កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវម្តងទៀតឲ្យអាជ្ញាធរនៅតាមព្រំដែនភាគខាងជើង ប្រទេសកម្ពុជាបង្កើនកិច្ចខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ស្កាត់ក្រុមអ្នកកាប់ឈើខុសច្បាប់មិនឲ្យលួចចូលទៅក្នុងទឹកដីថៃ ដែលនៅទីនោះ អ្នកកាប់ឈើជាង១០នាក់ ហើយមកទល់ពេលនេះក្នុងឆ្នាំនេះត្រូវបានទាហានថៃបាញ់សម្លាប់។
ប្រជាពលរដ្ឋខ្មែរចំនួន១៣នាក់ត្រូវបានទាហានថៃបាញ់សម្លាប់ពេលកំពុងកាប់ឈើខុសច្បាប់ ចាប់តាំងពីខែមករាមកគឺកើនឡើងយ៉ាងលឿនជិតដល់ចំនួន១៥នាក់ គឺស្មើនឹងករណីបាញ់ស្លាប់ក្នុងឆ្នាំ២០១១។
លោក ហ៊ុនសែនបានមានប្រសាសន៍អំឡុងពិធីបើកការដ្ឋានពង្រីកផ្លូវលេខ៦៨នៅក្នុងខេត្តសៀមរាប ដែលភ្ជាប់ទៅព្រំដែនថៃ កាត់តាមខេត្តឧត្តរមានជ័យថា “ អស់លោកអាចដោះស្រាយបញ្ហានេះបាន។ ខ្ញុំសូមរំលឹកអស់លោកម្តងទៀត”។ លោកបានមានប្រសាសន៍ថា “ ត្រូវធ្វើយុទ្ធនាការ។ ហេតុអ្វីបានជាពួកគេ[អ្នកកាប់ឈើ] តែងតែចង់លួចឈើ ហើយប្រឈមនឹងការស្លាប់? សូមពិនិត្យមើលបញ្ហានេះជាមួយអាជ្ញាធរខេត្ត យោធា នគរបាល និងកងរាជអាវុធហត្ថ។ សូមទប់ស្កាត់បញ្ហានេះ។អ្នកទាំងនេះមិនមែនមកពីទីជិតទេ គឺមកពីខេត្តកំពង់ចាម តាកែវនិងខេត្តនេះផងដែរ។ អស់លោក ជាអ្នកដឹកនាំនៅសមរភូមិនេះ តើអស់លោកអាចដោះស្រាយបញ្ហានេះភ្លាមៗបានទេ?”
លោកហ៊ុនសែនបានមានប្រសាសន៍ថាផ្លូវល្អ និងទំនាក់ទំនងល្អជាមួយប្រទេសថៃ ចាប់តាំងពីមានការបោះឆ្នោតបង្កើតរដ្ឋាភិបាលថ្មីនៅថៃកាលពីឆ្នាំមុននោះ បង្ហាញពីឱកាសល្អក្នុងការដោះស្រាយបញ្ហានេះ។ លោកបានមានប្រសាសន៍ថា “ ផ្លូវលេខ៦៨ឆ្ពោះទៅព្រំដែនកម្ពុជា និងថៃនេះ គឺជាគោលការណ៍របស់យើងក្នុងការធ្វើឲ្យព្រំដែនប្រសើរឡើងជាមួយប្រទេសជិតខាង និងធ្វើឲ្យព្រំដែនមួយមានសន្ដិភាព និងមិត្តភាពព្រមទាំងការអភិវឌ្ឍ។ ចាប់តាំងពីមានរដ្ឋាភិបាលថៃថ្មីដឹកនាំដោយគណបក្ស ភឿថៃ យើងព្យាយាមស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ពេលនេះសភាពការណ៍បានប្រសើរជាងមុន ហើយទំនុកចិត្តរវាងយោធានៃភាគីទាំងពីរកំពុងតែប្រសើរឡើងហើយ”។
បើទោះជាការប្រយុទ្ធគ្នានៅលើទឹកដីមានជម្លោះជុំវិញប្រាសាទព្រះវិហារបានបញ្ចប់ក៏ដោយ ក៏អ្នកកាប់ឈើជាច្រើនដែលជាពលរដ្ឋខ្មែរនៅតែបន្តកាប់ឈើគ្រញូងដែរ ព្រោះអាចមានតម្លៃដល់រាប់ពាន់ដុល្លារ ក្នុងមួយម៉ែត្រគូប ហើយអ្នកកាប់ឈើជាច្រើនត្រូវបានបាញ់សម្លាប់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ក្រុមមន្ត្រីនៅកម្ពុជាបាននិយាយថា ជារឿយៗគេដឹកឈើឆ្លងកាត់ព្រំដែនទៅប្រទេសវៀតណាម បន្ទាប់មកដឹកទៅចិនទៀត ដែលនៅទីនោះ គេប្រើឈើប្រណិតធ្វើជាគ្រឿងសង្ហារិម និងឧបករណ៍ភ្លេង។
លោក ម៉ែនម៉ាលីស្នងការនគរបាលខេត្តឧត្តរមានជ័យបានថ្លែងថាលោក និងលោក ឡុង វីសាលោ រដ្ឋលេខាធិការក្រសួងការបរទេស នឹងធ្វើដំណើរទៅប្រទេសថៃនៅថ្ងៃនេះ ដើម្បីពិភាក្សាជាមួយមន្ត្រីថៃរកវិធីទប់ស្កាត់ការបាញ់ប្រហារបែបនេះ។ ការធ្វើដំណើរថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូ
ថៃមួយក្រុមបានធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីខែមុន ដើម្បីពីភាក្សាអំពីបញ្ហាកាប់ឈើខុសច្បាប់នៅតាមព្រំដែន។ លោក ម៉ាលីបានថ្លែងថា “ យើងនៅតែអប់រំពួកគេអំពីបញ្ហានេះ ហើយប្រាប់ពួកគេឲ្យឈប់ ក៏ប៉ុន្ដែវាពិបាកណាស់។ ពួកគេនៅតែទៅកាប់ឈើដដែល”។
ក៏ប៉ុន្ដែ លោក ស្រី ណារ៉េន អ្នកសុើបអង្កេតអង្គការសិទ្ធិមនុស្សអាដហុកនៅខេត្តព្រះវិហារបានលើកឡើងថា ការដោះស្រាយបញ្ហានេះ នឹងមានភាពងាយស្រួលជាង ប្រសិនបើអាជ្ញាធរព្យាយាមកាត់បន្ថយតម្រូវការឈើ។
លោកបានថ្លែងថា “ ខ្ញុំគិតថាវាមានប្រសិទ្ធភាពជាងក្នុងការទប់ស្កាត់អ្នកទាំងឡាយណាដែលចង់ទិញឈើ។អ្នកទាំងនោះ [អ្នកកាប់ឈើ] ក្រណាស់ដូច្នេះបើទោះជាពួកគេត្រូវបានប្រាប់អំពីគ្រាប់កាំភ្លើងក៏ដោយ ក៏ពួកគេនៅតែទៅកាប់ឈើដែរ ពីព្រោះពួកគេទទួលប្រាក់ពីអ្នកជួលពួកគេឲ្យកាប់ឈើ”។
អង្គការសិទ្ធិមនុស្សក៏បានចោទប្រកាន់មន្ត្រីព្រំដែនថាបានជួយសម្របសម្រួលដល់ការដឹកឈើខុសច្បាប់ឆ្លងដែន ខណៈដែលមានការបន្ទោសនគរបាលចំពោះការមិនចាប់អ្នកមានអំណាច និងអ្នកមានខ្នងក្រាសនៅពីក្រោយការរកសីុឈើខុសច្បាប់នេះ។ ស្របពេលជាមួយគ្នានេះដែរ មន្ត្រីថៃ និយាយថា ទាហានរបស់ខ្លួនចាប់អ្នកកាប់ឈើបានច្រើន ហើយគ្រាន់តែបាញ់ការពារខ្លួនប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ចេវប៊ុននី