28 C
Phnom Penh

មេដឹកនាំ​កម្ពុជា​ប្រកាស​ជំហរ​បន្ត​គាំទ្រ​គោលនយោបាយ​ចិន​តែ​មួយ និង​ធានា​មិន​បង្កើត​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​នរោត្តម សីហមុនី និង​មេដឹកនាំ​កម្ពុជា បាន​ប្រកាស​បញ្ជាក់​ជំហរ​ថា កម្ពុជា​បន្ត​គាំទ្រ​នូវ​គោលនយោបាយ​ចិន​តែ​មួយ ហើយ​កម្ពុជា​ប្រឆាំង​គ្រប់​ទម្រង់​នៃ​ឯករាជភាព​របស់​តៃវ៉ាន់ និង​ធានា​មិន​បង្កើត​ទំនាក់ទំនង​ផ្លូវការ​ណា​មួយ​ជាមួយ​តៃវ៉ាន់។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហ៊ួរ បាន​ឲ្យ​ដឹង​ថា មហាក្សត្រ​កម្ពុជា​ព្រះបាទ នរោត្តម សីហមុនី និង​ប្រមុខ​ការទូត​កម្ពុជា មាន​បន្ទូល និង​បញ្ជាក់​ជំហរ​ថា កម្ពុជា​បន្ត​គាំទ្រ​នូវ​គោលនយោបាយ​ចិន​តែ​មួយ បន្ទាប់ពី​ព្រះអង្គ​បាន​ទទួល​ជួប​សវនាការ​មួយ​ជាមួយ​លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​ចិន នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែ​មេសា។

ប្រភព​ដដែល​បាន​លើកឡើង​ថា ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ នរោត្តម សីហមុនី បាន​មាន​ព្រះ​បន្ទូល​ថា កម្ពុជា​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ​ចិន​តែ​មួយ និង​គាំទ្រ​យ៉ាង​សកម្ម​នូវ​ចក្ខុវិស័យ​ក្នុង​ការ​កសាង​សហគមន៍​មួយ​ដែល​មាន​អនាគត​រួម​គ្នា និង​គំនិត​ផ្ដួចផ្ដើម​ជា​សកល​ធំៗ​ចំនួន​៣ ដែល​ស្នើ​ឡើង​ដោយ​ប្រទេស​ចិន។

ព្រះអង្គ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ចំណង​មិត្តភាព​កម្ពុជា និង​ចិន នឹង​ត្រូវ​បាន​បន្សល់​ទុក​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត និង​កាន់តែ​រឹងមាំ​ត​រៀង​ទៅ។

ចំណែកឯ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្ដីពី​ដំណើរ​ទស្សនកិច្ច​របស់​លោក វ៉ាង យី រយៈពេល ៣​ថ្ងៃ​នៅ​កម្ពុជា ដែល​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​មេសា បាន​លើកឡើង​ថា កម្ពុជា​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​ប្រើប្រាស់​បញ្ហា​នានា​របស់​តៃវ៉ាន់ ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន ប្រឆាំង​គ្រប់​ទម្រង់​នៃ​ឯករាជភាព​របស់​តៃវ៉ាន់ គាំទ្រ​យ៉ាង​មុតមាំ​ការ​ប្រឹងប្រែង​បង្រួបបង្រួម​ជាតិ​របស់​ចិន និង​កម្ពុជា​មិន​បង្កើត​ទំនាក់ទំនង​ផ្លូវការ​ណា​មួយ​ជាមួយ​តៃវ៉ាន់ ឡើយ។

នៅ​ក្នុង​សេចក្តី​ប្រកាស​រួម បាន​លើកឡើង​ថា កម្ពុជា​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​គាំទ្រ​គោលនយោបាយ​ចិន​តែ​មួយ និង​ទទួលស្គាល់​រដ្ឋាភិបាល​ចិន ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​តែ​មួយ​គត់​តំណាង​ឲ្យ​ប្រទេស​ចិន​ទាំងមូល។ រីឯ​តៃវ៉ាន់ ត្រូវ​បាន​កម្ពុជា​ចាត់ទុក​ថា​ជា​ផ្នែក​មួយ​ដែល​មិន​អាច​កាត់ផ្ដាច់​បាន​ពី​ទឹកដី​របស់​ចិន។

ជា​ការ​ឆ្លើយតប លោក វ៉ាង យី បាន​លើកឡើង​ថា ក្រោម​ការ​ដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ការ​កសាង​អនាគត​រួម​គ្នា​មួយ​រវាង​សហគមន៍​ចិន និង​កម្ពុជា បាន​ឈាន​ចូល​ដំណាក់កាល​ថ្មី​មួយ​ដែល​មាន​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់។

លោក វ៉ា យី បាន​លើកឡើង​ថា បន្ថែម​ពី​ឆន្ទៈ​របស់​ចិន ក្នុង​ការ​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​អនុវត្ត​នូវ​ការ​ឯកភាព​គ្នា​ជា​យុទ្ធសាស្ត្រ ដែល​សម្រេច​បាន​ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ។ លោក​ថា ចិន និង​កម្ពុជា គួរតែ​ពង្រឹង​ការ​ដឹកនាំ​ជា​យុទ្ធសាស្ត្រ​កម្រិត​ខ្ពស់ និង​ដឹកនាំ​ការ​កសាង​សហគមន៍​ចិន-កម្ពុជា ជាមួយ​នឹង​អនាគត​រួម​គ្នា​ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា បញ្ហា​ភូមិសាស្ត្រ​នយោបាយ​មាន​ការ​ប្រែប្រួល​រយៈពេល​ចុងក្រោយ​នេះ ដោយសារ​កំណើន​នៃ​ការ​គាំទ្រ​កោះ​តៃវ៉ាន់ មាន​ការ​កើន​ឡើង ហើយ​បណ្តា​ប្រទេស​អាស៊ាន​ហាក់​មាន​ជំហរ​នៅ​កណ្តាល និង​មាន​ការ​ពង្រីក​ពាណិជ្ជកម្ម​មួយ​ចំនួន​ជាមួយ​កោះ​តៃវ៉ាន់។

ប្រភព​ដដែល​បាន​លើកឡើង​ថា គោលនយោបាយ​ការបរទេស​របស់​ចិន គឺ​ចង់​ពង្រីក​ឲ្យ​មាន​ការ​គាំទ្រ​ជំហរ​ចិន​តែ​មួយ ប្រកប​ដោយ​ភាព​រឹងមាំ​ដូច​ពី​អតីតកាល ខណៈ​បស្ចិម​លោក​មាន​ការ​ចាប់អារម្មណ៍​ច្រើន​នឹង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក និង​សមុទ្រ​ចិន​ខាងត្បូង។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​កម្ពុជា លោក វ៉ាង យី បាន​ចូល​គាល់​ព្រះមហាក្សត្រ​ខ្មែរ ជំនួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ជួប​ជាមួយ​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ជួប​ជាមួយ​សមភាគី​លោក សុខ ចិន្តាសោភា និង​មាន​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​កម្ពុជា-ចិន លើក​ទី​៧ ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស