គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំង៣ គឺកម្ពុជា ឡាវ និងវៀតណាម ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍នៃប្រទេសទាំង៣ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV)។
គណបក្សប្រជាជនកម្ពុជា ដែលមានដើមកំណើតពីបក្សកុម្មុយនីស្តវៀតណាម បានចេញប្រកាសព័ត៌មាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះថា ការពង្រឹងទំនាក់ទំនងប្រទេសកម្ពុជា ឡាវ វៀតណាម គឺជាការរួមចំណែកយ៉ាងធំធេងដល់បុព្វហេតុ សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ប្រភពដដែលបញ្ជាក់ថា កម្ពុជាបានគាំទ្រពេញទំហឹងចំពោះភាគីឡាវ ដែលបានដឹកនាំគណៈប្រតិភូចូលក្នុងកិច្ចប្រជុំកំពូលលើកទី១២ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ស្របពេលដែលភាពរីកចម្រើនបន្តទៅមុខឥតឈប់ឈរនៃចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលបានឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។
ប្រធានរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត បំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដែលបានជួបពិភាក្សាការងារជាមួយមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ផង ជួបជាមួយព្រះមហាក្សត្រខ្មែរផង និងជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ផងដែរ។ ក្នុងជំនួបនេះ លោក ហ៊ុន សែន ក៏ឆ្លៀតស្នើសុំឱ្យលោក ថងលុន ស៊ីសុលីត គាំទ្រដំណើរការនៃការសាងសង់ព្រែកជីកហ្វូណនផងដែរ។
ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក ចាន់សាម៉ន ចាន់ញ៉ាឡាត ធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា ការរឹតចំណងសាមគ្គីភាព និងមិត្តភាពនៃប្រទេសទាំង៣ ដែលមានជោគវាសនាតែមួយ គឺដូចជាបងប្អូនរួមសុខរួមទុក្ខជាមួយគ្នា តស៊ូកៀកស្មាប្រឆាំងចក្រពត្តិបរទេសឈ្លានពានរហូតមកដូច្នោះដែរ។ លោកបញ្ជាក់ថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ ក៏មិត្តភាពនៃប្រទេសទាំងបីនឹងមិនអាចបំបែកចេញពីគ្នាបានឡើយ។
ចំណែកអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ទៀ បាញ់ និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ធ្លាប់បានអះអាងថា កម្ពុជាតែងតែបង្ហាញជំហរមុតមាំ និងការប្ដេជ្ញាចិត្តឥតងាករេជាមួយប្រទេសឡាវ និងវៀតណាម ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពល្អជាប្រពៃណី ជាអ្នកជិតខាងល្អ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងបីរហូតមក។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ មេសា នេះថា ចំណងមិត្តភាពកម្ពុជា ឡាវ និងវៀតណាម បច្ចុប្បន្ននេះ គឺមានផលចំណេញសម្រាប់ប្រទេសវៀតណាមតែមួយគត់។ ជាក់ស្តែង បន្ទាប់ពីប្រទេសទាំងបីបានបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍រួមគ្នា។
លោកបន្តថា កម្ពុជាបានបាត់បង់ធនធានធម្មជាតិរបស់ខ្លួនទៅប្រទេសវៀតណាម យ៉ាងធ្ងន់ធ្ងរ ជាពិសេស គឺព្រៃឈើ និងដីធ្លីរាប់សិបម៉ឺនហិកតា ដែលក្រុមហ៊ុនវៀតណាម ទទួលបានសិទ្ធិកាន់កាប់ពីរដ្ឋាភិបាលកម្ពុជារហូតដល់ ៥០ឆ្នាំសព្វថ្ងៃនេះ។
លោក ម៉ែន ណាត បញ្ជាក់ថា ពិតមែនតែតំបន់ត្រីកោណអភិវឌ្ឍន៍ដែលប្រទេសទាំងបីបានសហការរកស៊ីរួមគ្នាអស់រយៈពេល ២០ឆ្នាំមកនេះ ប៉ុន្តែវៀតណាម គឺជាបងធំ ឬជាមេចំណែកក្នុងការបែងចែកភាគលាភផ្ដាច់មុខក្នុងតំបន់នេះ ខណៈកម្ពុជា និងឡាវ គ្រាន់តែរង់ចាំទទួលចំណែកណាមួយដែលវៀតណាម ផ្តល់ឱ្យប៉ុណ្ណោះ។
លោកបន្តថា ជាក់ស្តែង រដ្ឋាភិបាលខ្មែរដែលស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានបើកផ្លូវឱ្យពលរដ្ឋវៀតណាម អាចចូលទៅរស់នៅក្នុងទឹកដីរបស់ខ្លួនដោយស្របច្បាប់ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះដូចពលរដ្ឋខ្មែរម្ចាស់ស្រុកដូច្នោះដែរ។
ក្រោមការកសាងមិត្តភាពម៉ឺនឆ្នាំនៃប្រទេសទាំងបីនេះ កម្ពុជា ឡាវ និងវៀតណាម ដែលបានព្រមព្រៀងគ្នាបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលហៅកាត់ថា CLV (Cambodia Lao Vietnam) ចាប់តាំងពីឆ្នាំ១៩៩៩ មក ប្រទេសទាំងបីបានដាក់ខេត្តបញ្ចូលគ្នាចំនួន ១៣ ក្នុងនោះ កម្ពុជាបានដាក់ខេត្តភាគឦសានរបស់ខ្លួនចំនួន ៤ខេត្ត រួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ផងដែរ។
តំបន់ត្រីកោណអភិវឌ្ឍន៍ដែលមានខេត្តខ្មែរទាំង ៤ នេះ គឺបានអនុញ្ញាតឱ្យពលរដ្ឋឡាវ និងពលរដ្ឋវៀតណាម ចេញចូលដោយសេរី ព្រមទាំងមានសិទ្ធិពេញលេញក្នុងការទិញអចលនទ្រព្យផ្សេងៗ ដូចជា ដីធ្លី និងផ្ទះសម្បែងដោយស្របច្បាប់ថែមទៀត។
ខេត្តទាំង ៤ របស់កម្ពុជាក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍មានប្រជាជនខ្មែរសរុបប្រមាណជា ៥០ម៉ឺននាក់ ចំណែកខេត្តទាំង ៤ របស់ឡាវ មានចំនួនប្រជាជនប្រមាណជា ៧០ម៉ឺននាក់ ខណៈខេត្តទាំង ៥ របស់វៀតណាម មានប្រជាជនសរុបប្រមាណជាង ៧លាននាក់សព្វថ្ងៃនេះ ដែលតួលេខនេះបង្កជាហានិភ័យធ្ងន់ធ្ងរសម្រាប់ខេត្តខ្មែរទាំង ៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះយ៉ាងធ្ងន់ធ្ងរ៕