25.2 C
Phnom Penh

ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកតាមដានសង្គមកម្ពុជា អះអាងថា ព្រះរាជក្រឹត្យដែលចុះព្រះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា គឺជាការគណនានយោបាយដ៏ល្អិតល្អន់ និងស៊ីជម្រៅមួយ ក្នុងការទាញយកផលប្រយោជន៍ការទូត បំបែកកម្លាំងប្រឆាំង និងពង្រឹងគ្រឹះអំណាចរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។

អ្នកតាមដានភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ព្រះរាជក្រឹត្យលើកលែងទោសចុះថ្ងៃទី ២៥ ឧសភា ២០២៦ នេះ មិនមែនជាសញ្ញានៃការបើកចំហលំហប្រជាធិបតេយ្យពិតប្រាកដនោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រនយោបាយដ៏ស្មុគស្មាញ និងមានការគណនាយ៉ាងល្អិតល្អន់របស់គណបក្សកាន់អំណាច។

លោក សេង វណ្ណលី បន្ថែមថា ការសម្រេចលើកលែងត្រឹមតែទោសពន្ធនាគារ ២៧ ឆ្នាំ ដោយរក្សាទុកការហាមឃាត់មិនឱ្យចាកចេញពីប្រទេស និងការរឹតត្បិតសិទ្ធិនយោបាយយ៉ាងតឹងរ៉ឹង ឆ្លុះបញ្ចាំងពីចេតនាបង្កប់ក្នុងការបន្ធូរបន្ថយសម្ពាធការទូតពីបស្ចិមប្រទេស ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ហើយ វាក៏ជាយន្តការមួយដើម្បីបិទបាំងកំហុសឆ្គងជាប្រព័ន្ធ កាលពីពេលដែលលោក ហ៊ុន សែន សម្រេចផ្តន្ទាទោសលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ ដោយព្យាយាមលាងជម្រះរូបភាពអវិជ្ជមានទាំងនោះ។

អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះបន្ថែមថា ៖«ការដោះលែងដោយមានលក្ខខណ្ឌបែបនេះ តែងតែបង្កើតឱ្យមានការសង្ស័យ ភាពមិនច្បាស់លាស់ និងការចោទប្រកាន់គ្នាទៅវិញទៅមករវាងក្រុមអ្នកគាំទ្របក្សប្រឆាំង ជុំវិញការធ្វើសម្បទានណាមួយជាមួយបក្សកាន់អំណាច ដែលជាឱកាសដ៏ល្អសម្រាប់រដ្ឋាភិបាលក្នុងការរំលាយកម្លាំងប្រឆាំងទាំងស្រុង»។

លោក សេង វណ្ណលី បន្ថែមថា ព្រះរាជក្រឹត្យនេះ គឺជាការគណនានយោបាយដ៏ល្អិតល្អន់ និងស៊ីជម្រៅមួយ ក្នុងការទាញយកផលប្រយោជន៍ការទូត បំបែកកម្លាំងប្រឆាំង និងពង្រឹងគ្រឹះអំណាចរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោយរក្សាទុកតួអង្គសំខាន់នៃបក្សប្រឆាំងឱ្យស្ថិតនៅក្រោមការគ្រប់គ្រងដដែលជាដាច់ខាត។

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន បានចុះហត្ថលេខា លើព្រះរាជក្រឹត្យលើកលែងទោសដល់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា។ ក្នុងព្រះរាជក្រឹត្យលើកលែងទោសនេះ គឺត្រាស់បង្គាប់លើកលែងទោសដែលជាមូលទោសប៉ុណ្ណោះ ដែលមានន័យថា លើកលែងទោសការចោទប្រកាន់ពីបទក្បត់ជាតិ ឬបទសន្និដ្ឋិភាពជាមួយរដ្ឋបរទេស។ ប៉ុន្តែ ទោសបន្ថែម ឬ អនុទោស ដូចជា ការដកសិទ្ធិនយោបាយ និងការហាមប្រាមមិនឱ្យចាកចេញពីប្រទេសកម្ពុជា គឺមិនបានលុបចោលឡើយ។

សហមេធាវីការពារក្តីលោក កឹម សុខា គឺលោក ផែង ហេង បានចាត់ទុកថា ព្រះរាជក្រឹតលើកលែងទោសនេះ គឺជាព្រះរាជក្រឹត្យនយោបាយ ព្រោះជាធម្មតាព្រះរាជក្រឹតលើកលែងទោសគឺត្រូវលុបចោលនូវរាល់ទោសទាំងអស់។ លោកថា ក្នុងព្រះរាជក្រឹតនេះគឺលុបចោលតែមូលទោសប៉ុណ្ណោះ ប៉ុន្តែ ទោសបន្ថែមលើលោក កឹម សុខា គឺមិនត្រូវបានលុបចោលឡើយ ដូច្នេះ ការលើកលែងទោសបែបនេះ គឺស្ថិតក្នុងរបៀបវារៈនយោបាយច្រើនជាង។

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនទាំងកណ្តាលយប់ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលចោទថា មេបក្សប្រឆាំងរូបនេះបានគប់គិតជាមួយសហរដ្ឋអាមេរិកប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។

ចាប់តាំងពីត្រូវបានចាប់ខ្លួនមក លោក កឹម សុខា បានតស៊ូតាមផ្លូវច្បាប់នៅក្នុងសវនាការរបស់សាលាដំបូងចំនួន៦៦លើក ប៉ុន្តែ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសសាលក្រម ផ្តន្ទាទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំពីបទសន្និដ្ឋិភាពជាមួយរដ្ឋបរទេស និងដកហូតសិទ្ធិមិនឲ្យធ្វើនយោបាយអស់មួយជីវិត។

នៅ ក្នុងសវនាការនៅសាលាឧទ្ធហរណ៍លើកចុងក្រោយ គឺនៅថ្ងៃទី៣០ ខែមេសា តុលាការ បានសម្រេច បន្ថែមទោសឲ្យលោក កឹម សុខា ដោយហាមមិនចាកចេញពីប្រទេសកម្ពុជារយៈពេល ៥ឆ្នាំបន្ថែមទៀត៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស