TAG
paywall
ក្រុមហ៊ុនរថយន្តក្រុងនិងតាក់ស៊ីមិនអើពើនឹងការអំពាវនាវកុំឲ្យដំឡើងថ្លៃអំឡុងថ្ងៃបុណ្យ
ខណៈបុណ្យចូលឆ្នាំខ្មែរខិតជិតមកដល់នោះសាលារាជធានីភ្នំពេញបានអំពាវនាវជាថ្មីម្តងទៀតដល់ក្រុមហ៊ុនរថយន្តក្រុង និងអ្នករត់តាក់ស៊ីទាំងអស់កុំឲ្យដំឡើងថ្លៃឈ្នួលនៅអំឡុងថ្ងៃបុណ្យនេះ។ប៉ុន្តែជាធម្មតាអ្នករត់តាក់ស៊ី និងក្រុមហ៊ុនទាំងរថយន្តក្រុងលើកឡើងថាពួកគេនឹងមិនធ្វើតាមសំណើនេះទេ។
លោកកែបជុតិមាអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថាកាលពីសប្តាហ៍មុនលោកបានស្នើដល់អ្នកបើកបររថយន្តឈ្នួលទាំងអស់កុំដំឡើងថ្លៃ ប៉ុន្តែលោកបានបន្ថែមថា“សាលារាជធានីអំពាវនាវចំពោះតែក្រុមហ៊ុនរថយន្តក្រុងប៉ុណ្ណោះ។យើងមិនអាចបញ្ជាពួកគេបានទេ ពីព្រោះពួកគេមិនមែនជាក្រុមហ៊ុនរបស់សាលារាជធានីឡើយ”។
ក្រុមអង្គការសង្គមស៊ីវិលដូចជា សម្ពន្ធប្រជាពលរដ្ឋដើម្បីគណនេយ្យភាពសង្គម ហៅកាត់ថា CASA ជាសម្ពន្ធអង្គការក្រៅរដ្ឋាភិបាល និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក៏បានជំរុញឲ្យរដ្ឋាភិបាលទប់ស្កាត់ការដំឡើងថ្លៃអំឡុងថ្ងៃបុណ្យផងដែរ។
ប៉ុន្តែក្រុមហ៊ុនរថយន្តក្រុងនិងអ្នករត់តាក់ស៊ីបាននិយាយការពារការដំឡើងថ្លៃនេះដោយលើកឡើងថាពួកគេចាំបាច់ត្រូវប៉ះប៉ូវដល់បុគ្គលិករបស់ខ្លួននិងរ៉ាប់រងចំពោះតម្លៃប្រេងសាំងខ្ពស់។
លោកចាន់សុផាន់ណាអ្នកគ្រប់គ្រងក្រុមហ៊ុនរថយន្តក្រុងសុរិយាបាននិយាយថា"រៀងរាល់ឆ្នាំយើងដំឡើងថ្លៃពីព្រោះយើងត្រូវចំណាយឲ្យបុគ្គលិកដែលធ្វើការនៅថ្ងៃបុណ្យទ្វេជាពីរ។ លោកបានបន្ថែមថាតម្លៃនឹងឡើងពី២០ទៅ៣០ភាគរយរហូតដល់ថ្ងៃទី ១៨ខែមេសា។
លោកសុផាន់ណាក៏បាននិយាយផងដែរថាចាំបាច់ត្រូវតែដំឡើងថ្លៃហើយ ពីព្រោះរថយន្តភាគច្រើនត្រឡប់មកពីបណ្តាខេត្តវិញគ្មានមនុស្សជិះទេអំឡុងថ្ងៃបុណ្យ។ លោកបាននិយាយថា“យើងចំណាយលើថ្លៃសាំងប៉ុន្តែមិនមានប្រាក់ចំណេញទេដូច្នេះចាំបាច់ត្រូវតែដំឡើងថ្លៃ”។ លោកមួងម៉ារ៉ាអ្នករត់តាក់ស៊ីនៅចំណតផ្សារអូឡាំពិកបានផ្តល់ហេតុផលផ្សេងចំពោះការដំឡើងថ្លៃនេះ។
គាត់បាននិយាយថា“ខ្ញុំចាំបាច់ត្រូវដំឡើងថ្លៃពីព្រោះខ្ញុំត្រូវសូកមន្ត្រីនគរបាលនៅតាមផ្លូវ ហើយបង់ថ្លៃចំណតច្រើនជាងមុនអំឡុងបុណ្យចូលឆ្នាំខ្មែរ”។ គាត់បានបន្ថែមថាគាត់នឹងយកតម្លៃចំនួន២៥.០០០រៀលជំនួសឲ្យតម្លៃធម្មតា ១៥.០០០រៀល ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង។
លោក ដូរ៉ាអ្នកតំណាងម្នាក់នៅក្រុមហ៊ុនរថយន្តក្រុង សុខាកុមារទេពអុិចប្រេស្ស បាននិយាយថាក្រុមហ៊ុនរបស់លោកត្រូវតែដំឡើងថ្លៃជាងមួយភាគបីពីព្រោះរថយន្តសីុសាំងច្រើនដោយសារចរាចរណ៍ចង្អៀតនៅថ្ងៃបុណ្យហើយបច្ចុប្បន្ននេះតម្លៃសាំងខ្ពស់ណាស់។
គាត់បាននិយាយថា“ថ្ងៃធម្មតាយើងប្រើប្រាស់់សាំង១៥០លីត្រទៅកាន់ខេត្តសៀមរាបប៉ុន្តែអំឡុងថ្ងៃបុណ្យវិញយើងប្រើប្រាស់សាំង២២០លីត្រដោយសារតែការកកស្ទះចរាចរណ៍។ប្រសិនបើសាលាក្រុងអាចលក់សាំងឲ្យពួកយើងតម្លៃតែមួយដុល្លារក្នុងមួយលីត្រនោះយើងនឹងមិនដំឡើងថ្លៃឡើយ”។
លោកព្រាបចាន់វិបុលប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថាមានការស្នើសុំកុំឲ្យដំឡើងថ្លៃរៀងរាល់ឆ្នាំប៉ុន្តែគេមិនដែលធ្វើតាមទេ។
លោកបានមានប្រសាសន៍ថា“មិនមានក្រុមហ៊ុនណាមួយធ្វើតាមការអំពាវនាវរបស់យើងឡើយហើយក្រសួងមិនអាចកំណត់តម្លៃបានទេពីព្រោះយើងអនុវត្តទីផ្សារសេរី”៕
(រាយការណ៍បន្ថែមដោយ...
