31.8 C
Phnom Penh

ប្រជាពលរដ្ឋ​ដែល​រង​ការ​បណ្ដេញ​ចេញ​នៅ​សហគមន៍​បុរី​កីឡា ​ថ្កោល​ទោស​ចំពោះ​ដំណោះ​ស្រាយ​របស់​​សាលា​រាជធានី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ​​ សាលា​រាជធានី​បាន​ប្រកាស​ថា ភាគ​ច្រើន​នៃ​​ប្រជា​ពល​រដ្ឋ​​រង​ការ​បណ្ដេញ​ចេញ​ដែល​នៅ​សេសសល់​ពី​សហគមន៍​បុរីកីឡា​ ក្នុង​រាជធានីភ្នំពេញ ដែល​​​មិន​ទាន់​មាន​ផ្ទះ​សំបែង​​នៅ​ឡើយ​​​ក្រោយពី​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​មួយ​មិន​បាន​ផ្ដល់​លំនៅដ្ឋាន​គ្រប់គ្រាន់​សម្រាប់​​ប្រជាពល​រដ្ឋ​​រាប់​រយ​គ្រួសារ​នៅ​ក្នុង​សហគមន៍​នេះ​នោះ នឹង​មិន​​ទទួល​បាន​ផ្ទះ​នៅ​ក្នុង​តំបន់​នេះ​ទេ​។

លោក មាន ចាន់យ៉ាដា ​ប្រធាន​រដ្ឋបាល​នៅ​សាលា​រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថា ១៥៤​ករណី​ក្នុង​ចំណោម​១៨៣​ករណី​​នៃគ្រួសារ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​កាលពី​ឆ្នាំ​២០១២ ត្រូវ​បាន​ “​ដោះស្រាយ​” រួច​ហើយ​ ប៉ុន្តែ​បាន​បដិសេធ​មិន​បញ្ចេញ​សេចក្ដី​លម្អិត​ទេ​នៅ​ឯ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​សុក្រ ដោយ​​គាប​​ទុក​ឯកសារ​​ដែល​បង្ហាញ​ពី​សេចក្ដី​សម្រេច​ធ្វើ​ឡើង​នៅ​សាលា​ខណ្ឌ​៧មករា។

យោង​តាម​ឯកសារ​ទាំង​នោះ ប្រជាពល​រដ្ឋ​២៥​គ្រួសារ​នឹង​ទទួល​បាន​លំនៅដ្ឋាន​ក្នុង​សហគមន៍​បុរីកីឡា ចំណែក​ឯ​ប្រជាពលរដ្ឋ​៨៩​គ្រួសារ​ទៀត​ដែល​ ” គ្មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់​” នឹង​ទទួល​បាន​​លំនៅដ្ឋាន​នៅ​សហគមន៍​ឧដុង្គ ក្នុង​​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ ហើយ​ប្រជាពល​រដ្ឋ​៤០​គ្រួសារ​ទៀត​នឹង​ទទួលបាន​សំណង​ក្នុង​ចំនួន​ដែល​គ្មាន​ការ​បញ្ជាក់​ច្បាស់​លាស់។ លោក មាន ចាន់យ៉ាដា បាន​មាន​ប្រសាសន៍​ថា ការ​ទាមទារ​​ដែល​នៅ​​សេស​សល់​ចំនួន​២៩​​ជា​របស់​គ្រួសារ​ដែល​បាន​ដាក់ពាក្យ​សុំ​ផ្ទះ​ខុស​ជា​លើក​ទី២។

ក្រុម​ការ​ងារ​មួយ​ដែល​មាន​បំណង​ស្វែង​រក​ការ​ពិត​ថា តើ​អ្នក​ណា​ដែល​បាន​​ចូល​មក​រស់​នៅ​ក្នុង​តំបន់​នេះ​មុន​ឆ្នាំ​២០០៣​នោះ រួម​មាន​អាជ្ញាធរ​មូលដ្ឋាន​ អតីត​សមាជិក​សហគមន៍ មន្ត្រី​នគរ​បាល​ និង​តំណាង​មកពី​ក្រុម​ហ៊ុន​ផានអុីម៉ិច ជា​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ដែល​បាន​ទិញ​​យក​ដី​នេះ​។

លោក មាន ចាន់យ៉ាដា ថ្លែង​ថា ” ជា​ធម្មតា​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នេះ​ភ្លាមៗ​ទេ ប៉ុន្តែ​យើង​នឹង​បន្ត​ពិភាក្សា​ជាមួយ​ពួកគាត់​”។ លោក​បាន​លើក​ឡើង​ទៀត​ថា ប្រជា​ពលរដ្ឋ​ទាំង​នេះ​មាន​ពេល​រហូត​ដល់​ថ្ងៃទី​៣០ ខែ​មេសា ដើម្បី​​ដាក់​ឯកសារ​បន្ថែម​ទៅ​អាជ្ញាធរ​។

ប្រជាពល​រដ្ឋ​នៅ​សហគមន៍​បុរី​កីឡា​ប្រមាណ​៣០០​គ្រួសារ​​ត្រូវ​បាន​បណ្ដេញ​ចេញពី​ផ្ទះ​សំបែង​របស់​ខ្លួន​ដោយ​បង្ខំ​កាលពី​ឆ្នាំ​២០១២ បន្ទាប់ពី​សាលា​រាជធានី​បាន​ប្រគល់​ដីនេះ​​ឲ្យ​ទៅ​ក្រុម​ហ៊ុន​ផានអុីម៉ិច​​ជា​ក្រុម​ហ៊ុន​មាន​ខ្នង​ក្រាស​ ដែល​បាន​សន្យា​សាង​សង់​​ផ្ទះ​ល្វែង​ចំនួន​១០អគារ​​សម្រាប់​ប្រជាពល​រដ្ឋ​១.០០០​នាក់​នៅ​ក្នុង​សហគមន៍​នេះ​។ ប៉ុន្តែ​ក្រុម​ហ៊ុន​​ផាន​អុីម៉ិច​បាន​សាង​សង់​តែ​ប្រាំបី​អគារ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​គ្រួសារ​មួយ​ចំនួនគ្មាន​​ផ្ទះ​រស់​នៅ​។ ពេល​នោះ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​បោះ​តង់​​រស់​នៅ​ក្នុង​តំបន់​នេះ​ដោយ​គ្មាន​អនាម័យ​ត្រឹម​ត្រូវ។

កាលពី​ម្សិលមិញ នៅ​ពេល​អ្នក​យកព័ត៌មាន​​ព្យាយាម​សាក​សួរ​ទៅ​​តំណាង​ក្រុម​ហ៊ុន​ផាន​អុីម៉ិច​ថា ហេតុ​អ្វីបា​ន​ជា​ក្រុម​ហ៊ុន​មិន​ធ្វើ​តាម​ការ​សន្យា​របស់​​​ខ្លួន​​សាងសង់​អគារ​ពីរ​ចុង​ក្រោយ​នោះ លោក មាន ចាន់យ៉ាដា បាន​និយាយ​កាត់​ភ្លាម​។

លោក មាន ចាន់យ៉ាដា បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​ឆ្លើយ​ជួស​មុខ​ឲ្យ​ក្រុម​ការ​ងារ​ ពីព្រោះ​ក្រុម​ហ៊ុនជា​ផ្នែក​មួយ​​ដ៏សំខាន់​នៃ​ក្រុម​ការ​ងារ​នេះ​។ អស់​លោក​ត្រូវ​គិត​​ថា ​តើ​អស់​លោក​មាន​​លក្ខណសម្បត្តិ​គ្រប់​គ្រាន់​នឹង​ទទួល​ផ្ទះ​ ឬក៏អត់។ អស់​លោក​មិនគួរ​ខ្វល់​​រឿង​​ប្រាំបី​អគារ ​ឬ១០​អគារ​នោះទេ”។

អ្នកស្រី​ ជុំ ង៉ាន ជា​សកម្មជន​សហគមន៍​បុរី​កីឡា​ដ៏សំខាន់​មួយ​រូប​ដែល​ទទួលបាន​ការ​ជូន​ដំណឹង​ថា អ្នកស្រី​​នឹង​ទទួល​បាន​លំនៅ​ដ្ឋាន​នៅ​ឧដុង្គ​នោះ បាន​ចាត់​ទុក​សេចក្ដី​សម្រេច​នេះ​ថា​ជា​” អំពើ​អយុត្តិធម៌”។

ដោយ​ប្ដេជ្ញា​តវ៉ា​ប្រឆាំង​សេចក្ដី​សម្រេច​នេះ អ្នកស្រី​ ជុំ ង៉ាន បាន​និយាយ​ថា ” យើង​បាន​រស់​នៅ​ទីនេះ​ជា​អចិន្ត្រៃយ៍ ហើយ​មាន​​លិខិត​បញ្ជាក់​ថា យើង​បាន​រស់​នៅ​ទីនេះ​មុន​ឆ្នាំ​២០០៣ ដូច្នេះ​ហេតុ​អ្វី​​ឲ្យពួកយើង​ទៅ​រស់​នៅ​ភូមិ​ឧដុង្គ?​ វា​ដូច​ផ្ទះ​ជួល​សម្រាប់​កម្មករ​រស់​នៅ​អ៊ីចឹង គឺ​មិន​ដូច​ផ្ទះ​សម្រាប់គ្រួសារ​រស់​នៅ​ទេ”។

ប្រជាពល​រដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ឆាយ គឹមហ៊ន បាន​លើក​ឡើង​ពី​ក្ដី​បារម្ភ​ទោះបី​ជា​ទទួល​បាន​ការ​ជូន​ដំណឹង​ថា អ្នកស្រី​អាច​រស់​នៅ​ក្នុង​សហគមន៍​បុរីកីឡា​​បាន​ក្ដី​ ដោយ​សារ​តែ​​អគារ​ផ្ទះ​ល្វែង​ទាំង​នោះ​មាន​មនុស្ស​រស់​នៅ​ពេញ​អស់​ទៅហើយ​។ អ្នកស្រី​និយាយ​ទៀត​ថា ” ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​នឹង​ទទួល​បាន​ផ្ទះ​នៅ​កន្លែង​ណា​ទេ ពីព្រោះ​ចាប់​​ពី​អគារ​ទី​១​ដល់​អគារ​ទី៨​ គ្មាន​កន្លែង​ទំនេរទេ​”៕ សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស