TAG
translate
អគ្គស្នងការនគរបាលជាតិបញ្ជាឲ្យនគរបាលឃ្លាំមើលតាមកន្លែងលក់គ្រឿងអលង្ការ ២៤ម៉ោងលើ២៤ម៉ោង
យោងតាមសេចក្តីជូនដំណឹងដែលបានចុះផ្សាយក្នុងគេហទំព័ររបស់នគរបាលកាលពីម្សិលមិញបានឲ្យដឹងថា លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានចេញបទបញ្ជាឲ្យនគរបាលចាប់ផ្តើមឃ្លាំមើលតាមកន្លែងលក់គ្រឿងអលង្ការនិងកន្លែងប្តូរប្រាក់តាមទីផ្សារ២៤ម៉ោង ហើយបានព្រមានក្រុមមន្ត្រីទាំងនោះថា ពួកគេអាចត្រូវបណ្តេញចេញ ប្រសិនបើពួកគេបណ្តោយឲ្យមានអំពើប្លន់ប្រដាប់អាវុធកើតឡើងទៀតនោះ។
សេចក្តីជូនដំណឹងនៅក្នុងគេហទំព័ររបស់នគរបាលជាតិមានខ្លឹមសារថា បទបញ្ជានេះត្រូវបានផ្សព្វផ្សាយកាលពីម្សិលមិញ គឺថ្ងៃតែមួយដែលបុរសបីនាក់ប្រដាប់ដោយកាំភ្លើងអាកា-៤៧ កាំភ្លើងខ្លី និងពូថៅបានប្លន់មាសនិងប្លាទីនពីផ្សារមួយក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ។
សេចក្តីជូនដំណឹងនៅក្នុងគេហទំព័រនគរបាលជាតិនេះលើកឡើងទៀតថា "ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានចេញបទបញ្ជាបន្ទាន់ដល់នគរបាលទូទាំងប្រទេសឲ្យពង្រឹង និងការពារសន្តិសុខ និងសុវត្ថិភាពនៅតាមទីប្រជុំជន ជាពិសេសនៅតាមកន្លែងលក់គ្រឿងអលង្ការ និងកន្លែងប្តូរប្រាក់។ នៅក្នុងបទបញ្ជាបន្ទាន់ដែលបានផ្សព្វផ្សាយដល់នគរបាលទូទាំងប្រទេសកាលពីថ្ងៃសៅរ៍នោះ ឧត្តមសេនីយ៍ នេត សាវឿន ក៏បានចាត់តាំងឲ្យស្នងការដ្ឋាននគរបាលទាំងអស់ដាក់កម្លាំងការពារ២៤ម៉ោងលើ២៤ម៉ោងនៅតាមទីផ្សារ និងទីប្រជុំជននានា ជាពិសេសនៅកន្លែងលក់គ្រឿងអលង្ការ និងកន្លែងប្តូរប្រាក់ដែលអាចមានអំពើប្លន់ប្រដាប់អាវុធកើតឡើង"។
សេចក្តីជូនដំណឹងនេះបានឲ្យដឹងថា "នៅក្នុងបទបញ្ជានេះ ឧត្តមសេនីយ៍ នេត សាវឿន ក៏បានព្រមានជាមុនថា នាយនគរបាលនិងកម្លាំងនគរបាលដែលទទួលខុសត្រូវនៅគ្រប់គោលដៅទាំងអស់ អាចប្រឈមការធ្វើអធិការកិច្ច ឬដកចេញពីតួនាទី ប្រសិនបើពួកគេ
ធ្វេសប្រហែស ហើយបណ្តោយឲ្យមានអំពើប្លន់ប្រដាប់អាវុធកើតឡើងដោយមិនមានការទទួលខុសត្រូវការពារសន្តិសុខ និងសុវត្ថិភាពនោះ"។
លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញកន្លែងដែលអំពើប្លន់ប្រដាប់អាវុធបានកើតឡើងកាលពីថ្ងៃសៅរ៍បានមានប្រសាសន៍ថា លោកមិនបារម្ភពីការគំរាមបាត់បង់ការងារឡើយ។
លោកបានមានប្រសាសន៍ថា "ខ្ញុំស្វាគមន៍បទបញ្ជានេះ និងត្រៀមខ្លួនអនុវត្តតាមបទបញ្ជា។ វាជាការល្អ ហើយយើងបានត្រៀមខ្លួនការពារប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង ហើយបានដាក់ពង្រាយកម្លាំងរបស់យើងរួចរាល់ហើយដើម្បីទប់ស្កាត់បទឧក្រិដ្ឋ"។
លោក ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំកន្លែងដែលមានអំពើប្លន់ប្រដាប់អាវុធជាច្រើនបានកើតឡើងកាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថា បទបញ្ជានេះត្រូវបានចេញដល់នគរបាលទាំងអស់កាលពីចុងសប្តាហ៍។
លោកបានមានប្រសាសន៍ថា "វាជាការល្អ ដើម្បីឲ្យកម្លាំងរបស់យើងប្រឹងប្រែងបំពេញការងារបន្ថែមទៀត ឬតែងតែគិតថា មានសភាពស្ងប់ស្ងាត់នោះ។ វាជាការក្រើនរំឭកដល់កម្លាំងរបស់យើង"៕សារុន
ជនរងគ្រោះនៃការវាយប្រហារទឹកអាស៊ីតស្លាប់ដោយសាររបួសធ្ងន់ធ្ងរ
