30 C
Phnom Penh

អ្នក​ស្រាវជ្រាវ៖ តើ​ការ​ស្ថាបនា​ព្រែកជីក​ហ្វូណន​គ្រាន់តែ​ដើម្បី​បញ្ឈប់​ការ​ពឹង​ច្រមុះ​វៀតណាម មក​ពឹង​ច្រមុះ​ចិន​ដើម្បី​ដក​ដង្ហើម​ឬ​យ៉ាងណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លើក​ជា​សំណួរ​ថា តើ​ការ​ស្ថាបនា​ព្រែកជីក​ហ្វូណន គ្រាន់តែ​ដើម្បី​បញ្ឈប់​ការ​ពឹង​ច្រមុះ​វៀតណាម​ដក​ដង្ហើម មក​ជា​ការ​ពឹង​ច្រមុះ​ចិន ដើម្បី​ដក​ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា ឬ​យ៉ាងណា ព្រោះ​ថា​ប្រទេស​កម្ពុជា​បាន​ជាប់​កិច្ចសន្យា​ប្រគល់​ព្រែក​នេះ​ឱ្យ​ចិន​គ្រប់គ្រង ចាត់ចែង​រហូត​ដល់​ជាង ៥០​ឆ្នាំ។

ក្នុង​រឿង​ជីក​ព្រែក​ដាក់​ឈ្មោះ​ថា ហ្វូណន​តេជោ នេះ មាន​អ្នកវិភាគ​ផុស​គំនិត​ចេញ​ព្រោងព្រាត​បញ្ចេញ​ជា​មតិ ទស្សនៈ យោបល់ គាំទ្រ​ផង ជំទាស់​ផង ប៉ុន្តែ​មិន​សូវ​ឃើញ​មាន​បង្ហាញ​ព័ស្តុតាង​ជាក់ស្តែង​ជា​តួលេខ​អ្វី​មួយ​ច្បាស់លាស់​ទេ ដែល​ភាសា​អង់គ្លេស​ហៅថា facts and figures។

អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត សេង សារី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​៣០ មេសា ថា ក្រុមហ៊ុន​ចិន ដែល​សាងសង់​ព្រែកជីក​ហ្វូណន និង​ក្រុមហ៊ុន​ចិន ដែល​សាងសង់​ផ្លូវ​ល្បឿន​លឿន គឺជា​ក្រុមហ៊ុន​តែ​មួយ​ប៉ុណ្ណោះ គឺ​ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ឬ “សាជីវកម្ម​ថ្នល់ និង​ស្ពាន​ចិន” ដូច្នេះ​ការ​សង្ស័យ​នានា​ជុំវិញ​កិច្ចព្រមព្រៀង​វិនិយោគ​របស់​កម្ពុជា​ជាមួយ​ចិន ជុំវិញ​ការ​សាងសង់​ព្រែកជីក​នេះ​ក៏​ជា​រឿង​សម​ហេតុផល​ដែរ។

អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម លើកឡើង​ថា ជា​ធម្មតា​នៃ​លក្ខខណ្ឌ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ខាងលើ​នេះ គឺ​អនុវត្ត​តាម​ទម្រង់ BOT ដែល​មាន​ន័យ​ថា ក្រុមហ៊ុន​ចិន​នឹង​គ្រប់គ្រង​មុន រដ្ឋាភិបាល​កម្ពុជា​នឹង​គ្រប់គ្រង​តាម​ក្រោយ ហើយ​ប្រព័ន្ធ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​នេះ​ក៏​ដូច​គ្នា​ទៅ​នឹង​ប្រព័ន្ធ​គ្រប់គ្រង​ផ្លូវ​ល្បឿន​លឿន​ដែរ គឺ​ត្រូវ​ប្រគល់​ឱ្យ​ពួកគេ​គ្រប់គ្រង​រយៈពេល ៥០​ឆ្នាំ​ឯណោះ ដូច្នេះ​បញ្ហា​គឺ​នៅ​ត្រង់​ថា តើ​កម្ពុជា​មាន​ច្រមុះ​ដោយ​ខ្លួនឯង​សម្រាប់​ដក​ដង្ហើម​ខ្លួនឯង​ដែរ​ឬ​ក៏​អត់ ពេល​មាន​ព្រែកជីក​នេះ។

បណ្ឌិត សេង សារី លើកឡើង​ថា ការ​វិនិយោគ​លើ​ការ​ជីក​ព្រែក​ហ្វូណន​ដោយ​ក្រុមហ៊ុន​ចិន​តែ​មួយ​បែប​នេះ ក៏​កំពុង​ស្ថិត​ក្នុង​ការ​ព្រួយបារម្ភ​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​លើ​បញ្ហា​កម្ចី​នានា​ដែរ ព្រោះ​ការ​សាងសង់​ព្រែកជីក​នេះ គឺ​ត្រូវ​ចំណាយ​រហូត​ដល់ ១៧០០​លាន​ដុល្លារ​អាមេរិក​ឯណោះ ដូច្នេះ​ក្នុង​ទំហំ​កម្ចី​ដើម្បី​សាងសង់​ព្រែក​នេះ តើ​អាច​នឹង​រុញ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល​របស់​ចិន ដូច​ប្រទេស​ដទៃ​ទៀត​ដែរ​ឬ​ទេ ដែល​នេះ​គឺ​សុទ្ធសឹងតែ​ជា​បញ្ហា​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ឆ្លើយ​បំភ្លឺ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ប្ដេជ្ញា​ថា​នឹង​កសាង​ព្រែកជីក​ហ្វូណន​ឱ្យ​បាន ដើម្បី​បញ្ចៀស​ការ​ពឹង​ច្រមុះ​វៀតណាម ដក​ដង្ហើម​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ហ៊ីង សុខសាន្ត បាន​លើកឡើង​ក្នុង​កម្មវិធី​ផ្សាយ​នេះ​ដែរ​ថា ព្រែកជីក​ហ្វូណន​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​រួច​ផុត​ពី​ការ​គាបសង្កត់​របស់​វៀតណាម ខណៈ​វៀតណាម ក៏​នឹង​បាត់បង់​សេដ្ឋកិច្ច​មួយ​ចំណែក​ធំ​តាមរយៈ​នៃ​ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា ដែល​នឹង​នាំចេញ​តាម​ព្រែកជីក​នេះ។

លោក ហ៊ីង សុខសាន្ត បញ្ជាក់​ថា ព្រែកជីក​នេះ​នឹង​ក្លាយ​ជា​មរតក​របស់​កម្ពុជា​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ ហើយ​ក៏​ជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​ដែរ។

កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន លើកឡើង​ថា ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ឆ្លងកាត់​វៀតណាម គឺ​មាន​ការ​លំបាក​ណាស់​កន្លង​មក បើ​វៀតណាម សប្បាយ​ចិត្ត កម្ពុជា​អាច​នាំចេញ​បាន បើ​វៀតណាម មិន​សប្បាយ​ចិត្ត ទំនិញ​កម្ពុជា​អាច​នឹង​ជាប់​គាំង ឬ​នាំចេញ​មិន​បាន ដូច្នេះ​ព្រែកជីក​នេះ​នឹង​ជួយ​ឱ្យ​កម្ពុជា មាន​ច្រមុះ​សម្រាប់​ដក​ដង្ហើម​សេដ្ឋកិច្ច​ដោយ​ខ្លួនឯង​ទៅ​ថ្ងៃ​មុខ ឈប់​ពឹង​លើ​វៀតណាម បន្ត​ទៀត។

ជាង​នេះ​ទៀត នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​មណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ កាលពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ព្រែកជីក​នេះ​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​ដក​ដង្ហើម​ដោយ​ខ្លួនឯង​បាន ហើយ​នៅ​ពេល​ដែល​កម្ពុជា​អាច​ដង្ហើម​ដោយ​ខ្លួនឯង នោះ​ប្រយោជន៍​សេដ្ឋកិច្ច​របស់​វៀតណាម ដែល​ធ្លាប់​ទទួល​បាន​ពី​កម្ពុជា​តាមរយៈ​នៃ​ការ​នាំចេញ​របស់​កម្ពុជា​ដែល​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម នឹង​ត្រូវ​បាត់បង់​ទាំងអស់។

គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារកម្ម​ទន្លេបាសាក់ ឬ «ព្រែកជីក​ហ្វូណន​តេជោ» គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​អំឡុង​ខែ​មិថុនា ឬ​ខែ​កក្កដា ឆ្នាំ​២០២៤ នេះ ក្រោម​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន China Road and Bridge Corporation (CRBC) ឬ “សាជីវកម្ម​ថ្នល់ និង​ស្ពាន​ចិន” ក្នុង​ទម្រង់ BOT ដែល​មាន​ន័យ​ថា ក្រុមហ៊ុន​ចិន​នឹង​គ្រប់គ្រង​មុន ខណៈ​រដ្ឋាភិបាល​កម្ពុជា​នឹង​គ្រប់គ្រង​តាម​ក្រោយ ខណៈ​គម្រោង​នេះ​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​សាងសង់ ១៧០០​លាន​ដុល្លារ​អាមេរិក ដែល​គេ​រំពឹង​ថា​នឹង​ត្រូវ​ចិន គ្រប់គ្រង​រហូត​ដល់​ទៅ​ជាង ៥០​ឆ្នាំ​ទៅ​ថ្ងៃ​មុខ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា បើ​រដ្ឋាភិបាល​កម្ពុជា​យល់​ថា​ព្រែកជីក​នេះ​ពិត​ជា​មាន​សារសំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា និង​ជា​គន្លឹះ​ក្នុង​ការ​រើ​បម្រះ​ខ្លួន​ពី​វៀតណាម ហេតុ​អ្វី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​វៀតណាម​លើក​បន្តុប មិន​ព្រម​សាងសង់​ព្រែក​នេះ​តាំងពី​យូរ​មក បែរ​ជា​មក​សាងសង់​ពេលនេះ។

លោក សម រង្ស៊ី លើកឡើង​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន​នៅ​ពេលនេះ គឺ​ស្ថិត​ក្នុង​ចំណុច​គួរ​ឱ្យ​សង្ស័យ​ជាទីបំផុត ព្រោះ​ព្រែកជីក​នេះ​ទើប​នឹង​ចាប់ផ្តើម​សាងសង់​ក្រោយ​ការ​សាងសង់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ក្រោម​ជំនួយ​របស់​ចិន នៅ​ពេលនេះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ចំពោះ​ការ​ប្រគល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ចិន សាងសង់​ដោយ​មិន​ដាក់​ឱ្យ​ដេញថ្លៃ ក៏​ជា​កត្តា​ដែល​គួរ​ឱ្យ​សង្ស័យ​ដែរ ព្រោះ​ថា​ដើម្បី​ជីក​ព្រែក​នេះ មិនមែន​មាន​តែ​ចិន​ទេ​ដែល​កម្ពុជា​អាច​ខ្ចី​លុយ​បាន ដូចជា អាមេរិក ជាដើម ប៉ុន្តែ​ហេតុ​អ្វី​លោក ហ៊ុន សែន តម្រូវ​ឱ្យ​តែ​ក្រុមហ៊ុន​ចិន​តែ​មួយ​សាងសង់​ព្រែកជីក​នេះ ដែល​នេះ​គឺ​សុទ្ធសឹងតែ​ជា​ចំណុច​ដែល​គួរ​ឱ្យ​សង្ស័យ​ទាំងអស់​អំពី​ការ​សាងសង់​ព្រែក​នេះ។

សារព័ត៌មាន The Cambodia Daily នឹង​ជូន​សេចក្តី​រាយការណ៍​ពិស្ដារ​មួយ​ក្នុង​កម្មវិធី​ផ្សាយ​ពេល​ក្រោយ​អំពី​ផល​ចំណេញ និង​ផលវិបាក​ពី​ព្រែកជីក​ហ្វូណន​តេជោ​នេះ ទាក់ទង​រឿង​សេដ្ឋកិច្ច បច្ចេកទេស និង​យុទ្ធសាស្ត្រ​នយោបាយ​យោធា politico-military strategy៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស