មន្រ្តីជាន់ខ្ពស់អ.ស.ប.និងមន្រ្តីអន្តរជាតិឲ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតអំពើហិង្សានៅខេត្តក្រចេះ

0
87

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោកស្រី រ៉ូណា ស្មីត (Rhona Smith) ជំរុញឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតជាបន្ទាន់មួយ ទៅលើករណីឧក្រិដ្ឋកម្មបង្ហូរឈាមមួយនៅខេត្តក្រចេះ កាលពីថ្ងៃទី០៨ ខែមីនា ដែលចំទិវាសិទ្ធិនារីអន្តរជាតិ។

វិទ្យុអាស៊ីសេរីបានដកស្រង់សម្តីលោកស្រី រ៉ូណា ស្មីត (Rhona Smith) ចុះផ្សាយកាលពីថ្ងៃសុក្រថា លោកស្រីសូមធ្វើការក្រើនរម្លឹកដល់រដ្ឋាភិបាលទីក្រុងភ្នំពេញធានាការគោរពសិទ្ធិមនុស្ស ពីព្រោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព អាចមានទៅបាន លុះត្រាតែមានការគោរពសិទ្ធិមនុស្ស។

ចំណែក នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាំស៍ (Brad Adams) វិញអះអាងថា រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបើកការស៊ើបអង្កេតជាបន្ទាន់មួយ ទៅលើករណីបាញ់រះសម្លាប់មនុស្សចំនួន៨នាក់នៅខេត្តក្រចេះ ដើម្បីរកឲ្យឃើញអ្នកបញ្ជា និងអ្នកដែលពាក់ព័ន្ធក្នុងអំពើហិង្សានេះ។

លោកបញ្ជាក់ថា ការស៊ើបអង្កេត ត្រូវតែធ្វើឡើងដោយក្រុមឯករាជ្យ ដែលមានការចូលរួមពីខាងការិយាល័យឧត្តមស្នងការសិទ្ធិ មនុស្សអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ដែលពេលនេះកំពុងតែមានវត្តមានរបស់អ្នកស្រី រ៉ូណា ស្មីត ស្រាប់។

លោកបន្តថា ការស៊ើបអង្កេតត្រូវតែរកឲ្យឃើញ ថាតើហេតុអ្វីបានជាកងកម្លាំងប្រដាប់អាវុធ មានវត្តមាននៅកន្លែងតវ៉ាដោយពលរដ្ឋសាមញ្ញ ហើយថា តើកងកម្លាំងប្រដាប់អាវុធទាំងនោះ ទៅការពារឲ្យក្រុមហ៊ុនឯកជន ឬ ទៅការពារក្រុមគ្រួសារ ឬ បក្សពួករបស់អ្នកមានអំណាច ដូចជាលោក ហ៊ុន សែនជាដើមនោះ។

មន្រ្តីជាន់ខ្ពស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សរូបនេះអះអាងថា អាជ្ញាធរមិនត្រូវបើអំពើហិង្សាលើប្រជាពលរដ្ឋដែលនាំគ្នាតវ៉ាបិទផ្លូវទាំងនោះទេ ដោយសារការតវ៉ាទាំងនេះគឺសិទ្ធិរបស់ពលរដ្ឋដែលត្រូវ បានធានាដោយរដ្ឋធម្មនុញ្ញរបស់ប្រទេស៕