25.9 C
Phnom Penh

ថៃព្រមានថា ការលើកយកទំនាស់ព្រំដែនទៅឆាកអន្តរជាតិ អាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក្ត ភួងកេតកែវ (Sihasak Phuangketkeow) បានព្រមានថា កិច្ចខិតខំស្ដារទំនុកចិត្ត និងទំនាក់ទំនងរវាងថៃ និងកម្ពុជា អាចប្រឈមនឹងការលំបាក ប្រសិនបើកម្ពុជានៅតែបន្តលើកឡើងអំពីទំនាស់ព្រំដែន និងការចោទប្រកាន់ថៃនៅលើវេទិកាអន្តរជាតិ។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី លោកកែវ ឈា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានថ្លែងនៅកិច្ចប្រជុំមួយនៃ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដោយរំលឹកពីផលប៉ះពាល់មនុស្សធម៌ដែលកម្ពុជាអះអាងថាបានកើតឡើងក្នុងអំឡុងជម្លោះព្រំដែនជាមួយថៃកាលពីអតីតកាល។

លោក ស៊ីហាស័ក្ត បាននិយាយថា ការបន្តលើកយកបញ្ហាទាំងនេះទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ អាចធ្វើឱ្យខូចខាតដល់បរិយាកាសនៃការកសាងទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរ។ លោកក៏បានបង្ហាញក្តីបារម្ភថា ជំហរបច្ចុប្បន្នរបស់កម្ពុជា អាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគី។

នៅក្នុងបទអន្តរាគមន៍របស់ខ្លួននៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែឧសភា លោក កែវ ឈា បានលើកឡើងពីផលវិបាកមនុស្សធម៌ដែលកម្ពុជាអះអាងថា បានបណ្តាលមកពីការប៉ះទង្គិចតាមព្រំដែន។ លោកបានរាយការណ៍ថា ប្រជាពលរដ្ឋរាប់សែននាក់ត្រូវបានផ្លាស់ទីលំនៅ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរងការខូចខាត ហើយ ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក បានទទួលរងការខូចខាតក្នុងអំឡុងពេលជម្លោះ។

ភាគីថៃបានចាត់ទុកការលើកឡើងទាំងនេះថា ជាការចោទប្រកាន់តែមួយជ្រុង និងមិនស្របទៅនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខានៅចុងឆ្នាំ២០២៥ ដើម្បីជំរុញការផ្សះផ្សា និងការកសាងទំនុកចិត្តឡើងវិញ។

ខាងភាគីកម្ពុជា វិញ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ជាបន្តបន្ទាប់ថា កម្ពុជាបន្តគោរពច្បាប់អន្តរជាតិ បទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលប្រទេសទាំងពីរបានឯកភាពគ្នា សម្រាប់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ​មក​លើ​ប្រទេស​កម្ពុជា​កន្លងមក បាន​បណ្តាល​ឱ្យ​មាន​ផលវិបាក​ផ្នែក​មនុស្សធម៌​យ៉ាងធ្ងន់ធ្ងរ ក្នុង​នោះ​បាន​ធ្វើ​ឱ្យ​ជន​ស៊ីវិល​ជាង​៦​សែន​៤​ម៉ឺន ( ៦៤៩,០០០) នាក់​ត្រូវ​ផ្លាស់​ទីលំនៅ​។ មក​ទល់​ពេល​នេះ មនុស្ស​ប្រមាណ ៣​ម៉ឺន​២​ពាន់ (៣២,១៦០) នាក់​នៅតែ​បន្ត​បាត់បង់​ទីជម្រក ដោយសារតែ​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​ជាច្រើន​របស់​ពលរដ្ឋ​ខ្មែរ ត្រូវ​បាន​យោធា​ថៃ បំផ្លិចបំផ្លាញ​។ ក្រៅ​ពី​នេះ ប្រាសាទព្រះវិហារ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ក៏បាន​ទទួលរង​ការវាយប្រហារ​រហូត​ខ្ទេចខ្ទាំ​ផង​ដែរ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស