សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ១០០ នាក់ ពាក់ព័ន្ធនឹងការចាប់ជម្រិតតាមប្រព័ន្ធអ៊ិនធើណិត

0
136

មន្ត្រីជាន់ខ្ពស់ម្នាក់កាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ប៉ូលីសកម្ពុជាបានចាប់ខ្លួនជនជាតិចិនចំនួន១រយនាក់ដែលសង្ស័យថា បានប្រើប្រាស់ទូរគមនាគមន៍ឬប្រព័ន្ធអ៊ិនធឺណែត ដើម្បីបោកប្រាស់ជនរងគ្រោះនៅក្នុងប្រទេសចិន។

អាជ្ញាធរក្រុងប៉េកាំងបាននិយាយថា ប្រទេសចិនបានប្រយុទ្ធប្រឆាំងនឹងការលួចបន្លំតាមទូរគមនាគមន៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយធ្វើឲ្យជនរងគ្រោះខាតបង់ប្រាក់ពាន់លានដុល្លារ។

ជនសង្ស័យរាប់ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន។

ឧត្តមសេនីយ៍អ៊ុកហៃសីលា ប្រធានការិយាល័យស៊ើបអង្កេតអន្តោប្រវេសន៍បាននិយាយថា ការចាប់ខ្លួននៅថ្ងៃច័ន្ទក្នុងខុនដូប្រាំពីរជាន់នៅរាជធានីភ្នំពេញ រួមមានបុរសជនជាតិចិន៨១នាក់និងស្ត្រី១៩នាក់។

វីដេអូប៉ូលីសនៃការវាយឆ្មក់បានបង្ហាញជនសង្ស័យអង្គុយនៅមុខកុំព្យូទ័រយួរដៃនៅលើតុជួរមុខក្នុងបន្ទប់។

ប្រទេសកម្ពុជាដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ប្រទេសចិនធ្លាប់បាននិរទេសជនសង្ស័យថា ជាអ្នកបោកប្រាស់ទៅប្រទេសចិន សូម្បីតែអ្នកដែលមានលិខិតឆ្លងដែនតៃវ៉ាន់ក៏ដោយ។

ប្រទេសកម្ពុជាដូចជាទីក្រុងប៉េកាំងមិនទទួលស្គាល់តៃវ៉ាន់ជាប្រទេសឯករាជ្យមួយទេ។

លោកអ៊ុកហៃសីលា មិនបាននិយាយថា តើអ្នកដែលត្រួវចាប់ខ្លួននោះកាន់លិខិតឆ្លងដែនប្រទេសណាទេហើយលោកក៏មិនបាននិយាយថា តើពួកគេនឹងត្រូវបញ្ជូនចេញឆាប់ៗឬយ៉ាងណាទេ។

ក្រុមមន្រ្តីសិទ្ធិមនុស្សកន្លងមកតែងជំរុញឲ្យសមត្ថកិច្ចបង្កើនការត្រួតពិនិត្យវត្តមានជនបរទេសដែលចូលមករស់នៅ ឬចូលមកធ្វើការងារនៅក្នុងប្រទេសកម្ពុជា ឲ្យបានតឹងរឹងនិងធ្វើឡើងជាប្រចាំ ជាពិសេសជនជាតិចិន ដែលចូលមករស់នៅ និងធ្វើការងារនៅខេត្តព្រះសីហនុ ហើយបានបង្កើតឲ្យមានក្រុមបងតូចបងធំ និងក្រុមចាប់ជំរិតមនុស្សតាមប្រព័ន្ធអ៊ីនធឺណិតជាច្រើនករណីកន្លងមកនេះ

កាលពីថ្ងៃទី២១ កុម្ភៈតុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនជនជាតិចិនតៃវ៉ាន់ និងថៃ ចំនួន២៩នាក់ជាបណ្ដោះអាសន្នក្រោយពីសមត្ថកិច្ចចាប់ខ្លួនពួកគេពីបទសង្ស័យចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណេត៕