ភរិយារបស់លោក កែម ឡី បានលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរនៅក្រៅ ប្រទេសនាំគ្នាប្រឆាំងលោក ហ៊ុន សែន

0
89

ភរិយាលោកបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា ចេញមុខអំពាវនាវជាលើកដំបូងនៅតាមបណ្តាញសង្គមហ្វេសប៊ុកស្នើឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់ហ៊ានចេញមុខធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅពេលដែលលោកទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលី នៅថ្ងៃទី១៧ខែមីនាខាងមុខនេះ។

នៅក្នុងវីដេអូឃ្លីបដែលមានរយៈពេលតែ១៧វិនាទី ដែលត្រូវបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ អ្នកស្រី ប៊ូ រចនា បានលើកដៃសំពះ ហើយអំពាវនាវឲ្យពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនី ចូលរួមបាតុកម្មជាមួយអ្នកស្រីប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន សែនដែលនឹងទៅចូលរួមកិច្ចប្រជុំនៅទីនោះ។

ការអំពាវនាវនេះខណៈពលរដ្ឋខ្មែរនៅក្រៅប្រទេស កំពុងនាំគ្នាធ្វើរូបទីងមោងលោក ហ៊ុន សែនដើម្បីដុតដាក់បណ្តាសារដល់ ហ៊ុន សែន និងក្រុមគ្រួសាររបស់លោក ក្រោយពីលោកបានគំរាមតាមវ៉ៃដល់ផ្ទះជនណាដែលហ៊ានដុតរូបទីងមោងជារូបរបស់លោក។

កាលពីសប្តាហ៍មុនលោកហ៊ុន សែនអះអាងជាថ្មីទៀតថា លោកនឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះនៅអូស្រ្តាលីនៅពាក់កណ្តាលខែមីនាតាមការគ្រោងទុក ទោះបីមានពលរដ្ឋខ្មែរ-អូស្រ្តាលីកំពុងត្រៀមខ្លួនធ្វើបាតុកម្ម ដុតរូបទីងមោងរបស់លោកក៏ដោយ។

ជាងនេះទៅទៀតលោកហ៊ុន សែនអះអាងថា លោកក៏មានពលរដ្ឋខ្មែរនៅអូស្រ្តាលីរង់ចាំស្វាគមន៍លោកដែរ។

ក្រុមតំណាងរាស្ត្រអូស្ត្រាលី ពីខាងគណបក្សពលករ បាននាំគ្នា រិះគន់ ការព្រមានរបស់លោក ហ៊ុន សែន។

ពួកគេអះអាងថាពលរដ្ឋខ្មែរនៅអូស្ត្រាលីមានសិទ្ធិពេញលេញក្នុងការចេញមុខថ្កោលទោស លោក ហ៊ុន សែនដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