មនុស្សពីរនាក់ស្លាប់ និងរបួសធ្ងន់បីនាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តតាក់សុីបុករថយន្តក្រុង
នគរបាលបាននិយាយថាមនុស្សពីរនាក់បានស្លាប់ និងបីនាក់ទៀតរងរបួសធ្ងន់កាលពីម្សិលមិញនៅពេលរថយន្តធុនតូចមួយគ្រឿងបុកគ្នាជាមួយរថយន្តក្រុងមួយគ្រឿងនៅក្នុងខេត្តកំពង់ធំ។
លោកស៊ីវសុវណ្ណា អធិការរងនគរបាលស្រុកសន្ទុកបានមានប្រសាសន៍ថា រថយន្តម៉ាកកាមរី តូយ៉ូតា បានបុកជាមួយរថយន្តក្រុងមួយគ្រឿង របស់ក្រុមហ៊ុនជីអេសធី (GST Express Bus) នៅលើផ្លូវជាតិលេខ៦ក្នុងឃុំត្បូងក្រពើ នៅវេលាម៉ោង១១និង២០នាទីព្រឹក។
លោក សុវណ្ណាបានមានប្រសាសន៍ថារថយន្តកាមរីនេះ បើកលឿនណាស់នៅលើផ្លូវកោង ដោយរំលោភទៅលើទ្រូងផ្លូវម្ខាងទៀត ហើយជ្រុលទៅបុករថយន្តក្រុង ដោយបង្កឲ្យឈ្មោះជឿនថេតអាយុ២៨ឆ្នាំ និងឈ្មោះ ហ៊ុន ឃូអាយុ២៥ឆ្មាំ ស្លាប់នៅនឹងកន្លែង។ លោកបានបន្ថែមថា មនុស្សបីនាក់ផ្សេងទៀតរួម ដំណើរនៅក្នុងរថយន្តនេះដែរ បានរងរបួសធ្ងន់។
លោក សុវណ្ណា បានមានប្រសាសន៍ថា រថយន្តក្រុងដែលដឹកអ្នកដំណើរ៤៥នាក់បានធ្វើដំណើរពីខេត្តព្រះវិហារមកកាន់រាជធានីភ្នំពេញ តែគ្មាននរណាម្នាក់លើរថយន្តនេះបានរងរបួសទេ។លោកក៏បានមានប្រសាសន៍ផងដែរថា អ្នកបើកបររថយន្ដបានគេចខ្លួនពីកន្លែងកើតហេតុ ។
លោក សុវណ្ណា បានមានប្រសាសន៍ថា “ វាពិតជាកំហុសរបស់អ្នកបើកបររថយន្តតូចពីព្រោះគាត់បើកទៅបុករថយន្តក្រុង ដែលកំពុងបើកបរលើទ្រូងផ្លូវត្រឹមត្រូវ”។ លោក សុវណ្ណា បានមានប្រសាសន៍បន្ថែមទៀតថាអ្នកដំណើរដែលរងរបួស...
ប្រជាពលរដ្ឋខ្មែររៀបចំគ្រឿងសក្ការបូជាទទួលទេវតាឆ្នាំថ្មីដែលនឹងមកដល់នៅថ្ងៃសុក្រ
ព្រះនាងទេពធីតាទ្រង់អម្ពរពណ៌ស ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ពិណ ទ្រង់ផ្ទុំបើកព្រះនេត្រលើខ្នងមហឹង្សា(ក្របី) ជាពាហានៈ ទ្រង់ហែហមដោយសត្វនាគ ភក្សាហារទ្រង់សោយចេកណាំវ៉ាចេកទឹក ទ្រង់នឹងយាងមកកាន់ឋានកណ្តាលនៅវេលាម៉ោង១៩ និង១១នាទី យប់ថ្ងៃសុក្រ។
យោងតាមមហាសង្ក្រាន្តឆ្នាំថ្មី ដែលចេញដោយក្រសួងធម្មការ និងកិច្ចការសាសនា ដែលបានប្រកាសជាសាធារណថា ទេពធីតាមួយព្រះអង្គ ជាមគ្គនាយិកា ព្រះនាមកិមិរាទេវី គឺជាទេពធីតាក្នុងបុណ្យចូលឆ្នាំថ្មីនេះ។ មហាសង្រ្កាន្តឆ្នាំថ្មី “ ទេពធីតាឆ្នាំថ្មីព្រះនាមកិមិរាទេវី នឹងយាងមកឋានកណ្តាលនៅវេលាម៉ោង១៩ និង១១នាទីយប់ នៅថ្ងៃទី១៣ខែមេសា។ប្រជាពលរដ្ឋខ្មែរ ត្រូវរៀបចំគ្រឿងសក្ការបូជាសម្រាប់ទទួលទេវតាឆ្នាំថ្មី មានដូចជា ទៀនប្រាំ ធូបប្រាំ និងចេកណាំវ៉ា”។
យោងតាមលោកវង្សសុធារ៉ាអនុប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឲ្យដឹងថា ទំនៀមទម្លាប់នៃទេពធីតា ដែលយាងមក ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី គឺមានឫសគល់ចេញមកពីរឿងព្រេងទេវកថានៅក្នុងប្រទេសឥណ្ឌា។
តាមរឿងព្រេងនោះ កុមារម្នាក់មានចំណេះវិជ្ជាដ៏វិសេសវិសាល គឺឈ្មោះធម្មបាលកុមារ បានភ្នាល់គ្នាជាមួយកបិលមហាព្រហ្ម ដើម្បីដោះប្រស្នា។ ប្រសិនបើធម្មបាលកុមារអាចដោះប្រស្នាបាន កបិលមហាព្រហ្មនឹងកាត់សិរសារបស់ទ្រង់ ដើម្បីបូជាដល់ធម្មបាលកុមារ ប៉ុន្ដែប្រសិនបើធម្មបាលកុមារដោះប្រស្នាមិនរួច នឹងត្រូវកាត់ក្បាលធម្មបាលកុមារវិញ។
ធម្មបាលកុមារទទួលបានជ័យជម្នះ ហេតុដូច្នេះទើបកបិលមហាព្រហ្មកាត់ព្រះសិរសារបស់ទ្រង់។ លោកសុធារ៉ាបានបន្តថា “ មុនពេលកបិលមហាព្រហ្មកាត់ព្រះសិរសារបស់ទ្រង់ កបិលមហាព្រហ្មបានហៅបុត្រីទាំង៧អង្គរបស់ទ្រង់មកប្រាប់ថា “ អំឡុងពេលចូលឆ្នាំថ្មីមកដល់ បុត្រីទាំង៧អង្គ ត្រូវតែផ្លាស់វេនគ្នាដង្ហែប្រទក្សិណព្រះសិរសាបិតាចំនួន៦០នាទី”។
នៅពេលទេពធីតាមួយអង្គ ក្នុងចំណោមទេពធីតាទាំង៧អង្គ សោយឈាម តែទេពធីតាឆ្នាំនេះព្រះនាម កិមិរាទេវីសោយចេកណាំវ៉ានិងចេកទឹក។អ្នកលក់ចេកក្នុងទីក្រុងភ្នំពេញ កាលពីម្សិលមិញ បាននិយាយថាមុខរបរលក់ចេកបានកាក់កបច្រើន មុនពេលបុណ្យចូលឆ្នាំនឹងចូលមកដល់នៅថ្ងៃសុក្រ នោះ។
លោកគង់ចិត្រាអាយុ៣២ឆ្នាំអ្នកលក់ផ្លែឈើនៅផ្សារកណ្តាល បាននិយាយថា“ ចេកលក់ដាច់ណាស់ឆ្នាំនេះ ពីព្រោះទេពធីតាឆ្នាំថ្មី សោយផ្លែចេកណាំវ៉ា និងចេកទឹក។
តម្លៃចេកបានឡើងថ្លៃពីប្រហែល២.៥០០រៀល ទៅប្រហែល ៤.000រៀល ក្នុងមួយស្និត ប៉ុន្តែខ្ញុំគិតថា តម្លៃចេកនឹងឡើងរហូតដល់១០.០០០រៀល ក្នុងមួយស្និត នៅថ្ងៃដាច់ឆ្នាំចាស់ចូលដល់ថ្ងៃឆ្នាំថ្មី”។
កាលពីម្សិលមិញនៅជុំវិញផ្សារកណ្តាល តូបជាច្រើនបានដាក់លក់រូបទេពធីតាឆ្នាំថ្មី បដាអបអរសាទរឆ្នាំថ្មី រូបនាគនិងគ្រឿងតុបតែងលម្អ ក៏ត្រូវបានគេយកទៅដាក់លក់ផងដែរដោយមានព្រះសង្ឃពីរបីអង្គបាននិមន្តទៅជាវរបស់របរទាំងនោះផងដែរ។ អ្នកស្រីលីវណ្ណាអាជីវករម្នាក់អាយុ៣៦ឆ្នាំបាននិយាយថា “ បដាអបអរសាទរឆ្នាំថ្មី បានលក់អស់ច្រើនណាស់ តែរូបទេពធីតាក៏លក់ដាច់ណាស់ដែរ”។
លោកស៊ីនសារ៉ុតមា្ចស់តូបម្នាក់ដែលបានទិញអំពូលភ្លើងពណ៌សម្រាប់តុបតែងផ្ទះ ពីតូបរបស់អ្នកស្រីលីវណ្ណាបាននិយាយថា លោកសប្បាយចិត្តណាស់ ពេលបុណ្យចូលឆ្នាំថ្មីមកដល់។ លោកសារ៉ុតបានបន្តថា “ លោកនឹងទិញចេកទុកថ្វាយទេពធីតាឆ្នាំថ្មី ហើយយើងនឹងលេងល្បែងប្រជាប្រិយខ្មែរ។យើងជឿលើទេពធីតាឆ្នាំថ្មី ខ្ញុំមិនអាចនិយាយថា ជាការពិត ឬក៏មិនពិតនោះទេ។ សម្រាប់ខ្ញុំវិទ្យាសាស្រ្តនិងជំនឿគឺដើរទន្ទឹមគ្នា”។
ទោះបីជាយ៉ាងណាក៏ដោយ មិនមែនគ្រប់ព័ត៌មានមុនពេលចូលឆ្នាំសុទ្ធតែល្អនោះទេ។ មហាសង្រ្កាន្តរបស់រដ្ឋាភិបាលក៏បានទស្សន៍ទាយទុកសម្រាប់ឆ្នាំក្រោយផងដែរ ហើយបានលើកឡើងថា ការប្រមើលមើល គឺមិនច្បាស់លាស់នោះទេសម្រាប់ឆ្នាំរោងនេះ ដោយបានទស្សន៍ទាយថា វាអាចនឹងមាន ទឹកជំនន់ ហើយប្រាំបួនភាគរយ នៃទន្និផលស្រូវនឹងបាត់បង់ និងប្រជាពលរដ្ឋអាច “ ជួបនឹងគ្រោះអត់ឃ្លាន”៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង
ពលករកម្ពុជាតវ៉ានៅរោងចក្រផលិតអាហារសមុទ្រថៃ ធ្វើឲ្យមានការបាញ់ឡើងលើ
កម្មករបាននិយាយកាលពីម្សិលមិញថាកម្មករកម្ពុជា និងកម្មករភូមា ធ្វើការក្នុងរោងចក្រផលិតម្ហូមអាហារសមុទ្រមួយកន្លែងនៅក្នុងប្រទេសថៃភាគខាងត្បូង ដែលបានទាមទារឲ្យសងប្រាក់បន្ថែម ដែលត្រូវបានថៅកែលុបចោលនោះត្រូវបានបង្ក្រាបកាលពីម្សិលមិញនិងត្រូវសន្ដិសុខរោងចក្រដេញប្រផាប់ចាប់ប្រភីង ព្រមទាំងបាញ់ប្រើកាំភ្លើងទៀតផង។
កម្មករជាង១.០០០នាក់ធ្វើការក្នុងរោងចក្រផលិតម្ហូបអាហារសមុទ្រ ផាត់ថាណាសុីហ្វូត (Phatthana Seafood) នៅក្នុងខេត្តសុងក្លា ដែលភាគច្រើនបំផុតជាជនខ្មែរបានផ្ទុះកូដកម្ម កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាចំពោះការសម្រេចរបស់ក្រុមហ៊ុនដោយលុបចោលការផ្ដល់ប្រាក់បន្ថែមរាប់រយបាត សម្រាប់ថ្លៃម្ហូបអាហារ និងការចំណាយសម្រាប់ការស្នាក់នៅ។
លោក សុខទីដែលជាកម្មករមកពីខេត្តកំពត ហើយកំពុងតែធ្វើការនៅឯរោងចក្រនេះ អស់រយៈពេលប្រាំមួយខែមកហើយ បាននិយាយថានៅពេលពួកគេព្យាយាមចូលទៅជិតរោងចក្រ កាលពីព្រឹកម្សិលមិញ ដើម្បីចរចាជាមួយបុគ្គលិកក្រុមហ៊ុន ស្រាប់តែសន្ដិសុខបានបាញ់ឡើងលើ ដើម្បីបណ្ដេញពួកគេចេញ។ លោកបាននិយាយថា“សន្ដិសុខបានរារាំងយើងមិនឲ្យចូលក្នុងរោងចក្រ។សូម្បីមាត់ច្រកក៏យើងមិនអាចប៉ះបានដែរ។ពួកគេបាញ់ឡើងលើបីគ្រាប់”។
ក្រុមហ៊ុននេះបានលុបចោលប្រាក់បន្ថែមចំនួន២០បាតក្នុងមួយថ្ងៃសម្រាប់ថ្លៃម្ហូបអាហារ និងឧបត្ថម្ភ៣០០បាតទៀតរាល់ពីរសប្ដាហ៍ម្ដង ឬប្រហែល១០,៣៣ដុល្លារចាប់តាំងពីរោងចក្រនេះបានដំឡើងប្រាក់ប្រចាំថ្ងៃ ដល់ពួកគេពី១៧០បាត...
អ្នកភូមិ់ត្រូវបានសាកសួរក្នុងជម្លោះដីធ្លីជាមួយលោកលីយ៉ុងផាត់
កាលពីម្សិលមិញ អ្នកភូមិប្រមាណ១៥០គ្រួសារដែលពាក់ព័ន្ធនៅក្នុងជម្លោះដីធ្លីជាយូរមកហើយជាមួយសេដ្ឋី លី យ៉ុង ផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា បាននាំគា្នតវ៉ាដោយសន្តិវិធីនៅខាងក្រៅសាលាដំបូងខេត្តកំពង់ស្ពឺ នៅពេលដែលអ្នកភូមិចំនួនប្រាំនាក់កំពុងត្រូវបានសាកសួរជុំវិញការចោទប្រកាន់ថា ពួកគាត់បានកាន់កាប់ដីរបស់សមាជិកព្រឹទ្ធសភារូបនេះដោយខុសច្បាប់។
អ្នកភូមិមកពី ឃុំអមលាំងស្រុកថ្ពងកំពុងតែតវ៉ាទាមទារសិទ្ធិរស់នៅលើដីទំហំ៩.០០០ហិកតា ដែលត្រូវបានផ្តល់ជាដីសម្បទានទៅឲ្យក្រុមហ៊ុនភ្នំពេញស្ករសរបស់លោក លីយ៉ុង ផាត់ កាលពីខែកុម្ភៈឆ្នាំ២០១០។ លោក ផលវណ្ណៈអ្នកតំណាងឲ្យអ្នកភូមិបាននិយាយថា “អ្នកភូមិរបស់យើងបានរស់នៅលើដីនេះអស់រយៈពេល១០ឆ្នាំមកហើយហេតុអ្វីបានជាគេព្យាយាមយកដីអ្នកភូមិបែបនេះទៅវិញ”?
លោកបានបន្តថា “ ក្រុមហ៊ុនជាច្រើនប្រើប្រព័ន្ធតុលាការដើម្បីយកដីអ្នកភូមិ។ខ្ញុំគិតថានេះជាវិធីគំរាមកំហែងអ្នកភូមិទោះបីជាអ្នកភូមិមិនត្រូវបានឃុំខ្លួនក៏ដោយ”។ លោករ័ត្នថាវីអ្នកឃ្លាំមើលប្រចំាខេត្តរបស់អង្គការ អាដហុក បានមានប្រសាសន៍ថា ការសាកសួរនេះបណ្តាលមកពីពាក្យបណ្តឹងរបស់លោកសុខរេនប្រធានមណ្ឌលសុខភាពអន្លង់ជ្រៃនៅក្នុងឃុំអមលាំង ហើយលោកថាវីបានអះអាងថា ប្រធានមណ្ឌលសុខភាពរូបនេះធ្វើជាអ្នកតំណាងឲ្យក្រុមហ៊ុនរបស់លោក លី យ៉ុង ផាត់។
លោកថាវីបានបន្តថា “ យើងមិនដឹងថាតើសាលាដំបូងសម្រេចចោទប្រកាន់ពួកគេឬក៏អត់ទេពីព្រោះ ព្រះរាជអាជ្ញារងអមសាលាដំបូងនេះមិនបានប្រាប់យើងនោះទេ”។ លោកចាន់សុវ៉េតអនុប្រធានផ្នែកអង្កេតរបស់អង្គការអាដហុក បានមានប្រសាសន៍ថា អ្នកភូមិទាំងប្រាំនាក់នោះត្រូវបានដោះលែងបន្ទាប់ពីត្រូវបានសាកសួររួច ប៉ុន្តែ “ ព្រះរាជអាជ្ញារូបនេះបានប្រាប់ពួកគាត់ថា ពួកគាត់គួរតែរុះរើផ្ទះរបស់ពួកគាត់ចេញពីដីមានជម្លោះនេះ”៕
ប្រែម្រួលដោយ ស៊ា ស៊ុយឈាង
សាកសួរជនរងគ្រោះចុងក្រោយក្នុងការបាញ់ប្រហារលើក្រុមអ្នកតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេស
កាលពីម្សិលមិញ សាលាដំបូងខេត្តស្វាយរៀង បានសាកសួរជនរងគ្រោះចុងក្រោយនៅក្នុងការបាញ់ប្រហារអំឡុងពេលតវ៉ានៅឯតំបន់សេដ្ឋកិច្ចពិសេសមួយក្នុងក្រុងបាវិតខេត្តស្វាយរៀងកាលពីខែកុម្ភៈ។
កាលពីខែមុន នាង នុតសុខន អាយុ២៣ឆ្នាំបានប្ដឹងលោក ឈូក បណ្ឌិត អភិបាលក្រុងបាវិតដែលជាជនសង្ស័យតែម្នាក់គត់ក្នុងការបាញ់ប្រហារកាលពីខែកុម្ភៈនៅតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាតតាន់ ដោយទាមទារសំណងជំងឺចិត្តជាប្រាក់ចំនួន៤៥.០០០ដុល្លារអាមេរិក។ជនរងគ្រោះពីរនាក់ផ្សេងទៀតមានឈ្មោះ កែវ នី អាយុ១៨ឆ្នាំ និង ប៊ុន ចិន្ដាអាយុ២១ឆ្នាំ ដែលបានដាក់ពាក្យបណ្ដឹងដែរនោះ ត្រូវបានសាកសួរកាលពីខែមុន។
លោក ហឹុង ប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថាលោកត្រូវពិនិត្យរឿងក្ដីនេះសិនមុនពេលបញ្ជូនទៅឲ្យចៅក្រមស៊ើបអង្កេត ដែលនឹងសម្រេចថា តើគួរចាត់វិធានការបែបណានៅពេលបន្ទាប់ទៀតនោះ។
លោក ប៊ុនជា បានមានប្រសាសន៍ថា “ខ្ញុំមិនអាចនិយាយបានថា តើយើងនឹងសាកសួរសាក្សីឬអត់នោះទេ។ វាអាស្រ័យលើចៅក្រមស៊ើបអង្កេត”។ លោកបានបដិសេធមិនប្រាប់ថាហេតុអ្វីបានជាត្រូវចំណាយពេលជិតពីរខែទើបសាកសួរជនរងគ្រោះនោះទេ។
នាង សុខន បាននិយាយថា លោក ប៊ុនជា បានសួរនាងថាតើនាងបានឃើញលោកបណ្ឌិត បាញ់នាងដែរឬទេ។នាងបាននិយាយថា “ខ្ញុំបានប្រាប់គាត់ថាពីកន្លែងខ្ញុំកំពុងឈរនៅពេលមានការបាញ់ប្រហារនោះ...ខ្ញុំមិនបានឃើញជនសង្ស័យទេ។ ប៉ុន្តែខ្ញុំដឹងថា លោក ឈូក បណ្ឌិត អភិបាលក្រុងបាវិតជាអ្នកបាញ់ ពីព្រោះប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍អំពីការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃ”។នាងបានបន្ដថា ការសាកសួរនោះមានរយៈពេលប្រហែលមួយម៉ោង។
មានប្រសាសន៍នៅខាងក្រៅសន្និសីទស្ដីពីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកាលពីម្សិលមិញនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា រឿងក្ដីនេះស្ថិតនៅក្នុងកណ្ដាប់ដៃរបស់សាលាដំបូងខេត្តស្វាយរៀងនៅឡើយទេ។
លោក ស ខេង ដែលបានបដិសធមិនមិនធ្វើអតា្ថធិប្បាយបន្ថែមទៀតនោះ បានលើកឡើងថា “មិនទាន់មានការតែងតាំងនរណាម្នាក់ឲ្យធ្វើជាអភិបាលក្រុងបាវិតនៅឡើយទេ ពីព្រោះរឿងក្ដីលោក ឈូក បណ្ឌិត កំពុងដំណើរការនៅក្នុងតុលាការនៅឡើយ។ តុលាការកំពុងចាត់ការរឿងនេះ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា
អ្នករកស៊ីដឹកជញ្ជូន អ្នករត់ម៉ូូតូឌុប អ្នករត់រ៉ឺម៉កម៉ូតូ និងអាជីវករ តវ៉ាតម្លៃប្រេងឡើងថ្លៃខ្ពស់
កាលពីម្សិលមិញ អ្នករត់រឺុម៉កម៉ូតូ អ្នករត់ម៉ូតូឌុបអាជីវករ និងអ្នករកស៊ីដឹកជញ្ជូនឯកជនផ្សេងទៀតប្រមាណ១០០នាក់ បាននាំគ្នាធ្វើការតវ៉ាប្រឆាំងចំពោះតម្លៃប្រេងខ្ពស់ នៅឯរដ្ឋសភា ដោយអះអាងថា តម្លៃប្រេងខ្ពស់បែបនេះ កំពុងធ្វើឲ្យប្រាក់ចំណេញបន្តិចបន្តួចរបស់ខ្លួនធ្លាក់ចុះ។
លោក វ៉ន ពៅ ប្រធាន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលតំណាងឲ្យអ្នកប្រកបរបរផ្នែកដឹកជញ្ជូនឯកជនជាង៤.០០០នាក់ បានលើកឡើងថា លោកបានដាក់ញត្តិមួយទៅរដ្ឋសភាស្នើសុំឲ្យរដ្ឋាភិបាលបញ្ជុះតម្លៃប្រេងឲ្យមកនៅត្រឹម៤.០០០រៀល។
លោក វ៉ន ពៅ បានបន្តថា “រដ្ឋាភិបាលចំបាច់ត្រូវតែ បញ្ចុះតម្លៃប្រេង ពីព្រោះអ្នកប្រកបរបរដឹកជញ្ជូនរបស់យើងមិនអាចរកប្រាក់ចំណេញបានទេ ពីព្រោះពួកគេបានចំណាយប្រាក់ចំណេញទៅលើប្រេងសាំងអស់ហើយ”។ លោកបានលើកឡើងទៀតថា សមាគមរបស់លោកនឹងធ្វើការតវ៉ាដ៏ធំមួយនៅថ្ងៃទី១ ខែឧសភា ប្រសិនបើរដ្ឋាភិបាលមិនព្រមបញ្ចុះតម្លៃប្រេងទេនោះ។
យោងតាមទិន្ន័យពីវិទ្យាស្ថានជាតិស្ថិតិបានឲ្យដឹងថា កាលពីម្សិលមិញ តម្លៃប្រេងសាំងនៅក្នុងរាជធានីភ្នំពេញ៥.៦៥០រៀលឬស្មើនឹង១,៤១ដុល្លារ នៅស្ថានីយ៍ប្រេងឥន្ធនៈ គឺកើនឡើង១០ភាគរយពីតម្លៃប្រេងក្នុងខែមេសាឆ្នាំមុន។កាលពីខែមុនតម្លៃប្រេងបានឡើងខ្ពស់ជាងពេលណាៗទាំងអស់ដល់៥.៩៥០រៀលឬស្មើនឹង១,៤៨ដុល្លារ។
តម្លៃប្រេងសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា ក៏ខ្ពស់ជាង តម្លៃប្រេងនៅប្រទេសវៀតណាមនិងប្រទេសថៃដែរ ដោយតម្លៃប្រេងនៅវៀតណាម១,១០ដុល្លារក្នុងមួយលីត្រ និងនៅថៃ១,៣៩ដុល្លារ។កាលពីខែមុន ប្រជាពលរដ្ឋឥណ្ឌូណេស៊ី រាបពាន់នាក់បាននំាគ្នាធ្វើបាតុកម្មដ៏ធំចំពោះគម្រោងដំឡើងថ្លៃប្រេងរបស់រដ្ឋាភិបាលនៅទីនោះ ដោយបច្ចុប្បន្ននេះមានតម្លៃប្រហែល១,០៨ដុល្លារ។
លោកអោកសំអឿន អ្នករត់រឺុម៉កម៉ូតូ ម្នាក់បាននិយាយនៅកន្លែងតវ៉ាថា“ពីមុនខ្ញុំអាចផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារខ្ញុំបាន ប៉ុន្តែឥឡូវនេះមិនអាចទេដោយសារតម្លៃប្រេងឡើងខ្ពស់។ យើងរកប្រាក់បានតិចណាស់ ពីព្រោះសូម្បីតែតម្លៃប្រេងឡើងខ្ពស់ហើយក្តី ក៏អតិថិជននៅតែទាមទារឲ្យមានតម្លៃដូចដើម”។
លោក ភុង សុវណ្ណ ប្រធាន សមាគមមន្រ្តីរាជការឯករាជ្យជាតិកម្ពុជា (CICA) បានមានប្រសាសន៍ថា លោក ក៏តវ៉ាចំពោះប្រាក់ឧបត្ថម្ភប្រេងដល់មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ដែរ ខណៈដែលមន្រ្តីរាជការថ្នាក់ទាបត្រូវចំណាយថ្លៃប្រេងខ្លួនឯង។
លោកសុវណ្ណបានបន្តថា“វាអយុត្តិធម៌ណាស់ ដែលមន្ត្រីជាន់ខ្ពស់ទទួលបានប្រេងយ៉ាងហោចណាស់៥០លីត្ររាល់ខែ ប៉ុន្តែមន្រ្តីថ្នាក់ទាប ដែលមានប្រាក់ខែត្រឹម តែ២៥ដុល្លារក្នុងមួយខែនោះ គ្មានទទួលបានអ្វីសោះ”។នេះគឺជាអំពើពុករលួយ"។
លោកឯកថាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថាមន្រ្តីរាជការទាំងអស់ទទួលបានប្រាក់ឧបត្ថម្ភប្រេងសាំងជាបុងប្រចាំខែ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់ទទួលបាន២៤លីត្រនិងមន្រ្តីថ្នាក់ទាបទទួលបានតិចជាង។
លោក ឯក ថា បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំគិតថា វាជាការត្រឹមត្រូវហើយ ពីព្រោះមន្ត្រីរដ្ឋាភិបាលដែលមានឋានៈកាន់តែខ្ពស់ មានការងារនិងការទទួលខុស ត្រូវកាន់តែច្រើន។នេះគឺជាខ្ទង់ចំណាយរបស់រដ្ឋាភិបាល ហើយការចំណាយទាំងអស់ធ្វើឡើងដោយស្របច្បាប់”។
លោក ឯក ថា បានមានប្រសាសន៍ថា តម្លៃប្រេងឡើងខ្ពស់នៅប្រទេសកម្ពុជាគឺដោយសារតែប្រទេសកម្ពុជាបាននំាចូលប្រេងទំាងស្រុង។ លោកបានមានប្រសាសន៍បន្តទៀតថា“ខ្ញុំដឹងថា ប្រជាពលរដ្ឋកំពុងរអ៊ូរទាំ ក៏ប៉ុន្តែកម្ពុជាមិនទាន់ផលិតប្រេងបានមួយដំណក់ឡើយហើយតម្លៃប្រេងឡើងថ្លៃនេះ គឺដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា”៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង
ហ៊ុន សែន វាយបកខ្លាំងៗទៅអ្នករិះគន់តាមប្រព័ន្ធផ្សព្វផ្សាយ
វាយបកវិញចំពោះការរិះគន់នាពេលថ្មីៗនេះតាមប្រព័ន្ធផ្សព្វផ្សាយបរទេស ជុំវិញសុន្ទរកថាមួយ ដែលលោកបានថ្លែងនៅឯសន្និសីទសារព័ត៌មានបិទជំនួបកំពូលអាស៊ានក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានមានប្រសាសន៍កាលពីម្សិលមិញថា សិទ្ធិសេរីភាពរបស់លោកក្នុងការបញ្ចេញមតិត្រូវបានដាក់កម្រិត។
កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រីបានធ្វើសន្និសីទសារព័ត៌មានមួយ ក្រោយពីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ដោយនៅពេលនោះ លោកបានចំណាយពេលសម្រាប់ឆ្លើយសំណួរ ជាច្រើន ដើម្បីកោតសរសើរចំពោះការផ្តល់ជំនួយ “ ឥតចំណង” របស់ប្រទេសចិន ហើយងាកមករិះគន់ខ្លាំងៗចំពោះគណបក្សប្រឆាំង និងការសន្និដ្ឋានរបស់អ្នកវិភាគឯករាជ្យក្នុងស្រុកម្នាក់។
យ៉ាងហោចណាស់ អត្ថបទចំនួនបួន ដែលចុះផ្សាយជាបន្តបន្ទាប់តាមប្រព័ន្ធផ្សព្វផ្សាយបរទេស ដោយនៅក្នុងនោះក្រុមអ្នកកាសែតបានចោទសួរ អំពីភាពត្រឹមត្រូវនៃសុន្ទរកថាបែបនេះ។
ថ្លែងនៅឯពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦៨ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកកាន់តែបាត់បង់ការអត់ធ្មត់ខ្លាំងឡើងៗចំពោះការរិះគន់បែបនេះ ហើយថា លោកបានចេញមុខបកស្រាយសំណួរដែលប្រព័ន្ធផ្សព្វផ្សាយបានចោទសួរលោក។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមានការអត់ធ្មត់ ហើយបានរង់ចាំរហូតដល់ចប់កិច្ចប្រជុំកំពូលអាស៊ាន ពេលនោះខ្ញុំនឹងឆ្លើយតប។ពួកគេបាននិយាយថាអាស៊ានមិនមែនជាកន្លែងសម្រាប់រិះគន់គ្នានោះឡើយ ប៉ុន្តែនៅពេលខ្ញុំចាប់ផ្តើមនិយាយក្នុងឋាន:ជានាយករដ្ឋមន្ត្រី ពួកគេបានដាក់កម្រិតសេរីភាពបញ្ចេញមតិរបស់ខ្ញុំ។ ហើយក្នុងឋាន:ខ្ញុំជាប្រធានអាស៊ាន សេរីភាពបញ្ចេញមតិរបស់ខ្ញុំក៏គេដាក់កម្រិតដែរ”។
លោកបានមានប្រសាសន៍ទៀតថា “ អ្នកឯងនិយាយពីខ្ញុំម្តងហើយម្តងទៀត តែនៅពេលខ្ញុំឆ្លើបតបទៅអ្នកឯង អ្នកឯងតែងតែនិយាយ បែបនេះ”។
ក្នុងចំណោមអត្ថបទទាំងនោះ អត្ថបទចុះផ្សាយតាមកាសែត វ៉លស្ទ្រីតជឺណល (The WallStreet Journal) និង កាសែតហ្សាការតាគ្លូប (Jakarta Globe) បានឲ្យដឹងថា អ្នកយកព័ត៌មានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។ ទោះជាយ៉ាងណា អ្នកវិភាគក្នុងស្រុកមានចិត្តបើកទូលាយជាង នេះ ដោយឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃវិធីបែបនេះ។
លោក មឿន ឈានណារិទ្ធ គ្រូបណ្តុះបណ្តាលផ្នែកសារព័ត៌មាន បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា “ ខ្ញុំគិតថា វាជាសិទ្ធិរបស់នាយករដ្ឋមន្ត្រីក្នុងការនិយាយអ្វីមួយ និងជាសិទ្ធ្ិរបស់លោកក្នុងការរិះគន់នរណាម្នាក់។ នៅក្នុងសង្គមប្រជាធិបតេយ្យ យើងព្យាយាមជំរុញឲ្យមានតម្លាភាព និងការបើកទូលាយ”។
លោកបានមានប្រសាសន៍ទៀតថា ការរិះគន់បែបនេះ គឺជាការរិះគន់គ្នាទៅវិញទៅមក ដែលសាធារណជនក៏អាចរិះគន់រដ្ឋាភិបាលបានដែរ។...
លោក ហ៊ុន សែន មិនសប្បាយចិត្តចំពោះការបង្ក្រាបអ្នកឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវម្តងទៀតឲ្យអាជ្ញាធរនៅតាមព្រំដែនភាគខាងជើង ប្រទេសកម្ពុជាបង្កើនកិច្ចខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ស្កាត់ក្រុមអ្នកកាប់ឈើខុសច្បាប់មិនឲ្យលួចចូលទៅក្នុងទឹកដីថៃ ដែលនៅទីនោះ អ្នកកាប់ឈើជាង១០នាក់ ហើយមកទល់ពេលនេះក្នុងឆ្នាំនេះត្រូវបានទាហានថៃបាញ់សម្លាប់។
ប្រជាពលរដ្ឋខ្មែរចំនួន១៣នាក់ត្រូវបានទាហានថៃបាញ់សម្លាប់ពេលកំពុងកាប់ឈើខុសច្បាប់ ចាប់តាំងពីខែមករាមកគឺកើនឡើងយ៉ាងលឿនជិតដល់ចំនួន១៥នាក់ គឺស្មើនឹងករណីបាញ់ស្លាប់ក្នុងឆ្នាំ២០១១។
លោក ហ៊ុនសែនបានមានប្រសាសន៍អំឡុងពិធីបើកការដ្ឋានពង្រីកផ្លូវលេខ៦៨នៅក្នុងខេត្តសៀមរាប ដែលភ្ជាប់ទៅព្រំដែនថៃ កាត់តាមខេត្តឧត្តរមានជ័យថា “ អស់លោកអាចដោះស្រាយបញ្ហានេះបាន។ ខ្ញុំសូមរំលឹកអស់លោកម្តងទៀត”។ លោកបានមានប្រសាសន៍ថា “ ត្រូវធ្វើយុទ្ធនាការ។ ហេតុអ្វីបានជាពួកគេ តែងតែចង់លួចឈើ ហើយប្រឈមនឹងការស្លាប់? សូមពិនិត្យមើលបញ្ហានេះជាមួយអាជ្ញាធរខេត្ត យោធា នគរបាល និងកងរាជអាវុធហត្ថ។ សូមទប់ស្កាត់បញ្ហានេះ។អ្នកទាំងនេះមិនមែនមកពីទីជិតទេ គឺមកពីខេត្តកំពង់ចាម តាកែវនិងខេត្តនេះផងដែរ។ អស់លោក ជាអ្នកដឹកនាំនៅសមរភូមិនេះ តើអស់លោកអាចដោះស្រាយបញ្ហានេះភ្លាមៗបានទេ?”
លោកហ៊ុនសែនបានមានប្រសាសន៍ថាផ្លូវល្អ និងទំនាក់ទំនងល្អជាមួយប្រទេសថៃ ចាប់តាំងពីមានការបោះឆ្នោតបង្កើតរដ្ឋាភិបាលថ្មីនៅថៃកាលពីឆ្នាំមុននោះ បង្ហាញពីឱកាសល្អក្នុងការដោះស្រាយបញ្ហានេះ។ លោកបានមានប្រសាសន៍ថា “ ផ្លូវលេខ៦៨ឆ្ពោះទៅព្រំដែនកម្ពុជា និងថៃនេះ គឺជាគោលការណ៍របស់យើងក្នុងការធ្វើឲ្យព្រំដែនប្រសើរឡើងជាមួយប្រទេសជិតខាង និងធ្វើឲ្យព្រំដែនមួយមានសន្ដិភាព និងមិត្តភាពព្រមទាំងការអភិវឌ្ឍ។ ចាប់តាំងពីមានរដ្ឋាភិបាលថៃថ្មីដឹកនាំដោយគណបក្ស ភឿថៃ យើងព្យាយាមស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ពេលនេះសភាពការណ៍បានប្រសើរជាងមុន ហើយទំនុកចិត្តរវាងយោធានៃភាគីទាំងពីរកំពុងតែប្រសើរឡើងហើយ”។
បើទោះជាការប្រយុទ្ធគ្នានៅលើទឹកដីមានជម្លោះជុំវិញប្រាសាទព្រះវិហារបានបញ្ចប់ក៏ដោយ ក៏អ្នកកាប់ឈើជាច្រើនដែលជាពលរដ្ឋខ្មែរនៅតែបន្តកាប់ឈើគ្រញូងដែរ ព្រោះអាចមានតម្លៃដល់រាប់ពាន់ដុល្លារ ក្នុងមួយម៉ែត្រគូប ហើយអ្នកកាប់ឈើជាច្រើនត្រូវបានបាញ់សម្លាប់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ក្រុមមន្ត្រីនៅកម្ពុជាបាននិយាយថា ជារឿយៗគេដឹកឈើឆ្លងកាត់ព្រំដែនទៅប្រទេសវៀតណាម បន្ទាប់មកដឹកទៅចិនទៀត ដែលនៅទីនោះ គេប្រើឈើប្រណិតធ្វើជាគ្រឿងសង្ហារិម និងឧបករណ៍ភ្លេង។
លោក ម៉ែនម៉ាលីស្នងការនគរបាលខេត្តឧត្តរមានជ័យបានថ្លែងថាលោក និងលោក...
អង្គការក្រៅរដ្ឋាភិបាលចង់ចូលរួមពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិមនុស្សអាស៊ាន
អង្គការសង្គមស៊ីវិលជាង១០០បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមកាលពីម្សិលមិញថា បណ្តាប្រទេសសមាជិកអាស៊ានត្រូវតែផ្សព្វផ្សាយជាសាធារណៈនូវសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាន ហើយអនុញ្ញាតឲ្យអង្គការសិទ្ធិមនុស្សផ្តល់យោបល់អំពីខ្លឹមសារនៃសេចក្តីព្រាងនេះផង។
រយៈពេលជិតមួយឆ្នាំមកហើយ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្សបាននិងកំពុងព្រាងសេចក្តីប្រកាសនេះ ដែលត្រូវបានរិះគន់ចំពោះកង្វះការចូលរួមពីសំណាក់អង្គការក្រៅរដ្ឋាភិបាល។
អង្គការសង្គមស៊ីវិលមកពីប្រទេសជាសមាជិកអាស៊ានតែបួនប៉ុណ្ណោះ ដូចជាឥណ្ឌូណេស៊ីម៉ាឡេស៊ីហ្វីលីពីននិងថៃត្រូវបានអញ្ជើញឲ្យចូលរួមពិគ្រោះយោបល់អំពីសេចក្តីព្រាងនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ អង្គការសង្គមស៊ីវិលក្នុងតំបន់ចំនួន១២៨ រួមទាំងអង្គការសិទ្ធិមនុស្សនៅកម្ពុជាដូចជា លីកាដូអាដហុក និងក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានសម្តែង “ ការព្រួយបារម្ភ និងការខកចិត្តយ៉ាងខ្លាំងអំពីភាពសម្ងាត់ដែលចេះ
តែបន្តកើតមាននៅក្នុងដំណើរការព្រាងសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ានហៅកាត់ថា AHRDនេះ”។
លោកស្រីពង្សឈីវហ្គិចនាយិកានិងជាស្ថាបនិកអង្គការលីកាដូ បានមានប្រសាសន៍ថា “ សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាននឹងមានប្រយោជន៍ខ្ពស់ ប្រសិនបើមានការចូលរួមព្រាងត្រឹមត្រូវពីសំណាក់ប្រទេសជាសមាជិកអាស៊ានទាំងអស់ សង្គមស៊ីវិល និងគ្រប់ស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិ។ ដោយសារប្រទេសសមាជិកអាស៊ានទាំង១០មានស្ថានភាពនយោបាយខុសៗគ្នា ដោយក្នុងប្រទេសមួយចំនួន សេរីភាពនៃការនិយាយស្តីឬការប្រឆាំងផ្នែកនយោបាយ មិនត្រូវបានអនុញ្ញាតនោះ... គេមិនរំពឹងថាសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាននេះមានតុល្យភាពនិងប្រសិទ្ធភាពឡើយ”។
លោកស្រីពង្សឈីវហ្គិចបានបន្ថែមថា គ្រោះថ្នាក់ដែលអាចកើតមានមួយទៀតនៃដំណើរការព្រាងបច្ចុប្បន្ននេះគឺថា ប្រទេសនានាអាចប្រើគំនិតមិនច្បាស់លាស់ ដូចជាតម្លៃជាក់លាក់ណាមួយរបស់អាស៊ាន ដើម្បីយកមកធ្វើជាហេតុផលចំពោះការបដិសេធសិទ្ធិមនុស្សជាមូលដ្ឋាន។
លោកស្រីបានមានប្រសាសន៍ថា “ តម្លៃរបស់អាស៊ានគឺជាវិធីដ៏ពេញនិយមមួយ ដើម្បីគេចវេះពីតម្លាភាព ការបែងចែកអំណាចនិងភាពឯករាជ្យនៃប្រព័ន្ធយុត្តិធម៌។ សិទ្ធិមនុស្សគឺជាទស្សនសាកលដ៏សំខាន់មួយហើយលក្ខណៈពិសេសនៃវប្បធម៌មិនអាចធ្វើឲ្យសិទ្ធិមនុស្សមានគុណវិបត្តិបានឡើយ"។
អង្គការទាំងនេះបានស្នើឲ្យគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្សផ្សព្វផ្សាយសេចក្តីព្រាងនេះជាសាធារណៈជាបន្ទាន់ ហើយអនុញ្ញាតឲ្យសង្គមស៊ីវិលនិងអង្គការសិទ្ធិមនុស្សនានាចូលរួមក្នុងដំណើរការព្រាងនេះ។
សេចក្តីថ្លែងការណ៍នេះលើកឡើងថា សេចក្តីព្រាងចុងក្រោយនៃសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាននេះគ្រោងនឹងដាក់ជូននៅឯកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានក្នុងរាជធានីភ្នំពេញនៅខែកក្កដា ហើយប្រសិនបើអង្គការសង្គមស៊ីវិលគ្មានឱកាសចូលរួមពិគ្រោះយោបល់នៅពេលនោះទេការដាក់ជូនសេចក្តីព្រាងនេះគួរតែពន្យារពេល។
លោកផៃស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានបង្វែរសំណួរអំពីសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាននេះទៅលោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល។ លោកឱមយ៉ិនទៀង មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
ប្រែសម្រួលដោយ សោមសារុន
Latest news
© 2021, ដេលី. All rights reserved.