យោងតាមឪពុកស្ត្រីរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះនៃការវាយប្រហារដោយទឹកអាស៊ីតដោយស្នាដៃប្រពន្ធដែលប្រចណ្ឌដែលបានរងការរលាកធ្ងន់ធ្ងរត្រង់ផ្ទៃមុខ និងដងខ្លួននោះ បានស្លាប់ដោយសាររបួសនៅមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍។
មាស វណ្ណី អាយុ២០ឆ្នាំជាសន្តិសុខនៅរោងចក្រស្បែកជើង Ho Hsin Tai ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានរងការវាយប្រហារដោយទឹកអាស៊ីតពីសំណាក់កម្មការិនីឈ្មោះ ស្រឿន ណាន់ បន្ទាប់ពីចេញពីផ្ទះរបស់ខ្លួនកាលពីព្រឹកថ្ងៃទី៦ ខែមីនា។
អ្នកស្រី ណាន់ អាយុ៣៨ឆ្នាំត្រូវបានចាប់ខ្លួននៅថ្ងៃដដែល ហើយបានសារភាពថា បានវាយប្រហារមកលើនាង មាស វណ្ណី បន្ទាប់ពីដឹងថា ស្ត្រីរូបនេះនិងប្តីរបស់ខ្លួនមានស្នេហាលួចលាក់។
លោក ស៊ិន ស៊ីនឿន ឪពុករបស់ មាស វណ្ណី បាននិយាយថា កូនស្រីរបស់គាត់បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរកាលពីថ្ងៃសៅរ៍ ហើយសពត្រូវបានបញ្ចុះនៅក្បែរផ្ទះរបស់ខ្លួនក្នុងខេត្តពោធិ៍សាត់កាលពីម្សិលមិញ។
លោកបាននិយាយថា "កូនស្រីរបស់ខ្ញុំបានស្លាប់នៅម៉ោង២រសៀលកាលពីរសៀលម្សិលមិញនៅមន្ទីរពេទ្យកាល់ម៉ែត។ យើងក្រៀមក្រំណាស់ ពីព្រោះយើងបានបាត់បង់សមាជិកគ្រួសាររបស់យើង"។
លោកបាននិយាយថា "កូនស្រីរបស់ខ្ញុំជាមនុស្សល្អ។ ហេតុអ្វីបានជានាងត្រូវគេវាយប្រហារដូចនេះទៅវិញ?”។
លោក ស៊ីនឿន បាននិយាយថា លោកចង់ឲ្យតុលាការផ្តន្តាទោសស្ត្រីឈ្មោះ ណាន់ នេះឲ្យធ្ងន់ធ្ងរ ហើយបង្គាប់ឲ្យនាងផ្តល់សំណងដល់គ្រួសាររបស់លោកចំនួន១០០លានរៀល។
លោកបាននិយាយថា "ខ្ញុំបានទាមទារឲ្យចាប់ជនសង្ស័យរូបនេះដាក់ពន្ធនាគារ ពីព្រោះនាងបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរមកលើកូនស្រីរបស់ខ្ញុំ"។
លោក អ៊ុំ សុភក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដែលទទួលបន្ទុកដោះស្រាយរឿងក្តីនេះបានមានប្រសាសន៍ថា លោកនឹងស្នើឲ្យតុលាការកែប្រែបទចោទប្រកាន់លើស្ត្រីឈ្មោះ ណាន់ នៅពេលលោកទទួលបានការបញ្ជាក់ជាផ្លូវការពីការស្លាប់របស់ មាស វណ្ណី។
លោកបានមានប្រសាសន៍ថា "យើងនឹងកែប្រែការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតទៅជាបទមនុស្សឃាតដោយគិតទុកជាមុន។ ស្ត្រីរូបនេះនឹងប្រឈមការចាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើត្រូវបានរកឃើញពិរុទ្ធភាព"។
ព្រះរាជអាជ្ញារងរូបនេះបានមានសង្ឃដីកាថា លោកក៏សង្ឃឹមថា នឹងឃើញនគរបាលស្វែងរកអ្នកដែលផ្តល់ទឹកអាស៊ីតដល់អ្នកស្រី ណាន់ និងធ្វើការចោទប្រកាន់លើពួកគេផងដែរ។
លោក ជា សុវណ្ណ នាយនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានមានប្រសាសន៍ថា អាជ្ញាធរកំពុងស្វែងរកពួកគេហើយ។
លោក សុវណ្ណ បានមានប្រសាសន៍ថា "អ្នកស្រី ណាន់ បានសារភាពថា គាត់បានសុំឲ្យអ្នករត់ម៉ូតូឌុបទិញទឹកអាស៊ីតឲ្យគាត់មួយដបតម្លៃ១២.០០០រៀល"។
លោកបានមានប្រសាសន៍ថា "ដូច្នេះបុរសរូបនោះ ប្រាកដជាជាប់ពាក់ព័ន្ធក្នុងករណីនេះ ពីព្រោះគាត់បានទិញអាស៊ីតខ្លាំងដែលអាជ្ញាធរបានហាមឃាត់ ដើម្បីឲ្យស្ត្រីរូបនេះអាចប្រព្រឹត្តបទឧក្រិដ្ឋ។ ហើយនៅពេលយើងរកឃើញអ្នករត់ម៉ូតូឌុបរូបនេះ ពេលនោះយើងនឹងរកឃើញម្ចាស់ហាងដែលបានលក់ទឹកអាស៊ីតមិនខាន"។
រដ្ឋាភិបាលបានអនុម័តច្បាប់ស្តីពីការវាយប្រហារដោយទឹកអាស៊ីតកាលពីឆ្នាំ២០១២ ចំពេលដែលមានបទឧក្រិដ្ឋវាយប្រហារទឹកអាស៊ីតជាច្រើន ហើយបានចេញអនុក្រឹត្យដាក់កម្រិតលើការលក់ទឹកអាស៊ីតនៅឆ្នាំបន្តបន្ទាប់មក៕សារុន
រដ្ឋមន្ត្រីបរិស្ថាននិយាយថា ជនជាតិដើមភាគតិចមិនគួរពឹងផ្អែកលើព្រៃឈើខ្លាំងពេកទេ
កាលពីថ្ងៃសុក្រ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសន្យាការពារវប្បធម៌របស់ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា មុនពេលលោកមានប្រសាសន៍បន្តថា ជនជាតិដើមភាគតិចទាំងនោះចាំបាច់ត្រូវរៀនរស់ដោយមិនពឹងផ្អែកលើព្រៃឈើ ដែលពួកគាត់បានពឹងផ្អែករាប់សតវត្សរ៍មកហើយ។
ដោយចូលរួមធ្វើជាគណៈអធិបតីក្នុងពិធីចាប់ផ្ដើមគំនិតផ្ដួចផ្ដើមថ្មីមួយដែលដឹកនាំដោយអង្គការសង្គ្រោះសត្វព្រៃ (Save Cambodia's Wildlife) ដើម្បីការពារឧទ្យានជាតិវីរជ័យ និងដែនជម្រកសត្វព្រៃលំផាត់ ជាដំបូងលោក សាយ សំអាល់ បានព្យាយាមរម្ងាប់កំហឹងរបស់ជនជាតិដើមភាគតិចប្រមាណ៣០នាក់ ដែលបានធ្វើដំណើរពីព្រៃអភិរក្សចំនួនពីរស្ថិតក្នុងខេត្តភាគឦសាននៃប្រទេស មកកាន់រាជធានីភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះបានមានប្រសាសន៍ទៅកាន់មនុស្សប្រហែល៨០នាក់ ដែលបានជួបជុំគ្នានៅសណ្ឋាគារហ៊ីម៉ាវ៉ារី (Himawari Hotel) ថា...
រដ្ឋាភិបាលកំពុងធ្វើសេក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពចំណីអាហារ
អ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ពេលនេះរដ្ឋាភិបាលកំពុងធ្វើសេចក្ដីព្រាងច្បាប់ថ្មីមួយស្ដីពីសុវត្ថិភាពចំណីអាហារ ដើម្បីការពារអ្នកទទួលទាន។
លោក លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងនេះ បានមានប្រសាសន៍ថា មន្ត្រីមកពីក្រសួងមួយចំនួនកំពុងធ្វើការរួមគ្នាលើសេចក្ដីព្រាងច្បាប់នេះ។
លោកបានពន្យល់ថា " មានឯកសារច្បាប់ គោលការណ៍ និងគោលនយោបាយដែលគ្របដណ្ដប់ចំណីអាហាររួចហើយ ប៉ុន្តែយើងមិនទាន់មានច្បាប់មួយដែលរឹងមាំទេ។ នោះជាមូលហេតុដែលយើងចាំបាច់ត្រូវប្រមូលចងក្រង និងអភិវឌ្ឍឯកសារទាំងនេះឲ្យក្លាយជាច្បាប់មួយដែលមានអំណាចខ្លាំង ខណៈប្រទេសរបស់យើងកំពុងមានការអភិវឌ្ឍ"។ លោកបានលើកឡើងបន្តថា ការងារនេះកំពុងស្ថិតក្នុងដំណាក់កាល " បច្ចេកទេស" នៅឡើយ។
លោកស្រី អុឹង ដាវី...
ប្រជាពលរដ្ឋដែលរងការបណ្ដេញចេញនៅសហគមន៍បុរីកីឡា ថ្កោលទោសចំពោះដំណោះស្រាយរបស់សាលារាជធានី
កាលពីថ្ងៃសុក្រ សាលារាជធានីបានប្រកាសថា ភាគច្រើននៃប្រជាពលរដ្ឋរងការបណ្ដេញចេញដែលនៅសេសសល់ពីសហគមន៍បុរីកីឡា ក្នុងរាជធានីភ្នំពេញ ដែលមិនទាន់មានផ្ទះសំបែងនៅឡើយក្រោយពីក្រុមហ៊ុនអភិវឌ្ឍន៍មួយមិនបានផ្ដល់លំនៅដ្ឋានគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងសហគមន៍នេះនោះ នឹងមិនទទួលបានផ្ទះនៅក្នុងតំបន់នេះទេ។
លោក មាន ចាន់យ៉ាដា ប្រធានរដ្ឋបាលនៅសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ១៥៤ករណីក្នុងចំណោម១៨៣ករណីនៃគ្រួសារដែលត្រូវបានបណ្ដេញចេញកាលពីឆ្នាំ២០១២ ត្រូវបាន "ដោះស្រាយ" រួចហើយ ប៉ុន្តែបានបដិសេធមិនបញ្ចេញសេចក្ដីលម្អិតទេនៅឯសន្និសីទកាសែតកាលពីថ្ងៃសុក្រ ដោយគាបទុកឯកសារដែលបង្ហាញពីសេចក្ដីសម្រេចធ្វើឡើងនៅសាលាខណ្ឌ៧មករា។
យោងតាមឯកសារទាំងនោះ ប្រជាពលរដ្ឋ២៥គ្រួសារនឹងទទួលបានលំនៅដ្ឋានក្នុងសហគមន៍បុរីកីឡា ចំណែកឯប្រជាពលរដ្ឋ៨៩គ្រួសារទៀតដែល " គ្មានលក្ខណសម្បត្តិគ្រប់គ្រាន់" នឹងទទួលបានលំនៅដ្ឋាននៅសហគមន៍ឧដុង្គ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ...
ក្រុមប៉ូលិសពិសេសនឹងស៊ើបអង្កេតអំពើហិង្សានៅក្រុងព្រះសីហនុ
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជូនមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយក្រុម ដើម្បីស៊ើបអង្កេតបទល្មើសហិង្សា ដែលជាប់ពាក់ព័ន្ធនឹងជនបរទេសនៅក្នុងក្រុងព្រះសីហនុ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍យ៉ាងប្រយ័ត្នប្រយែងនៅពេលសួរអំពីបេសកកម្មនោះ ប៉ុន្តែ បានមានប្រសាសន៍ថា មន្ត្រីថ្នាក់ជាតិនឹងគ្រប់គ្រងឲ្យបាននូវស្ថានការណ៍ដែលមានអំពើហិង្សានៅក្នុងក្រុងឆ្នេរសមុទ្រនេះ។
លោក សុភ័គ បានមានប្រសាសន៍ថា "ខ្ញុំអាចបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជូនមន្ត្រីមួយក្រុមទៅស៊ើបអង្កេត ប៉ុន្តែ ក្រៅពីនោះ ទុកឲ្យពួកគេបំពេញភារកិច្ច ហើយរង់ចាំពួកគេសរសេររបាយការណ៍ចប់សិន។ ស្ថានការណ៍អាចគ្រប់គ្រងបាន"។
រថយន្តម៉ាកសឺដេស ប៊ិន មួយគ្រឿងត្រូវភ្លើងឆេះកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីអ្នកបើកបរជនជាតិតួកគីឈ្មោះ បូរ៉ា អូស្សធឺក បានចុះពីរថយន្ត គឺជាឧប្បត្តិហេតុចុងក្រោយបង្អស់ក្នុងអំពើហិង្សា ដែលពាក់ព័ន្ធនឹងជនជាតិរុស្ស៊ី តួកគី និងអីុស្រាអែល នៅក្នុងក្រុងព្រះសីហនុ។
ការឆេះរថយន្តម៉ាកសឺដេស បានកើតឡើងរយៈពេលបួនថ្ងៃ បន្ទាប់ពីអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានព្រមានជនបរទេសដែលប្រព្រឹត្តខុសច្បាប់នៅក្នុងក្រុងព្រះសីហនុថា ពួកគេមិនអាចគេចពីច្បាប់បានទេ។ លោក សាវឿន បានមានប្រសាសន៍នៅឯក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៣ ខែមីនា ថា ៉កម្ពុជាមិនអនុញ្ញាតឲ្យជនបរទេសម៉ាហ្វុីយ៉ាមកប្រព្រឹត្តបទល្មើសនៅលើទឹកដីកម្ពុជាបានទេ"។
ការក្រើនរំឭករបស់នាយឧត្តមសេនីយ៍ សាវឿន បានធ្វើឡើងបន្ទាប់ពីម៉ាស៊ីនរថយន្ត រ៉ែងរ៉ូវឺ បានផ្ទុះក្នុងខណៈដែលរថយន្តនោះបានចតនៅខាងក្រៅផ្ទះរបស់ពាណិជ្ជករជាតិរុស្ស៊ី ឈ្មោះ នីកូឡៃ ដូរ៉ូសេនកូ។ កូនប្រុសរបស់លោក ដូរ៉ូសេនកូ ឈ្មោះ អូស្តាប បានបន្ទោសការឆេះរថយន្តនោះដោយសារតែគូប្រជែងរបស់ឪពុកលោកគឺ លោក សេរហ្គេ ប៉ូឡុនស្គី ដែលបានបដិសេធថា មិនបានពាក់ព័ន្ធទេ។
កាលពីខែកុម្ភៈ ជនជាតិតួកគីម្នាក់ឈ្មោះ មេមិត ទីកូគ្លី ត្រូវគេបាញ់តម្រង់ដាក់ក្នុងការបើកឡានបាញ់នៅថ្ងៃមួយ បន្ទាប់ពីគាត់ជាប់ចោទថា បានចាក់ជនជាតិអីុស្រាអែលម្នាក់។ កាលពីដើមខែមុន ជនជាតិរុស្ស៊ីពីរនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានវាយតប់គ្នានៅឯកាស៊ីណូមួយ នៅពេលដែលក្រុមម្ខាងបានទាមទារប្រាក់ចំណេញពីក្រុមហ៊ុនដែលលក់សំបុត្រឲ្យពិធីតូរ្យតន្ត្រីកាហ្សាន់ធិប ដែលត្រូវអាជ្ញាធរកម្ពុជាលុបចោលនៅមុនកម្មវិធីចាប់ផ្តើម គឺក្នុងពេលនោះ បុរសជនជាតិម៉ុលដាវីម្នាក់ ត្រូវគេចាក់។
បុរសម្នាក់ដែលបានជាប់ពាក់ព័ន្ធក្នុងការវាយតប់នោះ គឺលោក អូឡេក ធិកហានូវ ត្រូវគេជឿថា បានរត់គេចខ្លួនពីប្រទេសខ្មែរ បន្ទាប់ពីមានការលាតត្រដាងថា គាត់ស្ថិតនៅក្នុងបញ្ជីដែលគេតាមចាប់ខ្លួនបំផុតរបស់អាំងទែប៉ូល ដែលអាជ្ញាធររុស្ស៊ីតាមចាប់ពីបទមានអាវុធនិងគ្រឿងផ្ទុះក្នុងក្រុមឧក្រិដ្ឋជន។
