41.3 C
Phnom Penh

លោក ហ៊ុន សែន គំរាម​​​ចាត់​​​ការ​​​លោក កឹម សុខា តាម​​​ផ្លូវ​​​ច្បាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​​​ខួប​​​៤៥ឆ្នាំ​​​នៃ​​​ការ​​​បណ្តេញ​​​ព្រះ​​​អង្គ​​​ម្ចាស​​​់ នរោត្តម​​​ សីហនុ ចេញ​​​​​​ពី​​​អំណាច​​​នៅ​​​ក្នុង​​​​​​ឆ្នាំ​​​១៩៧០​​​ពី​​​សំណាក់​​​លោក លន់ នល់​​​ ដែល​​​មាន​​​ការ​​​គំាទ្រ​​​ពី​​​សហរដ្ឋ​​​អាមេរិក​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន  បាន​​​ចោទ​​​ប្រកាន់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ជា​​​សាធារណៈ​​​កាល​​​ពី​​​ម្សិលមិញ ថា បាន​​​ប៉ុន​​​ប៉ង​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​​​​លោក​​​។

លោក​​​ កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​គាំទ្រ​​​នៅ​​​ក្នុង​​​សហរដ្ឋ​​​អាេមរិក​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា លោក​​​មាន​​​ការ​​​សោក​​​ស្តាយ​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​មិន​​​អាច​​​បណ្តេញ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​​​​ចេញ​​​ពី​​​អំណាច​​​បាន​​​​​​ ក្រោយ​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ហើយ​​​បាន​​​​​​ចាត់​​​ទុក​​​កិច្ច​​​ព្រម​​​ព្រៀង​​​នយោបាយ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ថា ជា​​​ការ​​​សម្រប​​​សម្រួល​​​ទាំង​​​មិន​​​ពេញ​​​ចិត្ត​​​។

អំឡុង​​​សុន្ទរកថា​​​ធ្វើ​​​ឡើង​​​នៅ​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​កាល​​​ពី​​​ម្សិលមិញ លោក ហ៊ុន សែន បាន​​​រិះ​​​គន់​​​​​​ការ​​​អត្ថាធិប្បាយ​​​ទាំង​​​នេះ​​​ខ្លាំង​​​ៗ​​​ថា​​​ជា​​​ភ័ស្តុតាងបង្ហាញ​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​បំណង​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​​​​ ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ដ៏​​​ចម្រូង​​​ចម្រាស​​​។

លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​អំឡុង​​​ពិធី​​​បើក​​​ការដ្ឋាន​​​ស្ថាបនា​​​ផ្លូវ​​​ថ្មី​​​មួយ​​​ខ្សែ​​​ក្នុង​​​​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ថា អាច​​​នឹង​​​មាន​​​ការ​​​ចាត់​​​វិធានការ​​​​​​ផ្លូវ​​​ច្បាប់​​​ប្រឆាំង​​​លោក កឹម សុខា ដោយ​​​សារ​​​ តែ”ការសារភាព​​​” របស់​​​លោក​​​។

លោក​​​បាន​​​មានប្រសាសន៍​​​យ៉ាង​​​ដូច្នេះ​​​ថា “ឥឡូវបែរ​​​ជា​​​មានអ្នក​​​ចេញ​​​មក​​​សារភាព​​​ថា គេ​​​បាន​​​ប្រឹង​​​ប្រែង​​​ផ្តួល​​​រដ្ឋាភិបាល​​​ ផ្តួល​​​គណបក្ស​​​ប្រជា​​​ជន​​​​​​ តែ​​​មិ​​​ន​​​បាន​​​សម្រេច​​​។ គេ​​​បរាជ័យ​​​ ហើយ​​​សុំ​​​ទោស​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​អាមេរិក។អញ្ចឹង​​​យើង​​​ចាត់​​​ការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​បែប​​​ណា? ​​​បើ​​​មេ​​​ចោរសារភាពហើយ មេចោរ​​​សារភាព​​​ហើយ តើ​​​ចាត់​​​ការ​​​ផ្លូវ​​​ច្បាប់​​​យ៉ាង​​​ណា? អញ្ចឹង​​​អ្នក​​​ខូច​​​ខាត​​​ទ្រព្យ​​​សម្បត្តិ​​​ទាំង​​​ប៉ុន្មាន​​​​​​ទៅ​​​រក​​​​​​តែ​​​ម្នាក់​​​ហ្នឹង​​​ទៅ។ ចាប់យក​​​មក​​​ទារលុយ​​​ទៅ អាហ្នឹង​​​ត្រូវ​​​ហើយ​​​ អត់​​​ខុស​​​ទេ។ ពេល​​​នេះ​​​ចោរ​​​បាន​​​ចាប់​​​ផ្តើម​​​បង្ហាញ​​​មុខ​​​ហើយ​​​ មេខ្លោង​​​ដែល​​​ចង់​​​ផ្តួល​​​រដ្ឋាភិបាល​​​។ ខ្ញុំ​​​សង្ឃឹម​​​ថា តុលាការ​​​មិន​​​ល្ងង់​​​ទេ​​​ ពីព្រោះ​​​ពួក​​​គេ​​​គួរ​​​តែ​​​កត់​​​ត្រា​​​អ្វីដែល​​​បាន​​​និយាយ​​​ ពីព្រោះ ​​​[លោក កឹម សុខា] ក៏ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ទៅសាក​​​សួរ​​​ដែរ​​​”។

លោក កឹម សុខា និង​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ទៅ​​​សាក​​​សួរ​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ខែ​​​មករា​​​ឆ្នាំ​​​២០១៤ ជុំវិញ​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​លោក​​​ទាំង​​​ពីរ​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​ក្នុង​​​វិស័យ​​​ការ​​​ងារ​​​ ដែល​​​បាន​​​បញ្ចប់​​​ទៅ​​​ដោយ​​​ការ​​​បង្ហូរ​​​ឈាម​​​កាល​​​ពី​​​ដើម​​​ខែ​​​នោះ​​​ ដោយ​​​កម្មករ​​​ប្រាំ​​​នាក់​​​ត្រូវ​​​បាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាញ់​​​ស្លាប់​​​។

ការ​​​តវ៉ា​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​ចន្លោះ​​​ពី​​​ខែ​​​កញ្ញា ឆ្នាំ​​​២០១៣​​​ដល់​​​ខែ​​​មករា​​​ឆ្នាំ​​​២០១៤ បង្ហាញ​​​យ៉ាង​​​ច្បាស់​​​ថា គណបក្ស​​​នេះ​​​មាន​​​បំណង​​​បណ្តេញ​​​លោក ហ៊ុន សែន​​​ ចេញ​​​ពី​​​អំណាច​​​ ដោយ​​​ដឹក​​​នាំ​​​ប្រជា​​​ពល​​​រដ្ឋ​​​រាប់​​​មឺុន​​​នាក់​​​ហែរ​​​ក្បួន​​​ពាស​​​​​​ពេញ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដោយ​​​ស្រែក​​​ថា  “ហ៊ុន សែន អើយ​​​ចុះ​​​ចេញ​​​ទៅ” និង​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ឡើយ​​​វិញ​​​។

ទាំង​​​លោក កឹម សុខា និង​​​លោក សម រង្ស៊ី  បាន​​​សន្យា​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​អំឡុង​​​ការ​​​តវ៉ា​​​ថា នឹង​​​មិន​​​ចូល​​​សភា​​​ឡើយ​​​ ប្រសិន​​​បើ​​​គ្មាន​​​ការ​​​បោះ​​​ឆ្នោត​​​មុន​​​អាណត្តិ​​​​​​ដែល​​​យុត្តិធម៌​​​ជាង​​​មុន​​​ និង​​​ដែល​​​លោក​​​ទាំង​​​ពីរ​​​លើក​​​ឡើ​​​ង​​​ថា នឹង​​​ធានា​​​ការ​​​បណ្តេញ​​​លោក ហ៊ុន សែន ចេញ​​​ពី​​​អំណាច​​​ទេ​​​នោះ​​​។

ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​រដ្ឋ​​​កាលីហ្វ័រ​​​ញ៉ា កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ លោក កឹម សុខា បាន​​​សូម​​​ទោស​​​ដែ​ល​​​គណបក្ស​​​​​​របស់​​​លោក​​​មិន​​​អាច​​​សម្រេច​​​ការ​​​ផ្លាស់​​​ប្តូរ​​​ “ឲ្យ​​​បានល្អ​​​ ឲ្យ​​​បាន​​​លឿន និង​​​ឲ្យ​​​បាន​​​ពេញ​​​លេញ​​​” អំឡុង​​​ការ​​​តវ៉ា​​​ ហើយ​​​​​​បែរ​​​ជា​​​ងាក​​​ទៅចរចា​​​ជាមួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ទៅវិញ​​​។

លោក កឹម សុខា បានមានប្រសាសន៍​​​ថា “យើង​​​មាន​​​បំណង​​​ផ្លាស់​​​ប្តូរ​​​ឲ្យ​​​បាន​​​ទាំង​​​ស្រុង​​​​​​​​​​​​​​​ ប៉ុន្តែ យើង​​​ដឹង​​​ហើយ​​​ថា ការ​​​វិវឌ្ឍ​​​ខាង​​​នយោបាយ​​​គឺ​​​មិនដូច​​​ការ​​​ចង់​​​បាន​​​របស់​​​យើង​​​គ្រប់​​​ពេល​​​ទេ​​​។ ពេល​​​ខ្លះ យើង​​​មិន​​​អាច​​​អនុវត្ត​​​ [ការ​​​ផ្លាស់​​​ប្តូរ​​​] បាន​​​១០០ភាគរយ​​​ឡើយ​​​ ពីព្រោះ​​​យើង​​​មិន​​​មែន​​​ធ្វើ​​​បដិវត្តន៍​​​នោះ​​​ទេ​​​។ សូម​​​្បី​​​រដ្ឋាភិបាល​​​សហរដ្ឋ​​​អាមេរិក​​​ នៅ​​​ពេល​​​យើង​​​ធ្វើ​​​បាតុកម្ម​​​ គេ​​​​​​បាន​​​សុំ​​​ឲ្យ​​​យើង​​​កុំ​​​ចេញ​​​ទៅ​​​តវ៉ា​​​តាមដង​​​​​​ផ្លូវ​​​ ព្រោះ​​​វា​​​អាច​​​មាន​​​អំពើ​​​ហិង្សា​​​ ហើយ​​​គេ​​​តែង​​​តែ​​​ចង់​​​ឲ្យ​​​យើង​​​ចរចា​​​ ហើយ​​​គេ​​​និយាយ​​​ថា ‘ ហេតុ​​​អីអ្នក​​​ឯង​​​មិន​​​ទៅ​​​ចរចា​​​?’”។

ការ​​​​​​អត្ថាធិប្បាយ​​​របស់​​​លោក កឹម សុខា ក៏​​​​​​បណ្តាល​​​ឲ្យ​​​មាន​​​ប្រតិកម្ម​​​យ៉ាង​​​ខ្លាំង​​​​​​​​​ដែរ​​​កាល​​​ពី​​​ម្សិលមិញ ពីសំណាក់​​​លោក ឈាង វុន តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និ​​​ង​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋសភា​​​ ដែល​​​ពីមុន​​​កាន់​​​តំណែង​​​ជា​​​ឯក​​​អគ្គរាជ​​​ទូត​​​កម្ពុជា​​​ប្រចា​​​ំ​​​ប្រទេស​​​អូស្ត្រាលី​​​។

នៅ​​​ឯសន្និសីទកាសែត​​​មួយ​​​ធ្វើ​​​ឡើង​​​នៅ​​​ក្នុង​​​​​​រាជធានីភ្នំពេញ​​​ក្រោយ​​​សុន្ទរកថា​​​របស់​​​លោក ហ៊ុន សែន កាល​​​ពី​​​ម្សិលមិញ លោក ឈាង​​​ វុន បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​អត្ថាធិប្បាយ​​​របស់​​​លោក កឹម សុខា អំពី​​​ការ​​​ទម្លាក់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ចេញ​​​ពី​​​អំណាច​​​ គឺ​​​ស្រប​​​គ្នា​​​ទៅ​​​នឹង​​​ព័ត៌​​​មាន​​​សើុប​​​ការណ៍​​​​​​សម្ងាត់​​​ដែល​​​លោក​​​ទទួល​​​បាន​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​២០១៣​​​ ពាក់​​​ព័ន្ធ​​​នឹង​​​បាតុកម្ម​​​របស់​​​គណបក្ស​​​ប្រឆាំង​​​​​​។

លោក ឈាង វុន បាន​​​មាន​​​ប្រសាសន​​៍​​​ទៀត​​​ថា លោក​​​ទទួល​​​បាន​​​លិខិត​​​​​​ “សម្ងាត់​​​បំផុត​​​”មួ​​យ​​​ច្បាប់​​​ពី​​​ប្រភព​​​មួយ​​​ដែល​​​លោក​​​សុំ​​​មិន​​​បញ្ចេញ​​​ ដែល​​​បាន​​​លើក​​​​​​ឡើង​​​ថា ពល​​​រដ្ឋ​​​អាមេរិក​​​មួយ​​​រូប​​​ឈ្មោះ វីលៀម បាត់​​​ឃើស (William Butkus) មន្ត្រី​​​របស់​​​អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរជាតិ​​​ (Amnesty International) បាន​​​​​​លាត​​​ត្រដាង​​​ថា សមាជិក​​​សភា​​​​​​មួយ​​​រូប​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​​​​​​បាន​​​ណែនាំ​​​គណបក្ស​​​សង្គ្រោ​​​ះ​​​ជាតិ​​​ពី​​​របៀប​​​រៀប​​​ចំ​​​​​​ការ​​​តវ៉ា​​​របស់​​​ខ្លួន​​​ក្រោយ​​​​​​ការ​​​បោះ​​​ឆ្នោត​​​។

តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា សមាជិក​​​សភា​​​សហរដ្ឋ​​​អាមេរិក​​​ លោក ស្ទីវ ឆាបូត (Steve Chabot) ដែល​​​ជា​​​ប្រធាន​​​អនុគណៈកម្មាធិការ​​កិច្ច​​​ការ​​​បរទេស​​​ បាន​​​ណែនាំ​​​លោក សម រង្ស៊ី ពីរបៀប​​​បណ្តេញ​​​លោក ហ៊ុន​​​ សែន ចេញ​​​ពីអំណាច​​​តាម​​​រយៈ​​​បាតុកម្ម​​​តាម​​​ដង​​​ផ្លូវ​​​ រហូត​​​ដល់​​​សមាជិក​​​ព្រឹទ្ធសភា​​​សហរដ្ឋ​​​អាមេរិក​​​ លោក ឌីក ដឺប៊ែន (Dick Durban) បាន​​​អន្តរាគមន៍​​​ឲ្យ​​​បញ្ឈប់​​​ការ​​​ប្រឹង​​​ប្រែងនេះ។

លោក ឈាង វុន បាន​​​មានប្រសាសន៍​​​ថា “យោង​​​តាម​​​លោក បាត់​​​ឃើស បាន​​​ឲ្យ​​​ដឹង​​​ថា លោក ឌីក ដឺប៊ែន បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​លោក ស្ទីវ ឆាបូត​​​ បង្អង់​​​ [ការ​​​ប្រឹង​​​ប្រែង​​​របស់​​​លោក​​​ឆ្ពោះទៅ​​​] ការ​​​ផ្លាស់​​​ប្តូរ​​​នៅ​​​កម្ពុជា​​​តាម​​​រយៈ​​​ការ​​​ញុះ​​​ញុង​​ និង​​​ជួយ​​​លោក សម រង្ស៊ី ឲ្យ​​​ដណ្តើម​​​អំណាច​​​។ លោក ស្ទីវ​​​ ឆាបូត​​​ ជា​​​អ្នកទទួល​​​ខុស​​​​​​ត្រូវ​​​លើ​​​បញ្ហា​​​នេះ​​​”។

លោក ឈាង វុន បាន​​​បន្ត​​​ថា លោក​​​ ស្ទីវ​​​ ឆាបូត​​​ បាន​​​ណែនាំ​​​លោក សម រង្ស៊ី ពី​​​របៀប​​​”ផ្តួល​​​គណបក្ស​​​ប្រជា​​​ជន​​​ ផ្តួល​​​សម្តេច​​​ ហ៊ុន​​​ សែន តាម​​​រយៈ​​​អំណាច​​​ប្រជា​​​ពល​​​រដ្ឋ​​​ដើរ​​​តាម​​​ចិញ្ចើម​​​ថ្នល់​​​” នេះ​​​បើ​​​យោង​​​តាម​​​លិខិត​​​សម្ងាត់​​​ដែល​​​លោក​​​ទទួល​​​បាន​​​។

​​​ទោះជា​​​យ៉ាង​​​ណា លោក ចេយ៍ រ៉ាមែន (Jay Raman) អ្នកនាំ​​​ពាក្យស្ថាន​​​​​​ទូត​​​សហរដ្ឋ​​​អាមេរិក​​​ប្រចាំ​​​កម្ពុជា​​​បាន​​​មានប្រសាសន៍​​​ថា ស្ថានទូត​​​មិនដឹងអំ​​​ពី​​​ការ​​​ទំនាក់​​​ទំនង​​​ណា​​​មួយ​​​រវាង​​​សមាជិក​​​សភា​​​សហរដ្ឋ​​​អាមេរិក​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទេ​​​​​​ជុំវិញ​​​ការ​​​តវ៉ារ​​​បស់​​​គណបក្ស​​​នេះ​​​​​​។ លោក​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​អីុម៉េល​​​មួយ​​​ថា “យើង​​​គ្មាន​​​ព័ត៌​​​មាន​​​អំពីការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ទេ​​​”។

ទាំង​​​លោក សម រង្ស៊ី និង​​​លោក យឹម​​​ សុវណ្ណ ដែល​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រឆាំង​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​កាល​​​ពីម្សិលមិញ​​​ ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​៕សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ Alex Willemyns)

​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស