មេដឹកនាំចិន លោក ស៊ី ជីនពីង ចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃទៅកាន់បីប្រទេសនៅអឺរ៉ុប គឺបារាំង ស៊ែប៊ី និងហុងគ្រី ដោយចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ឧសភា។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេសប្រទេសចិន។
យោងតាមសារព័ត៌មាន The Economic Times ប្រទេសទាំងបីនេះគឺជាគោលដៅនៃទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងចិន ដែលលោក ស៊ី ចាប់យកជាអាទិភាពនៃទស្សនកិច្ចរបស់លោកនៅអឺរ៉ុប។
តែការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង របស់មេដឹកនាំចិន ធ្វើឡើងតាមការអញ្ជើញរបស់លោក Emmanuel Macron។ អ្នកសង្កេតការណ៍រំពឹងថា លោក Macron នឹងចោទសួរលោក ស៊ី អំពីឥទ្ធិពលរបស់ចិន ទៅលើប្រទេសរុស្ស៊ី ហើយថែមទាំងស្នើឱ្យចិន ដាក់សម្ពាធលើរុស្ស៊ី ឱ្យឆាប់បិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ក្នុងឱកាសនៃការចរចាជាមួយលោក ស៊ី ជីនពីង លោក Macron អាចនាំលោក ស៊ី ទៅជួបមេដឹកនាំសហភាពអឺរ៉ុប ផងដែរ ប៉ុន្តែសហភាពអឺរ៉ុបតែងតែព្រមានចិន កុំឱ្យជ្រុលដៃផុងជ្រៅក្នុងសង្គ្រាមរបស់រុស្ស៊ី ឈ្លានពានអ៊ុយក្រែន។
លោក ស៊ី និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានសហការគ្នាប្រជែងសណ្ដាប់ធ្នាប់ពិភពលោកដឹកនាំដោយសហរដ្ឋអាមេរិក ដែលក្រុងប៉េកាំង ព្យាយាមការពារខ្លួនថាជាការពង្រឹងគោលការណ៍អន្តរជាតិ។
លោករដ្ឋមន្ត្រីការបរទេសចិន បានប្រាប់ទីប្រឹក្សាការទូតរបស់លោក Macron កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា ក្រុងប៉េកាំង សង្ឃឹមថា សហភាពអឺរ៉ុបនឹងជួយពង្រឹងគោលនយោបាយការទូតសមរម្យមួយឆ្ពោះទៅក្រុងប៉េកាំង។ លោក Macron និងប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen នឹងជួបត្រីភាគីជាមួយលោក ស៊ី។
ប្រធានសហភាពអឺរ៉ុប អ្នកស្រី von der Leyen ធ្លាប់បានព្រមានចិនចំពោះមុខលោក ស៊ី ដោយព្រមានថា បើចិនចង់បន្តសហប្រតិបត្តិការស្អិតល្មួតស្មើភាពគ្នានឹងសហភាពអឺរ៉ុប ហើយមិនចង់មានវិធានការលើទីក្រុងប៉េកាំង នោះ ប្រទេសចិនត្រូវដកខ្លួនចេញពីការដែលគេចោទថា ចិននៅពីក្រោយការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន។ តែផ្ទុយទៅវិញ ចិនត្រូវជួយបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន។
កន្លងមក ចារកម្មសហរដ្ឋអាមេរិកសង្ស័យថា ចិនបានបញ្ជូនសព្វាវុធទៅកាន់រុស្ស៊ី ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ សហរដ្ឋអាមេរិកព្រមានចិន ដើរឱ្យឆ្ងាយពីសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន ដោយកុំពាក់ព័ន្ធកិច្ចការណាមួយឱ្យសោះ។
ជាមួយគ្នានេះ អគ្គលេខាធិការអង្គការណាតូ ក៏បានដាក់ការសង្ស័យដូចគ្នានេះដែរ។ មេដឹកនាំអង្គការណាតូ លោក Jens Stoltenberg បានស្នើពិភពលោកឱ្យដាក់វិធានការទៅកាន់ចិន ចំពោះការឃុបឃិតជាមួយរុស្ស៊ី។
លោកបានទាមទារឱ្យចិន ទទួលស្គាល់ការឈ្លានពានប្រទេសឯករាជ្យមួយ គឺជាទង្វើខុសច្បាប់អន្តរជាតិដ៏ធ្ងន់ធ្ងរដែលត្រូវតែដាក់សម្ពាធឱ្យខ្លាំងក្លាលើក្រុងមូស្គូ។
តែយ៉ាងណា ក្រុងប៉េកាំង តែងតែច្រានចោលការលើកឡើងរបស់ពួកបស្ចិមប្រទេសដែលចោទថា ចិនមានការពាក់ព័ន្ធក្នុងការបញ្ជូនអាវុធសម្ភារៈសឹកទៅឱ្យរុស្ស៊ី។ ចិនប្រកែកដាច់ខាតថាមិនមានទំនាក់ទំនងនៅពីក្រោយសង្គ្រាមដែលរុស្ស៊ី ឈ្លានពានអ៊ុយក្រែន ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មកនោះ។
តែបើតាម The Economic Times នៅពេលលោក ស៊ី ជីនពីង ត្រឡប់ទៅទីក្រុងប៉េកាំង វិញ ក្រោយបិទបញ្ចប់ទស្សនកិច្ចបីប្រទេសនៅអឺរ៉ុប លោកត្រូវជួបសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។
សារព័ត៌មានរបស់រុស្ស៊ី The Moscow Times ថាលោក ពូទីន ចង់ធ្វើទស្សនកិច្ចទៅកាន់ក្រុងប៉េកាំង នៅក្នុងខែឧសភា ដើម្បីរឹតចំណងមិត្តភាពឱ្យកាន់តែច្បាស់លាស់ និងស៊ីជម្រៅ។
អ្នកសង្កេតការណ៍ថា លោក ពូទីន ចង់ទាញចិន ឱ្យនៅពីក្រោយសង្គ្រាមនេះ ដែលលោក ពូទីន អាចនិយាយថាករណីចិន ចង់ពឹងពាក់ និងចង់ឱ្យរុស្ស៊ី ជួយដោយប្រការណាមួយវិញ គឺរុស្ស៊ី ត្រូវតែជួយចិន។
គួរឱ្យកត់សម្គាល់ថា ក្នុងកម្មវិធីសម្ពោធការបើកព្រឹត្តិការណ៍កីឡាអូឡាំពិកអន្តរជាតិនៅទីក្រុងប៉េកាំង កាលពីឆ្នាំ២០២២ លោក ពូទីន បានជួបលោក ស៊ី។ ពេលត្រឡប់មកវិញ លោក ពូទីន បានបញ្ជាឱ្យលើកកងទ័ពឡោមព័ទ្ធអ៊ុយក្រែន រហូតដល់បើកការវាយលុកលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
អ្នកសង្កេតការណ៍សង្ស័យថា លោក ពូទីន ទំនងទទួលបានការលើកទឹកចិត្តពីលោក ស៊ី ក្នុងការលើកទ័ពធ្វើសង្គ្រាមនៅអ៊ុយក្រែន បើទោះជាក្រុងប៉េកាំង បញ្ជាក់ជំហរជាញឹកញាប់ថា ចិនចង់ធ្វើឱ្យពិភពលោកស្ងប់ស្ងាត់ក្រោមសន្តិភាពក៏ដោយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

