាគមអាស៊ាន ដែលមានប្រទេសជាសមាជិកចំនួន១០នឹងបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ហៅកាត់ថា AEC ។ ក្នុងសហគមន៍នេះ កម្លាំងពលកម្មនឹងមានរំហូរដោយសេរី ហើយពន្ធនាំចូលនឹងធ្លាក់មកត្រឹមសូន្យភាគរយ។ កម្ពុជាទំនងជានឹងក្លាយជាសមាជិកមួយក្នុងចំណោមសមាជិកដែលបានទទួលប្រយោជន៍តិចបំផុតពីការបង្កើតសហ គមន៍នេះ នេះបើតាមការលើកឡើងរបស់អ្នកចូលរួមក្នុងវេទិកាតំបន់មួយក្រោមប្រធានបទ “សិទ្ធិការងារ និងការរៀបចំសហគមន៍អាស៊ានឆ្នាំ២០១៥”។ លោក ជួប ណារ័ត្ន អនុប្រធាននាយកដ្ឋានមុខងារ និងហត្ថកម្មនៃក្រសួងការងារ បានមានប្រសាសន៍ក្រោយវេទិកានេះថា“ ប្រសិនបើអ្នកនិយាយពីរយៈពេលខ្លី គឺមែន យើងមិនទាន់ត្រៀមខ្លួនរួចក្នុងការចូលរួមជាមួយសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំក្រោយនេះមែន។សម្រាប់រយៈពេលវែង យើងត្រូវតែសិក្សាពីវិធីប្រកួតប្រជែង”។ នៅពេលត្រូវបានសួរថាតើកម្ពុជាគួរស្នើឲ្យអាស៊ានពន្យារពេលបង្កើតសហគមន៍នេះ ឬយ៉ាងណានោះ លោក ណារ័ត្ន បាននិយាយថា រឿងនេះមិនមែនអាស្រ័យលើលោកទេដោយលោកបានមានប្រសាសន៍ថា “រឿងនេះស្រេចលើថ្នាក់ដឹកនាំរបស់យើងក្នុងការសម្រេច។ប្រហែលជាក្រសួងការបរទេសឬថ្នាក់ដឹកនាំកំពូលផ្សេងទៀតអាចពិនិត្យមើលលទ្ធភាពថា តើអាចពន្យារបានឬអត់”។ គម្លាតដ៏ធំក្នុងការអភិវឌ្ឍរវាងប្រទេសក្រីក្របំផុត និងប្រទេសមានបំផុតនៅតំបន់នេះ គឺជាឧបសគ្គមួយសម្រាប់ការបង្កើតមូលដ្ឋានសេដ្ឋកិច្ចតែមួយនេះ។ ប្រទេសក្រីក្របំផុតរួមមាន កម្ពុជា ឡាវ និងភូមា។ ប្រទេសមានបំផុតរបស់អាស៊ាន គឺប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៣ក្នុងសន្ទស្សន៍ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់ធនាគារពិភពលោកប្រចាំឆ្នាំ២០១៣។ ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ៩២ ខណៈកម្ពុជាជាប់លេខ១៤៧តាមពីក្រោយឡាវដែលជាប់លេខ១៤១។ បើនិយាយពីលក្ខណៈវិជ្ជមាន ការអនុញ្ញាតឲ្យកម្មករជំនាញនិងកម្មករមិនជំនាញធ្វើចំណាកស្រុកពីប្រទេសដែលជាសមាជិក AEC មួយទៅប្រទេសជាសមាជិក AEC មួយទៀតនឹងផ្ដល់ប្រយោជន៍ដល់តំបន់ទាំងមូល។ វានឹងផ្ដល់ឱកាសសម្រាប់ការផ្លាស់ប្ដូរបទពិសោធន៍ និងជំនាញ។ លោក ណារ័ត្ន បាននិយាយថា សម្រាប់កម្ពុជា យុវជនមានជំនាញនឹងទទួលបានផលប្រយោជន៍តាមរយៈការមានឱកាសទទួលបានបទពិសោធន៍ការងារនៅបរទេស។ ប៉ុន្តែលោកបានក្រើនរំឭកអ្នកចូលរួមស្ដាប់ក្នុងវេទិកានេះ ដែលភាគច្រើនជានិស្សិត មិនឲ្យពឹងផ្អែកលើការទទួលបានការងារនៅបរទេសឡើយ។ លោកបានបន្តថា ក្រៅពីចំណុចនេះ វាមិនទំនងថា កម្ពុជានឹងមើលឃើញផលវិជ្ជមានទេ បើនិយាយអំពីរំហូរនៃកម្លាំងពលកម្មនោះ។ លោកមានប្រសាសន៍ថា “វាជាតម្រូវការនិងការផ្គត់ផ្គង់។ អ្នកមានជំនាញមកពីប្រទេសដទៃនឹងមកប្រទេសកម្ពុជាតែក្នុងករណីពួកគេទទួលបានផលប្រយោជន៍ដូចនៅប្រទេសដទៃប៉ុណ្ណោះ។ ប្រសិនបើអ្នកត្រូវការពួកគេ អ្នកត្រូវផ្តល់ប្រាក់ខែឲ្យពួកគេស្មើនឹងប្រាក់ខែនៅប្រទេសដទៃដែរ...ទន្តពេទ្យ គណនេយ្យករ ប្រសិនបើអ្នកមិនអាចផ្ដល់ប្រាក់ខែឲ្យពួកគេដូចនៅប្រទេសសិង្ហបុរី ឬម៉ាឡេស៊ីទេនោះ អ្នកមិនអាចទទួលបានអ្នកមានវិជ្ជាជីវៈល្អទេ។ លោកបាននិយាយថា វិស័យឯកជនត្រូវចាប់ផ្ដើមដំឡើងប្រាក់ខែ ដោយបានបន្ថែមថា រដ្ឋាភិបាលគ្មានភារកិច្ចកំណត់ប្រាក់ខែគោលឡើយ គឺបានត្រឹមជួយសម្របសម្រួលនៅក្នុងការចរចារវាងសហជីពនិងក្រុមហ៊ុនប៉ុណ្ណោះ។ លោក យ៉ា ណាវុធ ប្រធានប្រតិបត្តិនៃអង្គការខារ៉ាម កម្ពុជា (Coordination of Action Research on AIDS and Mobility ) ហៅកាត់ថា CARAM បានលើកឡើងថា រំហូរកម្លាំងពលកម្មដោយសេរីគឺនឹងផ្ដល់ហានិភ័យសម្រាប់កម្ពុជាច្រើនជាងឱកាស។ លោកបានព្យាករថា នឹងមានរំហូរកសិករ និងកម្មករគ្មានជំនាញផ្សេងទៀត និងអ្នកមានវិជ្ជាជីវៈដែលមានការអប់រំខ្ពស់ជាច្រើនចេញពីកម្ពុជា។ លោក យ៉ា ណាវុធ បានមានប្រសាសន៍ថា “ម៉ាឡេស៊ី និងសិង្ហបុរី មានប្រាក់ខែគោល។ប្រសិនបើវិស័យឯកជន មិនដំឡើងប្រាក់ខែគោលទេនោះ នឹងមានរំហូរកម្លាំងពលកម្មទៅប្រទេសដែលមានប្រាក់ខែគោលខ្ពស់ជាង គឺទាំងកម្លាំងពលកម្មជំនាញនិងកម្មករគ្មានជំនាញ”។ លោកបានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាប្រហែល៤០ម៉ឺននាក់ ភាគច្រើនជាកសិករមិនបានឆ្លងកាត់ការសិក្សា កំពុងធ្វើការនៅក្នុងប្រទេសថៃដែលមានប្រាក់ែខខ្ពស់ជាង។ និស្សិតសាកលវិទ្យាល័យដែលបានចូលរួមនៅក្នុងវេទិកាកាលពីថ្ងៃសុក្រនេះក៏បានសម្ដែងការព្រួយបារម្ភពីការប្រកួតប្រជែង និងអនាគតរបស់ពួកគេក្នុងទីផ្សារការងារអាសា៊ននេះផងដែរ។ និស្សិតម្នាក់បាននិយាយថា“ សាកលវិទ្យាល័យបង្រៀនយើងតែទ្រឹស្ដី ប៉ុន្តែអត់មានជំនាញទេ”។ លោក ណារ័ត្ន មកពីក្រសួងការងារបានលើកឡើងថា និស្សិតត្រូវបន្ទោសខ្លួនឯង ព្រោះពួកគេភាគច្រើនសុទ្ធតែចង់ក្លាយជាអ្នកគ្រប់គ្រង។ លោកបាននិយាយថា “ការងារសំណង់កខ្វក់មែន តែប្រាក់ចំណូលគឺខ្ពស់ខ្លាំងណាស់ ពេលខ្លះគឺពី២.០០០ដុល្លារ ទៅ៣.០០០ដុល្លារឯណោះ” ដោយលោកបានលើកឡើងពីវិស័យកសិកម្មថាជាឧទាហរណ៍មួយទៀតដែលមានឱកាសការងារល្អ។ លោកបានបន្តថា“ យើងចង់ផ្លាស់ប្ដូរទស្សនរបស់យុវជន។ ខ្ញុំសូមផ្ដល់យោបល់ឲ្យនិស្សិតផ្លាស់ប្ដូរឥរិយាបថ និងទស្សនរបស់ពួកគេ។ សិក្សាពីរបៀបចិញ្ចឹមសត្វដើម្បីទទួលបានប្រាក់ចំណូលខ្ពស់វិញល្អជាង វាជាអាទិភាព៕ សេរីវុធ
ក្រុមអ្នកជំនាញឲ្យដឹងថា មានការបំប្លែងមេរោគគ្រុនផ្តាសាយបក្សីថ្មីនៅកម្ពុជា
ក្រុមអ្នកជំនាញបានលើកឡើងក្នុងកិច្ចប្រជុំមួយនៅក្នុងរាជធានីភ្នំពេញថា ការកើនឡើងនៃករណីជំងឺគ្រុនផ្តាសាយបក្សីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ កាលពីឆ្នាំមុន ប្រហែលជាដោយសារតែការលូតលាស់នៃមេរោគនេះនៅក្នុងប្រទេសកម្ពុជានៅក្នុងប្រទេសវៀតណាមភាគខាងត្បូង។អ្នកជំនាញទាំងនេះបានលើកឡើងថា នេះជាករណីលូតលាស់ដំបូងហើយនៅប្រទេសនេះ ចាប់តាំងពីករណីនេះបានកើតឡើងជាលើកដំបូងនៅក្នុងតំបន់នេះកាលពីមួយទសវត្សរ៍មុន។ មេរោគថ្មីនេះបានលូតលាស់ឡើងពីមេរោគដែលមានស្រាប់ចំនួនពីរ។ វាត្រូវបានរកឃើញនៅពេលប្រទេសកម្ពុជាបានរាយការណ៍អំពីករណីឆ្លងតាមរយៈមនុស្សលើកដំបូងក្នុងឆ្នាំ២០១៣។ ចាប់តាំងពីខែមករាឆ្នាំ២០១៣មក ប្រជាជនខ្មែរ៣៥នាក់ត្រូវបានគេដឹងថា បានឆ្លងមេរោគនេះ។ គួរបញ្ជាក់ថា នេះជាចំនួនលើសពីចំនួននៅក្នុងរបាយការណ៍របស់ប្រទេសដទៃទៀតនៅទូទាំង ពិភពលោភ អំឡុងពេលនោះ។ វេជ្ជបណ្ឌិត ដេននិស ការ៉ូល (Dennis Carroll) ប្រធានអង្គភាពគ្រុនផ្តាសាយបក្សីរបស់អង្គការ USAID ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយរវាងក្រុមអ្នកជំនាញអន្តរជាតិផ្នែកជំងឺគ្រុនផ្តាសាយបក្សី និងក្រុមមន្ត្រីសុខាភិបាលផ្នែកសត្វ និងមនុស្សក្នុងតំបន់ ដែលមកពីប្រទេសវៀតណាម និងប្រទេសកម្ពុជាថា “ខណៈដែលតំបន់អាស៊ីអាគ្នេយ៍មានករណីប្រែប្រួលថេរនៃមេរោគនេះ ស្ថានភាពមានលំនឹងណាស់នៅទីនេះ លុះត្រាតែមានការបង្ហាញអនុប្រភេទថ្មីនៃមេរោគនេះ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “យើងបានឃើញមានការប្រែប្រួលលើកដំបូង ដែលបានចាប់ផ្តើមអំឡុងពេលដូចគ្នា ក្នុងឆ្នាំ២០១៣ ខណៈដែលយើងបានឃើញមានករណីកើនឡើង”។ ក្នុងពេលកន្លងមក ប្រទេសកម្ពុជាមានករណីតែបួនឬប្រាំប៉ុណ្ណោះកើតឡើងក្នុងមួយឆ្នាំ។ កាលពីឆ្នាំមុន មនុស្សសរុបចំនួន២៦នាក់ ដែលភាគច្រើនជាកុមារ ត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគនេះ ហើយមនុស្សចំនួន១២នាក់បានស្លាប់។ វេជ្ជបណ្ឌិត ការ៉ូល បានមានប្រសាសន៍ថា “ដូច្នេះ នេះជាករណីកើនឡើងគួរឲ្យកត់សម្គាល់មួយ ប៉ុន្តែយើងមិនច្បាស់ពីមូលហេតុដែលបណ្តាលឲ្យករណីនេះកើតឡើងទេ”។ បើទោះជាវីរុស N5H1 កើតឡើង និងសម្លាប់សត្វបក្សី ដូចជាមាន់ និងទាក៏ដោយក៏វាអាចឆ្លងទៅមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយបក្សីស្លាប់ ឬឈឺដែរ។ អ្នកជំនាញផ្នែកសុខភាព បានលើកឡើងថា ការលូតលាស់នៃមេរោគនេះអាចនាំមានផលប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្ស និងអាចរាលដាលខ្លាំង ដូចគ្រុនផ្តាសាយកើតឡើងតាមរដូវ។ វេជ្ជបណ្ឌិត ខារ៉ូល បានលើកឡើងបន្តថា ករណីប្រែប្រួលថ្មីដែលកើតឡើងក្នុងឆ្នាំ២០១៣ នៅតែមានឥទ្ធិពលលើសត្វមាន់។ ប៉ុន្តែវាក៏ជាមូលហេតុសំខាន់នៃការឆ្លងជំងឺទៅមនុស្សកាលពីឆ្នាំទៅផងដែរ។ លោកបានមានប្រសាសន៍ថា “មេរោគH5N1មិនមែនលូតលាស់ជាទូទៅទេ វាមិនដែលមានសមត្ថភាពឆ្លងទៅមនុស្សប្រកបដោយប្រសិទ្ធភាពទេ”។ នៅក្នុងកិច្ចប្រជុំនេះ ក្រុមអ្នកជំនាញបានព្យាយាមកំណត់មូលហេតុដែលប្រទេសកម្ពុជាមានករណីសរុប២៦ដែលកើតឡើងទៅលើមនុស្សកាលពីឆ្នាំមុន ខណៈដែលវៀតណាមភាគខាងត្បូងបានរាយការណ៍ថា មានតែពីរករណីប៉ុណ្ណោះ។ វេជ្ជបណ្ឌិត ខារ៉ូល បានមានប្រសាសន៍ថា “ចំនួនកើនឡើងនៃករណីនៅក្នុងប្រទេសកម្ពុជា និងស្ថានភាពផ្សេងគ្នានៅក្នុងប្រទេសវៀតណាម នាំឲ្យងឿងឆ្ងល់កាន់តែច្រើន”។ ករណីប្រែប្រួលថ្មី ករណីរាលដាលកាន់តែខ្លាំងនៃមេរោគនេះ សេចក្តីរាយការណ៍ប្រសើរជាងនេះ ឬការខ្វះវិធានការទប់ស្កាត់នៅក្នុងប្រទេសកម្ពុជា អាចជាមូលហេតុដែលបណ្តាលឲ្យមានការកើនឡើងនេះ។ វេជ្ជបណ្ឌិត ខារ៉ូល បានមានប្រសាសន៍ថា “យើងគ្មានសញ្ញាណាមួយទេ។ យើងនៅតែមានសំណួរជាច្រើនក្នុងរយៈពេល១៦ខែចុងក្រោយនៅក្នុងតំបន់នេះ”។ វេជ្ជបណ្ឌិត ខារ៉ូល បានមានប្រសាសន៍បន្តថា “ប្រទេសវៀតណាម ពិតជាបានចាត់វិធានការច្បាស់លាស់...។ កម្ពុជាមិនបានធ្វើដូចនេះទេ។ គេគ្រាន់តែផ្សព្វផ្សាយពីការចាក់ថ្នាំបង្ការប៉ុណ្ណោះ ដូច្នេះវាអាចជាមូលហេតុដែលយើងមិនមើលឃើញកម្រិតដូចគ្នានេះ ក៏ប៉ុន្តែយើងគ្រាន់តែមិនដឹងច្បាស់ប៉ុណ្ណោះ”។ លោក ង្វៀន ង៉ុក ទៀន (Nguyen Ngoc Tien) អ្នកឯកទេសខាងជំងឺឆ្លងនៅនាយកដ្ឋានបសុសត្វ នៅក្រសួងកសិកម្មនៃប្រទេសវៀតណាម បានឲ្យដឹងថា សម្រាប់មន្ត្រីវៀតណាម ករណីនេះមានភាពច្បាស់លាស់ជាង។ ពួកគេបាននិយាយថា ការចាក់វ៉ាក់សាំងបង្ការមេរោគមិនឲ្យកើតឡើងក្នុងចំណោមសត្វមាន់ទា។នៅប្រទេសនេះ ក៏មានការផ្តល់សំណងដល់កសិករដែលមានសត្វមាន់ទាត្រូវបានប្រមូល។ ចំណាត់ការនេះអាចជួយប្រទេសវៀតណាមក្នុងការឆ្លើយតបទៅនឹងករណីផ្ទុះជំងឺគ្រុនផ្តាសាយបាន មុនពេលមានសេចក្តីរាយការណ៍ថា មានករណីឆ្លងទៅមនុស្ស។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “តាមរយៈ យើងបានចាត់ចែងឲ្យមានការលើកទឹកចិត្តកសិករឲ្យរាយការណ៍អំពីជំងឺនេះដល់រដ្ឋាភិបាល ហើយនោះជាមូលហេតុដែលយើងបានឆ្លើយតបយ៉ាងលឿនទៅនឹងករណីផ្ទុះឡើងនៃជំងឺ។ ពួកគាត់ មិនលាក់ព័ត៌មានទេ ហើយគ្រាន់តែបោះបក្សីចោល” ដែលនេះមានន័យថា មិនមានការផ្តល់សំណងហិរញ្ញវត្ថុទេ។ នៅក្នុងប្រទេសកម្ពុជាក្រសួងរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ខ្លួនមិនមានផែនការផ្តល់សំណងទេ ដោយសារតែកសិករក្រីក្រគួរតែរាយការណ៍អំពីករណីផ្ទុះឡើងនៃជំងឺឲ្យសមត្ថកិច្ចបានដឹង។ នៅក្នុងស្ថានភាពជាក់ស្តែង កសិករភាគច្រើនទទួលទានសត្វមាន់ទានៅពេលសត្វទាំងនោះមានជំងឺដោយសារតែពួកគាត់មានភាពក្រីក្រពេកមិនអាចមានលទ្ធភាពចាត់ចែងសត្វគោក្របីរបស់ពួកគាត់បានទេ។ កាលពីខែមុន លោកវេជ្ជបណ្ឌិត ទៀន បានលើកឡើងថា ប្រទេសវៀតណាមបានអនុម័តថវិកា៦,៥លានដុល្លារដើម្បីកម្ចាត់ជំងឺគ្រុនផ្តាសាយបក្សីក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ថវិកាទាំងនេះមានទាំងថវិកាសម្រាប់ចាក់វ៉ាក់សាំងឲ្យសត្វមាន់ទា ដោយឥតគិតថ្លៃតាំងពីឆ្នាំ២០០៥មក។ លោកវេជ្ជបណ្ឌិតរូបនេះបានថ្លែងថា “ការចាក់បង្ការអាចជួយកាត់បន្ថយមេរោគនៅក្នុងសត្វមាន់ទា។ មានន័យថា ហានិភ័យចំពោះមនុស្សត្រូវបានកាត់បន្ថយផងដែរ។ អំឡុងពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៥ ប្រជាជនវៀតណាមជាច្រើនបានឆ្លងមេរោគនេះ។ ក៏ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺកាលពីឆ្នាំមុនមានតែពីរករណីប៉ុណ្ណោះ ហើយខ្ញុំជឿថា ការចាក់ថ្នាំបង្ការដើរតួនាទីយ៉ាងសំខាន់ខ្លាំងណាស់”។ តាំងពីមានការអនុវត្តការផ្តល់ថ្នាំបង្ការសម្រាប់សត្វមាន់ទាមក ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងសត្វបក្សីពីរពាន់លានក្បាល។ ប្រទេសកម្ពុជាមិនផ្តល់ការចាក់វ៉ាក់សាំងសម្រាប់មេរោគ H5N1 ទេ។ នៅពេលសួរអំពីមូលហេតុដែលប្រទេសកម្ពុជាមិនបង្ហាញស្មារតីប្តេជ្ញាដូចគ្នានេះ លោកវេជ្ជបណ្ឌិត ទៀន ដែលជាអ្នកឯកទេសផ្នែកជំងឺឆ្លងជនជាតិវៀតណាម បានមានប្រសាសន៍ថា “ វាត្រូវការចំណាយប្រាក់ច្រើនណាស់។ កាលពីឆ្នាំ២០០៥ នាយករដ្ឋមន្ត្រីវៀតណាមបានសម្រេចចិត្តថា យើងចង់ការពារមនុស្ស។ យើងបានចំណាយប្រាក់យ៉ាងច្រើន។ ទោះបីជាយ៉ាងណា យើងសម្រេចបានគោលបំណងនេះ”។ ចលនាដឹកជញ្ជូនសត្វមាន់ទាមិនផ្លូវការឆ្លងកាត់ព្រំដែន គឺជាបញ្ហាគួរឲ្យខ្វល់ខ្វាយមួយ។ ដោយសារវៀតណាមខាងត្បូង និងប្រទេសកម្ពុជាមានលក្ខខណ្ឌបរិស្ថានប្រហាក់ប្រហែលគ្នា ចំណាត់ការឆ្លើយតបរួមគ្នាត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ។ លោក ឡូតហ្វី អាល់ឡាល់ (Lotfi Allal) មកពីអង្គការស្បៀងអាហារ និងកសិកម្ម (Food and Agriculture Organization) នៃអង្គការសហប្រជាជាតិ (United Nations) ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា គម្រោងសាកល្បងនៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម នឹងត្រូវបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីចាក់វ៉ាក់សាំងសត្វមាន់ទា៕ ប៊ុននី
មេធាវីនឹងធ្វើពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ
មេធាវីម្នាក់ដែលត្រូវបានគណបក្សសង្គ្រោះជាតិជួលបានលើកឡើងកាលពីម្សិលមិញថា លោកនឹងធ្វើពាក្យបណ្តឹងនៅខែក្រោយទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ប្រព្រឹត្តឡើងដោយកងកម្លាំងសន្តិសុខរដ្ឋ។ លោក រីឆាត រ៉ុកហ័្គរ (Richard Rogers) មេធាវីជនជាតិអង់គ្លេសបានលើកឡើងក្នុងអុីមែលមួយកាលពីម្សិលមិញថា “យើងមានផែនការរៀបចំពាក្យបណ្តឹងទាក់ទងមួយទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅខែក្រោយនេះ”។ លោក រ៉ុកហ្គ័រ អតីតប្រធានផ្នែកគាំទ្រភាគីចុងចោទនៅសាលាក្តីខ្មែរក្រហម ក៏ធ្វើ ជាតំណាងឲ្យ តា អាន ជនសង្ស័យសាលាក្តីខ្មែរក្រហមផងដែរ។ ក្នុងខែមករា លោកត្រូវបានគណបក្សសង្គ្រោះជាតិជួល បន្ទាប់ពីមានការបាញ់ប្រហារនៅតាមផ្លូវ វេងស្រេង ដែលធ្វើឲ្យអ្នកតវ៉ារោងចក្រកាត់ដេរចំនួនប្រាំនាក់បាត់បង់ជីវិត និងជាច្រើននាក់រងរបួសធ្ងន់។ កាលពីសប្តាហ៍មុន អ្នកជំនាញអន្តរជាតិមកពីអង្គការ Global Diligence ជាក្រុមប្រឹក្សាផ្នែកច្បាប់មានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស បានបំពេញទស្សនកិច្ចរាជធានីភ្នំពេញដើម្បីប្រមូលភ័ស្តុតាង និងពិភាក្សាអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជាមួយភាគីដែលចាប់អារម្មណ៍ជាច្រើន”។ លោក រ៉ុកហ័្គរ បានមានប្រសាសន៍ថា លោកមិនអាចប្រាប់ឈ្មោះភាគីទាំងនេះបានទេ ដោយខ្លាចថា ពួកគេអាចប្រឈមនឹងការសងសឹក។ លោកបានលើកឡើងក្នុងអុីមែលមួយថា “យើងមានទស្សនថា នៅពេលការរំលោភសិទ្ធិមនុស្សទាំងអស់ចាប់តាំងពីឆ្នាំ២០០២ ត្រូវបានពិចារណាកាន់តែច្រើននោះ មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រការចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ”។ លោក រ៉ុកហ័្គរ បានលើកឡើងថា “ភ័ស្តុតាងរឹងមាំបំផុតនេះ ទាក់ទងនឹងការទន្ទ្រានយកដី និងការបណ្តេញប្រជាពលរដ្ឋដោយបង្ខំ ដែលនាំឲ្យប្រជាពលរដ្ឋជាងកន្លះលាននាក់ត្រូវបានបណ្តេញដោយបង្ខំចេញពីដីឬលំនៅដ្ឋានរបស់ខ្លួន”។ លោកបានបន្ថែមថា ជនជាតិដើមភាគតិចទំនងជាទទួលរងឈឺចាប់ពីការទន្ទ្រានយកដីទាំងនេះ។ លោកបានលើកឡើងដោយមិនបានបរិយាយលម្អិតថា “ភ័ស្តុតាងនេះបង្ហាញថា ការបណ្តេញចេញដោយបង្ខំនេះ បានរីករាលដាល ជាប្រព័ន្ធ និងបានបង្កើតផ្នែកនៃគោលនយោបាយដែលត្រូវបានរៀបចំឡើងមួយ។ ឧក្រិដ្ឋកម្មបន្ថែមទៀតទាក់ទងនឹងគោលនយោបាយនេះ រាប់ទាំងឃាតកម្ម ការធ្វើទារុណកម្ម និងការដាក់ពន្ធនាគារនិងការធ្វើទុក្ខបុកម្នេញខុស ផ្តល់ការគាំទ្រថែមទៀតចំពោះការចោទប្រកាន់របស់យើង”។ លោកបានមានប្រសាសន៍ថា ថាតើភ័ស្តុតាងនេះឆ្លើយតបទៅនឹងភាពច្បាស់លាស់ក្នុងការបញ្ជាក់ថា កងកម្លាំងសន្តិសុខកម្ពុជា ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិឬយ៉ាងណានោះ អាស្រ័យលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញបានចាត់ទុកការអះអាងរបស់លោក រ៉ុកហ័្គរ ថា“គួរឲ្យអស់សំណើច”។លោកថ្លែងថា “ យើ់ងមិនចាប់អារម្មណ៍រឿងនេះសោះឡើយ។ ពួកគេអាចធ្វើអ្វីតាមតែពួកគេចង់ ប៉ុន្តែយើងមិនខ្វល់ទេ។ យើងមិនចាប់អារម្មណ៍ទេ”។ លោកបន្តទៀតថា “ការនាំរដ្ឋាភិបាលមួយទៅកាន់តុលាការឧក្រិដ្ឋកម្ម គឺគួរឲ្យអស់សំណើច។ខាងយើងវិញ យើងមិនឃើញមានឧក្រិដ្ឋកម្មណាមួយប្រឆាំងនឹងមនុស្សជាតិទេ។ នេះជាការរៀបចំទុកមួយ និងគួរឲ្យអស់សំណើច។ គាត់ គ្រាន់តែជាទេសចរម្នាក់ប៉ុណ្ណោះ”៕ប៊ុននី
រថយន្តស្ថានទូតខ្មែរពីរគ្រឿងចតក្នុងបរិវេណស្ថានទូតនៅក្នុង ទីក្រុងបែរឡាំងត្រូវគេលួចដុត
អាជ្ញាធរអាល្លឺម៉ង់បានឲ្យដឹងកាលពីម្សិលមិញថា រថយន្តពីរគ្រឿងដែលជាកម្មសិទ្ធិរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអាល្លឺម៉ង់ដែលបានចតនៅក្នុងបរិវេណស្ថានទូតក្នុងទីក្រុងបែរឡាំងត្រូវបានគេលួចដុតនៅពេលរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ហើយនគរបាលជឿថា នេះជាការលួចដុត។
កុមារាអាយុ១១ឆ្នាំម្នាក់ស្លាប់ដោយសារជំងឺគ្រុនផ្តាសាយបក្សី
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញថា កុមារាអាយុ១១ឆ្នាំម្នាក់មកពីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី ចំណែកឯកុមារាអាយុ៨ឆ្នាំម្នាក់មកពីស្រុកលើកដែក ខេត្តកណ្តាល ដែលបានឆ្លងមេរោគនេះដែរនោះ កំពុងមានស្ថានភាពប្រសើរឡើងវិញ។ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានឲ្យដឹងកាលពីម្សិលមិញថា “នេះគឺជាករណីទី៧ និងទី៨នៅឆ្នាំនេះ”។ លោកវេជ្ជបណ្ឌិត ដេនីស ឡូរែន (Denis Laurent) អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា កុមារាទាំងពីរត្រូវបានបញ្ជូនចូលសាខាមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញកាលពីសប្តាហ៍មុន។ លោកវេជ្ជបណ្ឌិត ឡូរែន បានមានប្រសាសន៍ថា “ជាអកុសល កុមារម្នាក់ក្នុងចំណោមកុមារាទាំងពីរបានស្លាប់កាលពីរសៀលថ្ងៃព្រហស្បតិ៍ ប៉ុន្តែដំណឹងល្អនោះគឺថា កុមារាម្នាក់ទៀតកំពុងមានស្ថានភាពប្រសើរឡើងច្រើន ហើយយើងមានសុទិដិ្ឋនិយមថា កុមាររូបនេះនឹងជាសះស្បើយ”។ នៅក្នុងករណីទាំងពីរនេះ មាន់ទានៅទីធ្លាក្រោយផ្ទះកំពុងមានជំងឺជិតងាប់នៅជុំវិញភូមិរបស់កុមារាទាំងពីរនាក់នេះរយៈពេលពីរ ឬបីសប្តាហ៍។មេរោគ H5N1 បានឆ្លងរាលដាលយ៉ាងលឿនពីបក្សីទៅបក្សីផ្សេងទៀត ដែលជាទូទៅអាចមានជីវិតរស់បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះហើយការឆ្លងទៅមនុស្សមិនសូវកើតមានទេ ប៉ុន្តែបើឆ្លងវាតែងតែមានគ្រោះថ្នាក់ខំ្លាងដល់អាយុជីវិត។ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានឲ្យដឹងថា “កុមារា បានជួយធ្វើមាន់និងទាងាប់សម្រាប់ធ្វើម្ហូប ហើយបានទទួលទានសាច់មាន់ទា ទាំងនោះ”។ ទោះបីជាមានយុទ្ធនាការផ្សព្វផ្សាយតាមវិទ្យុជាច្រើនបានបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃការឆ្លងមេរោគគ្រុនផ្តាសាយបក្សី H5N1 ក្នុងចំណោមប្រជាពលរដ្ឋនៅទីជនបទក៏ដោយ ក៏ជំងឺគ្រុនផ្តាសាយបក្សីនៅតែបន្តកើតមានលើមាន់ទាដោយគ្មានការរាយការណ៍ ខណៈដែលកសិករតែងតែនិយាយថា ពួកគាត់ក្រីក្រពេកមិនចង់ឲ្យគេយកមាន់ទារបស់ពួកគាត់ទៅសម្លាប់ចោលយ៉ាងច្រើននោះទេ។ ការសម្លាប់មាន់ទាចោលនេះគឺជាវិធីធម្មតាមួយ ប្រសិនបើគេរកឃើញមេរោគផ្តាសាយបក្សី H5N1 ។ នៅឆ្នាំ២០១៣ គេបានរាយការណ៍ថា មានការឆ្លងជំងឺផ្តាសាយបក្សីនេះមកមនុស្សចំនួន២៦ករណី ក្នុងនោះមនុស្ស១២នាក់បានស្លាប់ ដែលបានធ្វើឲ្យឆ្នាំមុនជាឆ្នាំអាក្រក់បំផុតចាប់តាំងពីមេរោគនេះត្រូវបានគេរកឃើញលើកដំបូងលើមាន់ទានៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០៤៕កុកទៀន
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាសម្ពោធអាគារស្រាវជ្រាវក្នុងតំបន់ថ្មីមួយនៅក្នុងរាជធានីភ្នំពេញថ្ងៃនេះ
ស្ថានទូតបារំាងបានឲ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថ្ងៃនេះនឹងសម្ពោធអាគារស្រាវជ្រាវថ្មីមួយនៅក្នុងរាជធានីភ្នំពេញ ដែលនឹងប្រមូលផ្ដុំអ្នកវិទ្យាសាស្ត្រជាតិ និងអន្តរជាតិដើម្បីធ្វើការស្រាវជ្រាវជំងឺឆ្លង ដែលកំពុងកើតមានឡើង។ លោក នីកូឡាស បូឌូអុីន (Nicolas Baudouin) លេខាធិការទី១នៅស្ថានទូតបារំាង បានមានប្រសាសន៍កាលពីម្សិលមិញថា សកម្មភាពនៅក្នុងប្រទេសកម្ពុជា(Active in Cambodia)រយៈពេលជាង៦០ឆ្នាំ ដែលជាអាគារស្រាវជ្រាវថ្មីរបស់វិទ្យាស្ថានប៉ាស្ទ័រ នឹងផ្ដោតលើការស្រាវជ្រាវជំងឺឆ្លងដែលកំពុងកើតឡើងជាញឹកញាប់ ដូចជាជំងឺផ្ដាសាយបក្សី ឬ H5N1។ លោក បូឌូអុីន បានឲ្យដឹងថា “វិទ្យាស្ថានប៉ាស្ទ័រមិនមែនថ្មីនៅទីនេះទេ ពួកគេមានសកម្មភាពក្នុងការកម្ចាត់ជំងឺឆ្លង មានឱសថច្រើនឆ្នាំមកហើយ ហើយមជ្ឈមណ្ឌលនេះនឹងជួយបង្កើតការត្រួតពិនិត្យក្នុងតំបន់”។ បន្ទាប់ពីការសម្ពោធ ក្រុមអ្នកវិទ្យាសាស្ត្រនឹងធ្វើសិក្ខាសាលារយៈពេលពីរថ្ងៃដែលនឹងមានការចូលរួមពីសំណាក់លោកស្រី ប៉ារេ ស៊ីនូសស៊ី (Barre-Sinoussi)ពានរង្វន់ណូបែលដែលបានធ្វើការស្រាវជ្រាវច្រើនអំពីជំងឺអេដស៍ដោយមានជំនួយពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ព្រមទាំងជំនាញការល្បីៗផ្សេងទៀតមកពីប្រទេសចិន ហុងកុង កូរ៉េ បារាំង និងអង្គការសុខភាពពិភពលោក។ ស្ថានទូតបារំាងបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញថា “ការពិភាក្សាតុមូលមួយរៀបចំឡើងនៅថ្ងៃទី១១ ខែមីនា នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនឹងផ្ដល់ឲ្យនិស្សិតកម្ពុជានូវឱកាសជជែកអំពីបញ្ហានិងការប្រឈមក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ” ជាពិសេសស្ដីពីជំងឺអេដស៍៕ ប៊ុននី
ប្រទេសកម្ពុជាចាត់វិធានការបានល្អបំផុតក្នុងការជួយជនរងគ្រោះដោយសារការជួញដូរមនុស្ស
ក្រុមអ្នកជំនាញបាននិយាយកាលពីថ្ងៃសុក្រ នៅពេលបិទសន្និសីទរយៈពេលពីរថ្ងៃនៅក្នុងរាជធានីភ្នំពេញស្តីពីចំណាកស្រុកមិនទៀងទាត់ និងការជួញដូរមនុស្សថា ប្រទេសកម្ពុជាបានផ្តល់ជាគំរូសម្រាប់ការអនុវត្តដ៏ល្អបំផុតនៅក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សសម្រាប់អនុសញ្ញាអាស៊ាននៅពេលខាងមុខនេះ សម្រាប់ប្រឆាំងនឹងការជួញដូរមនុស្ស។ លោកស្រី អាណែត លីដ (Annette Lyth) នាយកគម្រោងប្រចាំតំបន់នៃគម្រោងអន្តរ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកការជួញដូរមនុស្ស (UNIAP) បានមានប្រសាសន៍ថា តំបន់អាស៊ាន គឺជាគោលដៅមួយក្នុងចំណោមគោលដៅ និងប្រភពនៃមនុស្សដែលត្រូវគេជួញដូរធំៗនៅលើពិភពលោក ហើយកាលពីឆ្នាំ២០១២មានសេចក្តីរាយការណ៍ថា មានការជួញដូរមនុស្សចំនួន៩៥៩ករណីតែនៅកម្ពុជាមួយប៉ុណ្ណោះ និងមាន៣៦៤ករណីនៅភូមា ៨៨៣នៅវៀត ណាម ៥៩៤នៅថៃ និង១៩៣នៅឡាវ។ លោកស្រី លីដ បានមានប្រសាសន៍ថា “ទាំងនេះគឺជាករណីដែលត្រូវបានរាយការណ៍ ហើយករណីភាគច្រើនមិនត្រូវបានរាយការណ៍ទេ និងមិនមានការប៉ាន់ប្រមាណដែលគួរឲ្យជឿទុកចិត្តបានឡើយ”។ លោកស្រីបានមានប្រសាសន៍ថា “ ឥឡូវនេះយើងកំពុងផ្តោតលើការអប់រំប្រជាពលរដ្ឋ ប៉ុន្តែ យើងក៏យល់ដែរថា ការយល់ដឹងអំពីគ្រោះថ្នាក់មិនអាចរារាំងពួកគេមិនឲ្យធ្វើចំណាកស្រុកដោយខុសច្បាប់ ឬយូរៗម្តងនោះបានទេ”។ លោកស្រី ឃីន ម្យែតឈីត(Khine Myat Chit) មន្ត្រីជាន់ខ្ពស់នៅផ្នែកសហប្រតិបត្តិ ការសន្តិសុខនៅរដ្ឋលេខាធិការដ្ឋានអាស៊ានបានមានប្រសាសន៍ថា អនុសញ្ញាអាសា៊នស្តី ពីការជួញដូរមនុស្សនេះនឹងត្រូវអនុម័តមុនដំណាច់ឆ្នាំ២០១៥ ហើយប្រទេសកម្ពុជាបានផ្តល់គំរូសម្រាប់អនុវត្តមួយចំនួន។ លោកស្រីបានមានប្រសាសន៍ថា “ នៅប្រទេសកម្ពុជា នៅពេលជួយសង្គ្រោះ និងរកឃើញជនរងគ្រោះណាម្នាក់ និងនៅមុនពេលចាប់ផ្តើមកាត់ទោសជនល្មើស ជនរងគ្រោះអាចវិលត្រឡប់ពីមណ្ឌលដែលពួកគេស្នាក់នៅទៅផ្ទះរបស់ខ្លួនវិញបាន។ នេះគឺជាការរៀបចំដ៏សំខាន់ណាស់”។ លោកស្រី ឃីន បានមានប្រសាសន៍ថា នៅក្នុងប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ជាទូទៅជនរងគ្រោះត្រូវស្នាក់នៅមណ្ឌលរហូតដល់តុលាការបើសវនាការរឿងក្តីរបស់ពួកគេ ហើយការស្នាក់នៅក្នុងមណ្ឌលបែបនេះធ្វើឲ្យពួកគេមានអារម្មណ៍ដូចជាត្រូវគេបង្ខាំងទុក និងរារាំងដល់ការស្តារនីតិសម្បទារបស់ពួកគេ។ លោកស្រីបានមានប្រសាសន៍ថា “ យើងសូមកោតសរសើរកម្ពុជាចំពោះការផ្តល់ជំនួយដល់ជនរងគ្រោះ។ ការផ្តល់ជំនួយនឹងមានចែងនៅក្នុងអនុសញ្ញានេះ”។ លោកស្រីបានមានប្រសាសន៍ថា អំពើពុករលួយនៅតែជាបញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ៗនៅកម្ពុជា និងក្នុងតំបន់ពាក់ព័ន្ធនឹងការបង្ក្រាបអ្នកជួញដូរមនុស្ស។ លោកស្រីបានមានប្រសាសន៍ថា “ ប្រទេស កម្ពុជាមិនមែនជាករណីលើកលែងទេ។ នៅពេលដែលមានការជួញដូរមនុស្ស អំពើពុករលួយគឺជាបញ្ហាប្រឈមដ៏ធំ។ នៅតាមព្រំដែន យើងឃើញរថយន្តក្រុងដឹកមនុស្សពេញៗឆ្លងព្រំដែន។តើពួកគេអាចឆ្លងដែនដោយខ្លួនឯងយ៉ាងមេ៉ចកើតបើគ្មានមន្ត្រីពុករលួយនោះ?”៕គឹមហឿន
កម្ពុជានឹងជួបប្រជុំជាមួយម៉ាឡេស៊ីអំពីអនុស្សរណៈនៃការយោគយល់ពាក់ព័ន្ធស្ត្រីបម្រើការងារតាមផ្ទះ
ក្រសួងការងារបានលើកឡើងកាលពីម្សិលមិញថា រដ្ឋាភិបាលបានព្រមព្រៀងលើសេចក្ដីព្រាងចុងក្រោយនៃអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសម៉ាឡេស៊ី ទាក់ទងការបញ្ជូនស្ត្រីបម្រើការតាមផ្ទះជនជាតិខ្មែរទៅធ្វើការនៅទីនោះ ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទសម្រាប់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនោះនៅឡើយទេ។ បន្ទាប់ពីមានរបាយការណ៍ពីការរំលោភបំពានស្ត្រីបម្រើការតាមផ្ទះជនជាតិខ្មែរជាបន្តបន្ទាប់មក កាលពីឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានចេញបម្រាមហាមឃាត់មិនឲ្យបញ្ជូនពលករចំណាកស្រុកខ្មែរទៅបម្រើការជាអ្នកបម្រើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី។ តាំងពីពេលនោះមក ប្រទេសទាំងពីរកំពុង សិក្សាលើអនុស្សរណៈនៃការយោគយល់គ្នានេះដើម្បីផ្ដល់ការការពារគ្រប់គ្រាន់ដល់ស្ត្រីបម្រើការងារតាមផ្ទះដែលនឹងអនុញ្ញាតឲ្យមានការដកបម្រាមនេះចេញវិញ។ លោក អូស្មាន ហាសាន់ រដ្ឋលេខាធិការក្រសួងការងារបានមានប្រសាសន៍ថា “ ភាគីកម្ពុជាបានកែសម្រួល និងពិនិត្យមើល ហើយយើងបានបញ្ចប់កាលពីថ្ងៃទី២៤ខែកុម្ភៈ” ប៉ុន្តែលោកបានបដិសេធមិននិយាយលម្អិតអំពីចំណុចដែលបានកែសម្រួលឡើយ។ លោក ហាសាន់ បានបន្ថែមថា ឥឡូវនេះរដ្ឋាភិបាលនឹងរៀបចំកិច្ចប្រជុំមួយជាមួយតំណាងប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីអនុស្សរណៈនៃការយោគយល់គ្នានេះ។ យោងតាមលោកស្រី សាន អារុណរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានឲ្យដឹងថា សេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់ថ្មីនេះចែងថា កម្មករខ្មែរទទួលបានប្រាក់ឈ្នួលទាប កិច្ចសន្យាត្រូវបានចុះហត្ថលេខាមុនពេលចេញដំណើរ ហើយថា និយោជកត្រូវធានារា៉ប់រងសុខភាព ព្រមទាំងមានបន្ទប់ដេក មានសុវត្ថិភាព និងដាច់ដោយឡែក។ សេចក្តីព្រាងច្បាប់ដើមដែលសរសេរដោយប្រទេសម៉ាឡេស៊ីនោះមិនមានធានាសិទ្ធិមនុស្ស និងសិទ្ធិការងារមូលដ្ឋានឡើយ។ ប្រទេសកម្ពុជាបានបញ្ជូនចំណុចដែលបានកែសម្រួលត្រឡប់ទៅវិញ ហើយប្រទេសម៉ាឡេស៊ីបានបញ្ជូនមកប្រទេសកម្ពុជាម្តងទៀតកាលពីឆ្នាំមុន។ នៅក្នុងសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នាមុនដែលទើបកែសម្រួលនៅពេលនេះ ប្រទេសម៉ាឡេស៊ីបានច្រានចោលប្រហែល៩០ភាគរយនៃចំណុចដែលចែងអំពីការធានាសិទ្ធិរបស់ពលករ ហើយបានលុបចោលផ្នែកមួយដែលចែងថា...