28 C
Phnom Penh

​ក្រុម​​​ប៉ូលិស​​​ពិសេស​​​នឹង​​​ស៊ើប​​​អង្កេត​​​អំពើ​​​ហិង្សា​​​នៅ​​​ក្រុង​​​​​ព្រះសីហនុ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​​​​កាល​​​ពី​​​​​​ម្សិលមិញ​​​ថា លោកឧបនាយករដ្ឋមន្ត្រី​​​ ស ខេង បាន​​​បញ្ជូន​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​ក្រសួង​​​មហាផ្ទៃមួយ​​​ក្រុម​​​ ដើម្បី​​​ស៊ើប​​​អង្កេត​​​បទ​​​ល្មើស​​​ហិង្សា​​​ ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជន​​​បរទេស​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះសីហនុ​​​។

នាយ​​​​​​ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​មាន​​​ប្រសាសន៍​​​យ៉ាង​​​ប្រយ័ត្ន​​​ប្រយែង​​​​​​នៅ​​​ពេល​​​សួរ​​​អំពី​​​បេសកកម្ម​​​នោះ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​ថ្នាក់​​​ជាតិ​​​នឹង​​​គ្រប់​​​គ្រងឲ្យ​​​បាន​​​នូវ​​​​​​ស្ថានការណ៍​​​ដែល​​​មាន​​​អំពើ​​​ហិង្សា​​​នៅ​​​ក្នុង​​​ក្រុង​​​ឆ្នេរ​​​សមុទ្រ​​​នេះ​​​។

លោក​​​ សុភ័គ​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​អាច​​​បញ្ជាក់​​​ថា ឧបនាយករដ្ឋមន្ត្រី​​​ ស ខេង បាន​​​បញ្ជូន​​​មន្ត្រី​​​មួយ​​​ក្រុម​​​ទៅស៊ើប​​​អង្កេត​​​ ប៉ុន្តែ ក្រៅពី​​​នោះ ទុក​​​ឲ្យ​​​ពួក​​​គេ​​​បំពេញ​​​ភារកិច្ច​​​​​​ ហើយ​​​រង់​​​ចាំ​​​ពួក​​​គេ​​​សរសេរ​​​របាយការណ៍​​​ចប់​​​សិន​​​។ ស្ថានការណ៍​​​​​​​​​អាច​​​គ្រប់​​​គ្រង​​​បាន​​​​​​”។

រថយន្ត​​​​​​ម៉ាកសឺដេស ប៊ិន មួយ​​​គ្រឿង​​​ត្រូវ​​​ភ្លើង​​​ឆេះ​​​កាលពី​​​ព្រឹក​​​ថ្ងៃ​​​អង្គារ​​​ ​​​បន្ទាប់​​​ពី​​​អ្នក​​​បើក​​​បរ​​​ជន​​​ជាតិ​​​តួកគី​​​ឈ្មោះ បូរ៉ា អូស្សធឺក បាន​​​ចុះ​​​ពីរថយន្ត​​​ គឺ​​​ជា​​​ឧប្បត្តិហេតុចុង​​​ក្រោយ​​​បង្អស់​​​ក្នុង​​​អំពើ​​​ហិង្សា​​​ ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជន​​​ជាតិ​​​រុស្ស៊ី​​​ តួកគី និង​​​អីុស្រាអែល​​​ នៅ​​​ក្នុង​​​ក្រុង​​​ព្រះសីហនុ​​​។

ការ​​​ឆេះ​​​រថយន្ត​​​​​​ម៉ាកសឺដេស បាន​​​កើត​​​ឡើង​​​រយៈ​​​ពេល​​​បួន​​​ថ្ងៃ​​​ បន្ទាប់​​​ពី​​​អគ្គស្នង​​​ការ​​​នគរបាល​​​ជាតិ​​​ លោក នេត​​​ សាវឿន បាន​​​ព្រមាន​​​ជន​​​បរទេស​​​ដែល​​​ប្រព្រឹត្ត​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះសីហនុ​​​ថា ពួក​​​គេ​​​មិន​​​អាច​​​គេច​​​ពី​​​ច្បាប់​​​បាន​​​ទេ​​​។ លោក សាវឿន​ ​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ឯក្រសួង​​​មហាផ្ទៃ​​​កាលពី​​​ថ្ងៃ​​​ទី​​​១៣​​​ ខែ​​​មីនា ថា ៉​​​កម្ពុជា​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ជន​​​បរទេស​​​ម៉ាហ្វុីយ៉ា​​​មក​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​នៅ​​​លើ​​​ទឹក​​​ដី​​​កម្ពុជា​​​បាន​​​ទេ​​”។

ការ​​​ក្រើន​​​​​​រំឭក​​​របស់​​​នាយ​​​ឧត្តម​​​សេនីយ៍ សា​​​វឿន​​​ បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​ម៉ាស៊ីន​​​រថយន្ត​​​ រ៉ែង​​​រ៉ូវឺ បាន​​​ផ្ទុះ​​​ក្នុង​​​ខណៈ​​​ដែល​​​រថយន្ត​​​នោះ​​​បាន​​​ចត​​​​​​នៅ​​​​​​ខាង​​​ក្រៅ​​​ផ្ទះ​​​របស់​​​ពាណិជ្ជករ​​​ជាតិ​​​រុស្ស៊ី​​​ ឈ្មោះ​​​ នីកូឡៃ ដូរ៉ូសេនកូ។ កូន​​​ប្រុស​​​របស់​​​លោក​​​ ដូរ៉ូសេនកូ ឈ្មោះ​​​ អូស្តាប បាន​​​បន្ទោស​​​ការ​​​ឆេះ​​​រថយន្ត​​​នោះ​​​ដោយ​​​សារ​​​តែ​​​គូ​​​ប្រជែង​​​របស់​​​ឪពុក​​​លោក​​​គឺ​​​ លោក សេរហ្គេ ប៉ូឡុន​​​ស្គី ដែល​​​បាន​​​បដិសេធ​​​ថា មិន​​​បាន​​​ពាក់ព័ន្ធទេ​​​។

កាលពី​​​ខែ​​​កុម្ភៈ ជន​​​ជាតិ​​​តួកគី​​​ម្នាក់​​​ឈ្មោះ​​​ មេមិត​​​ ទីកូគ្លី ត្រូវ​​​គេ​​​បាញ់តម្រង់​​​ដាក់​​​​​​ក្នុងការ​​​បើក​​​ឡាន​​​បាញ់​​​នៅ​​​ថ្ងៃ​​​មួយ​​​ បន្ទាប់​​​ពី​​​គាត់​​​ជាប់​​​ចោទ​​​ថា បាន​​​ចាក់​​​ជន​​​ជាតិ​​​អីុស្រាអែល​​​ម្នាក់​​​។ កាលពីដើម​​​ខែ​​​មុន ជន​​​ជាតិ​​​រុស្ស៊ី​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​ បន្ទាប់​​​ពី​​​បាន​​​វាយ​​​តប់​​​គ្នា​​​នៅ​​​ឯកាស៊ីណូ​​​មួយ នៅ​​​ពេល​​​ដែល​​​ក្រុម​​​ម្ខាង​​​បាន​​​ទាម​​​ទារ​​​ប្រាក់​​​ចំណេញ​​​ពី​​​ក្រុមហ៊ុន​​​ដែល​​​លក់​​​សំបុត្រ​​​ឲ្យ​​​ពិធី​​​តូរ្យតន្ត្រី​​​កាហ្សាន់ធិប​​​ ដែល​​​ត្រូវ​​​​​​អាជ្ញាធរ​​​កម្ពុជា​​​​​​លុប​​​ចោល​​​​​​នៅ​​​មុន​​​កម្មវិធី​​​ចាប់​​​ផ្តើម​​​ គឺ​​​ក្នុង​​​ពេល​​​នោះ​​​ បុរស​​​ជន​​​ជាតិ​​​ម៉ុលដាវីម្នាក់​​​ ត្រូវ​​​គេ​​​ចាក់​​​។

បុរសម្នាក់​​​​​​ដែល​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​វាយ​​​តប់​​​នោះ គឺលោក អូឡេក ធិកហានូវ ត្រូវ​​​គេ​​​ជឿ​​​ថា បាន​​​រត់​​​គេចខ្លួន​​​​​​ពី​​​ប្រទេស​​​ខ្មែរ​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​លាត​​​ត្រដាង​​​ថា គាត់​​​ស្ថិត​​​នៅ​​​ក្នុង​​​បញ្ជី​​​ដែល​​​គេ​​​តាម​​​ចាប់​​​ខ្លួន​​​បំផុត​​​របស់​​​អាំងទែប៉ូល ដែល​​​អាជ្ញាធរ​​​រុស្ស៊ី​​​តាម​​ចាប់​​​ពីបទ​​​មាន​​​អាវុធ​​​និង​​​គ្រឿង​​​ផ្ទុះ​​​ក្នុង​​​ក្រុម​​​ឧក្រិដ្ឋជន​​​។

ទាក់​​​ទង​​​កាលពី​​​ម្សិលមិញ​​​ លោកឧត្តមសេនីយ៍ទោ​​​ អុ៊ក ហៃសិលា ប្រធាន​​​នាយកដ្ឋាន​​​ស៊ើប​​​អង្កេត​​​នៃ​​​អគ្គនាយកដ្ឋាន​​​អន្តោប្រវេសន៍​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​កើន​​​ឡើង​​​បទ​​​ល្មើស​​​នៅ​​​តាម​​​ឆ្នេរ​​​សមុទ្រ​​​ បាន​​​បង្ខំ​​​ឲ្យ​​​ក្រុង​​​ភ្នំពេញ​​​ចាត់​​​វិធានការ​​​ “ពង្រឹង​​​សន្តិសុខ​​​ពេល​​​មាន​​​អនាធិបតេយ្យ​​​​​​បង្ក​​​ឡើង​​​ដោយ​​​ជន​​​បរទេស​​​ ដែល​​​រស់​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះសីហនុ”។

លោក​​​ឧត្តម​​​សេនីយ៍ទោ​​​​​​ ហៃសិលា បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់​​​ពី​​​មាន​​​ករណី​​​ជាច្រើន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជន​​​បរទេស​​​ អគ្គនាយកដ្ឋាន​​​អន្តោប្រវេសន៍​​​បាន​​​បង្កើត​​​គណៈកម្មការ​​​មួយ​​​ដឹក​​​នាំ​​​ដោយ​​​ឯក​​​ឧត្តម​​​ នៅ លក្ខិណា ​​​ដើម្បីពិនិត្យ​​​មើល​​​ករណី​​​ទាំង​​​នោះ”។

លោក​​​ ហៃ​​​សិលា បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា លោក ឌី វិជ្ជា ប្រធាន​​​នាយកដ្ឋាន​​​កណ្តាល​​​សន្តិសុខ​​​ក្រសួង​​​មហាផ្ទៃ​​​ ស្ថិត​​​នៅ​​​ក្នុង​​​ប្រតិភូ​​​នោះ​​​ដែរ រួម​​​ជាមួយ​​​នឹង​​​មន្ត្រី​​​មកពី​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​ភេរវកម្ម​​​។

លោក​​​ឧត្តម​​​សេនីយ៍ឯក​​​ លក្ខិណា អគ្គនាយករង​​​នៃ​​​អគ្គនាយកដ្ឋាន​​​អន្តោប្រវេសន៍​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​លោក​​​ឧត្តម​​​សេនីយ៍​​​ឯក​​​ វិជ្ជា ជាកូន​​​ប្រសារ​​​របស់​​​លោក​​​នាយករដ្ឋមន្ត្រី​​​ ហុ៊ន សែន មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាលពី​​​ម្សិលមិញ។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ក៏​​​ដោយ លោក អុឹម សុវណ្ណ​​​ មេ​​​ប៉ុស្តិ៍រង​​​សង្កាត់​​​លេខ​​​បី​​​ ដែល​​​មាន​​​រថយន្ត​​​ម៉ាកសឺដេស​​​ឆេះ បាន​​​បញ្ជាក់​​​ថា ការ​​​ប្រជុំ​​​លើក​​​ទី១ កាលពីម្សិលមិញ មាន​​​ការ​​​ចូល​​​រួម​​​ដោយ​​​លោក​​​ឧត្តមសេនីយ៍ឯក​​​ លក្ខិណា លោកឧត្តមសេនីយ៍ឯក វិជ្ជា ស្នង​​​ការ​​​ខេត្ត​​​លោក ស៊ាន កុសល ស្នង​​​ការ​​​រង​​​ កៅ រតនា និង​​​អធិការ​​​ក្រុង​​​​​​ព្រះសីហនុ​​​ លោក ភុល ភស្តា។

លោក សុវណ្ណ​​​ បាន​​​មាន​​​ប្រសាសន៍ថា “ករណី​​​ភាគ​​​ច្រើន​​​ថ្មីៗ​​​នេះបាន​​​ពាក់ព័ន្ធ​​​នឹង​​​ជន​​​បរទេស​​​ ដូច្នេះ​​​ ពួកគេប្រជុំ​​​ដើម្បី​​​ពង្រឹង​​​ការ​​​គ្រប់​​​គ្រង​​​ជន​​​បរទេស”។ រើន​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស