TAG
second2
ច្បាប់ស្តីពីព័ត៌មានសម្ងាត់របស់រដ្ឋ នឹងត្រូវបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យក្នុងពេលឆាប់ៗ
មន្ត្រីនគរបាលជាន់ខ្ពស់មួយរូបបានលើកឡើងកាលពីម្សិលមិញថា ការធ្វើសេចក្តីព្រាងច្បាប់មួយដើម្បីការពារព័ត៌មានសម្ងាត់របស់រដ្ឋ បានដំណើរការរយៈពេលជាងពីរឆ្នាំមកហើយ ហើយអាចនឹងដាក់ជូនទៅឲ្យទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យក្នុងរយៈពេលពីរខែទៀត។
សេចក្តីព្រាងច្បាប់នេះត្រូវបានគេដឹងឮជាលើកដំបូងនៅថ្ងៃទី២៨ ខែមករា នៅពេលនគរបាលជាតិបានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ក្រសួងមហាផ្ទៃកំពុងស្ថិតក្នុងដំណើរការព្រាងច្បាប់នេះ។ ព័ត៌មានបង្ហោះលើគេហទំព័រនេះបានបញ្ជាក់ថា ច្បាប់នេះមានបំណងការពារ "ព័ត៌មានសម្ងាត់របស់រដ្ឋដើម្បីធានាថា ភាពសម្ងាត់របស់ជាតិត្រូវបានការពារយ៉ាងតឹងរឹុង"។
ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា ក្រសួងបានដំណើរការព្រាងច្បាប់នេះជាងពីរឆ្នាំមកហើយ។លោកបានមានប្រសាសន៍ទៀតថា "ខ្ញុំសង្ឃឹមថា មួយខែពីរខែទៀត សេចក្តីព្រាងច្បាប់នេះនឹងត្រូវអនុម័តដោយក្រសួង រួចបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី"។
លោកបានលើកឡើងទៀតថា ច្បាប់នេះត្រូវបានតាក់តែងឡើងដើម្បីការពារ "ព័ត៌មានសម្ងាត់" របស់រដ្ឋាភិបាល។ លោកបានបន្តថា "វាពាក់ព័ន្ធនឹងព័ត៌មានដែលមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ឧទាហរណ៍ដូចជាព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងសន្តិសុខ ការការពារជាតិ សេដ្ឋកិច្ច បរិស្ថានជាដើម"។
អ្នកនាំពាក្យរូបនេះបានពន្យល់ថា ច្បាប់នេះរួមមាន បទប្បញ្ញត្តិអនុញ្ញាតឲ្យរដ្ឋាភិបាលផ្តន្ទាទោសជនណាដែលលាតត្រដាងព័ត៌មានដែលត្រូវបានចាត់ទុកថាជាព័ត៌មានសម្ងាត់ ប៉ុន្តែ បានមានប្រសាសន៍ថា លោកមិនចាំសេចក្តីលម្អិតទេ។
ទោះជាយ៉ាងណា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីម្សិលមិញថា ក្រសួងរបស់លោកមិនទាន់បានចាប់ផ្តើមព្រាងច្បាប់នេះនៅឡើយទេ សូម្បីតែនៅលើក្រដាសក៏មិនទាន់ដែរ។
លោកមានប្រសាសន៍ថា "ការងារនេះមិនទាន់ចាប់ផ្តើមនៅឡើយទេ យើងគ្រាន់តែគិតទុកប៉ុណ្ណោះ"។ លោកមានប្រសាសន៍ទៀតថា គណៈកម្មការធ្វើសេចក្តីព្រាងច្បាប់នេះក៏មិនទាន់បានបង្កើតឡើងដែរ។
លោកបានមានប្រសាសន៍ថា "យើងគ្មានវិធានការជាក់លាក់ទេ។ យើងគ្រាន់តែគិតទុកក្នុងចិត្តប៉ុណ្ណោះថា យើងគួរតែមានច្បាប់នេះនៅពេលអនាគត"។
ដោយបន្ទរតាមការលើកឡើងរបស់ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ លោកបានមានប្រសាសន៍ថា ច្បាប់នេះមានបំណងការពាររាល់ "ព័ត៌មានសម្ងាត់របស់រដ្ឋ" ប៉ុន្តែ លោកបានបដិសេធមិនបញ្ជាក់លម្អិតទេ។
លោកបានលើកឡើងថា "ប្រទេសជាច្រើនមានច្បាប់នេះ ដូច្នេះកម្ពុជាគួរតែមានច្បាប់នេះដើម្បីការពារផលប្រយោជន៍របស់ជាតិ"។
ព័ត៌មានដែលបង្ហោះនៅលើគេហទំព័ររបស់នគរបាលជាតិកាលពីខែមុន លើកឡើងថា មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីធ្វើវិធីព្រាងច្បាប់នេះ។
អស់រយៈពេលជាយូរមកហើយដែលប្រទេសវៀតណាមបានរងការរិះគន់ចំពោះការបែងចែកព័ត៌មានយ៉ាងទូលំទូលាយថាជាព័ត៌មានសម្ងាត់ និង ចំពោះការប្រើប្រាស់ច្បាប់ស្តីពីព័ត៌មានសម្ងាត់របស់រដ្ឋដើម្បីចាប់អ្នកប្រឆាំងដាក់ពន្ធនាគារ។
កាលពីថ្ងៃសុក្រ អាជ្ញាធរវៀតណាមបានបិទគេហទំព័ររបស់កាសែត Nguoi Cao Tuoi ដែលមានឈ្មោះល្បីល្បាញដោយសារការបោះពុម្ពផ្សាយរឿងរ៉ាវស្តីពីអំពើពុករលួយ នេះបើយោងតាមអត្ថបទមួយបង្ហោះលើគេហទំព័រជាភាសាអង់គ្លេសរបស់ Thanh Nien ដែលជាកាសែតមួយទៀតរបស់វៀតណាម។
អត្ថបទនេះបានចុះផ្សាយថា ពួកគេក៏បានដកហូតសារតាំងរបស់ព័ត៌មានរបស់និពន្ធនាយកនៃកាសែតនេះដែរ។
យោងតាមកាសែតវៀតណាមមួយទៀតឈ្មោះថា Tuoi Tre បានឲ្យដឹងថា កាសែត Nguoi Cao Tuoi ត្រូវបានពិន័យចំពោះការចុះផ្សាយអត្ថបទ "លាតត្រដាងព័ត៌មានសម្ងាត់របស់រដ្ឋ"។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានចាត់ទុកការពាក់ព័ន្ធរបស់វៀតណាមនៅក្នុងច្បាប់ស្តីពីព័ត៌មានសម្ងាត់របស់រដ្ឋក្នុងប្រទេសកម្ពុជា ថាគួរឲ្យព្រួយបារម្ភ។
លោកលើកឡើងថា អង្គការរបស់លោកគ្មានសេចក្តីលម្អិតអំពីសេចក្តីព្រាងច្បាប់នេះទេ ហើយថា លោកកំពុងសហការជាមួយអង្គការសង្គមផ្សេងៗទៀតដើម្បីស្វែងរកព័ត៌មានបន្ថែមស្តីពីច្បាប់នេះ។
លោកបានមានប្រសាសន៍ទៀតថា "ក្តីបារម្ភទី១គឺថា យើងចាំបាច់ត្រូវដឹងថា វិស័យណាខ្លះដែលរដ្ឋាភិបាលកំណត់ថាជាព័ត៌មានសម្ងាត់"។
លោក ព្រាប កុល បានបន្តថា ខណៈលោកមិនជំទាស់នឹងច្បាប់ស្តីពីព័ត៌មានសម្ងាត់របស់រដ្ឋដាច់ខាតដំណើរការធ្វើសេចក្តីព្រាងគួរតែចំហ និងមានតម្លាភាព។ លោកលើកឡើងថា "ប្រជាពលរដ្ឋយល់ពីតម្រូវការច្បាប់ដែលអាចការពារផលប្រយោជន៍របស់ប្រទេសបាន។ ប៉ុន្តែ យើងចង់ធ្វើឲ្យប្រាកដថា ច្បាប់ស្តីពីព័ត៌មានសម្ងាត់របស់រដ្ឋ មិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋក្នុងការទទួលបានសេរីភាពព័ត៌មាន"។
ចំណែកឯលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកមិនដឹងទេពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះ៕សុខុម
លោក នួន ជា ទម្លាយភាពស្ងប់ស្ងាត់សួរដេញដោលអ្នកកាសែតជើងចាស់
៤០ឆ្នាំបន្ទាប់ពីលោកស្រី អេលីហ្សាបេត ប៊ិកឃឺ បានចូលជួបមេដឹកនាំខ្មែរក្រហមសម្លាប់រង្គាល ប៉ុល ពត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដ៏សម្ងាត់នោះ អ្នកកាសែតអាមេរិករូបនេះកាលពីថ្ងៃពុធបានប្រឈមនឹងសំណួរជាច្រើនពីមេដឹកនាំទីពីរ។
លោក នួន ជា ឬ "បងធំទី២" ដែលកំពុងត្រូវជំនុំជម្រះនៅសាលាក្តីខ្មែរក្រហមពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងប្រល័យពូជសាសន៍ រួមជាមួយមេដឹកនាំ ខៀវ សំផន ក្នុងរបបតែមួយ បានសួរពីរសំណួរទៅលោកស្រី ប៊ិកឃឺ នៅពេលចាំផ្តើមនៃថ្ងៃទី៣របស់លោកស្រីក្នុងនាមជាសាក្សីជំនាញនៅសាលាក្តីនេះ។
ដំបូងគាត់បានសួរអតីតអ្នកឆ្លើយឆ្លងព័ត៌មានកាសែតវ៉ាស៊ីនតោនរូបនេះឲ្យពន្យល់ហេតុអ្វីបានជារដ្ឋាភិបាលអាមេរិកទម្លាក់គ្រាប់បែកប្រហែលបីលានតោនលើប្រទេសកម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៧០ ហើយដែលសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ និងកម្ទេចភូមិករ ស្រែចម្ការនិងវត្តអារាមអស់ជាច្រើន។
លោកស្រី ប៊ិកឃឺ...
មន្ត្រីបានលើកឡើងថា ទាហានថៃបាញ់សម្លាប់អ្នកកាប់ឈើចំនួនបីនាក់
ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា ទាហានថៃបានបាញ់សម្លាប់អ្នកកាប់ឈើជនជាតិខ្មែរបីនាក់ និងធ្វើឲ្យអ្នកទី៤រងរបួសធ្ងន់កាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមអ្នកកាប់ឈើនេះបានឆ្លងកាត់ព្រំដែនដោយខុសច្បាប់ពីខេត្តព្រះវិហារចូលទៅក្នុងទឹកដីថៃដើម្បីរកកាប់ឈើមានតម្លៃ។
លោក ជួ ប៊ុនសុង មេបញ្ជាការកងរាជអាវុធហត្ថនៅក្នុងស្រុកជាំក្សាន្តក្នុងខេត្តព្រះវិហារដែលមានព្រំដែនជាប់ខេត្ត អ៊ូប៊ុន រ៉ាតថានី របស់ប្រទេសថៃបានលើកឡើងថា អ្នកភូមិនៅក្នុងភូមិឈើទាលគងក្នុងឃុំជាំក្សាន្ត បានរាយការណ៍ពីការបាញ់ប្រហារនេះកាលពីព្រឹកថ្ងៃសុក្រ។
លោក ប៊ុនសុង បានមានប្រសាសន៍ថា "យើងបានទទួលដំណឹងថា ពួកគេត្រូវបានបាញ់សម្លាប់ដោយទាហានថៃនៅថ្ងៃទី៥យប់ថ្ងៃសុក្រ "។ លោកបានបន្ថែមថា លោកបានបញ្ជូនមន្ត្រីឲ្យទៅកាន់ភូមិនេះកាលពីថ្ងៃសុក្រ ដើម្បីប្រមូលព័ត៌មានលម្អិតបន្ថែម។
លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តបានកំណត់អត្តសញ្ញាណថា បុរសដែលរងរបួសធ្ងន់មានឈ្មោះ ឈូ បៀ អាយុ៣៣ឆ្នាំជាអ្នកភូមិឈើទាលគង។ លោក គឹមសេង បានលើកឡើងថា លោក ឈូ បៀ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់នៅឡើយ នៅមន្ទីរពេទ្យអង្អែកក្រុងសៀមរាប ប៉ុន្តែ ថា លោកមិនបានដឹងអំពីទំហំនៃការរងរបួសរបស់បុរសរូបនេះឡើយ។ លោក គឹមសេង បានកំណត់អត្តសញ្ញាណបុរសពីរនាក់ដែលត្រូវទាហានថៃបាញ់សម្លាប់ថា មានឈ្មោះ គិត យ៉េត អាយុ៣៩ឆ្នាំដែលក៏មកពីភូមិឈើទាលគងដែរ និងឈ្មោះ គឿ ឌីណា អាយុ២៨ឆ្នាំមកពីខេត្តកំពង់ស្ពឺ។ រីឯជនរងគ្រោះទី៣ត្រូវបានគេស្គាល់ត្រឹមតែថា មានឈ្មោះ ថា អាយុ៣២ឆ្នាំ មកពីខេត្តកំពត។
អភិបាលស្រុករូបនេះបានលើកឡើងទៀតថា ឈ្មួញកណ្តាលម្នាក់បានឲ្យលុយទៅបុរសទាំងនេះដើម្បីឆ្លងកាត់ព្រំដែន ហើយកាប់ឈើគ្រញូងយកមកឲ្យខ្លួន។
លោកបានមានប្រសាសន៍ថា "ប៉ុន្តែ ពួកគេត្រូវទាហានថៃបាញ់សម្លាប់។ ឥឡូវនេះខ្ញុំកំពុងតែសុំការអនុញ្ញាតពីទាហានថៃនៅព្រំដែនដើម្បីចូលទៅយកសពពួកគេមកប្រគល់ឲ្យក្រុមគ្រួសារវិញ"។
លោក ឆន សំអុលនាយរងការិយាល័យបូកសរុបព័ត៌មាននៃស្នងការដ្ឋាននគរបាលខេត្តបានលើកឡើងថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ទាហានថៃនៅច្រកព្រំដែនអន្តរជាតិអានសេះបានដោះលែងពលរដ្ឋខ្មែរចំនួន១០នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៨ ខែមករា ពីបទឆ្លងកាត់ព្រំដែនទៅប្រទេសថៃដោយខុសច្បាប់។
លោក សំអុល បានមានប្រសាសន៍ថា "ប៉ុន្តែ នៅម៉ោងប្រហែល១និង៣០នាទីរសៀលនៅថ្ងៃដដែលនោះមានអ្នកភូមិចំនួន១៣នាក់ផ្សេងទៀតបានលួចឆ្លងកាត់ព្រំដែនចូលទៅកាប់ឈើគ្រញូងក្នុងព្រៃទឹកដីថៃ។ បន្ទាប់មកទាហានថៃបានបាញ់ប្រហារលើពួកគេ ហើយបានធ្វើឲ្យបុរសបីនាក់ស្លាប់ និងម្នាក់ផ្សេងទៀតរបួស។ រីឯអ្នកផ្សេងៗទៀតបានរត់ត្រឡប់ចូលមកទឹកដីកម្ពុជាវិញ"។
លោក ឡោ ចាន់ អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានលើកឡើងថា លោកទទួលបានដំណឹងពីការបាញ់ប្រហារនេះ ប៉ុន្តែ លោកនៅមិនទាន់ទៅដល់ភូមិឈើទាលគងនៅឡើយទេ។
លោកបានមានប្រសាសន៍ថា "តំបន់នោះនៅដាច់ស្រយាលខ្លាំងណាស់។ គ្មានសេវាទូរស័ព្ទឡើយ។ ប្រសិនបើអ្នកភូមិចង់ទាក់ទងនរណាម្នាក់ ពួកគាត់ត្រូវឡើងដើមឈើដើម្បីហៅគ្នា"។
គេមិនអាចទាក់ទង លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានឡើងយ។
ក្រសួងមហាផ្ទៃបានធ្វើសេចក្តីរាយការណ៍កាលពីខែមុនថា មនុស្សចំនួន១១នាក់ត្រូវបានសម្លាប់ និង៣៤នាក់រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារចំនួន១៦លើកដាច់ដោយឡែកពីគ្នាតាមបណ្តោយព្រំដែនថៃកាលពីឆ្នាំមុន។
អង្គការអាដហុក ដែលក៏ឃ្លាំមើលការបាញ់ប្រហារតាមព្រំដែនដែរនោះបានកត់ត្រាថា មានមនុស្សចំនួន២៦នាក់បានស្លាប់ និង១៨នាក់បានរងរបួសកាលពីឆ្នាំ២០១៤។
នៅក្នុងកិច្ចប្រជុំការទូតជាន់ខ្ពស់មួយចំនួន មន្ត្រីរដ្ឋាភិបាលកម្ពុជាបានទទូចម្តងហើយម្តងទៀតឲ្យសមភាគីថៃធានាថា ទាហានថៃគ្រាន់តែធ្វើការចាប់ខ្លួនអ្នកកាប់ឈើបានហើយ ជាជាងការបាញ់ប្រហារ។
បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅរបស់ប្រទេសទាំងពីរកាលពីខែធ្នូ លោក ប្រាវីត វង្សសុវណ្ណ (Prawit Wongsuwan) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានលើកឡើងថា ដើម្បីជៀសវាងកុំឲ្យមានការបាញ់សម្លាប់តាមព្រំដែន ប្រទេសទាំងពីរចាំបាច់ត្រូវតែមានការសហការគ្នាឲ្យបានខ្លាំងជាងមុន។
ឧត្តមសេនីយ៍ ប្រាវីត បានមានប្រសាសន៍នៅពេលនោះថា "ថៃមិនមែនមានចេតនាបាញ់ប្រហារពលរដ្ឋខ្មែរឡើយ ប៉ុន្តែ វាមានការយល់ច្រឡំ ហើយយើងចាំបាច់ត្រូវការធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហានេះ"៕ស៊ុយឈាង
ជនជាតិដើម ភាគតិចម៉ុងតាញ៉ា៩នាក់ទៀតឆ្លងព្រំដែនចូលក្នុងខេត្តរតនគិរី
មន្ត្រីនគរបាលម្នាក់បាននិយាយកាលពីម្សិលមិញថា អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិដើមភាគតិចម៉ុងតាញ៉ាប្រាំបួននាក់ទៀត បានឆ្លងព្រំដែនចូលខេត្តរតនគិរីកាលពីថ្ងៃអង្គារ ធ្វើឲ្យចំនួនពួកគេសរុបដែលលាក់ខ្លួននៅក្នុងស្រុកអូរយ៉ាដាវ ក្នុងខេត្តនេះឡើងដល់៣២នាក់។
លោក ហេង រតនា ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា "ខ្ញុំទទួលបានព័ត៌មានអំពីការមកដល់នៃក្រុមថ្មីនេះ ប៉ុន្តែ យើងមិនមានព័ត៌មានណាមួយជាក់លាក់អំពីអ្នកទាំងនេះឡើយ"។ លោកបានបន្ថែមថា ជនជាតិដើមភាគតិចម៉ុងតាញ៉ាបានមកដល់កាលពីថ្ងៃអង្គារ។
ដោយបន្ទរតាមការលើកឡើងដដែលពីសំណាក់មន្ត្រីរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោក រតនា បានមានប្រសាសន៍ថា លោកមិនគិតថា ជនជាតិដើមភាគតិចម៉ុងតាញ៉ាទាំងប្រាំបួននាក់នេះ ជាក្រុមជនជាតិដើមភាគតិចរស់នៅក្នុងតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាមនោះ ជាអ្នកស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់ឡើយ។
លោកបានមានប្រសាសន៍ថា "ពួកគេគឺជាជនបរទេសដែលបានឆ្លងព្រំដែនខុសច្បាប់មកធ្វើស្រែចម្ការនៅលើដីរបស់ខ្មែរយើងដើម្បីកាន់កាប់ដីនេះជារៀងរហូត។ យើងត្រូវចាត់វិធានការដើម្បីរារាំងអ្នកទាំងនេះកុំឲ្យឆ្លងដែលខុសច្បាប់"។
លោក រតនា បានមានប្រសាសន៍ថា នគរបាលខេត្តរតនគិរីមិនបានស្វែងរកអ្នកមកដល់ថ្មីទេ ពីព្រោះលោក នួន គឿន ស្នងការនគរបាលខេត្ត បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញឯណោះ។
អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយម្នាក់ដែលសុំមិនប្រាប់ឈ្មោះដោយបារម្ភខ្លាចការរករឿងពីសំណាក់អាជ្ញាធរបាននិយាយថា ពួកគេទាំងប្រាំបួននាក់ គឺប្រុសប្រាំបីនាក់ និងស្រីម្នាក់ បានលាក់ខ្លួនក្នុងព្រៃ ក្នុងស្រុកអូរយ៉ាដាវ។
អ្នកភូមិរូបនេះ ដែលបានជួយអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិដើមភាគតិចម៉ុងតាញ៉ាជាង៥០នាក់ចាប់តាំងពីចុងខែតុលាមកបាននិយាយថា ក្រុមថ្មីបំផុតនេះត្រូវបានប្រទះឃើញដោយស្ត្រីម្នាក់ដែលគាត់ទៅដងទឹក។ គាត់បាននិយាយថា រហូតមកទល់ពេលនេះគាត់មិនអាចផ្តល់ជំនួយដល់ពួកគាត់បានទេ ដោយសារតែមាននគរបាលជាច្រើននៅក្នុងតំបន់នេះ។
គាត់បាននិយាយថា "ខ្ញុំគិតថា មនុស្សមួយក្រុមមានគ្នាប្រាំបួននាក់នេះនឹងមិនអាចរត់គេចពីការចាប់ខ្លួនឡើយ ពីព្រោះអាជ្ញាធរបានស្គាល់កន្លែងរបស់ពួកគេហើយ ហើយឥឡូវនេះពួកគេកំពុងស្វែងរកអ្នកទាំងនោះ។
ចាប់តាំងពីចុងខែតុលាមក អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិដើមភាគតិចម៉ុងតាញ៉ា៥៧នាក់ដែលលើកឡើងថា ពួកគេបានរត់គេចពីការធ្វើទុក្ខបុកម្នេញខាងសាសនា និងនយោបាយក្នុងប្រទេសវៀតណាមនោះ បានរត់ភៀសខ្លួនមកប្រទេសកម្ពុជា។
រហូតមកទល់ពេលនេះមានមនុស្ស២០នាក់បានមកកាន់រាជធានីភ្នំពេញ កន្លែងដែលពួកគេកំពុងត្រូវបានដំណើរការដោយនាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃ ចំណែកប្រាំនាក់ទៀតត្រូវបានចាប់ខ្លួនក្នុងខេត្តរតនគិរីកាលពីថ្ងៃទី១ ខែកុម្ភៈ។ គេមិនដឹងពីកន្លែងលាក់ខ្លួនរបស់អ្នកទាំងប្រាំឡើយ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីម្សិលមិញថា ក្រសួងរបស់លោកមិនទាន់សម្រេចថា តើជនជនជាតិដើមភាគតិចម៉ុងតាញ៉ាដែលកំពុងលាក់ខ្លួនក្នុងខេត្តរតនគិរីនោះ គឺជាអ្នកស្វែងរកសិទ្ធិជ្រកកោន ឬយ៉ាងណាឡើយ។
ឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា "មុនពេលយើងសម្រេចថា តើពួកគេជាជនអន្តោប្រវេសន៍ខុសច្បាប់ ឬជាជនភៀសខ្លួននោះ យើងត្រូវជួបជាមួយពួកគេសិន"។ លោកបានបន្ថែមថា នគរបាលមូលដ្ឋានទទួលខុសត្រូវចំពោះការទាក់ទងពួកគេជាមុន។
នៅពេលត្រូវបានសួរថា តើក្រសួងរបស់លោកនឹងអនុញ្ញាតឲ្យអង្គការសហប្រជាជាតិជួបជាមួយអ្នកស្វែងរកសិទិ្ធជ្រកកោននេះ ឬយ៉ាងណានោះ ឧត្តមសេនីយ៍ ខៀវ សុភ័គ បានដាក់ទូរស័ព្ទចុះពេលអ្នកយកព័ត៌មានទាក់ទង។
លោកស្រី វ៉ាន់ ហ៊ាលី តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានមានប្រសាសន៍ថា ការិយាល័យរបស់លោកស្រីបានដឹងពីអ្នកមកដល់ថ្មីក្នុងខេត្តរតនគិរី ហើយកំពុងទាក់ទងក្រសួងមហាផ្ទៃ អំពីការជួយដល់ជនជាតិដើមភាគតិចម៉ុងតាញ៉ាដែលកំពុងលាក់ខ្លួនក្នុងខេត្តនេះនៅឡើយ៕សារុន
អគ្គរដ្ឋលេខាធិការនៃរដ្ឋសភាត្រូវបានចោទប្រកាន់ពីបទបំប៉ោងការចំណាយហួសហេតុ
កាលពីម្សិលមិញ គណៈកម្មការធនាគារ និងហិរញ្ញវត្ថុនៃរដ្ឋសភា បានសម្រេចកោះហៅលោក ឡេង ប៉េងឡុង ប្រធានរដ្ឋបាលនៅរដ្ឋសភាដើម្បីធ្វើការសាកសួរជំុវិញការអះអាងពាក់ព័ន្ធនឹងបក្ខពួកនិយម និងភាពមិនប្រក្រតីក្នុងការចំណាយ ដែលរួមមានទាំង ២៥.០០០ដុល្លារសម្រាប់បង្គោលដងទង់ជាតិមួយផងដែរ នេះបើយោងតាមអនុប្រធានគណៈកម្មការនេះបានលើកឡើង។
អនុប្រធានរបស់លោក ឡេង ប៉េងឡុង ដែលជាអគ្គលេខាធិការនៃរដ្ឋសភា បានមានប្រសាសន៍ថា ការចោទប្រកាន់ទាំងនេះមិនពិតទេ ប៉ុន្តែ ថា ប្រធានរបស់លោកនឹងឆ្លើយរាល់សំណួរ ប្រសិនបើត្រូវបានកោះហៅ។
លោក សុន ឆ័យ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការធនាគារ និងហិរញ្ញវត្ថុនៃរដ្ឋសភា បានមានប្រសាសន៍ថា តំណាងរាស្ត្រមកពីគណបក្សកាន់អំណាច និងតំណាងរាស្ត្រមកពីគណបក្សប្រឆាំងដែលមានសមាសភាពនៅក្នុងគណៈកម្មការនេះបានព្រមព្រៀងគ្នាឲ្យកោះហៅលោក ឡេង ប៉េងឡុង ដើម្បីធ្វើការសាកសួរឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកបានមានប្រសាសន៍ទៀតថា "យើងមានកិច្ចប្រជុំថ្នាក់គណៈកម្មការមួយនៅព្រឹកនេះ។ គណៈកម្មការបានយល់ស្របឲ្យយើងអញ្ជើញលោក ឡេង ប៉េងឡុង អគ្គលេខាធិការ មកឆ្លើយបំភ្លឺនៅចំពោះមុខគណៈកម្មការ។ វាមិនត្រឹមតែនិយាយអំពីបក្ខពួកនិយមនៅក្នុងសភាប៉ុណ្ណោះទេ ប៉ុន្តែ ក៏នឹងនិយាយអំពីរបៀបដែលសភាកំពុងអនុវត្តការចំណាយរបស់ខ្លួនផងដែរ។ យើងចង់ធ្វើឲ្យវាមានតម្លាភាពជាងមុន។
កាលពីពេលថ្មីៗនេះយើងបានបញ្ជូនតំណាងគណៈកម្មការមួយរូបឲ្យទៅពិនិត្យមើលនីតិវិធីសម្រាប់ទិញបង្គោលដងទង់ជាតិ ហើយបានរកឃើញថា មានការភាន់ច្រឡំជាច្រើន។ គ្រាន់តែបង្គោលដងទង់ជាតិមួយថ្លៃដល់ទៅ២៥.០០០ដុល្លារ គួរឲ្យអស់សំណើចណាស់។ ក៏មានការសាងសង់ ការទិញរថយន្ត ការដឹកជញ្ជូនរថយន្តមួយគ្រឿងៗ ចំណាយអស់២៥.០០០ដុល្លារ គឺគួរឲ្យអស់សំណើចណាស់។ នៅក្នុងថវិការបស់ពួកគេ ពួកគេបានទិញរថយន្តថ្មីចំនួន៣០គ្រឿងដែលមានតម្លៃប្រហែល២០០.០០០ដុល្លារក្នុងមួយគ្រឿងៗ ហើយគ្រាន់តែដឹកជញ្ជូនវាមកកម្ពុជា ថ្លៃប្រហែល២៥.០០០ដុលា្លរក្នុងមួយគ្រឿងៗ"។
លោកបានមានប្រសាសន៍បន្ថែមទៀតថា លោក ជាម យៀប តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាដែលជាប្រធានគណៈកម្មការនេះ នឹងជ្រើសរើសកាលបរិច្ឆេទសម្រាប់ការសាកសួរ។
លោកបានបន្តថា "យើងត្រូវតែដោះស្រាយវាជាមួយប្រធានគណៈកម្មការ ប៉ុន្តែ យើងនឹងដោះស្រាយវា។ វាពិបាកណាស់សម្រាប់គាត់។ យើងយល់ថា ពេលខ្លះប្រព័ន្ធទាំងមូលផ្អែកលើការការពារបក្ស ដូច្នេះរឿងនេះគឺលំបាកសម្រាប់គាត់"។
លោក ជាម យៀប និងលោក ឡេង ប៉េងឡុង មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពី ម្សិលមិញ ។ទោះជាយ៉ាងណាលោក មិត្ត ការ៉េន អគ្គលេខាធិការរងនៃរដ្ឋសភាដែលបានក្លាយជាផ្ទាំងសីុបនៃការអះអាងរបស់លោក សុន ឆ័យ អំពីបក្ខពួកនិយមក្នុងរដ្ឋសភាកាលពីឆ្នាំមុន បានមានប្រសាសន៍ថា ការអះអាងទាំងនេះមិនពិតទេ ហើយថា ការចំណាយគឺត្រូវឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ។
លោកបានលើកឡើងថា "ពេលនេះខ្ញុំកំពុងរៀបចំឯកសារទាំងនេះ ហើយការអនុវត្តជាក់ស្តែងមិនទាន់កើតឡើងទេ។ ខ្ញុំចង់និយាយថា យើងកំពុងព្រៀងផែនការឆ្នាំ២០១៥សម្រាប់ទិញសម្ភារទាំងអស់នេះ។ លើសពីនេះទៅទៀត វាមិនមែនជាការពិតទេដែលថាយើងគ្រោងចំណាយ២៥.០០០ដុល្លារ គ្រាន់តែសម្រាប់បង្គោលដងទង់ជាតិមួយ។ ប៉ុន្តែ ចំនួននេះត្រូវបានគ្រោងទុកសម្រាប់គម្រោងទាំងមូលដូចជាការធ្វើសួន ធ្វើចិញ្ចើមផ្លូវ និងបង្គោលដងទង់ជាតិជាដើម ពីព្រោះវាជាផ្នែកមួយនៃការធ្វើផែនការឆ្នាំ២០១៥។ ជាក់ស្តែងមិនទាន់មានការអនុម័តផ្លូវការនៅឡើយទេ ពីព្រោះយើងទើបតែបង្ហាញផែនការទាំងនេះទៅគណៈកម្មការ ក្នុងពេលថ្មីៗនេះប៉ុណ្ណោះជាមួយនឹងមន្ត្រី៣៦រូបមកពី លទ្ធកម្ម ហិរញ្ញវត្ថុ សវនកម្ម និងអគ្គលេខាធិការដ្ឋានដែលចូលរួមក្នុងកិច្ចប្រជុំ។ យើងមិនសម្រេចរឿងអ្វីមួយនៅក្នុងអគ្គលេខាធិការដ្ឋានតែឯងទេ។ យើងមិនធ្វើការសម្រេចចិត្តតាមតែអំពើចិត្តនោះទេ"។
លោកបានមានប្រសាសន៍ទៀតថា "ហើយវាមិនមែនជាការពិតទេដែលថា យើងទិញរថយន្ត៣០គ្រឿងដូចការចោទប្រកាន់។ ជាមូលដ្ឋាន យើងគ្រោងទិញរថយន្តត្រឹមតែប្រាំបួនគ្រឿងប៉ុណ្ណោះសម្រាប់ថ្នាក់ដឹកនាំរដ្ឋសភា ដោយសាររថយន្តរបស់ពួកគាត់ប្រើប្រាស់១២ឆ្នាំមកហើយ។ រថយន្តទាំងនោះចាស់ណាស់ទៅហើយ ហើយខូចច្រើន"។
លោកបានបញ្ជាក់ថា ការទិញនោះត្រូវបានអនុម័តដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកលើកឡើងថា "តម្លៃរថយន្តមិនទាន់កំណត់នៅឡើយទេ វាស្រេចតែលើអ្នកលក់ មិនមែនយើងទេ"។
មិនយូរប៉ុន្មានបន្ទាប់ពីគណបក្សសង្គ្រោះជាតិបញ្ចប់ការធ្វើពហិការមិនចូលសភារបស់ខ្លួនកាលពីសីហា លោក សុន ឆ័យ បានចាប់ផ្តើមធ្វើយុទ្ធនាការប្រឆាំងបក្ខពួកនិយមនៅក្នុងរដ្ឋបាលរបស់រដ្ឋសភាដោយប្រកាសជាសាធារណៈថា លោក មិត្ត ការ៉េន បាននាំសមាជិកគ្រួសារលោកយ៉ាងហោចណាស់ប្រាំពីរនាក់ឲ្យចូលធ្វើការនៅក្នុងសភាក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ក្នុងនោះរួមមានទាំងកូនស្រី និងកូនប្រសាប្រុសរបស់លោកផងដែរ។
មុខតំណែងទាំងនោះរួមមានមុខតំណែងរដ្ឋបាលសំខាន់ៗដូចជា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃរដ្ឋសភា ដែលកាន់ដោយកូនប្រសាប្រុស និងនាយកដ្ឋានសវនកម្មដែលកាន់ដោយកូនស្រីរបស់លោក មិត្ត ការ៉េន ។ អគ្គលេខាធិការរងរូបនេះបានលើកឡើងថា ពួកគេទាំងអស់នោះសុទ្ធតែទទួលបានការងារដោយស្របច្បាប់។
