34 C
Phnom Penh

អត្ថាធិប្បាយ៖ តើ​រុស្ស៊ី​មាន​លទ្ធភាព​ឈ្នះ​សង្គ្រាម​នៅ​អ៊ុយក្រែន នៅ​ឆ្នាំ​២០២៤ នេះ​ដែរ​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន មក​ដល់​ពេលនេះ​វា​ចូល​ដល់ ២​ឆ្នាំ​ជិត ៣​ខែ​មក​ហើយ។ នៅ​វគ្គ​ដំបូងៗ រុស្ស៊ី​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន គឺ​សឹងតែ​វាយ​បំបែក​រដ្ឋធានី​គៀវ ទៅ​ហើយ ប៉ុន្តែ​ត្រូវ​បាន​ទ័ព​អ៊ុយក្រែន វាយបក​រុញច្រាន​ទ័ព​រុស្ស៊ី ត្រឡប់​មក​វិញ​ជាមួយ​នឹង​អ៊ុយក្រែន ទទួល​បាន​អាវុធ​ភ្លាមៗ​ពី​ក្រុម​បស្ចិម​ប្រទេស និង​ណាតូ។

គេ​ថា​នៅ​សល់​តែ ៦០​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ ទ័ព​រុស្ស៊ី វាយ​ចូល​រដ្ឋធានី​គៀវ បាន​ទៅ​ហើយ តែ​ក្នុង​ពេល​នោះ រុស្ស៊ី រុល​ទៅ​មុខ​ពុំ​រួច​ដោយសារតែ​រថក្រោះ និង​រថពាសដែក​របស់​រុស្ស៊ី ជាប់​ផុង​ដោយសារតែ​ទ័ព​អ៊ុយក្រែន បាញ់​កម្ទេច​ឆេះ​យ៉ាង​សម្បើម​នៅ​លើ​ដងផ្លូវ​ដែល​រថក្រោះ​រថពាសដែក​រុស្ស៊ី​ទាំងនោះ​រុល​ចូល​ទៅ​រដ្ឋធានី​គៀវ។

នៅ​ថ្ងៃទី​០៤ មិថុនា រុស្ស៊ី​បាន​សម្រេច​ដក​ទ័ព​ត្រឡប់​ទៅ​ឈរជើង​វិញ​នៅ​តំបន់​ដុនបាស​ភាគ​ខាងកើត​ប្រទេស ហើយ​ភ្លាមៗ​នោះ លោក ពូទីន ប្រកាស​ថា រុស្ស៊ី​នឹង​ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​រុល​ចូល​រដ្ឋធានី​គៀវ និង​វាយ​យក​ដុនបាស ឱ្យ​បាន​ពី​អ៊ុយក្រែន។

មក​ដល់​ពេលនេះ រុស្ស៊ី​កំពុង​ស្ថិត​នៅ​ក្នុង​សមរភូមិ​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​ប្រទេស។ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ លោក ពូទីន បាន​ចេញ​បញ្ជា​ឱ្យ​កងទ័ព​រុស្ស៊ី វាយ​បំបែក​តំបន់​ដុនបាស នៅ​ត្រឹម​ខែ​កក្កដា ហើយ​សម្រេច​រុល​ចូល​គ្រប់​សមរភូមិ​ទាំងអស់ បើ​វាយ​យក​ដុនបាស បាន​ហើយ​នោះ។ ត្រង់​នេះ​ហើយ​ដែល​អ្នក​សង្កេតការណ៍ និង​អ្នកវិភាគ​ជជែក​វែកញែក​ជាមួយ​នឹង​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ធំៗ​នៃ​ក្រុម​ពួក​បស្ចិម​ប្រទេស​ថា តើ​ស្ថានការណ៍​សឹក​នៅ​ពេលនេះ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ដែល​កងទ័ព​រុស្ស៊ី កំពុងតែ​មាន​ប្រៀប​ជាង​កងទ័ព​អ៊ុយក្រែន នៅ​សមរភូមិ​តំបន់​ដុនបាស កងទ័ព​រុស្ស៊ី​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​សង្គ្រាម​ឈ្នះ​អ៊ុយក្រែន នៅ​ក្នុង​ឆ្នាំ​២០២៤ ដែរ​ឬ​ទេ។

យោង​តាម​អ្នកជំនាញ​ផ្នែក​យោធា​ពី​ពួក​បស្ចិម​ប្រទេស មាន​ទាំង​អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ Jen Stoltenberg ផង​ដែរ បាន​អះអាង​ថា រុស្ស៊ី​គ្មាន​លទ្ធភាព​ក្នុង​ការ​វាយ​ឈ្នះ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន​ដាច់ខាត មិន​ថា​ឡើយ​នៅ​ឆ្នាំ​២០២៤ នោះ​ទេ គឺ​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​ក៏​មិន​អាច​វាយ​កាន់កាប់​ទឹកដី​អ៊ុយក្រែន បាន​ទាំងមូល​ឡើយ។

តើ​កត្តា​អ្វី​ខ្លះ​ដែល​ក្រុម​អ្នកជំនាញ​របស់​ពួក​បស្ចិម​ប្រទេស រាប់​ទាំង​មេដឹកនាំ​ណាតូ បាន​ថ្លែង​ដូចនេះ ហើយ​មាន​ជំនឿ​ថា អ៊ុយក្រែន​អាច​នឹង​ការពារ​ទីតាំង​ឈរជើង​របស់​ខ្លួន​បាន បើ​ទោះជា​ទ័ព​របស់​រុស្ស៊ី​វាយលុក​យ៉ាង​ខ្លាំងក្លា​ក៏ដោយ​នោះ?

កត្តា​ទី​១ គេ​អាច​និយាយ​បាន​ថា រុស្ស៊ី​បើ​ទោះជា​ប្រើប្រាស់​ទ័ព​ច្រើន​មហិមា​ជាង​កងទ័ព​អ៊ុយក្រែន​ក៏ដោយ គឺ​កងទ័ព​របស់​រុស្ស៊ី​មួយ​ភាគ​ធំ​ពុំ​មាន​ស្មារតី​រឹងមាំ​ក្នុង​ការ​កាន់​អាវុធ​ប្រយុទ្ធ​នៅ​លើ​សមរភូមិ​នោះ​ទេ ដូចជា​ថ្មីៗ​នេះ សារព័ត៌មាន The Kyiv Independent នៃ​ប្រទេស​អ៊ុយក្រែន ចុះផ្សាយ​ថា ទ័ព​រុស្ស៊ី​ជាង ១៨០០០​នាក់ បាន​បោះបង់​ទីតាំង​ឈរជើង​របស់​ពួកគេ ហើយ​ទម្លាក់​អាវុធ​ចុះចូល​នឹង​កងទ័ព​អ៊ុយក្រែន។ ក្នុង​ចំណោម​ទ័ព ១៨០០០​នាក់​នេះ គឺ​ជាង ១​ម៉ឺន​នាក់​ជា​កងទ័ព​ដែល​ត្រូវ​បង្ខំ​ឱ្យ​កាន់​អាវុធ​ប្រយុទ្ធ​នៅ​លើ​សមរភូមិ គឺ​ពួកគេ​ខ្វះ​ភាព​ក្លាហាន។ ក្រៅពី​នេះ​ជា​កងទ័ព​ដែល​ពួកគេ​មាន​សតិ​អារម្មណ៍​មិន​ល្អ​ក្នុង​ការ​កាន់​អាវុធ​ធ្វើ​សង្គ្រាម​ប្រយុទ្ធ​នឹង​កងទ័ព​អ៊ុយក្រែន។ ក្រុម​នេះ​ច្រើន​តែ​ជា​ក្រុម​មនុស្ស​មាន​ទោស​ឧក្រិដ្ឋ ដែល​រុស្ស៊ី​នាំ​ខ្លួន​ចូល​ទៅ​សមរភូមិ។

សារព័ត៌មាន​របស់​អ៊ុយក្រែន បាន​អះអាង​ដូចនេះ​ដោយ​បាន​ស្រង់​ប្រភព​ព័ត៌មាន​របស់​អគ្គសេនាធិការ​របស់​កងទ័ព​អ៊ុយក្រែន តែ​ទ័ព​របស់​រុស្ស៊ី ជាង ១៨០០០​នាក់​នេះ​សម្រេច​បោះបង់​ចោល​ការ​ប្រយុទ្ធ​របស់​ខ្លួន​នោះ កើតមាន​ឡើង​តែ​នៅ​សមរភូមិ​ភាគ​ខាងត្បូង​តែប៉ុណ្ណោះ។ នេះ​ក៏​ជា​កត្តា​មួយ​ដែល​អ្នកជំនាញ​ផ្នែក​យោធា​បស្ចិម​ប្រទេស មាន​ជំនឿ​ថា​ទ័ព​រុស្ស៊ី​មាន​តែ​បរិមាណ​តែប៉ុណ្ណោះ។

កត្តា​មួយ​ទៀត​គេ​ផ្អែក​ទៅ​លើ​ចារកម្ម​ព័ត៌មាន។ ត្រង់​ចំណុច​នេះ អ្នកជំនាញ​យោធា​របស់​ពួក​បស្ចិម​ប្រទេស​ថា កងទ័ព​រុស្ស៊ី​មិន​មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​ចារកម្ម​ដើម្បី​ទាញ​យក​ព័ត៌មាន​ចេញពី​អ៊ុយក្រែន នោះ​ទេ។ ដូច​គេ​បាន​ដឹង​ហើយ​ថា ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​បញ្ជូន​ក្រុម​ចារកម្ម​ចូល​ទៅ​ដល់​ទីក្រុង​គៀវ និង​បញ្ជូន​កុម្ម៉ង់ដូ​ពិឃាត​ផង​ដែរ តែ​ត្រូវ​បាន​ចារកម្ម​របស់​អ៊ុយក្រែន ដែល​ជំនួយ​ដោយ​ក្រុម​ចារកម្ម​របស់​ពួក​បស្ចិម​ប្រទេស បាន​តាម​សម្លាប់​កង​កុម្ម៉ង់ដូ​របស់​រុស្ស៊ី​ទាំងនោះ​ដែល​ចូល​ដល់​រដ្ឋធានី​គៀវ។ កម្លាំង​កុម្ម៉ង់ដូ​របស់​រុស្ស៊ី ដែល​ចូល​រដ្ឋធានី​គៀវ កាលពី​សង្គ្រាម​វគ្គ​ដំបូង​ដើម្បី​ធ្វើ​ឃាត​លោក​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី។

មួយ​វិញ​ទៀ​គេ​ថា អ៊ុយក្រែន​ដែល​អាច​ទប់ទល់​កងទ័ព​រុស្ស៊ី​បាន​ដោយសារតែ​ស្មារតី​ប្រយុទ្ធ​របស់​ទ័ព​អ៊ុយក្រែន មាន​ភាព​ខ្លាំង​ជាង​កងទ័ព​រុស្ស៊ី ព្រោះតែ​ពួកគេ​ការពារ​អធិបតេយ្យភាព​បូរណភាព​ទឹកដី។ ម្យ៉ាង​ទៀត គេ​ថា​កងទ័ព​អ៊ុយក្រែន ដែល​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ជា​ខ្លាំង​ដោយ​ពួក​បស្ចិម​ប្រទេស ជាពិសេស​ចុងក្រោយ​នេះ សភា​សហរដ្ឋ​អាមេរិក​អនុម័ត​កញ្ចប់​ជំនួយ​ជិត ៦១​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្គត់ផ្គង់​អាវុធ​គ្រាប់រំសេវ​ទៅ​ឱ្យ​កងទ័ព​អ៊ុយក្រែន គឺ​យ៉ាងហោចណាស់​ធ្វើ​ឱ្យ​យុទ្ធជន​អ៊ុយក្រែន ដែល​នៅ​សមរភូមិ កាន់តែ​មាន​ស្មារតី​ប្រយុទ្ធ​ជាមួយ​នឹង​អ្នក​ឈ្លានពាន។

គេ​ថា​រុស្ស៊ី​ដែល​មិន​អាច​ឈ្នះ​សង្គ្រាម​ឆ្នាំ​២០២៤ នេះ គឺ​មិន​អាច​ឈ្នះ​សង្គ្រាម​ទាំងស្រុង​នៅ​លើ​ទឹកដី​អ៊ុយក្រែន នោះ​ទេ ហើយ​សូម្បី​វាយ​យក​តំបន់​ដុនបាស ដែល​មាន​ផ្ទៃដី​ជាង ៥៣០០​គីឡូម៉ែត្រ​ក្រឡា ទំនង​ក៏​មិន​អាច​ទៅ​រួច​ផង​ដែរ មិន​ថា​ឡើយ​រុស្ស៊ី​ក្រោម​ការ​ដឹកនាំ​របស់​លោក ពូទីន ដាក់​ផែនការ​ឱ្យ​កងទ័ព​វាយ​យក​ឱ្យ​បាន​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន នេះ​នៅ​ត្រឹម​ខែ​កក្កដា ក៏ដោយ​នោះ ក៏​ទំនង​មិន​អាច​ទៅ​រួច​នោះ​ដែរ ព្រោះ​ជាក់ស្ដែង​នៅ​ពេលនេះ កងទ័ព​រុស្ស៊ី​ចាប់ផ្ដើម​ទប់ទល់​នឹង​កងទ័ព​អ៊ុយក្រែន​បាន​វិញ​ហើយ​ជាមួយ​នឹង​ការ​ប្រើប្រាស់​គ្រាប់​មីស៊ីល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក និង​អង់គ្លេស។

សហរដ្ឋ​អាមេរិក​ផ្ដល់​ជំនួយ​គ្រាប់​មីស៊ីល ATACMS ឬ​ហៅថា​ប្រព័ន្ធ​កាំជ្រួច​បាញ់​កម្ទេច​ជួយ​ទ័ព​ថ្មើរជើង​ក្នុង​សមរភូមិ (Army Tactical Missile System = ATACMS) និង​អង់គ្លេស ផ្ដល់​ជំនួយ​គ្រាប់​មីស៊ីល Storm Shadow ជាច្រើន​ពាន់​គ្រាប់​ទៅ​ឱ្យ​អ៊ុយក្រែន គឺ​កាលពី​ខែ​មីនា ហើយ​ឥឡូវ​នេះ អ៊ុយក្រែន​ប្រើប្រាស់​អាវុធ​ពីរ​ប្រភេទ​នេះ​កំពុង​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​វាយ​ទៅ​លើ​ទីតាំង​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី។

បន្ថែម​លើ​នេះ គ្រាប់​កាំភ្លើងធំ​ដែល​អ៊ុយក្រែន​ធ្លាក់​ដៃ​ជាច្រើន​ខែ​មក​នេះ ដោយសារតែ​អ៊ុយក្រែន​ខ្វះ​គ្រាប់​កាំភ្លើងធំ​ដើម្បី​ប្រយុទ្ធ ឥឡូវ​នេះ អ៊ុយក្រែន​ចាប់ផ្ដើម​មាន​គ្រាប់​កាំភ្លើងធំ​ដែល​គេ​ថា​ជា​ឧបករណ៍​សង្គ្រាម​ដ៏​សំខាន់​បំផុត​ដើម្បី​វាយបក​ទៅ​លើ​ទ័ព​រុស្ស៊ី នោះ គឺ​អ៊ុយក្រែន​ចាប់ផ្ដើម​មាន​គ្រប់គ្រាន់​វិញ​ហើយ។

ឥឡូវ​នេះ អ៊ុយក្រែន​អាច​បាញ់​គ្រាប់​កាំភ្លើងធំ​ចូល​ទៅ​ទីតាំង​របស់​រុស្ស៊ី គឺ​ចាប់ពី ១​ម៉ឺន​គ្រាប់​ទៅ ១​ម៉ឺន ៥​ពាន់​គ្រាប់​ក្នុង​មួយ​ថ្ងៃ។ ចំណែកឯ​មីស៊ីល ATACMS ពី​សហរដ្ឋ​អាមេរិក ត្រូវ​បាន​អះអាង​ថា អ៊ុយក្រែន​វាយប្រហារ​ចំណុច​ដៅ​ជាច្រើន​លើ​កងទ័ព​រុស្ស៊ី។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ រុស្ស៊ី​ទទួលស្គាល់​ថា មីស៊ីល ATACMS របស់​អាមេរិក​មាន​ភាព​ខ្លាំង​ដែល​ធ្វើ​ឱ្យ​ទ័ព​របស់​រុស្ស៊ី ស្ទាក់ស្ទើរ​ក្នុង​ការ​វាយ​ពង្រីក​ទីតាំង​កាន់កាប់​ទៅ​លើ​កងទ័ព​អ៊ុយក្រែន។

អគ្គលេខាធិការ​យោធា​ណាតូ លោក Jen Stoltenberg ដែល​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​គៀវ ជា​ថ្មី​ម្ដង​ទៀត លោក​បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន និង​នៅ​ចំពោះ​លោក ហ្សេឡេនស្គី ថា អ៊ុយក្រែន​នឹង​ទប់ទល់​ការ​វាយលុក​របស់​រុស្ស៊ី​បាន​ជាច្រើន​ខែ​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត រហូត​ទាល់​តែ​រុស្ស៊ី អស់ចិត្ត​ក្នុង​ការ​ធ្វើ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន។

អ្វី​ដែល​លោក Jen Stoltenberg ថ្លែង​អះអាង​ដូចនេះ ដោយសារតែ​អាវុធ​យុទ្ធភណ្ឌ​ទំនើបៗ​មាន​ទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot កំពុង​ដឹកជញ្ជូន​ចូល​ទៅ​ទឹកដី​អ៊ុយក្រែន ដែល​ជា​ជំនួយ​ពី​បស្ចិម​ប្រទេស​បន្ថែម​ទៀត​ទៅ​ឱ្យ​អ៊ុយក្រែន។

ក្នុង​កញ្ចប់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ជិត ៦១​ពាន់​លាន​ដុល្លារ​នោះ គឺ​មាន​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot មាន​គ្រាប់​មីស៊ីល ATACMS មាន​គ្រាប់​កាំភ្លើងធំ ១៥៥​មិល្លីម៉ែត្រ មាន​រថពាសដែក និង​រ៉ុក្កែត​បាញ់​លើ​ស្មា Javelin ដើម្បី​បាញ់​កម្ទេច​រថក្រោះ​រុស្ស៊ី ផង​ដែរ។ រុស្ស៊ី​ប្រកាស​ថ្កោលទោស​សហរដ្ឋ​អាមេរិក​យ៉ាង​ខ្លាំង​ដែល​នៅតែ​បន្ត​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស