កាលពីម្សិលមិញ អ្នករត់រឺុម៉កម៉ូតូ អ្នករត់ម៉ូតូឌុបអាជីវករ និងអ្នករកស៊ីដឹកជញ្ជូនឯកជនផ្សេងទៀតប្រមាណ១០០នាក់ បាននាំគ្នាធ្វើការតវ៉ាប្រឆាំងចំពោះតម្លៃប្រេងខ្ពស់ នៅឯរដ្ឋសភា ដោយអះអាងថា តម្លៃប្រេងខ្ពស់បែបនេះ កំពុងធ្វើឲ្យប្រាក់ចំណេញបន្តិចបន្តួចរបស់ខ្លួនធ្លាក់ចុះ។
លោក វ៉ន ពៅ ប្រធាន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលតំណាងឲ្យអ្នកប្រកបរបរផ្នែកដឹកជញ្ជូនឯកជនជាង៤.០០០នាក់ បានលើកឡើងថា លោកបានដាក់ញត្តិមួយទៅរដ្ឋសភាស្នើសុំឲ្យរដ្ឋាភិបាលបញ្ជុះតម្លៃប្រេងឲ្យមកនៅត្រឹម៤.០០០រៀល។
លោក វ៉ន ពៅ បានបន្តថា “រដ្ឋាភិបាលចំបាច់ត្រូវតែ បញ្ចុះតម្លៃប្រេង ពីព្រោះអ្នកប្រកបរបរដឹកជញ្ជូនរបស់យើងមិនអាចរកប្រាក់ចំណេញបានទេ ពីព្រោះពួកគេបានចំណាយប្រាក់ចំណេញទៅលើប្រេងសាំងអស់ហើយ”។ លោកបានលើកឡើងទៀតថា សមាគមរបស់លោកនឹងធ្វើការតវ៉ាដ៏ធំមួយនៅថ្ងៃទី១ ខែឧសភា ប្រសិនបើរដ្ឋាភិបាលមិនព្រមបញ្ចុះតម្លៃប្រេងទេនោះ។
យោងតាមទិន្ន័យពីវិទ្យាស្ថានជាតិស្ថិតិបានឲ្យដឹងថា កាលពីម្សិលមិញ តម្លៃប្រេងសាំងនៅក្នុងរាជធានីភ្នំពេញ៥.៦៥០រៀលឬស្មើនឹង១,៤១ដុល្លារ នៅស្ថានីយ៍ប្រេងឥន្ធនៈ គឺកើនឡើង១០ភាគរយពីតម្លៃប្រេងក្នុងខែមេសាឆ្នាំមុន។កាលពីខែមុនតម្លៃប្រេងបានឡើងខ្ពស់ជាងពេលណាៗទាំងអស់ដល់៥.៩៥០រៀលឬស្មើនឹង១,៤៨ដុល្លារ។
តម្លៃប្រេងសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា ក៏ខ្ពស់ជាង តម្លៃប្រេងនៅប្រទេសវៀតណាមនិងប្រទេសថៃដែរ ដោយតម្លៃប្រេងនៅវៀតណាម១,១០ដុល្លារក្នុងមួយលីត្រ និងនៅថៃ១,៣៩ដុល្លារ។កាលពីខែមុន ប្រជាពលរដ្ឋឥណ្ឌូណេស៊ី រាបពាន់នាក់បាននំាគ្នាធ្វើបាតុកម្មដ៏ធំចំពោះគម្រោងដំឡើងថ្លៃប្រេងរបស់រដ្ឋាភិបាលនៅទីនោះ ដោយបច្ចុប្បន្ននេះមានតម្លៃប្រហែល១,០៨ដុល្លារ។
លោកអោកសំអឿន អ្នករត់រឺុម៉កម៉ូតូ ម្នាក់បាននិយាយនៅកន្លែងតវ៉ាថា“ពីមុនខ្ញុំអាចផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារខ្ញុំបាន ប៉ុន្តែឥឡូវនេះមិនអាចទេដោយសារតម្លៃប្រេងឡើងខ្ពស់។ យើងរកប្រាក់បានតិចណាស់ ពីព្រោះសូម្បីតែតម្លៃប្រេងឡើងខ្ពស់ហើយក្តី ក៏អតិថិជននៅតែទាមទារឲ្យមានតម្លៃដូចដើម”។
លោក ភុង សុវណ្ណ ប្រធាន សមាគមមន្រ្តីរាជការឯករាជ្យជាតិកម្ពុជា (CICA) បានមានប្រសាសន៍ថា លោក ក៏តវ៉ាចំពោះប្រាក់ឧបត្ថម្ភប្រេងដល់មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ដែរ ខណៈដែលមន្រ្តីរាជការថ្នាក់ទាបត្រូវចំណាយថ្លៃប្រេងខ្លួនឯង។
លោកសុវណ្ណបានបន្តថា“វាអយុត្តិធម៌ណាស់ ដែលមន្ត្រីជាន់ខ្ពស់ទទួលបានប្រេងយ៉ាងហោចណាស់៥០លីត្ររាល់ខែ ប៉ុន្តែមន្រ្តីថ្នាក់ទាប ដែលមានប្រាក់ខែត្រឹម តែ២៥ដុល្លារក្នុងមួយខែនោះ គ្មានទទួលបានអ្វីសោះ”។នេះគឺជាអំពើពុករលួយ”។
លោកឯកថាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថាមន្រ្តីរាជការទាំងអស់ទទួលបានប្រាក់ឧបត្ថម្ភប្រេងសាំងជាបុងប្រចាំខែ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់ទទួលបាន២៤លីត្រនិងមន្រ្តីថ្នាក់ទាបទទួលបានតិចជាង។
លោក ឯក ថា បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំគិតថា វាជាការត្រឹមត្រូវហើយ ពីព្រោះមន្ត្រីរដ្ឋាភិបាលដែលមានឋានៈកាន់តែខ្ពស់ មានការងារនិងការទទួលខុស ត្រូវកាន់តែច្រើន។នេះគឺជាខ្ទង់ចំណាយរបស់រដ្ឋាភិបាល ហើយការចំណាយទាំងអស់ធ្វើឡើងដោយស្របច្បាប់”។
លោក ឯក ថា បានមានប្រសាសន៍ថា តម្លៃប្រេងឡើងខ្ពស់នៅប្រទេសកម្ពុជាគឺដោយសារតែប្រទេសកម្ពុជាបាននំាចូលប្រេងទំាងស្រុង។ លោកបានមានប្រសាសន៍បន្តទៀតថា“ខ្ញុំដឹងថា ប្រជាពលរដ្ឋកំពុងរអ៊ូរទាំ ក៏ប៉ុន្តែកម្ពុជាមិនទាន់ផលិតប្រេងបានមួយដំណក់ឡើយហើយតម្លៃប្រេងឡើងថ្លៃនេះ គឺដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា”៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង