ក្រុមគណបក្សប្រឆាំងចំនួនពីរនាំគ្នាថ្កោលទោល អំពើហិង្សានៅខេត្តក្រចេះ

0
112

គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសុក្រ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសដាច់អហង្ការ ចំពោះកងកម្លាំងប្រដាប់អាវុធក្នុងខេត្តក្រចេះ ដែលបានបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃលើក្រុមប្រជាពលរដ្ឋស្លូតត្រង់ដែលនាំគ្នាតវ៉ាករណីរំលោភដីធ្លីរបស់ពួកគេដោយក្រុមហ៊ុន ដីសម្បទានរបស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីរបស់លោក ហ៊ុន សែន។

ជំលោះដីធ្លីកាលពីថ្ងៃទី៨ ខែមីនា នោះបាននាំឲ្យក្រុមយោធាបាញ់រះទៅលើពលរដ្ឋដែលបណ្តាលឲ្យមនុស្ស៨នាក់បាត់បង់ជីវិត និងមានការចាប់ខ្លួនអ្នកស្រុកជាច្រើននាក់ទៀត។

គណបក្សសង្គ្រោះជាតិបានហៅ ការប្រើប្រាស់អាវុធបាញ់រះយ៉ាងព្រៃផ្សៃមកលើប្រជាពលរដ្ឋដែលគ្រាន់តែទាមទាររកដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់នេះថា ជាអំពើឧក្រិដ្ឋកម្មដ៏ធំមួយដែលមិនអាចអត់អោនឲ្យបានជាដាច់ខាត។

គណបក្សសង្គ្រោះជាតិអំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បើកការស៊ើបអង្កេត ជាបន្ទាន់ ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិលឯករាជ្យ ដើម្បីស្វែងរកជនដៃដល់ និងអ្នកបញ្ជាឲ្យមានអំពើឃាតកម្មនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ហើយវដោះលែងអ្នកស្រុកជាបន្ទាន់និងដោយឥតលក្ខខណ្ឌ។

គណបក្សប្រឆាំងមួយនេះក៏បានស្នើឲ្យក្រុមសមត្ថកិច្ច បញ្ឈប់ជាបន្ទាន់រាល់ការប្រើអំពើហិង្សាមកលើពលរដ្ឋស្លូតត្រង់ និងដកហូតដីសម្បទានពីក្រុមហ៊ុនទាំងនោះ មកចែកជូនពលរដ្ឋខ្មែរក្រីក្រវិញ។

ចំណែកគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ ក៏បានសម្តែងការសោកស្ដាយចំពោះព្រឹត្តិការណ៍បាញ់សម្លាប់ប្រជាពលរដ្ឋ នៅស្រុកស្នួល ខេត្តក្រចេះ ក្នុងរឿងជម្លោះដីធ្លីនេះដែរ។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៩ ខែមីនា គណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រកាសថ្កោលទោសចំពោះអំពើហិង្សា និងការប្រើប្រាស់កាំភ្លើង ដើម្បីដោះស្រាយ វិបត្តិដីធ្លី។

គណបក្សនេះទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ដោយយុត្តិធម៌ និងតម្លាភាព ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន៕