លោកបានមានប្រសាសន៍កាលពីម្សិលមិញថា ទាំងរូបលោក និងលោក ឡេង ប៉េងឡុង នឹងចូលខ្លួនឆ្លើយបំភ្លឺនៅចំពោះមុខគណៈកម្មការធនាគារ និងហិរញ្ញវត្ថុ ប្រសិនបើត្រូវបានកោះហៅដោយមានលិខិតស្នាមផ្លូវការដែលចុះហត្ថលេខាដោយលោក ជាម យៀប៕សុខុម
ក្រុមអ្នកតវ៉ាទាមទារឲ្យដោះលែងសកម្មជន និងឲ្យបញ្ចប់ការប្រើអំពើហិង្សា
កាលពីម្សិលមិញ តំណាងសហគមន៍ចំនួន១៦ប្រហែល២០០នាក់មកពីទូទាំងប្រទេសបានហែក្បួនកាត់រាជធានីភ្នំពេញដោយបានបាចញត្តិដែលថតចម្លងអំពាវនាវឲ្យដោះលែងសកម្មជនប្រឆាំងការបណ្តេញចេញពីដី១១នាក់ដែលបានជាប់ពន្ធនាគារ ហើយឲ្យបញ្ចប់ការប្រើអំពើហិង្សាពីសំណាក់រដ្ឋាភិបាលមកលើអ្នកភូមិដែលបានជាប់ពាក់ព័ន្ធវិវាទដីធ្លី។
ដំបូងអ្នកតវ៉ា បានដាក់ញត្តិទៅក្រសួងមហាផ្ទៃនៅម៉ោងប្រហែល១១និង៣០នាទីព្រឹក មុនពេលដើរតាមមហាវិថីព្រះនរោត្តម និងមហាវិថីសុធារសទៅក្រសួងយុត្តិធម៌ សាលាឧទ្ធរណ៍ និងតុលាការកំពូល។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទទួលយកញត្តិនៅខាងក្រៅក្រសួងរបស់លោក ដោយសរសើរអ្នកហែក្បួនថា មានវិន័យ។
ឧត្តមសេនីយ៍ ខៀវ សុភ័គ បាននិយាយទៅកាន់ក្រុមមនុស្សថា "សូមរក្សាវប្បធម៌នៃការតវ៉ាដោយសន្តិវិធីនេះ"។
អ្នកស្រី បូវ សោភា អ្នកតវ៉ាមកពីតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញបានមានប្រសាសន៍ថា អ្នកស្រីមានសង្ឃឹមតិចតួចដែលថា ញត្តិនេះនឹងនាំឲ្យមានការផ្លាស់ប្តូរនោះ ហើយបានអំពាវនាវឲ្យបិទក្រសួងយុត្តិធម៌។ អ្នកស្រីបាននិយាយថា "ជាក់ស្តែង យើងឃើញថា ក្រសួងយុត្តិធម៌គ្មានយុត្តិធម៌ឡើយ ដូច្នេះសូមបិទក្រសួងនេះទៅ។
អ្នកស្រី សោភា បានប្រៀបធៀបពីការប្រព្រឹត្តមកលើសកម្មជន១១នាក់ដែលត្រូវបានជាប់ពន្ធនាគារ តាមការចោទប្រកាន់ទាក់ទងនឹងការតវ៉ា ជាមួយការប្រព្រឹត្តមកលើឪពុកម្តាយលោក ថោង សារ៉ាត់ មន្ត្រីក្រសួងការពារជាតិដែលរត់គេចខ្លួន ដែលកាលពីថ្ងៃសៅរ៍ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយពួកគេត្រូវបានឃុំខ្លួនដោយចោទប្រកាន់ពីបទ មានអាវុធ។
អ្នកស្រី សោភា បាននិយាយថា "ខ្ញុំគិតថា វាជាការគួរឲ្យខ្មាសអៀន ដែលលឪពុកម្តាយលោក ថោង សារ៉ាត់ ត្រូវបានតុលាការដោះលែង...ប៉ុន្តែ ប្រជាជនរបស់ខ្លួនឯងវិញ ពួកគេប្រព្រឹត្តដូចឆ្កែនិងឆ្មាអ៊ីចឹង"។ អ្នកស្រីបានបន្ថែមថា ប្រសិនបើក្រសួងយុត្តិធម៌បន្តមិនយកចិត្តទុកដាក់នឹងសំណើរបស់អ្នកតវ៉ាដែលអន្តរាគមន៍ឲ្យដោះលែងសកម្មជនដែលជាប់ពន្ធនាគារពួកគាត់នឹងងាកទៅរកវិធីការទូតដែលមិនសូវជាមានសង្ឃឹម។
កាលពីខែមុន សាលាឧទ្ធរណ៍បានតម្កល់ការផ្តន្ទាទោសលើសកម្មជនទាំង១១នាក់រួមមានមនុស្សប្រាំពីរនាក់មកពីតំបន់បឹងកក់ ដែលត្រូវបានជាប់ពន្ធនាគារពីបទបិទចរាចរណ៍នៅមុខសាលារាជធានី ខណៈដែលធ្វើការតវ៉ា ពីការដែលអាជ្ញាធររាជធានីមិនបានដោះស្រាយការជន់លិចតំបន់របស់ពួកគាត់ជាប្រចាំនោះ៕សារុន
ទោះជាមានការបង្ហាញកងកម្លាំង ការចុះពិនិត្យវត្តប្រព្រឹត្តទៅដោយស្ងប់ស្ងាត់
អភិបាលរងក្រុងភ្នំពេញ លោក ឃួង ស្រេង កាលពីថ្ងៃអង្គារបានបង្វែរទិសដៅពាក់ព័ន្ធនឹងការប្រកាសរបស់សាលាក្រុងដែលថា ខ្លួននឹងចុះអង្កេតវត្តសាមគ្គីរង្សី ទាក់ទិននឹងឥរិយាបទប្រឆាំងរដ្ឋាភិបាល និងបំណងអបគមន៍ ជាការអធិប្បាយដែលបង្កឲ្យមានការបារម្ភក្នុងចំណោមព្រះសង្ឃ ដែលថាវត្តមានចិត្តគំនិតឯករាជ្យនេះនឹងត្រូវគេបិទនោះ។
ក្នុងការចុះពិនិត្យវត្តនេះជាមួយនឹងប៉ូលិសនិងកម្លាំងរាជអាវុធហត្ថជាង៥០នាក់កាលពីរសៀលថ្ងៃអង្គារ លោក ឃួង ស្រេង បានប្រាប់ព្រះសង្ឃថា វត្តសាមគ្គីរង្សី ចាំបាច់ត្រូវមានការសម្រេចយល់ព្រមពីក្រសួងធម្មការនិងសាសនា មុនពេលវត្តនេះមានការទទួលស្គាល់ជាផ្លូវការទាំងស្រុង។ ប៉ុន្តែលោកបានចាកចេញដោយគ្មានការគំរាមជាក់លាក់ថានឹងបិទវត្ត ឬទប់ស្កាត់សកម្មភាពខុសពីគេរបស់វត្តនេះឡើយ។
លោកបានប្រាប់ព្រះចៅអធិការស្តីទីវត្តសាមគ្គីរង្សី ថាច់ ហាសំអាង ថា "ខ្ញុំករុណាចង់ឲ្យវត្តអនុវត្តតាមច្បាប់។ ព្រះតេជគុណកុំព្យាយាមលាក់បាំងអ្វីៗពីខ្ញុំករុណា។ ខ្ញុំករុណាដឹងគ្រប់យ៉ាងដែលព្រះតេជគុណធ្វើ។...
ម៉ុងតាញ៉ាប្រាំបួននាក់កំពុងគេចខ្លួនពីសមត្ថកិច្ចខេត្តរតនគិរី
មន្ត្រីអង្គការសិទ្ធិមនុស្សនិងអ្នកភូមិម្នាក់ នៅខេត្តរតនគិរី បាននិយាយនៅថ្ងៃនេះថាមាន ម៉ុងតាញ៉ា ប្រាំបួននាក់កំពុងលាក់ខ្លួនពីការតាមចាប់របស់សមត្ថកិច្ចខេត្ត ក្រោយពីពួកគេបានគេចខ្លួនពីប្រទេសវៀតណាម កាលពីម្សិលមិញ។
លោក ឆាយ ធី មន្ត្រីសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តរតនគិរី បាននិយាយថ្ងៃនេះថា លោកកំពុងព្រួយបារម្ភពីសុវត្ថិភាពរបស់មុ៉ងតាញ៉ាប្រាំបួននាក់ ដែលបានគេចខ្លួនពីប្រទេសវៀតណាម កាលពីថ្ងៃអង្គារ កំពុងលាក់ខ្លួននៅក្នុងព្រៃស្រុកអូយ៉ាដាវ។
លោក ធី បាននិយាយាថា "យើងបារម្ភពីសុវត្ថិភាពអ្នកទាំងប្រាំបួននាក់នោះ ព្រោះសមត្ថកិច្ចកំពុងតែរុករកពួកគាត់នៅក្នុងព្រៃ"។
អ្នកភូមិជនជាតិចារ៉ាយម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ម៉ុងតាញ៉ា នោះមានប្រុសប្រាំបីនាក់និងស្ត្រីម្នាក់ កំពុងតែលាក់ខ្លួនក្នុងព្រៃ ដើម្បីគេចចេញពីការតាមចាប់របស់សមត្ថកិច្ចខេត្ត។
"ខ្ញុំគិតថា អ្នកទាំងប្រាំបួននាក់នោះមិនអាចរួចខ្លួនពីការតាមចាប់របស់ប៉ូលិសបានទេ ព្រោះពួកគេបានដឹងពីការគេចខ្លួនរបស់អ្នកទាំងនោះ"។
កាលពីថ្ងៃច័ន្ទ មានម៉ុងតាញ៉ាបួននាក់ ដែលបានរត់គេចខ្លួនពីការតាមចាប់របស់ប៉ូលិសខេត្តរតនគិរីនៅដើមខែនេះ បានមកដល់ក្រុងភ្នំពេញ ដើម្បីស្វែងរកសិទ្ធិជ្រកកោន។
កំណើននាំចេញសម្លៀកបំពាក់បង្អង់ល្បឿននៅក្នុងឆ្នាំ២០១៤
ការនាំចេញសម្លៀកបំពាក់របស់ប្រទេសកម្ពុជា បានកើនឡើងប្រមាណ៤ភាគរយនៅក្នុងឆ្នាំ២០១៤ដល់៥,៧៥ពាន់លានដុល្លារ ពោលគឺតិចជាងឆ្ងាយណាស់បើប្រៀបធៀបនឹងការកើនឡើង២០ភាគរយនៅក្នុងការនាំចេញសម្លៀកបំពាក់កាលពីឆ្នាំ២០១៣ ប៉ុន្តែវាផ្ទុយពីការព្យាករប្រកបដោយទុទិដ្ឋិនិយមបំផុតដែលរំពឹងថា ការនាំចេញប្រាកដជានឹងធ្លាក់ចុះ។
ការបង្អង់ល្បឿននៅក្នុងកម្លាំងចលករមួយក្នុងចំណោមកម្លាំងចលករសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសកម្ពុជា អមជាមួយវិស័យកសិកម្ម វិស័យសំណង់ និងវិស័យទេសចរណ៍
ប្រហែលជាមានផលប៉ះពាល់ខ្លាំងលើកំណើនសរុប។ ឧស្សាហកម្មនេះផ្តល់ការងារដល់កម្មករប្រមាណ៦០០.០០០នាក់ ដោយស្មើនឹង៨០ភាគយនៃការនាំចេញសរុបរបស់កម្ពុជា និងរួមចំណែកមួយភាគបីនៃផលិតផលក្នុងស្រុកសរុប (GDP)។
តួលេខថ្មីបានពីនាយកដ្ឋានត្រួតពិនិត្យការនាំចូលនាំចេញនៃក្រសួងពាណិជ្ជកម្មនេះ មិនបានបែងចែកការនាំចេញដាច់ពីគ្នាតាមគោលដៅទេ។ តែទោះជាយ៉ាងណា សម្លៀកបំពាក់ភាគច្រើនដែលកម្ពុជា នាំចេញទៅបរទេស គឺឆ្ពោះទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប។
តួលេខនាំចេញប្រចាំត្រីមាសបានបង្ហាញពីកំណើនរឹងមាំកាលពីឆ្នាំមុន ប៉ុន្តែបានបង្អង់ល្បឿនបន្តិចម្តងៗ នៅពេលផលប៉ះពាល់នៃការធ្លាក់ចុះការបញ្ជាទិញពីក្រុមហ៊ុនសម្លៀកបំពាក់អន្តរជាតិបានចាប់ផ្តើមប៉ះពាល់ដល់រោងចក្រ។ អ្នកទិញជាច្រើនបានចាប់ផ្តើមកាត់បន្ថយការបញ្ជាទិញរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ក្រោយពីកម្មករបានធ្វើកូដកម្មយ៉ាងច្រើនមិនធ្លាប់មានជុំវិញប្រាក់ខែ អត្ថប្រយោជន៍ និងការរំលោភការងារកាលពីឆ្នាំ២០១៣។
ស្ថានភាពចលាចលនេះបានកើតមានឡើងកាលពីខែធ្នូឆ្នាំ០១៣ នៅពេលក្រសួងការងារបានច្រានចោលការទាមទារប្រាក់ខែគោលរបស់សហជីព និងឈានដល់ការបញ្ចប់ដោយបង្ហូរឈាមនៅខែ បន្ទាប់ក្រោយពីកងរាជអាវុធហត្ថបានបាញ់ប្រហារទៅលើក្រុមកម្មករដែលកំពុងធ្វើការតវ៉ា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់បាត់បង់ជីវិត។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីតួលេខថ្មីនេះទេ ពីព្រោះលោកមិនទាន់បានឃើញ។ លោកបានបង្វែរសំណួរទៅលោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលមិនអាចទាក់ទងបាន។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានព្យាករថា ការនាំចេញសរុបនឹងធ្លាក់ចុះនៅក្នុងឆ្នាំ២០១៤។ លោក កែន លូ អគ្គលេខាធិការសមាគមនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីតួលេខថ្មីបំផុតបានពីនាយកដ្ឋានត្រួតពិនិត្យការនាំចូលនាំចេញនេះទេ ដោយលោកសុខចិត្តរង់ចាំតួលេខដំណាច់ឆ្នាំពីនាយកដ្ឋានមួយទៀតនៅក្រសួងពាណិជ្ជកម្មដែលលោករំពឹងថានឹងទទួលបានក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ។
ទោះជាយ៉ាងណា លោកបានមានប្រសាសន៍ថា លោករំពឹងថា តួលេខនឹងកាន់តែអាក្រក់ជាងនេះទៅទៀតនៅឆ្នាំនេះ។ លោកលើកឡើងថា "ខ្ញុំគិតថា នៅក្នុងឆ្នាំ២០១៥ យើងនឹងមើលឃើញកំណើនអវិជ្ជមាន។ សំណួរសួរថា តើមានប៉ុន្មាន"។
ខណៈរោងចក្រជាច្រើនបានបញ្ចេញប្រតិកម្មរួចទៅហើយចំពោះការធ្លាក់ចុះការបញ្ជាទិញតាមរយៈការកាត់បន្ថយវេនធ្វើការបន្ថែមម៉ោង លោក កែន លូ បានមានប្រសាសន៍ថា ការបិទរោងចក្រ និងការផ្អាកការងារកម្មករជាបណ្តោះអាសន្ន ទំនងជានឹងធ្វើឲ្យប៉ះពាល់ដល់វិស័យនេះត្រឹមខែឧសភា។
ខណៈកូដកម្មបានធ្លាក់ចុះជាងមួយភាគបួននៅក្នុងឆ្នាំ២០១៤តាមការគណនារបស់ GMAC លោក កែន លូ បានមានប្រសាសន៍ថា អ្នកទិញទំនងជាមិនសប្បាយចិត្តប៉ុន្មានទេចំពោះការធ្លាក់ចុះនេះ។ ការដំឡើង២៨ភាគរយលើប្រាក់ខែគោលក្នុងវិស័យកាត់ដេរ ក៏បានចូលជាធរមានដែរកាលពីខែមករា។
លោកមានប្រសាសន៍ថា "យើងនៅតែមើលឃើញកូដកម្មភ្លាមៗមួយរំពេច យើងនៅតែមើលឃើញបាតុកម្មហិង្សា យើងនៅតែត្រូវការការអនុវត្តច្បាប់បន្ថែមទៀត"។
សហជីពនិយាយថា កូដកម្មជាច្រើនក្នុងចំណោមកូដកម្មទាំងនោះដែលរោងចក្រយល់ថា ខុសច្បាប់ តាមពិតបានគោរពច្បាប់ការងារត្រឹមត្រូវ។ សហជីពចោទប្រកាន់និយោជកជាច្រើនពាក់ព័ន្ធនឹងការបណ្ដេញតំណាងរបស់ខ្លួនចេញដោយសារតែសកម្មភាពសហជីពស្របច្បាប់ ហើយចោទពួកគេថាបានឃុបឃិតជាមួយរដ្ឋាភិបាលដើម្បីរារាំងការដាក់ពាក្យសុំបង្កើតសាខារបស់ខ្លួន៕សុខុម
ក្រុមយុវជនគណបក្សប្រជាជនកម្ពុជានិងអង្គការមិនមែនរដ្ឋាភិបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកធ្វើយុទ្ធនាការស្តីពីការពាក់មួកសុវត្ថិភាព
ក្រុមយុវជនដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជានិងអង្គការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងតំបន់ កាលពីម្សិលមិញ បានរៀបចំកម្មវិធីសាកល្បងរយៈពេលពីរឆ្នាំដែលចំណាយទឹកប្រាក់១,២លានដុល្លារដើម្បីអប់រំប្រជាជនកម្ពុជាអំពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពនៅពេលបើកបរ ឬជិះក្នុងនាមជាអ្នករួមដំណើរតាមម៉ូតូ។
កម្មវិធីសាកល្បងនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ នឹងអនុវត្តរួមគ្នាដោយអង្គការមូលនិធិបង្ការរបួសអាស៊ី និងសហភាពសហព័ន្ធយុវជនកម្ពុជា ជាអង្គការដែលដឹក នាំដោយលោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅពិធីមួយដើម្បីចាប់ផ្តើមយុទ្ធនាការនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក Greig Craft ប្រធានស្ថាបនិកអង្គការមូលនិធិបង្ការរបួសអាស៊ីបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាព ខណៈស្វែងយល់ពីគ្រោះថ្នាក់តាមដងផ្លូវក្នុងប្រទេសកម្ពុជា ដោយលើកឡើងថា មនុស្ស២.០០០នាក់បានស្លាប់តាមដងផ្លូវក្នុងមួយឆ្នាំៗ "ភាគច្រើនមកពីការមិនពាក់មួកសុវត្ថិភាព"។
លោក...