រដ្ឋមន្រ្តីក្រសួងការងារលោកអ៊ិត សំហេងអះអាងថា តម្លៃសរុបនៃការនាំចេញផលិតផលខាងផ្នែកកាត់ដេរសម្លៀកបំពាក់ និងផលិតផលស្បែកជើងកាលពីឆ្នាំ២០១៧មានប្រមាណជាង៧ពាន់ ៦រយលានដុល្លារអាមេរិក។
ការអះអាងរបស់លោក អ៊ិត សំហេងធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧និងលើកទិសដៅឆ្នាំ២០១៨ កាលពីថ្ងៃច័ន្ទ។
កំណើនសេដ្ឋកិច្ចកម្ពុជាពឹងអាស្រ័យយ៉ាងខ្លាំងទៅលើការនាំចេញផលិតផលវិស័យកាត់ដេរដែលជាទីផ្សារធំបំផុតរបស់កម្ពុជាគឺសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិក។
ការរីកលូតលាស់ខាងវិស័យកាត់ដេរនិងរោងចក្រនៅកម្ពុជា ក៏ដោយសារតែការអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិក។
យ៉ាងហោចណាស់៦០%នៃការនាំចេញផលិតផលវិស័យវាយនភ័ណ្ឌរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិគឺនាំចេញទៅទីផ្សារអឺរ៉ុបនិងសហរដ្ឋអាមេរិក។
ក្រុមសហជីពខ្លះបារម្ភថាខណៈសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងគំរាមបិទប្រព័ន្ធអនុគ្រោះពន្ធលើផលិតកាត់ដេរ និងស្បែកជើងដែលនាំចេញពីកម្ពុជានោះបាននាំឲ្យរោងចក្រប្រហែល១០បិទទ្វារ លែងដំណើរការតែម្តង។
ហើយចំណូលពីវិស័យកាត់ដេរនេះ នឹងប៉ះពាល់ខ្លាំងនៅចុងឆ្នាំ២០១៨ ដោយវិបត្តិនយោបាយនៅកម្ពុជាមិនរកច្រកចេញរួចតាម រយៈការធ្វើស្ថានការណ៍វិលមករកភាពប្រក្រតីនោះ៕