ពលរដ្ឋខ្មែររាប់រយនាក់នៅអឺរ៉ុបនាំគ្នាធ្វើបាតុកម្មទាមទារឲ្យមានការដោះលែងលោក កឹម សុខា

0
73

ពលរដ្ឋខ្មែរដែលមកពីតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបជាង២រយនាក់កាលពីថ្ងៃសុក្របាននាំគ្នាធ្វើបាតុកម្មដ៏ធំមួយខាងមុខអគារក្រសួងការបរទេសសហភាពអឺរ៉ុប ក្នុងទីក្រុងប្រុសស៊ែល (Brussel) ប្រទេសប៊ែលហ្សិក (Belgium) ដើម្បីជំរុញឲ្យបណ្តា ប្រទេសចំនួន២៧ក្នុងសហគមន៍អឺរ៉ុបអន្តរាគមឲ្យមានការដោះលែងលោកកឹម សុខា ដោះលែងរាល់អ្នកទោសនយោបាយទាំងអស់ និងលុបចោលការរំលាយគណបក្សសង្គ្រោះជាតិ។

ជាងនេះទៅទៀត ពួកគេក៏បានទាមទារឲ្យប្រទេសចំនួន២៧ អនុវត្តសេចក្តីសំរេចរបស់សភាអឺរ៉ុបដែលបានសំរេចឲ្យប្រទេសទាំងឡាយ នៅអឺរ៉ុបចាប់ផ្តើមស្វែងរកលទ្ធភាពក្នុងការដាក់ទណ្ឌកម្ម ដល់រដ្ឋាភិបាលលោក ហ៊ុន សែន ប្រសិនបើមិនព្រមធ្វើឲ្យស្ថានការណ៍នយោបាយនៅកម្ពុជាវិលមករកភាពប្រក្រតីវិញនោះ។

ក្រុមប្រជាពលរដ្ឋខ្មែរដែលនាំគ្នាធ្វើបាតុកម្មទាំងនោះ សង្ឃឹមថា ការតវ៉ារបស់ពួកគេ នឹងនាំងឲ្យ មានដំណោះស្រាយដល់វិបត្តិនយោបាយនៅកម្ពុជា។

រហូតមកទល់ពេល សហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិក បាននាំមុខគេ ក្នុងការកាត់ផ្តាច់ជំនួយខាងផ្នែករដ្ឋាភិបាលដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្របពេលដែលប្រទេសចិន និងជប៉ុន បានសន្យាផ្តល់ជំនួយដល់ គ.ជ.ប. អោយបន្តដំណើរការរៀបចំការបោះឆ្នោតទៅមុខទៀត។

ទោះជាយ៉ាងណាក៏ដោយ សហគមន៍អឺរ៉ុបបានព្រមានជាច្រើនលើក ច្រើនសារហើយថា ពួកគេនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា តាមរយៈការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធលើផលិតផលគ្រប់ប្រភេទ របស់កម្ពុជាមកលក់នៅទីផ្សារអឺរ៉ុប។ ជាងនេះទៅទៀត ប្រទេសអាល្លឺម៉ង់ដែលជាសមាជិករបស់សហភាពអឺរ៉ុបដ៏មានឥទ្ធិពលនោះ បានចេញមុខមុនគេក្នុងការដាក់ទណ្ឌកម្មបិទទិដ្ឋាការដល់លោក ហ៊ុន សែន រួមទាំងគ្រួសារ និងមន្រ្តីជាន់ខ្ពស់របស់លោកជាច្រើនរូបទៀត៕