31 C
Phnom Penh

លោក ហ៊ុន សែន ដក​ពាក្យបណ្ដឹង​លោក ជា ប៉ូច ដើម្បី​បង្រួបបង្រួម​ជាតិ ប៉ុន្តែ​មិន​លើកលែង​ទោស​ឱ្យ​លោក សម រង្ស៊ី ដាច់ខាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន ប្រកាស​ឱ្យ​មេធាវី​របស់​លោក​ដក​ពាក្យបណ្ដឹង​លើ​សំណុំរឿង​ដែល​លោក​បាន​ប្តឹង​មន្ត្រី​បក្ស​ប្រឆាំង​លោក ជា ប៉ូច កាលពី​ចុង​ឆ្នាំ​២០២៣។

លោក​អះអាង​ថា ការ​ដក​ពាក្យបណ្ដឹង​នេះ ធ្វើឡើង​ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ​ខ្មែរ​ឡើងវិញ និង​លើកលែង​ទោស​ឲ្យ​មនុស្ស​ផ្សេងៗ​ទៀត​ដែល​ទទួល​កំហុស បន្ទាប់ពី​ប្រកាស​ផ្ដាច់ខ្លួន​ចេញពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី។

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ទាំង​យប់​កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា លោក​បាន​ទទួល​លិខិត​សារភាព​កំហុស និង​ការ​សូម​អភ័យ​ទោស​របស់​លោក ជា ប៉ូច រួច​ហើយ ដូច្នេះ​លោក​នឹង​បញ្ជា​ឱ្យ​មេធាវី​របស់​លោក​ដក​ពាក្យបណ្ដឹង​ចេញពី​តុលាការ ដើម្បី​បញ្ចប់​រឿងក្ដី​ដែល​លោក​បាន​ប្តឹង​លោក ជា ប៉ូច កាលពី​ឆ្នាំ​មុន​នោះ​ឲ្យ​បាន​ឆាប់។

លោក ហ៊ុន សែន លើកឡើង​ថា លោក​សូម​យក​ឱកាស​នេះ​បញ្ជាក់​ថា លោក​នឹង​ទទួលយក​ការ​សុំទោស​ពី​មនុស្ស​ផ្សេង​ទៀត​ដែល​ទទួល​កំហុស និង​ប្រកាស​ផ្ដាច់ខ្លួន​ចេញពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ប៉ុន្តែ​លោក​ក៏​នឹង​មិន​អត់ឱន​ឲ្យ​ជន​ណា ឬ​ក្រុម​ណា​ក៏ដោយ​ដែល​បន្ត​ដើរ​តាម​លោក សម រង្ស៊ី ដែរ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា លោក​នឹង​បន្ត​ប្រើ​ផ្លូវច្បាប់​ដើម្បី​ចាត់ការ​លើ​ក្រុម​ណា ឬ​បុគ្គល​ណា​ដែល​ជេរប្រមាថ​មួលបង្កាច់​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​លើ​រូបលោក​តទៅទៀត​ដោយ​គ្មាន​ការ​លើកលែង។

លោក ហ៊ុន សែន អះអាង​ថា លោក​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ​ចំពោះ​ជន​ណា ឬ​ក្រុម​ណា​ក៏ដោយ មិន​ថា​ខ្មែរ ឬ​បរទេស​ឡើយ ដែល​ចង់​ដុត​ផ្ទះ​របស់​លោក​ដើម្បី​តែ​ចម្អិន​ពងមាន់​ខ្លួនឯង​នោះ។

កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ភ្លើង​ទៀន លោក ជា ប៉ូច បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់​លោក ហ៊ុន សែន ដោយ​រៀបរាប់​ថា លោក​ពិត​ជា​មាន​ការ​សោកស្តាយ​ជា​ពន់ពេក​ដែល​បាន​ធ្វើ​សកម្មភាព និង​ប្រើប្រាស់​ពាក្យពេចន៍​មួយ​ចំនួន​នា​ពេល​កន្លង​មក ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ សន្តិភាព ស្ថិរភាព និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​គឺ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក ហ៊ុន សែន តែម្តង។

លោក ជា ប៉ូច ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន លើកលែង​ទោស​ឱ្យ​រូបលោក​ដែល​ធ្លាប់​បាន​ប្រព្រឹត្ត​ខុស​នា​ពេល​កន្លង​មក ហើយ​លោក​ប្ដេជ្ញា​ថា​នឹង​ផ្ដាច់ខ្លួន​ចេញពី​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី និង​ឈប់​ធ្វើការ​ជាមួយ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​បក្ស​ភ្លើង​ទៀន​ទាំងអស់ ដោយសារតែ​លោក​អស់​ជំនឿ​លើ​គោលនយោបាយ​បរទេស​និយម​របស់​ក្រុម​ប្រឆាំង​ទាំងនោះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មេសា នេះ​ថា ការ​សរសេរ​លិខិត​សូម​អភ័យ​ទោស​លោក ហ៊ុន សែន ពី​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន មិនមែន​ជា​រឿង​ចម្លែក​ទេ ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន សែន ដឹកនាំ​នយោបាយ​គ្រាន់តែ​ដើម្បី​បំបែកបំបាក់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ក្នុង​បំណង​ធានា​គ្រប់គ្រង​អំណាច​ឱ្យ​បាន​ត​ត្រកូល​ប៉ុណ្ណោះ មិនមែន​ជា​ការ​ដឹកនាំ​នយោបាយ​បង្រួបបង្រួម​ជាតិ​ទេ។

កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ទម្លាយ​សំឡេង​របស់​លោក ជា ប៉ូច ដែល​លើកឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​សមាជិក​គណបក្ស​ភ្លើង​ទៀន អំពី​ការ​ប្ដេជ្ញា​ចិត្ត​ទម្លាក់​លោក ហ៊ុន សែន ឲ្យ​បាន ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​នឹង​ត្រូវ​ធ្វើ​តាម​វិធី​ណា​នោះ​ទេ។

បន្ទាប់ពី​សារ​សំឡេង​នេះ​បែកធ្លាយ លោក ជា ប៉ូច ក៏​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រទេស​ថៃ ភ្លាមៗ​ក្រោម​ហេតុផល​ព្យាបាល​ជំងឺ​បេះដូង ប៉ុន្តែ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា លោក ជា ប៉ូច បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​លោក ហ៊ុន សែន ដែរ​ដោយ​ប្រកាស​បដិសេធ​ចំពោះ​សារ​សំឡេង​បែកធ្លាយ​នោះ​ថា​ជា​សារ​សំឡេង​កាត់ត។

ប៉ុន្តែ​នៅ​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣ លោក ជា ប៉ូច បែរ​ជា​ចេញ​លិខិត​សុំទោស​លោក ហ៊ុន សែន ទៅ​វិញ ដោយ​បញ្ជាក់​ថា ពាក្យ​ទម្លាក់​នោះ គឺ​សំដៅ​ដល់​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ដែល​ធ្វើ​ឡើង​ជា​រៀងរាល់ ៥​ឆ្នាំ​ម្តង​តែប៉ុណ្ណោះ មិនមែន​តាម​វិធី​ណា​ផ្សេង​នោះ​ទេ។

យ៉ាងណា​ក៏ដោយ នៅ​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​បដិសេធ​មិន​ទទួល​យក​ការ​សុំទោស​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក ជា ប៉ូច ឡើយ ដោយ​លោក​អះអាង​ថា លោក ជា ប៉ូច ជា​មនុស្ស​ក្រឡេចក្រឡុច។

ប៉ុន្តែ​នៅ​ទីបំផុត លោក ហ៊ុន សែន បញ្ជាក់​ថា លោក​ទុក​ឱកាស​ឲ្យ​លោក ជា ប៉ូច ធ្វើការ​សម្រេច​ចិត្ត​ដើម្បី​ខ្លួនឯង និង​ក្រុម​គ្រួសារ​រហូត​ដល់​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣ មុន​នឹង​លោក​សម្រេច​ចិត្ត​ប្តឹង​ទៅ​តុលាការ ប៉ុន្តែ​លោក ជា ប៉ូច ក៏​សម្រេច​ចិត្ត​សូមទោស​លោក ហ៊ុន សែន នៅ​ពេលនេះ​ទៅវិញ បន្ទាប់ពី​លោក ហ៊ុន សែន បាន​ប្តឹង​ទៅ​តុលាការ​កាលពី​ឆ្នាំ​មុន​នោះ។

ចាប់តាំងពី​ការ​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​កម្ពុជា​មក គេ​សង្កេត​ឃើញ​ថា ពីរ​នាក់​ឪពុក​កូន គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បាន​ក្លាយ​ជា​បុគ្គល​កំពូល​ដែល​អ្នក​នយោបាយ​ប្រឆាំង​នាំគ្នា​សុំ​ការ​លើកលែង​ទោស ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ ឬ​រស់រាន​ដោយ​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​វិញ។

ជាក់ស្តែង លោក ហ៊ុន ម៉ាណែត បាន​សន្យា​បើក​ផ្លូវ​ឱ្យ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា វិល​ទៅ​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​ដាក់​លិខិត​ស្នើសុំ​ការ​លើកលែង​ទោស​ខ្លួន​កាលពី​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ។

ចំណែក​លោក ហ៊ុន សែន ក៏​ត្រូវ​គេ​មើល​ឃើញ​ថា នៅតែ​កាង​អំណាច​ក្នុង​ការ​លើកលែង​ទោស​ឱ្យ​អ្នក​នយោបាយ​ប្រឆាំង​បន្ត​ទៀត​ដែរ បើ​ទោះបី​លោក​លាលែង​តំណែង​ពី​នាយករដ្ឋមន្ត្រី​ហើយ​ក៏ដោយ។ ក្នុង​ន័យ​នេះ បង្ហាញ​ថា ការ​ក្តាប់​អំណាច​ពីរ​នាក់​ឪពុក​កូន​នេះ កំពុង​ចាប់​ច្របាច់​ការ​គ្រប់គ្រង​ប្រទេស​កម្ពុជា​កាន់តែ​ខ្លាំង​ឡើងៗ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស