ស្ថានទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា អំពាវនាវឱ្យរាជរដ្ឋាភិបាលការពារអ្នកសារព័ត៌មានឯករាជ្យ ដើម្បីបញ្ចៀសនូវការបៀតបៀន ឬការប្រឆាំងដោយបទឧក្រិដ្ឋ ជាពិសេសគឺការពារទៅលើស្ត្រីជាអ្នកសារព័ត៌មាន ដើម្បីរួមគ្នាដោះស្រាយពីវិបត្តិបរិស្ថានដែលកំពុងធ្វើឱ្យមានការបម្រែបម្រួលអាកាសធាតុលើភពដែនដីក្នុងពេលបច្ចុប្បន្ននេះ។
ភារធារីស្ថានទូតស៊ុយអែតប្រចាំកម្ពុជា អ្នកស្រី ខាំមីឡា អនតូសុន (Camilla Ottosson) លើកឡើងក្នុងទិវាសេរីភាពសារព័ត៌មានក្រោមប្រធានបទ សារព័ត៌មានសម្រាប់ភពផែនដី នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ថា ដើម្បីជំរុញឱ្យមានការយល់ដឹងពីបរិស្ថានសម្រាប់ភពផែនដីទៅដល់ប្រជាពលរដ្ឋខ្មែរ សំខាន់ណាស់ការជំរុញឱ្យមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងដោយសេរី ដើម្បីរួមគ្នារកវិធានការទប់ស្កាត់ពីវិបត្តិទាំងនោះ។
អ្នកស្រី ខាំមីឡា អនតូសុន (Camilla Ottosson) លើកឡើងថា តួនាទីរបស់សារព័ត៌មាន ពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងបរិបទនៃគ្រោះមហន្តរាយបរិស្ថានសព្វថ្ងៃនេះ ព្រោះថាអ្នកសារព័ត៌មានឯករាជ្យទាំងនោះ អាចជួយពន្យល់ទៅដល់ប្រជាជនកម្ពុជាឱ្យមានការយល់ដឹងពីការប្រែប្រួលអាកាសធាតុបានកាន់តែច្រើន ព្រោះថាការប្រែប្រួលអាកាសធាតុដែលបណ្តាលមកពីវិបត្តិបរិស្ថាន នឹងជះឥទ្ធិពលដ៏អាក្រក់ទៅដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានរៀបចំទិវាសេរីភាពសារព័ត៌មាន ក្រោមប្រធានបទ សារព័ត៌មានសម្រាប់ភពផែនដី៖ សារព័ត៌មានក្នុងការប្រឈមមុខនឹងវិបត្តិបរិស្ថាន ដែលមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ដូចជា តំណាងស្ថាប័នសារព័ត៌មានឯករាជ្យ អង្គការសង្គមស៊ីវិល មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអ្នកចូលរួមប្រមាណជា ២០០នាក់ផ្សេងទៀតផងដែរ។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ លើកឡើងក្នុងទិវាសេរីភាពសារព័ត៌មានខាងលើថា រៀបចំទិវាសេរីភាពសារព័ត៌មានក្រោមប្រធានបទ សារព័ត៌មានសម្រាប់ភពផែនដីនៅពេលនេះ គឺជាការឆ្លុះបញ្ចាំងមួយចំពោះស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដែលអ្នកសារព័ត៌មានមានមុខនាទីក្នុងការរួមចំណែកការពារ ថែរក្សា ធនធានជីវចម្រុះ និងបរិស្ថាននៅកម្ពុជាសព្វថ្ងៃនេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះលើកឡើងថា វិបត្តិបរិស្ថានដែលកើតមាននៅក្នុងប្រទេសកម្ពុជា មិនមែនជាបញ្ហារបស់អ្នកណាម្នាក់ ឬស្ថាប័នណាមួយឡើយ ប៉ុន្តែជាបញ្ហាទាំងអស់គ្នា ដែលអ្នកពាក់ព័ន្ធត្រូវចូលរួមផ្សព្វផ្សាយ និងដោះស្រាយវិបត្តិទាំងនេះជាមួយគ្នា។
លោក ទេព អស្នារិទ្ធ បញ្ជាក់ថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ សេរីភាពសារព័ត៌មានដ៏សម្បូរបែបនៅប្រទេសកម្ពុជាសព្វថ្ងៃនេះបានជួយលើកកម្ពស់ដល់សេរីភាពសារព័ត៌មានយ៉ាងធំធេងដែរ ដែលអាចឱ្យអ្នកប្រកបអាជីពជាអ្នកសារព័ត៌មានអាចប្រមូលព័ត៌មាន និងផ្សព្វផ្សាយដោយគ្មានការភ័យខ្លាច ជាពិសេសទាក់ទងនឹងការរាយការណ៍អំពីបរិស្ថាន ជាដើម។
មាត្រា៤១ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំ ជាដើម។
យ៉ាងណាក៏ដោយ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាសព្វថ្ងៃនេះ ត្រូវគេមើលឃើញថា កំពុងរងនូវការគាបសង្កត់ពីរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ ជាពិសេសការធ្វើទុក្ខបុកម្នេញទៅលើសារព័ត៌មានដែលបានរកឃើញពីការកាប់បំផ្លាញព្រៃឈើដែលមានការគប់គិតរវាងមន្ត្រីរដ្ឋាភិបាលកម្ពុជា និងឈ្មួញរកស៊ីឈើខុសច្បាប់ ក្នុងនោះ សកម្មជនបរិស្ថាននានាដែលបានផ្សព្វផ្សាយពីការបំផ្លាញបរិស្ថានក្នុងតំបន់ការពារនានា ក៏ត្រូវរងនូវការចាប់ខ្លួនឃុំដែរសព្វថ្ងៃនេះ។
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា បានរកឃើញថា អ្នកសារព័ត៌មានជាង ៤០នាក់ (៤៤នាក់) និងស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួនទៀត ប្រឈមមុខនឹងការយាយីគ្រប់ទម្រង់ក្នុងឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះមាន ១៣ករណីដែលជាការប្រើប្រាស់ចំណាត់ការផ្លូវច្បាប់ប្រឆាំងអ្នកសារព័ត៌មាន បន្ទាប់ពីពួកគេបានចុះផ្សាយពីការបំផ្លិចបំផ្លាញបរិស្ថាន ដូចជា ការកាប់បំផ្លាញព្រៃឈើ និងបញ្ហារសើបជាច្រើនដទៃទៀត ជាដើម។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៣ ស្ថិតក្នុងលំដាប់លេខរៀងទី១៤៧ ក្នុងចំណោមប្រទេស១៨០ ដែលចំណាត់ថ្នាក់នេះបង្ហាញអំពីសេរីភាពសារព័ត៌មាននៅកម្ពុជានៅតែមិនអាចងើបចេញពីចំណាត់ថ្នាក់ដ៏អាក្រក់ ដោយសារតែគេរកឃើញថា មានការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន លាតត្រដាងថា វិស័យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាត្រូវបានបំផ្លិចបំផ្លាញ និងបោសសំអាតដោយរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ មក ហើយជាលទ្ធផលនៃយុទ្ធនាការនេះ ពលរដ្ឋកម្ពុជាសព្វថ្ងៃនេះទទួលបានព័ត៌មានតែពីស្ថាប័នដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។
ជាឧទាហរណ៍ជាក់ស្តែង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលលោក ហ៊ុន សែន តែងផ្តល់ថវិការាប់សិបម៉ឺនដុល្លារក្នុង ១ឆ្នាំៗ និងស្ថាប័នសារព័ត៌មាន Fresh News ជាដើម ត្រូវគេមើលឃើញថាជាស្ថាប័នបម្រើនយោបាយរបស់រដ្ឋាភិបាលកម្ពុជាទាំងស្រុង មិនមែនជាស្ថាប័នព័ត៌មានឯករាជ្យចុះផ្សាយអំពីការពិតដែលមានក្នុងសង្គមនោះទេ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

