TAG
weekend3
ដំណើរដ៏វែងឆ្ងាយ
ការវិវត្តនៃប្រាសាទព្រះវិហារពីសមរភូមិមុខទៅជាទីតាំងបេតិកភណ្ឌ
៤ឆ្នាំមុននៅខែនេះ ប្រាសាទបុរាណខ្មែរដែលមានចំណាស់ជាងមួយសហស្សវត្សរ៍ហើយនៅដាច់ស្រយាលមួយនេះបានក្លាយជាព័ត៌មានទំព័រមុខនៃកាសែតនៅក្នុងតំបន់ ក្នុងពេលដែលទាហានថៃបានបើកការវាយប្រហារប្រដាប់អាវុធមកលើកងទ័ពខ្មែរនៅឯប្រាសាទព្រះវិហារ។
នៅចុងខែកុម្ភៈឆ្នាំ២០១១ ជីវិតមនុស្សបានបាត់បង់នៅសងខាងព្រំដែននៃប្រទេសទាំងពីរ ហើយផ្នែកមួយនៃប្រាសាទនឹងរលំដួល។ រយៈពេលពីរឆ្នាំក្រោយមក ការដណ្តើមកាន់កាប់ប្រាសាទព្រះវិហារបាននាំឲ្យមានការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដែលកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ បានតម្កល់សាលក្រមនាឆ្នាំ១៩៦២ ដែលបានប្រកាសថា ប្រាសាទព្រះវិហារបានស្ថិតនៅក្នុងទឹកដីកម្ពុជា។
ចាប់តាំងពីពេលនោះមក ភាពតានតឹងជំុវិញប្រាសាទដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ បានធូរស្រាល ដោយហេតុថាប្រទេសថៃបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៨ដែលចូលរួមក្នុងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិនៃប្រាសាទព្រះវិហារដែលត្រូវបានបង្កើតឡើងកាលពីខែធ្នូឆ្នាំទៅមិញ។
អ្នកស្រីចៅ ស៊ុនកិរិយា ដែលជាភ្នាក់ងារទំនាក់ទំនងរបស់រដ្ឋាភិបាលកម្ពុជា ជាមួយ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិនៃប្រាសាទព្រះវិហារ បានមានប្រសាសន៍ថា "នេះគឺ អស្ចារ្យណាស់សម្រាប់ព្រះវិហារ។ យើងកំពុងតែមានដំណើរការមិនឲ្យបញ្ហានេះពាក់ព័ន្ធនឹងរឿងនយោបាយ ហើយប្រាសាទនេះពិតជាក្លាយជាទីតាំងបេតិកភណ្ឌមួយ"។
គណៈកម្មាធិការព្រះវិហារយកគំរូតាមគណៈកម្មាធិការសម្របសម្រួលអន្តរជាតិនៃអង្គរ ដែលត្រូវបានបង្កើតឡើងនាឆ្នាំ១៩៩៣ ពោលគឺភ្លាមៗបន្ទាប់ពីឧទ្យានបុរាណអង្គរនេះទទួលបានការចុះបញ្ជីនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នៅពេលនោះ ប្រទេសកម្ពុជាមិនទាន់រើខ្លួនរួចពីសង្គ្រាមនិងជម្លោះទាំងឡាយអស់រយៈពេលរាប់ទសវត្សរ៍នៅឡើយទេ ហើយក៏មិនមានធនធានដើម្បីជួសជុល ឬក៏ថែរក្សាប្រាសាទសម័យអង្គរបានដែរ។ ហេតុដូច្នះហើយ ទើបគណៈកម្មាធិការសម្របសម្រួលអន្តរជាតិត្រូវបានបង្កើតឡើងដោយមានប្រទេសជប៉ុន និងបារាំងធ្វើជាសហប្រធានដើម្បីសម្របសម្រួលការងាររបស់ក្រុមការងារកម្ពុជានិងអន្តរជាតិនៅក្នុងឧទ្យានអង្គរដោយមានជំនួយបច្ចេកទេសពីអង្គការយូណេស្កូ។
បច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើនប្រសើរជាងមុន ប៉ុន្តែប្រទេសនេះនៅតែខ្វះខាតធនធានក្នុងការជួសជុលប្រាសាទព្រះវិហារនេះ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ២០០៨ ហើយនិងធ្វើឲ្យប្រាសាទមួយនេះក្លាយជាទីតាំងបេតិកភណ្ឌពិភពលោកដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរដ៏ច្រើនសន្ធឹកសន្ធាប់។
នេះជាហេតុផលដែលប្រទេសកម្ពុជាបានស្នើសំុអង្គការយូណេស្កូឲ្យបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិមួយផ្សេងទៀត។
ទោះបីជាទំហំនៃទីតាំងនេះ នៅដាច់ឆ្ងាយពីឧទ្យានអង្គរ ពោលគឺជាប្រាសាទមួយស្ថិតនៅលើទីតាំងមួយដែលមានទំហំ២៨គីឡូម៉ែត្រក្រឡានៅក្នុងខេត្តព្រះវិហារ បើប្រៀបធៀបនឹងប្រាសាទរាប់រយនៅក្នុងឧទ្យានមួយដែលលាតសន្ធឹងលើផ្ទៃដី៤០១គីឡូម៉ែត្រក្រឡាក៏ដោយ ក៏ការជួសជុលប្រាសាទនេះឡើងវិញជួបប្រទះនឹងការប្រឈមមុខទាំងឡាយផងដែរ គឺដោយសារតែប្រាសាទមួយនេះលាតសន្ធឹងប្រវែង៨០០ម៉ែត្រលើខ្នងភ្នំកម្ពស់៦២៥ម៉ែត្រនៅតាមជួរភ្នំដងរែក។ មានស្លាកស្នាមគ្រាប់កាំភ្លើងនៅក្នុងរចនាបថមួយចំនួនដោយសារតែមានការប៉ះទង្គិចប្រដាប់អាវុធរវាងទាហានកម្ពុជានិងទាហានថៃក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ឬក៏ពីពេលដែលទ័ពខ្មែរក្រហមបានកាន់កាប់តំបន់នោះ ដែលពួកគេបានចាកចេញពីប្រាសាទនេះក្នុងឆ្នាំ១៩៩៨។
ប្រទេសចំនួនប្រាំបីបានយល់ព្រមចូលរួមចំណែកជួសជុលប្រាសាទព្រះវិហារឡើងវិញ គឺប្រទេសប៊ែលហ្ស៊ិក បារាំង ជប៉ុន កូរ៉េខាងត្បូង ថៃ និងសហរដ្ឋអាមេរិក ដោយមានប្រទេសឥណ្ឌា និងប្រទេសចិន ធ្វើជាគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស។
អ្នកជំនាញអន្តរជាតិជាច្រើនក្រុមកំពុងពិនិត្យទីតាំង និងរាយការណ៍លទ្ធផលរកឃើញរបស់ខ្លួនទៅគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស រីឯផែនការជួសជុលឡើងវិញគ្រោងធ្វើសម្រាប់រយៈពេល១០ឆ្នាំបន្ទាប់ ដោយចំណាយប្រាក់ប្រមាណ១៣ទៅ១៤លានដុល្លារ។
បុរាណវត្ថុវិទូ លោក អាហ្សឺឌីន បេសាអ៊ូស (Azedine Beschaouch ជាលេខាធិការវិទ្យាសាស្ត្រនៅគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស...