កាលពីថ្ងៃសុក្រ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសន្យាការពារវប្បធម៌របស់ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា មុនពេលលោកមានប្រសាសន៍បន្តថា ជនជាតិដើមភាគតិចទាំងនោះចាំបាច់ត្រូវរៀនរស់ដោយមិនពឹងផ្អែកលើព្រៃឈើ ដែលពួកគាត់បានពឹងផ្អែករាប់សតវត្សរ៍មកហើយ។
ដោយចូលរួមធ្វើជាគណៈអធិបតីក្នុងពិធីចាប់ផ្ដើមគំនិតផ្ដួចផ្ដើមថ្មីមួយដែលដឹកនាំដោយអង្គការសង្គ្រោះសត្វព្រៃ (Save Cambodia’s Wildlife) ដើម្បីការពារឧទ្យានជាតិវីរជ័យ និងដែនជម្រកសត្វព្រៃលំផាត់ ជាដំបូងលោក សាយ សំអាល់ បានព្យាយាមរម្ងាប់កំហឹងរបស់ជនជាតិដើមភាគតិចប្រមាណ៣០នាក់ ដែលបានធ្វើដំណើរពីព្រៃអភិរក្សចំនួនពីរស្ថិតក្នុងខេត្តភាគឦសាននៃប្រទេស មកកាន់រាជធានីភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះបានមានប្រសាសន៍ទៅកាន់មនុស្សប្រហែល៨០នាក់ ដែលបានជួបជុំគ្នានៅសណ្ឋាគារហ៊ីម៉ាវ៉ារី (Himawari Hotel) ថា ” នៅរតនគិរី និងស្ទឹងត្រែង មានជនជាតិដើមភាគតិចដែលមានអត្តសញ្ញាណផ្ទាល់ខ្លួន។ យើងមានកាតព្វកិច្ចការពារអត្តសញ្ញាណ និងវប្បធម៌របស់ពួកគាត់”។
ជនជាតិដើមភាគតិចគ្រឹង ចារ៉ាយ និងទំពួន មានចំនួនច្រើនជាងគេក្នុងចំណោមជនជាតិដើមភាគតិចទាំងអស់នៅភាគឦសាននៃប្រទេសកម្ពុជា។ តាមទំនៀមទម្លាប់ ពួកគាត់រស់នៅដោយអាស្រ័យលើដីធ្លី ធ្វើចម្ការពនេចរ និងបញ្ចុះសពសាច់ញាតិដែលចែកឋានទៅនៅក្នុងព្រៃអារក្សអ្នកតា។
ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ព្រៃទាំងនោះត្រូវបានប្រែក្លាយទៅជាដីសម្បទានសេដ្ឋកិច្ច និងត្រូវបានអ្នកកាប់ឈើខុសច្បាប់កាប់បំផ្លាញឈើប្រណីត និងកម្រ ដើម្បីនាំចេញទៅបរទេស។
ការសិក្សាស្រាវជាវមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យមា៉រីលែន (University of Maryland) បានរកឃើញថា គ្រាន់តែនៅក្នុងឆ្នាំ២០១៣ កម្ពុជាបានបាត់បង់ព្រៃទំហំរហូតដល់ទៅ២.១៣២គីឡូម៉ែត្រក្រឡា។
ក្រោយពិធីចាប់ផ្ដើមគំនិតផ្ដួចផ្ដើមថ្មីនេះកាលពីថ្ងៃសុក្រ លោក សាយ សំអាល់ បានមានប្រសាសន៍ថា ខណៈ ” ព្រៃជាផ្នែកមួយនៃវប្បធម៌របស់យើង” ពេលវេលាបានមកដល់ហើយសម្រាប់ជនជាតិដើមភាគតិចសម្លឹងរកវិធីចិញ្ចឹមជីវិតក្រៅពីពឹងផ្អែកលើព្រៃឈើ ហើយថា សម្បទានដីសេដ្ឋកិច្ចអាចផ្ដល់ឱកាសបែបនេះបាន។
លោកបានមានប្រសាសន៍បន្តថា ” អ្វីដែលយើងកំពុងព្យាយាមធ្វើ គឺអភិវឌ្ឍកសិឧស្សាហកម្មរបស់យើងដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋរបស់យើង ដូច្នេះសង្ឃឹមថា ពួកគាត់មិនពឹងផ្អែកលើព្រៃឈើទៀតទេ។ ពួកគាត់ [គួរតែ] ពឹងផ្អែកលើអ្វីផ្សេងដូចជាជំនាញជាដើម”។
ទោះជាយ៉ាងណា លោក ហាប់ ទាប អាយុ៤០ឆ្នាំ ជាជនជាតិដើមភាគតិចព្រៅ ដែលរស់នៅក្នុងស្រុកវើនសៃ ខេត្តរតនគិរី បាននិយាយថា គាត់មិនចង់ផ្លាស់ប្ដូររបៀបរស់នៅរបស់គាត់នោះទេ។ បច្ចុប្បន្ន គាត់ប្រមូលផលពីដើមសំរោងដោយបេះផ្លែរបស់វាលក់ពីរខែក្នុងមួយឆ្នាំ។
គាត់និយាយទៀតថា ” ខ្ញុំអាចរកបានចន្លោះពី១០ម៉ឺនទៅ២០ម៉ឺនរៀល [ប្រហែល២៥ដុល្លារទៅ៥០ដុល្លារ] ក្នុងមួយថ្ងៃ។ យើងមិនចាំបាច់ឈប់ប្រើប្រាស់ព្រៃទេ ពីព្រោះក្រសួងឬ NGO បាននិយាយយ៉ាងដូច្នេះ។ យើងមានវប្បធម៌ និងមធ្យោបាយផ្ទាល់ខ្លួនរបស់យើង”៕ សុខុម
(រាយការណ៍បន្ថែមដោយ សេក ឧត្ដម)