26 C
Phnom Penh

មហាជន​​វាយ​ដំបុរស​ពីរ​នាក់​រហូត​ដល់​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​ដាច់​ដោយ​ឡែកពីគ្នា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​នគរ​បាល​​បាន​និយាយ​កាលពី​ម្សិលមិញ​ថា មហាជន​ដែល​មាន​គ្នា​​ប្រមាណ​២០០​នាក់ បាន​វាយ​ដំបុរស​វ័យ​៣០​ម្នាក់​​​រហូតបាត់បងជីវិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​ ​រាជ​ធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ពុធ បន្ទាប់ពី​ប្រជាពល​រដ្ឋ​ក្នុង​មូលដ្ឋាន​​ឃើញ​បុរស​រូប​នេះ​លួច​ទូរស័ព្ទ​ដៃ​​​មួយ​គ្រឿង​ និង​កាបូប​លុយមួយ​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​មួយ​ថ្ងៃ​​បន្ទាប់ពី​កម្មករ​​សំណង​់ជាង​២០​នាក់បាន​វាយំ​បុរស​ម្នាក់​ទៀតរហូត​ដល់​ស្លាប់​នៅ​ក្នុង​ខេត្តមណ្ឌលគិរី បន្ទាប់ពី​ប្រពន្ធ​របស់​កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​​ទាំង​នោះ​ចោទ​ប្រកាន់ថាបុរស​រូបនោះ​បានរំលោភ​នាង។

យោង​តាម​លោក​ ថេង កុសល ​នាយ​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​ចោមចៅ​ បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​ប្រហែល​៩​យប់​ថ្ងៃពុធ ​​កម្មករ​​កាត់​ដេរ​ និងកម្មករ​​​សំណង់​មួយ​ក្រុមមាន​គ្នា​ប្រាំនាក់​​ដែល​កំពុង​ផឹកស៊ី​នៅ​ខាង​ក្រោយ​ប្លុកផ្ទះល្វែង​​​​ដែលពួកគេ​ស្នាក់​នៅក្នុង​ស្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ បាន​ហៅ​បុរស​ម្នាក់​ផ្សេងទៀត​​ដែលពួកគេ​មិន​ស្គាល​់​ ឲ្យ​ចូលរួម​ផឹកស៊ីជាមួយ​ពួកគេ។ ប្រហែល​៥នាទី​ក្រោយ​មក ជន​ចម្លែក​មុខ​នោះ​ក៏​បាន​ចាក​ចេញពី​​វង់​ផឹក​សីុ​នេះ។

លោក​ ថេង កុសល បាន​មាន​ប្រសាសន៍ថា “ពេល​នោះ​ បុរស​រូបនោះ​បាន​ដើរ​ទៅ​បន្ទប់​​របស់​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​នេះ ហើយ​បានលួច​កាបូប​លុយ​មួយ និង​ទូរស័ព្ទ​ស្មាត​ហ្វូន​មួយ​គ្រឿង រួច​​ព្យាយាម​ដើរ​ចេញ​”។ កម្មករទាំង​នេះ​បាន​ឃើញ​បុរស​ចម្លែក​មុខ​​យក​របស់​របរ​ទាំង​នោះ ​ហើយ​ពួក​គេ​​ក៏​ប្រាប់ឲ្យ​បុរស​នោះ​ប្រគល់​របស់​​​ឲ្យ​ទៅ​ពួកគេ​វិញ។

លោក​បាន​បន្ត​ថា ” ពេល​នោះ បុរស​នោះ​បាន​ព្យាយាម​គេច​ខ្លួន ហើយ​ [បុរស​ទាំង​នេះ​]​ បាន​ស្រែកឆោឡោ​ ហើយ​ក៏មាន​មនុស្ស​ជាង​១០០​នាក់​ចាប់​វាយ​បុរស​នោះ”។ សមត្ថកិច្ច​​មិន​ទាន់​កំណត់​អត្តសញ្ញាណ​បុរស​នេះ​បាន​នៅឡើយ​​ទេ​ ប៉ុន្តែ​​ថា បុរស​នេះ​ទំនង​ជាមាន​វ័យ​៣០​ឆ្នាំ។ បន្ទាប់ពី​ការ​វាយ​ដំ​ស្ងប់​ស្ងាត់ ប្រជាពល​រដ្ឋ​​មូលដ្ឋាន​បាន​ចាប់​បុរស​នោះចង​ ហើយក៏​ទូរស័ព្ទ​ប្ដឹង​នគរ​បាល​។

លោក​​បានមាន​ប្រសាសន៍​ទៀត​​ថា ” ប៉ុន្តែ​ប្រហែល​១០​នាទី​ក្រោយ​មក បុរស​នោះ​បាន​ព្យាយាម​រត់​ម្ដង​ទៀត​ ហើយ​មនុស្សជិត​២០០​នាក់​ដែល​រស់​នៅទីនោះ​បាន​​មកវាយ​ [បុរស​នោះ] បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់​”។ ​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​នគរ​បាល​ទៅ​ដល់​កន្លែង​កើត​ហេតុ ពួកគេ​បាន​លើក​បុរស​នោះ​ដាក់​លើ​រ៉ឺម៉ក​ម៉ូតូ​កងបី​ដឹក​ទៅ​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​ ប៉ុន្តែ​បុរស​នោះ​បាន​ស្លាប់​តាម​ផ្លូវ​ទៅ​ហើយ។ ​ពេល​នេះ ​នគរ​បាល​កំពុង​ស៊ើបអង្កេត​ករណី​នេះ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​នរណា​ម្នាក់​បាន​ដើម្បីធ្វើ​ការ​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ។

​ក្នុង​ករណីដោយឡែក​មួយ​នៅ​​ក្នុង​ខេត្ត​មណ្ឌលគរី បុរស​ម្នាក់​ឈ្មោះ អ៊ុន ស្រ៊ុន អាយុ​៣១​ឆ្នាំ ត្រូវ​បាន​កម្មករ​សំណង់​ប្រហែល​២០​នាក់វាយ​រហូត​ដល់​ស្លាប់​នៅ​ក្នុង​ឃុំពោធិ៍ជ្រៃ ស្រុក​ពេជ្រាដា បន្ទាប់ពី​ស្ត្រី​ម្នាក់​បាន​ចោទ​ប្រកាន់​បុរសនោះ​ថា​បាន​​រំលោភ​ខ្លួន នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹងពី​លោក​ ត្រាង សល់ នាយ​ប៉ុស្តិ៍​នគរ​បាល​ឃុំ​។

នាយ​ប៉ុស្តិ៍​រូប​នេះ​​បាន​លើក​ឡើង​ថា ស្ត្រី​រូប​នេះ ​និង​ប្ដី​របស់​ខ្លួន​បាន​ចូល​ដេក​​​នៅ​ការដ្ឋាន​សាង​សង់​មួយ​កន្លែង​នៅ​វេលា​ម៉ោង​ប្រហែល​១០យប់។ ” [ប្ដី​] ដេក​ក្បែរ​ប្រពន្ធ​នៅ​លើ​គ្រែ ប៉ុន្តែ​មិន​កៀក​គ្នា​ទេ។ ពេល​នោះ [ឈ្មោះ ស្រ៊ុន​] បាន​ចូល​ទៅ​​ដេក​​ប្រឡោះ​កណ្ដាល​ដោយ​មិន​ស្លៀក​សម្លៀក​បំពាក់​”។

លោក​បាន​​ឲ្យ​ដឹង​ទៀត​ថា ពេល​នោះ​ស្ត្រី​រូប​នេះ​ស្មាន​ថាឈ្មោះ អ៊ុន ស្រ៊ុន ដែល​​ស្រាត​ននល​គកគឺជា​ប្ដី​របស់​ខ្លួន ហើយ​​នាង​ក៏​​បាន​ចាប់​ផ្ដើម​រួម​រ័ក​​ជាមួយ​ឈ្មោះ អ៊ុន ស៊្រុន។ បន្ទាប់ពី​ស្ត្រី​រូប​នេះ​ស្ទាបប៉ះចំ​អ្នកទី៣​នៅ​លើ​គ្រែ នាង​ក៏​ដឹង​ថា ​តាម​ពិត​នាង​មិនមែន​កំពុង​រួម​រ័កជាមួយ​ប្ដី​របស់​នាង​​នោះទេ ហើយ​​នាងក៏​​​ចាប់​ផ្ដើម​ស្រែក​ឆោឡោ​តែ​ម្តង។

លោក ត្រាង សល់ មាន​ប្រសាសន៍​ថា “ពេល​នោះ ​ប្ដី​របស់​នាង​ក៏​ឆោឡោ​ឡើង ហើយ​​កម្មករ​ជាង​២០​នាក់ក៏​បាន​​មក​ដល់​​ចាប់​វាយ​ [ឈ្មោះ ស្រ៊ុន] បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់”។

នៅ​ពេល​​នគរ​បាល​ទៅ​ដល់​កន្លែង​កើត​ហេតុ ពួកគេ​បាន​ដឹក​​ឈ្មោះ អ៊ុន ស្រ៊ុន ​ទៅ​មណ្ឌល​សុខភាព​ឃុំ ហើយ​បុរស​រូប​នេះ​បាន​ស្លាប់​នៅទីនោះ​ដោយ​សារ​រង​របួស​ធ្ងន់ពេក​កាលពី​ព្រឹក​ថ្ងៃពុធ។

ពេល​នេះ ​នគរ​បាល​កំពុង​សាកសួរ​កម្មករ​ទាំង​នោះ ប៉ុន្តែ​មិន​ទាន់​កំណត់​បាន​ថា តើ​អ្នក​ណា​ខ្លះ​ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​ហេតុការណ៍​វាយ​មនុស្ស​រហូត​ដល់​ស្លាប់​នេះ​នៅឡើយទេ៕ សុខុម​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស