យោងតាមឪពុកស្ត្រីរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះនៃការវាយប្រហារដោយទឹកអាស៊ីតដោយស្នាដៃប្រពន្ធដែលប្រចណ្ឌដែលបានរងការរលាកធ្ងន់ធ្ងរត្រង់ផ្ទៃមុខ និងដងខ្លួននោះ បានស្លាប់ដោយសាររបួសនៅមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍។
មាស វណ្ណី អាយុ២០ឆ្នាំជាសន្តិសុខនៅរោងចក្រស្បែកជើង Ho Hsin Tai ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានរងការវាយប្រហារដោយទឹកអាស៊ីតពីសំណាក់កម្មការិនីឈ្មោះ ស្រឿន ណាន់ បន្ទាប់ពីចេញពីផ្ទះរបស់ខ្លួនកាលពីព្រឹកថ្ងៃទី៦ ខែមីនា។
អ្នកស្រី ណាន់ អាយុ៣៨ឆ្នាំត្រូវបានចាប់ខ្លួននៅថ្ងៃដដែល ហើយបានសារភាពថា បានវាយប្រហារមកលើនាង មាស វណ្ណី បន្ទាប់ពីដឹងថា ស្ត្រីរូបនេះនិងប្តីរបស់ខ្លួនមានស្នេហាលួចលាក់។
លោក ស៊ិន ស៊ីនឿន ឪពុករបស់ មាស វណ្ណី បាននិយាយថា កូនស្រីរបស់គាត់បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរកាលពីថ្ងៃសៅរ៍ ហើយសពត្រូវបានបញ្ចុះនៅក្បែរផ្ទះរបស់ខ្លួនក្នុងខេត្តពោធិ៍សាត់កាលពីម្សិលមិញ។
លោកបាននិយាយថា “កូនស្រីរបស់ខ្ញុំបានស្លាប់នៅម៉ោង២រសៀលកាលពីរសៀលម្សិលមិញនៅមន្ទីរពេទ្យកាល់ម៉ែត។ យើងក្រៀមក្រំណាស់ ពីព្រោះយើងបានបាត់បង់សមាជិកគ្រួសាររបស់យើង”។
លោកបាននិយាយថា “កូនស្រីរបស់ខ្ញុំជាមនុស្សល្អ។ ហេតុអ្វីបានជានាងត្រូវគេវាយប្រហារដូចនេះទៅវិញ?”។
លោក ស៊ីនឿន បាននិយាយថា លោកចង់ឲ្យតុលាការផ្តន្តាទោសស្ត្រីឈ្មោះ ណាន់ នេះឲ្យធ្ងន់ធ្ងរ ហើយបង្គាប់ឲ្យនាងផ្តល់សំណងដល់គ្រួសាររបស់លោកចំនួន១០០លានរៀល។
លោកបាននិយាយថា “ខ្ញុំបានទាមទារឲ្យចាប់ជនសង្ស័យរូបនេះដាក់ពន្ធនាគារ ពីព្រោះនាងបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរមកលើកូនស្រីរបស់ខ្ញុំ”។
លោក អ៊ុំ សុភក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដែលទទួលបន្ទុកដោះស្រាយរឿងក្តីនេះបានមានប្រសាសន៍ថា លោកនឹងស្នើឲ្យតុលាការកែប្រែបទចោទប្រកាន់លើស្ត្រីឈ្មោះ ណាន់ នៅពេលលោកទទួលបានការបញ្ជាក់ជាផ្លូវការពីការស្លាប់របស់ មាស វណ្ណី។
លោកបានមានប្រសាសន៍ថា “យើងនឹងកែប្រែការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតទៅជាបទមនុស្សឃាតដោយគិតទុកជាមុន។ ស្ត្រីរូបនេះនឹងប្រឈមការចាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើត្រូវបានរកឃើញពិរុទ្ធភាព”។
ព្រះរាជអាជ្ញារងរូបនេះបានមានសង្ឃដីកាថា លោកក៏សង្ឃឹមថា នឹងឃើញនគរបាលស្វែងរកអ្នកដែលផ្តល់ទឹកអាស៊ីតដល់អ្នកស្រី ណាន់ និងធ្វើការចោទប្រកាន់លើពួកគេផងដែរ។
លោក ជា សុវណ្ណ នាយនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានមានប្រសាសន៍ថា អាជ្ញាធរកំពុងស្វែងរកពួកគេហើយ។
លោក សុវណ្ណ បានមានប្រសាសន៍ថា “អ្នកស្រី ណាន់ បានសារភាពថា គាត់បានសុំឲ្យអ្នករត់ម៉ូតូឌុបទិញទឹកអាស៊ីតឲ្យគាត់មួយដបតម្លៃ១២.០០០រៀល”។
លោកបានមានប្រសាសន៍ថា “ដូច្នេះបុរសរូបនោះ ប្រាកដជាជាប់ពាក់ព័ន្ធក្នុងករណីនេះ ពីព្រោះគាត់បានទិញអាស៊ីតខ្លាំងដែលអាជ្ញាធរបានហាមឃាត់ ដើម្បីឲ្យស្ត្រីរូបនេះអាចប្រព្រឹត្តបទឧក្រិដ្ឋ។ ហើយនៅពេលយើងរកឃើញអ្នករត់ម៉ូតូឌុបរូបនេះ ពេលនោះយើងនឹងរកឃើញម្ចាស់ហាងដែលបានលក់ទឹកអាស៊ីតមិនខាន”។
រដ្ឋាភិបាលបានអនុម័តច្បាប់ស្តីពីការវាយប្រហារដោយទឹកអាស៊ីតកាលពីឆ្នាំ២០១២ ចំពេលដែលមានបទឧក្រិដ្ឋវាយប្រហារទឹកអាស៊ីតជាច្រើន ហើយបានចេញអនុក្រឹត្យដាក់កម្រិតលើការលក់ទឹកអាស៊ីតនៅឆ្នាំបន្តបន្ទាប់មក៕សារុន