អ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ពេលនេះរដ្ឋាភិបាលកំពុងធ្វើសេចក្ដីព្រាងច្បាប់ថ្មីមួយស្ដីពីសុវត្ថិភាពចំណីអាហារ ដើម្បីការពារអ្នកទទួលទាន។
លោក លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងនេះ បានមានប្រសាសន៍ថា មន្ត្រីមកពីក្រសួងមួយចំនួនកំពុងធ្វើការរួមគ្នាលើសេចក្ដីព្រាងច្បាប់នេះ។
លោកបានពន្យល់ថា ” មានឯកសារច្បាប់ គោលការណ៍ និងគោលនយោបាយដែលគ្របដណ្ដប់ចំណីអាហាររួចហើយ ប៉ុន្តែយើងមិនទាន់មានច្បាប់មួយដែលរឹងមាំទេ។ នោះជាមូលហេតុដែលយើងចាំបាច់ត្រូវប្រមូលចងក្រង និងអភិវឌ្ឍឯកសារទាំងនេះឲ្យក្លាយជាច្បាប់មួយដែលមានអំណាចខ្លាំង ខណៈប្រទេសរបស់យើងកំពុងមានការអភិវឌ្ឍ”។ លោកបានលើកឡើងបន្តថា ការងារនេះកំពុងស្ថិតក្នុងដំណាក់កាល ” បច្ចេកទេស” នៅឡើយ។
លោកស្រី អុឹង ដាវី ម្ចាស់សហគ្រាសផលិតទឹកត្រី លាង ឡេង បានមានប្រសាសន៍ថា លោកស្រីមានការព្រួយបារម្ភថា ច្បាប់តឹងរ៉ឹងអាចនឹងត្រូវដាក់ចេញឲ្យអនុវត្តលឿនពេកសម្រាប់អ្នកផលិតចំណីអាហារ។
លោកស្រីបានលើកឡើងបន្ថែមថា ” ខ្ញុំមិនគាំទ្រឲ្យរដ្ឋាភិបាលអនុម័តសេចក្ដីព្រាងច្បាប់នេះដោយគ្មានការបណ្ដុះបណ្ដាល ការអប់រំ និងការបង្កើនការយល់ដឹងបន្ថែមទៀតជាមុននោះទេ។ ពួកគាត់ [អ្នកផលិត] គ្មានចំណេះដឹងគ្រប់គ្រាន់ផ្នែកទេសុវត្ថិភាពចំណីអាហារដូចជា អនាម័យ និងស្តង់ដាជាដើម ហើយពួកគាត់នៅតែអនុវត្តការផលិតចំណីអាហារតាមទម្លាប់ដែលមិនងាយនឹងកែប្រែឡើយ”៕ សុខុម