តុលាការក្រុងភ្នំពេញបដិសេធសំណើរបស់លោកស្រី រ៉ូណា ស្មីត ដែលសុំចូលជួបលោក កឹម សុខា

0
86

តុលាការក្រុងភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានទាល់ចោលសំណើរបស់លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដែលចង់ចូលជួបលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងពន្ធនាគារត្រពាំងផ្លុង។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកគី ឫទ្ធី បានចេញលិខិតមួយច្បាប់ បដិសេធសំណើរបស់តំណាងស្តីទីនៃការិយាល័យឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដោយមិនអនុញ្ញាតឱ្យលោកស្រី រ៉ូណា ស្មីត ចូលសួរសុខទុក្ខលោកកឹម សុខា នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែមីនាខាងមុខនេះទេ។

តុលាការបានលើកមូលហេតុថា ការបដិសេធនេះ ដោយសារសំណុំរឿងក្តីនេះកំពុងស្ថិតក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាងនានា ហេតុនេះការចូលជួប ឬសួរសុខទុក្ខលោក កឹម សុខា អនុញ្ញាតឱ្យបានតែមេធាវី និងក្រុមគ្រួសារលោកតែប៉ុណ្ណោះ។

រហូតមកទល់ពេលភាគីអង្គការសហប្រជាជាតិនៅមិនទាន់មានប្រតិកម្មអ្វីនៅឡើយទេ ក្រោយពីតុលាការបដិសេធសំណើរបស់ពួកគេពីការសុំចូលជួបលោក កឹម សុខា នោះ។

កន្លងតុលាការក្រុងភ្នំពេញក៏បានបដិសេធតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ និងក្រុមអង្គការសង្គមស៊ីវិលជាច្រើនទៀតមិនឲ្យចូលជួនលោក កឹម សុខា ក្នុងដោយលើកហេតុផលដូចគ្នានេះដែរ។

ដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិមកកាន់ប្រទេស កម្ពុជាលើកនេះមានរយៈពេល១០ថ្ងៃ ដើម្បីជួបក្រុមមន្រ្តីអង្គការសង្គម ស៊ីវិល សកម្មជនដីធ្លី សកម្មជននយោបាយ និង មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា៕