វាយបកវិញចំពោះការរិះគន់នាពេលថ្មីៗនេះតាមប្រព័ន្ធផ្សព្វផ្សាយបរទេស ជុំវិញសុន្ទរកថាមួយ ដែលលោកបានថ្លែងនៅឯសន្និសីទសារព័ត៌មានបិទជំនួបកំពូលអាស៊ានក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានមានប្រសាសន៍កាលពីម្សិលមិញថា សិទ្ធិសេរីភាពរបស់លោកក្នុងការបញ្ចេញមតិត្រូវបានដាក់កម្រិត។
កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រីបានធ្វើសន្និសីទសារព័ត៌មានមួយ ក្រោយពីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ដោយនៅពេលនោះ លោកបានចំណាយពេលសម្រាប់ឆ្លើយសំណួរ ជាច្រើន ដើម្បីកោតសរសើរចំពោះការផ្តល់ជំនួយ “ ឥតចំណង” របស់ប្រទេសចិន ហើយងាកមករិះគន់ខ្លាំងៗចំពោះគណបក្សប្រឆាំង និងការសន្និដ្ឋានរបស់អ្នកវិភាគឯករាជ្យក្នុងស្រុកម្នាក់។
យ៉ាងហោចណាស់ អត្ថបទចំនួនបួន ដែលចុះផ្សាយជាបន្តបន្ទាប់តាមប្រព័ន្ធផ្សព្វផ្សាយបរទេស ដោយនៅក្នុងនោះក្រុមអ្នកកាសែតបានចោទសួរ អំពីភាពត្រឹមត្រូវនៃសុន្ទរកថាបែបនេះ។
ថ្លែងនៅឯពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦៨ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកកាន់តែបាត់បង់ការអត់ធ្មត់ខ្លាំងឡើងៗចំពោះការរិះគន់បែបនេះ ហើយថា លោកបានចេញមុខបកស្រាយសំណួរដែលប្រព័ន្ធផ្សព្វផ្សាយបានចោទសួរលោក។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមានការអត់ធ្មត់ ហើយបានរង់ចាំរហូតដល់ចប់កិច្ចប្រជុំកំពូលអាស៊ាន ពេលនោះខ្ញុំនឹងឆ្លើយតប។ពួកគេបាននិយាយថាអាស៊ានមិនមែនជាកន្លែងសម្រាប់រិះគន់គ្នានោះឡើយ ប៉ុន្តែនៅពេលខ្ញុំចាប់ផ្តើមនិយាយក្នុងឋាន:ជានាយករដ្ឋមន្ត្រី ពួកគេបានដាក់កម្រិតសេរីភាពបញ្ចេញមតិរបស់ខ្ញុំ។ ហើយក្នុងឋាន:ខ្ញុំជាប្រធានអាស៊ាន សេរីភាពបញ្ចេញមតិរបស់ខ្ញុំក៏គេដាក់កម្រិតដែរ”។
លោកបានមានប្រសាសន៍ទៀតថា “ អ្នកឯងនិយាយពីខ្ញុំម្តងហើយម្តងទៀត តែនៅពេលខ្ញុំឆ្លើបតបទៅអ្នកឯង អ្នកឯងតែងតែនិយាយ [រិះគន់] បែបនេះ”។
ក្នុងចំណោមអត្ថបទទាំងនោះ អត្ថបទចុះផ្សាយតាមកាសែត វ៉លស្ទ្រីតជឺណល (The WallStreet Journal) និង កាសែតហ្សាការតាគ្លូប (Jakarta Globe) បានឲ្យដឹងថា អ្នកយកព័ត៌មានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។ ទោះជាយ៉ាងណា អ្នកវិភាគក្នុងស្រុកមានចិត្តបើកទូលាយជាង នេះ ដោយឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃវិធីបែបនេះ។
លោក មឿន ឈានណារិទ្ធ គ្រូបណ្តុះបណ្តាលផ្នែកសារព័ត៌មាន បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា “ ខ្ញុំគិតថា វាជាសិទ្ធិរបស់នាយករដ្ឋមន្ត្រីក្នុងការនិយាយអ្វីមួយ និងជាសិទ្ធ្ិរបស់លោកក្នុងការរិះគន់នរណាម្នាក់។ នៅក្នុងសង្គមប្រជាធិបតេយ្យ យើងព្យាយាមជំរុញឲ្យមានតម្លាភាព និងការបើកទូលាយ”។
លោកបានមានប្រសាសន៍ទៀតថា ការរិះគន់បែបនេះ គឺជាការរិះគន់គ្នាទៅវិញទៅមក ដែលសាធារណជនក៏អាចរិះគន់រដ្ឋាភិបាលបានដែរ។ លោកក៏បានមានប្រសាសន៍ដែរថា លោកមិនគិតថា វេទិកានេះគឺជា “ កន្លែងមិនសមរម្យសម្រាប់ធ្វើការវាយប្រហារ ឬក៏រិះគន់នោះទេ”។
ថ្លែងអំពីស្ថានភាពនេះកាលពីម្សិលមិញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកមានការខកចិត្តជាខ្លាំងចំពោះប្រតិកម្មរបស់ប្រព័ន្ធផ្សព្វផ្សាយ។ លោក ហ៊ុន សែន បានបន្តថា “ វាពិតជាគួរឲ្យអស់សំណើចពេកហើយ។ ពួកគេចាត់ទុកខ្ញុំជាកូនក្មេង”៕
(រាយការណ៍បន្ថែមដោយ Abby Seiff)
ប្រែសម្រួលដោយ តែមសុខុម