ទាក់ទងកាលពីម្សិលមិញ លោកឧត្តមសេនីយ៍ទោ អុ៊ក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេតនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការកើនឡើងបទល្មើសនៅតាមឆ្នេរសមុទ្រ បានបង្ខំឲ្យក្រុងភ្នំពេញចាត់វិធានការ "ពង្រឹងសន្តិសុខពេលមានអនាធិបតេយ្យបង្កឡើងដោយជនបរទេស ដែលរស់នៅក្នុងខេត្តព្រះសីហនុ"។
លោកឧត្តមសេនីយ៍ទោ ហៃសិលា បានមានប្រសាសន៍ថា "បន្ទាប់ពីមានករណីជាច្រើនពាក់ព័ន្ធនឹងជនបរទេស អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបង្កើតគណៈកម្មការមួយដឹកនាំដោយឯកឧត្តម នៅ លក្ខិណា ដើម្បីពិនិត្យមើលករណីទាំងនោះ"។
លោក ហៃសិលា បានមានប្រសាសន៍បន្តថា លោក ឌី វិជ្ជា ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងប្រតិភូនោះដែរ រួមជាមួយនឹងមន្ត្រីមកពីនាយកដ្ឋានប្រឆាំងភេរវកម្ម។
លោកឧត្តមសេនីយ៍ឯក លក្ខិណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក វិជ្ជា ជាកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រី ហុ៊ន សែន មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
ទោះជាយ៉ាងណាក៏ដោយ លោក អុឹម សុវណ្ណ មេប៉ុស្តិ៍រងសង្កាត់លេខបី ដែលមានរថយន្តម៉ាកសឺដេសឆេះ បានបញ្ជាក់ថា ការប្រជុំលើកទី១ កាលពីម្សិលមិញ មានការចូលរួមដោយលោកឧត្តមសេនីយ៍ឯក លក្ខិណា លោកឧត្តមសេនីយ៍ឯក វិជ្ជា ស្នងការខេត្តលោក ស៊ាន កុសល ស្នងការរង កៅ រតនា និងអធិការក្រុងព្រះសីហនុ លោក ភុល ភស្តា។
លោក សុវណ្ណ បានមានប្រសាសន៍ថា "ករណីភាគច្រើនថ្មីៗនេះបានពាក់ព័ន្ធនឹងជនបរទេស ដូច្នេះ ពួកគេប្រជុំដើម្បីពង្រឹងការគ្រប់គ្រងជនបរទេស"។ រើន
មហាជនវាយដំបុរសពីរនាក់រហូតដល់ស្លាប់នៅក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នា
នគរបាលបាននិយាយកាលពីម្សិលមិញថា មហាជនដែលមានគ្នាប្រមាណ២០០នាក់ បានវាយដំបុរសវ័យ៣០ម្នាក់រហូតបាត់បងជីវិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃពុធ បន្ទាប់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានឃើញបុរសរូបនេះលួចទូរស័ព្ទដៃមួយគ្រឿង និងកាបូបលុយមួយ។
ហេតុការណ៍នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីកម្មករសំណង់ជាង២០នាក់បានវាយំបុរសម្នាក់ទៀតរហូតដល់ស្លាប់នៅក្នុងខេត្តមណ្ឌលគិរី បន្ទាប់ពីប្រពន្ធរបស់កម្មករម្នាក់ក្នុងចំណោមកម្មករទាំងនោះចោទប្រកាន់ថាបុរសរូបនោះបានរំលោភនាង។
យោងតាមលោក ថេង កុសល នាយប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៩យប់ថ្ងៃពុធ កម្មករកាត់ដេរ និងកម្មករសំណង់មួយក្រុមមានគ្នាប្រាំនាក់ដែលកំពុងផឹកស៊ីនៅខាងក្រោយប្លុកផ្ទះល្វែងដែលពួកគេស្នាក់នៅក្នុងស្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានហៅបុរសម្នាក់ផ្សេងទៀតដែលពួកគេមិនស្គាល់ ឲ្យចូលរួមផឹកស៊ីជាមួយពួកគេ។ ប្រហែល៥នាទីក្រោយមក ជនចម្លែកមុខនោះក៏បានចាកចេញពីវង់ផឹកសីុនេះ។
លោក ថេង កុសល បានមានប្រសាសន៍ថា "ពេលនោះ...
សាលាដំបូងខេត្តព្រះសីហនុបណ្ដេញអ្នកភូមិចេញពីដីមានវិវាទ
មន្ត្រីនិងសកម្មជនការពារសិទ្ធិមនុស្សបានឲ្យដឹងថា កាលពីម្សិលមិញ កម្មករបានចុះរុះរើផ្ទះចំនួន៦២ខ្នងនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយបានបណ្ដេញអ្នកភូមិប្រហែល៧០គ្រួសារ បន្ទាប់ពីសាលាដំបូងខេត្តបានសម្រេចអនុវត្តសាលក្រមដែលបានចេញជាយូរមកហើយនិងដែលបានចាត់ទុកគ្រួសារទាំងនេះថា បានរស់នៅលើដីរបស់ខ្លួនដោយខុសច្បាប់នោះ។
លោក ម៉ុង មុនីចរិយា ប្រធានសាលាដំបូងខេត្តបានលើកឡើងកាលពីម្សិលមិញថា លោកបានបង្គាប់ឲ្យកម្មករ៣០នាក់ ដែលអមដោយនគរបាល និងមន្ត្រីកងរាជអាវុធហត្ថប្រហែល១០០នាក់ អនុវត្តសេចក្ដីសម្រេចរបស់តុលាការ ដើម្បីបណ្ដេញសមាជិកនៃសហគមន៍អូរដំរីក្នុងឃុំអូត្រេះចេញពីដីរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា "ឥឡូវនេះម្ចាស់ដីកំពុងតែចរចាជាមួយអ្នកភូមិដែលកំពុងរស់នៅលើដីនេះ ហើយបានរៀបចំផ្ដល់គោលនយោបាយមួយដល់អ្នកទាំងនោះ"។ លោកបានបន្ថែមថា មានតែផ្ទះត្រឹមតែ៤៥ខ្នងប៉ុណ្ណោះ ដែលមានមនុស្សនៅ។
លោកស្រី ជាប សុធារី អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានលើកឡើងថា អ្នកភូមិចំនួន១៤៩គ្រួសារបានរស់នៅលើដីទំហំជិត២៤ហិកតាតាំងពីឆ្នាំ១៩៨៩មកម្លេ៉ះ...
នាយករដ្ឋមន្ត្រី៖ ធាតុផ្សំកំពុងរង់ចាំលោកហើយ អាវុធហត្ថ នគរបាល ត្រៀមខ្លួន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថានឹងចាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រសិនបើលោកហ៊ានដឹកនាំបាតុកម្មដើម្បីរំដោះមន្ត្រីព័ត៌មានគណបក្សសង្គោះជាតិ លោក មាជ សុវណ្ណរ៉ា ដែលកំពុងជាប់ពន្ធនាគារ។
លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីព្រឹកមិញក្នុងពិធីប្រគល់ប័ណ្ណជ័យលាភីអាហារូបករណ៍ដល់និស្សិត នៅឯវិទ្យាស្ថានជាតិអប់រំថា "ឥឡូវខ្ញុំសួរសំណួរទៅលោក បើសិនជាលោក មាជ សុវណ្ណរ៉ា មិនអាចចេញពីគុកក្រោយចូលឆ្នាំ តើលោកនឹងធ្វើអ្វី? លោកនឹងដឹកនាំមនុស្សតាមចិញ្ចើមថ្នល់ទៀត ឬអី? ធាតុផ្សំកំពុងរង់ចាំលោកហើយ អាវុធហត្ថ នគរបាល ត្រៀមខ្លួន ខ្នោះលាបពណ៌ឲ្យស្អាតបន្តិច"។
លោក ហ៊ុន សែន បានមានប្រសាសន៍បន្តថា "ឥឡូវខ្ញុំចង់សួរលោកឯង លោកឯងត្រៀមធ្វើអ្វី ព្រោះលោកឯងកំពុងតែស្ថិតក្នុងពិរុទ្ធភាពជាមេដឹកនាំនៃការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ឥឡូវបើសិនជាលោកឯងដឹកនាំបាតុកម្មដើម្បី ឬក៏ដឹកនាំទៅរំដោះអ្នកទោស ឬលោកឯងធ្វើអីទៀត?"។
កាលពីសប្តាហ៍មុន លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានជួបសួរសុខទុក្ខលោក សុវណ្ណារ៉ា នៅឯពន្ធនាគារព្រៃស ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចហិង្សាមួយនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំមុន។ នៅពេលនោះលោក សុខា បានមានប្រសាសន៍ថា លោកសង្ឃឹមថា លោក សុវណ្ណារ៉ា នឹងត្រូវដោះលែងពីពន្ធនាគារ នៅពេលដែលច្បាប់បោះឆ្នោត និងច្បាប់រៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានអនុម័តនោះ។
គណបក្សប្រឆាំង បានអះអាងថា ការចាប់ខ្លួនរបស់លោក សុវណ្ណារ៉ា គឺពាក់ព័ន្ធនឹងរឿងនយោបាយ៕
លោក ហ៊ុន សែន គំរាមចាត់ការលោក កឹម សុខា តាមផ្លូវច្បាប់
ក្នុងខួប៤៥ឆ្នាំនៃការបណ្តេញព្រះអង្គម្ចាស់ នរោត្តម សីហនុ ចេញពីអំណាចនៅក្នុងឆ្នាំ១៩៧០ពីសំណាក់លោក លន់ នល់ ដែលមានការគំាទ្រពីសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់គណបក្សសង្គ្រោះជាតិជាសាធារណៈកាលពីម្សិលមិញ ថា បានប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលលោក។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅក្នុងសហរដ្ឋអាេមរិកកាលពីសប្តាហ៍មុនថា លោកមានការសោកស្តាយដែលគណបក្សប្រឆាំងមិនអាចបណ្តេញគណបក្សប្រជាជនកម្ពុជាចេញពីអំណាចបាន ក្រោយពីការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៣ ហើយបានចាត់ទុកកិច្ចព្រមព្រៀងនយោបាយក្រោយការបោះឆ្នោតថា ជាការសម្របសម្រួលទាំងមិនពេញចិត្ត។
អំឡុងសុន្ទរកថាធ្វើឡើងនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីម្សិលមិញ លោក ហ៊ុន សែន បានរិះគន់ការអត្ថាធិប្បាយទាំងនេះខ្លាំងៗថាជាភ័ស្តុតាងបង្ហាញថា គណបក្សសង្គ្រោះជាតិមានបំណងផ្តួលរំលំរដ្ឋាភិបាល ក្រោយការបោះឆ្នោតជាតិដ៏ចម្រូងចម្រាស។
លោក ហ៊ុន សែន បានលើកឡើងអំឡុងពិធីបើកការដ្ឋានស្ថាបនាផ្លូវថ្មីមួយខ្សែក្នុងក្រុងប៉ោយប៉ែតថា អាចនឹងមានការចាត់វិធានការផ្លូវច្បាប់ប្រឆាំងលោក កឹម សុខា ដោយសារ តែ"ការសារភាព" របស់លោក។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ឥឡូវបែរជាមានអ្នកចេញមកសារភាពថា គេបានប្រឹងប្រែងផ្តួលរដ្ឋាភិបាល ផ្តួលគណបក្សប្រជាជន តែមិនបានសម្រេច។ គេបរាជ័យ ហើយសុំទោសប្រជាពលរដ្ឋនៅអាមេរិក។អញ្ចឹងយើងចាត់ការតាមផ្លូវច្បាប់បែបណា? បើមេចោរសារភាពហើយ មេចោរសារភាពហើយ តើចាត់ការផ្លូវច្បាប់យ៉ាងណា? អញ្ចឹងអ្នកខូចខាតទ្រព្យសម្បត្តិទាំងប៉ុន្មានទៅរកតែម្នាក់ហ្នឹងទៅ។ ចាប់យកមកទារលុយទៅ អាហ្នឹងត្រូវហើយ អត់ខុសទេ។ ពេលនេះចោរបានចាប់ផ្តើមបង្ហាញមុខហើយ មេខ្លោងដែលចង់ផ្តួលរដ្ឋាភិបាល។ ខ្ញុំសង្ឃឹមថា តុលាការមិនល្ងង់ទេ ពីព្រោះពួកគេគួរតែកត់ត្រាអ្វីដែលបាននិយាយ ពីព្រោះ ក៏ត្រូវបានកោះហៅទៅសាកសួរដែរ"។
លោក កឹម សុខា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានកោះហៅទៅសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីខែមករាឆ្នាំ២០១៤ ជុំវិញការពាក់ព័ន្ធរបស់លោកទាំងពីរនៅក្នុងការតវ៉ាក្នុងវិស័យការងារ ដែលបានបញ្ចប់ទៅដោយការបង្ហូរឈាមកាលពីដើមខែនោះ ដោយកម្មករប្រាំនាក់ត្រូវបានកងរាជអាវុធហត្ថបាញ់ស្លាប់។
ការតវ៉ារបស់គណបក្សសង្គ្រោះជាតិចន្លោះពីខែកញ្ញា ឆ្នាំ២០១៣ដល់ខែមករាឆ្នាំ២០១៤ បង្ហាញយ៉ាងច្បាស់ថា គណបក្សនេះមានបំណងបណ្តេញលោក ហ៊ុន សែន ចេញពីអំណាច ដោយដឹកនាំប្រជាពលរដ្ឋរាប់មឺុននាក់ហែរក្បួនពាសពេញរាជធានីភ្នំពេញដោយស្រែកថា "ហ៊ុន សែន អើយចុះចេញទៅ" និងទាមទារឲ្យមានការបោះឆ្នោតឡើយវិញ។
ទាំងលោក កឹម សុខា និងលោក សម រង្ស៊ី បានសន្យាម្តងហើយម្តងទៀតអំឡុងការតវ៉ាថា នឹងមិនចូលសភាឡើយ ប្រសិនបើគ្មានការបោះឆ្នោតមុនអាណត្តិដែលយុត្តិធម៌ជាងមុន និងដែលលោកទាំងពីរលើកឡើងថា នឹងធានាការបណ្តេញលោក ហ៊ុន សែន ចេញពីអំណាចទេនោះ។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃសុក្រ លោក កឹម សុខា បានសូមទោសដែលគណបក្សរបស់លោកមិនអាចសម្រេចការផ្លាស់ប្តូរ "ឲ្យបានល្អ ឲ្យបានលឿន និងឲ្យបានពេញលេញ" អំឡុងការតវ៉ា ហើយបែរជាងាកទៅចរចាជាមួយគណបក្សប្រជាជនកម្ពុជាទៅវិញ។
លោក កឹម សុខា បានមានប្រសាសន៍ថា "យើងមានបំណងផ្លាស់ប្តូរឲ្យបានទាំងស្រុង ប៉ុន្តែ យើងដឹងហើយថា ការវិវឌ្ឍខាងនយោបាយគឺមិនដូចការចង់បានរបស់យើងគ្រប់ពេលទេ។ ពេលខ្លះ យើងមិនអាចអនុវត្ត បាន១០០ភាគរយឡើយ ពីព្រោះយើងមិនមែនធ្វើបដិវត្តន៍នោះទេ។ សូម្បីរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅពេលយើងធ្វើបាតុកម្ម គេបានសុំឲ្យយើងកុំចេញទៅតវ៉ាតាមដងផ្លូវ ព្រោះវាអាចមានអំពើហិង្សា ហើយគេតែងតែចង់ឲ្យយើងចរចា ហើយគេនិយាយថា ' ហេតុអីអ្នកឯងមិនទៅចរចា?'”។
ការអត្ថាធិប្បាយរបស់លោក កឹម សុខា ក៏បណ្តាលឲ្យមានប្រតិកម្មយ៉ាងខ្លាំងដែរកាលពីម្សិលមិញ ពីសំណាក់លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា ដែលពីមុនកាន់តំណែងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី។
នៅឯសន្និសីទកាសែតមួយធ្វើឡើងនៅក្នុងរាជធានីភ្នំពេញក្រោយសុន្ទរកថារបស់លោក ហ៊ុន សែន កាលពីម្សិលមិញ លោក ឈាង វុន បានមានប្រសាសន៍ថា ការអត្ថាធិប្បាយរបស់លោក កឹម សុខា អំពីការទម្លាក់គណបក្សប្រជាជនកម្ពុជាចេញពីអំណាច គឺស្របគ្នាទៅនឹងព័ត៌មានសើុបការណ៍សម្ងាត់ដែលលោកទទួលបានកាលពីចុងឆ្នាំ២០១៣ ពាក់ព័ន្ធនឹងបាតុកម្មរបស់គណបក្សប្រឆាំង។
លោក ឈាង វុន បានមានប្រសាសន៍ទៀតថា លោកទទួលបានលិខិត "សម្ងាត់បំផុត"មួយច្បាប់ពីប្រភពមួយដែលលោកសុំមិនបញ្ចេញ ដែលបានលើកឡើងថា ពលរដ្ឋអាមេរិកមួយរូបឈ្មោះ វីលៀម បាត់ឃើស (William Butkus) មន្ត្រីរបស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានលាតត្រដាងថា សមាជិកសភាមួយរូបរបស់សហរដ្ឋអាមេរិកបានណែនាំគណបក្សសង្គ្រោះជាតិពីរបៀបរៀបចំការតវ៉ារបស់ខ្លួនក្រោយការបោះឆ្នោត។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជារូបនេះបានលើកឡើងទៀតថា សមាជិកសភាសហរដ្ឋអាមេរិក លោក ស្ទីវ ឆាបូត (Steve Chabot) ដែលជាប្រធានអនុគណៈកម្មាធិការកិច្ចការបរទេស បានណែនាំលោក សម រង្ស៊ី ពីរបៀបបណ្តេញលោក ហ៊ុន សែន ចេញពីអំណាចតាមរយៈបាតុកម្មតាមដងផ្លូវ រហូតដល់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក ឌីក ដឺប៊ែន (Dick Durban) បានអន្តរាគមន៍ឲ្យបញ្ឈប់ការប្រឹងប្រែងនេះ។
លោក ឈាង វុន បានមានប្រសាសន៍ថា "យោងតាមលោក បាត់ឃើស បានឲ្យដឹងថា លោក ឌីក ដឺប៊ែន បានស្នើសុំឲ្យលោក ស្ទីវ ឆាបូត បង្អង់ ការផ្លាស់ប្តូរនៅកម្ពុជាតាមរយៈការញុះញុង និងជួយលោក សម រង្ស៊ី ឲ្យដណ្តើមអំណាច។ លោក ស្ទីវ ឆាបូត ជាអ្នកទទួលខុសត្រូវលើបញ្ហានេះ"។
លោក ឈាង វុន បានបន្តថា លោក ស្ទីវ ឆាបូត បានណែនាំលោក សម រង្ស៊ី ពីរបៀប"ផ្តួលគណបក្សប្រជាជន ផ្តួលសម្តេច ហ៊ុន សែន តាមរយៈអំណាចប្រជាពលរដ្ឋដើរតាមចិញ្ចើមថ្នល់" នេះបើយោងតាមលិខិតសម្ងាត់ដែលលោកទទួលបាន។
ទោះជាយ៉ាងណា លោក ចេយ៍ រ៉ាមែន (Jay Raman) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានមានប្រសាសន៍ថា ស្ថានទូតមិនដឹងអំពីការទំនាក់ទំនងណាមួយរវាងសមាជិកសភាសហរដ្ឋអាមេរិក និងគណបក្សសង្គ្រោះជាតិទេជុំវិញការតវ៉ារបស់គណបក្សនេះ។ លោកបានលើកឡើងនៅក្នុងអីុម៉េលមួយថា "យើងគ្មានព័ត៌មានអំពីការចោទប្រកាន់នេះទេ"។
ទាំងលោក សម រង្ស៊ី និងលោក យឹម សុវណ្ណ ដែលជាអ្នកនាំពាក្យគណបក្សប្រឆាំង មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ ពាក់ព័ន្ធនឹងបញ្ហានេះ៕សុខុម (រាយការណ៍បន្ថែមដោយ Alex Willemyns)
Latest news
© 2021, ដេលី. All rights reserved.

