លោក ហ៊ុន សែន ជាប់ចំណាត់លេខ១០ក្នុងចំណោមមេដឹក និងមនុស្សល្បីៗក្នុងពិភពលោក

0
106

គេហទំព័រ socialbakers.com កាលពីថ្ងៃសុក្របានឲ្យដឹងថា បណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក ហ៊ុន សែន ជាប់ក្នុងលំដាប់ កំពូលទី១០ ឬហៅថា TOP 10 លើពិភពលោក ក្នុងចំណោមមេដឹកនាំ និងមនុស្សសំខាន់ៗដែលមានចំនួនអ្នកចុច Like ច្រើនជាងគេបំផុត។

គេហទំព័រនេះបង្ហាញថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Barack Obama ជាប់លេខរាងទី១, នាយករដ្ឋមន្រ្តីឥណ្ឌាបានលេខរាងទី២ លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាប់លេខបី, ព្រះមហេសីនៃស្តេចប្រទេសហ្ស៊កដង់ (Jordan) ជាប់លេខបួន ហើយរហូតមកដល់លោក ហ៊ុន សែន ជាប់លេខរាងទី១០។

ទំព័រ Facebook របស់លោក ហ៊ុន សែន សព្វថ្ងៃមានអ្នកចុច Like ជាង៩លាននាក់ ដែលក្រុមន្រ្តីគណបក្សប្រឆាំងរកឃើញចំនួនចុច Like ដ៏ច្រើនសន្ធឹកសន្ធាប់នេះបានមកពីការជួលក្រុមហ៊ុនចុច Like សប្បនិមិត្តមួយចំនួននៅតាមប្រទេស ឥណ្ឌា ហ្វីលីពីន ឬម៉ិចស៊ិចកូ ជាដើម។

អតីតប្រធានគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី ធ្លាប់បានដាក់ពាក្យបណ្តឹងប្រឆាំងលោក ហ៊ុន សែន នៅតុលាការអាមេរិកក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) កាលពីថ្ងៃទី៩ ខែកុម្ភៈដើម្បីទាមទារឲ្យក្រុមហ៊ុនហ្វេសប៊ុក (Facebook) បង្ហាញភស្តុតាងទាំងឡាយដែលលោក ហ៊ុន សែន បានទិញចំនួន “Likes” ក្លែងក្លាយជាង៩លានសម្លេង។

លោក សម រង្ស៊ី បានចោទលោក ហ៊ុន សែន ថា បានប្រើប្រាស់ថវិកា ឬលុយពុករលួយ និងលុយដែលបានមកពីការកឹបកេងថវិការបស់រដ្ឋដើម្បីទិញចំនួន Like សំរាប់ប្រយោជន៍ផ្ទាល់ខ្លួន។

លោក សម រង្ស៊ី អះអាងថា លោកហ៊ុន សែន បានចំណាយលុយចំនួន១ម៉ឺន ៥ពាន់ដុល្លារក្នុងថ្ងៃដើម្បីទិញចំនួន Like សំរាប់ហ្វេសប៊ុករបស់លោក ៕