រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចូលសមាជិកគ្រួសារ និងសាច់ញាតិរបស់យុទ្ធជនពលី និងរបួសធ្ងន់ចំនួន ៤១នាក់ ចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដែលជាវិធានការមួយត្រូវបានអ្នកតាមដានសង្គមមើលឃើញថា ជាការតបស្នង និងលើកទឹកចិត្តដល់កងកម្លាំងដែលបានលះបង់ក្នុងការបំពេញបេសកកម្មការពារជាតិ។
យោងតាមលិខិតសម្រេចដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែមីនា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣ ខែមិថុនា បានអនុញ្ញាតឱ្យក្រសួងការពារជាតិ បញ្ចូលសមាជិកគ្រួសារ និងសាច់ញាតិវីរកងទ័ពពលី និងរបួសធ្ងន់ចំនួន ៤១នាក់ ក្នុងក្របខ័ណ្ឌកងទ័ព និងផ្តល់ឋានន្តរស័ក្តិ «ពលទោ» តាមបណ្តាអង្គភាពចំណុះកងទ័ពជើងគោក។
ទោះជាយ៉ាងណា សេចក្តីសម្រេចនេះមិនបានបញ្ជាក់ថា អ្នកទទួលបានក្របខ័ណ្ឌទាំង ៤១នាក់ ជាសាច់ញាតិរបស់យោធិនដែលបានពលី ឬរងរបួសក្នុងការប៉ះទង្គិចតាមព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥ ឬយ៉ាងណានោះទេ។
ប៉ុន្តែ អ្នកសង្កេតការណ៍មួយចំនួនយល់ថា វិធានការនេះទំនងជាផ្នែកមួយនៃការអនុវត្តគោលនយោបាយដែលរដ្ឋាភិបាលបានសន្យាចំពោះយោធិនដែលបានពលី និងរងរបួសក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត បានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុកថា រដ្ឋាភិបាលនឹងរៀបចំកញ្ចប់គោលនយោបាយពិសេសសម្រាប់គ្រួសារយោធិន និងកងកម្លាំងនគរបាលដែលបានពលី រងរបួស ឬពិការភាពដោយសារបំពេញភារកិច្ចជាតិ។
តាមការប្រកាសនោះ សាច់ញាតិជិតស្និទ្ធម្នាក់របស់យោធិន ឬមន្ត្រីនគរបាលដែលបានពលី ឬបាត់បង់សមត្ថភាពបំពេញការងារ នឹងទទួលបានឱកាសចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ នៅអង្គភាពដែលសាមីខ្លួនធ្លាប់បំពេញភារកិច្ច។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធ រៀបចំគោលនយោបាយលើកទឹកចិត្តបន្ថែមសម្រាប់កងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
លោក យ៉ង ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ការសម្រេចផ្តល់ក្របខ័ណ្ឌដល់សាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ គឺជាការអនុវត្តតាមការសន្យារបស់រដ្ឋាភិបាល និងជាការលើកទឹកចិត្តដល់ក្រុមគ្រួសារយុទ្ធជន។
លោកបន្ថែមថា ការផ្តល់ឱកាសឱ្យអ្នកជំនាន់ក្រោយរបស់យុទ្ធជនបានចូលបម្រើក្នុងជួរកងទ័ព មិនត្រឹមតែជាការជួយទ្រទ្រង់ជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏អាចត្រូវបានចាត់ទុកថា ជាការបន្តស្មារតី និងមរតកនៃការការពារជាតិពីជំនាន់មួយទៅជំនាន់មួយផងដែរ៕
© 2026, camnews101. All rights reserved.

