31 C
Phnom Penh

ប្រតិកម្ម​នាយករដ្ឋមន្ត្រី​កូន​ជុំវិញ​ព័ត៌មាន​អំពី​មេ​គយ​បន្ត​អាណត្តិ​តាម​សំណើ​នាយករដ្ឋមន្ត្រី​ឪ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ប្រសិនបើ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម ពិត​ជា​ត្រូវ​បាន​ពន្យារ​អាយុ​ចូល​និវត្តន៍​រហូត​ដល់​ឆ្នាំ​២០២៨ មែន នោះ​មាន​ន័យ​ថា ការ​ទម្លាយ​ព័ត៌មាន​ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​សារព័ត៌មាន The Cambodia Daily គឺជា​ការពិត ខណៈ​ការ​ប្រកែក​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ​គឺជា​ការ​បោកប្រាស់​តែប៉ុណ្ណោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា លោក​មិន​អាច​វាយតម្លៃ​បាន​ទេ​ថា ព័ត៌មាន​ផ្ទៃក្នុង​ពី​អគ្គនាយកដ្ឋាន​គយ​ទម្លាយ​អំពី​រឿង​មេ​គយ​ប្រចាំ​ស្រុក​ខ្មែរ​លោក គុណ ញឹម សុំ​ពន្យារ​អាយុ​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០២៨ ជា​រឿង​ពិត​កម្រិត​ណា​នោះ ប៉ុន្តែ​លោក​គ្រាន់តែ​ដឹង​ថា លោក គុណ ញឹម និង​ភរិយា​របស់​គាត់ អ្នកស្រី ប៉ាន់ ត្រាប្រណី មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាទីបំផុត​ជាមួយ​លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី តាំងតែ​ពី​ដើម​មក។

លោក​បន្ថែម​ថា ចំណែកឯ​ភរិយា​លោក គុណ ញឹម អាច​មាន​ទំនាក់ទំនង​ល្អ និង​ជិតស្និទ្ធ​ជាមួយ​ភរិយា​លោក ហ៊ុន ម៉ាណែត អ្នកស្រី ពេជ ចន្ទមុន្នី ក៏​ជា​រឿង​ធម្មតា​ដែរ មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ។

លោក ម៉ែន ណាត លើកឡើង​ថា ជុំវិញ​ករណី​លោក គុណ ញឹម នេះ លោក​មិន​ដឹង​ថា​ការពិត ឬ​មិន​ពិត​កម្រិត​ណា​ទេ ប៉ុន្តែ​លោក​អាច​សន្និដ្ឋាន​បាន​ថា ព័ត៌មាន​ពី​មន្ត្រី​ផ្ទៃក្នុង​ដែល​ផ្តល់​ឲ្យ The Cambodia Daily គឺជា​ដំណឹង​សម​ទំនង សម​ហេតុផល និង​មាន​ភាព​ប្រទាក់ក្រឡា​គ្នា ជាពិសេស​វា​រឹតតែ​សម​ទំនង​ថែម​ទៀត​នោះ គឺ​នៅ​ពេល​ដែល​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ចេញ​មក​ប្រតិកម្ម​តបត​នឹង​សារព័ត៌មាន The Cambodia Daily នៅ​ពេលនេះ​តែម្តង។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជក់​ថា ការ​អនុញ្ញាត ឬ​មិន​អនុញ្ញាត​ឲ្យ​លោក គុណ ញឹម ពន្យារ​អាយុ​ចូល​និវត្តន៍ គឺ​អាស្រ័យ​លើ​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត តែ​ម្នាក់​គត់ ដូច្នេះ​បើ​លោក ហ៊ុន ម៉ាណែត យល់ព្រម​ឲ្យ​លោក គុណ ញឹម ពន្យារ​អាយុ​ចូល​និវត្តន៍​ដល់​ឆ្នាំ​២០២៨ មែន នោះ​គឺ​មាន​ន័យ​ថា លោក ហ៊ុន ម៉ាណែត កំពុង​ប្រព្រឹត្ត​ល្មើស​ស្មារតី​ច្បាប់​ដោយ​ការ​គប់គិត​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​លោក គុណ ញឹម យ៉ាង​ធ្ងន់ធ្ងរ ដែល​នាំ​ឱ្យ​មាន​ភាព​អយុត្តិធម៌​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ដទៃ​ដែល​មិនមែន​ជា​បក្ខពួក​របស់​ខ្លួន ដែល​ត្រូវតែ​ចូល​និវត្តន៍​ទៅ​តាម​អាយុ ឬ​ចូល​និវត្តន៍​មុន​ពេល​កំណត់​តាម​ច្បាប់ ជាដើម។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​សារព័ត៌មាន The Cambodia Daily ដែល​បាន​ចុះផ្សាយ​អំពី​ការ​ពន្យារ​អាយុ​មេ​គយ​លោក គុណ ញឹម ចូល​និវត្តន៍​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ការ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន The Cambodia Daily ជុំវិញ​ការ​សុំ​ពន្យារ​អាយុ​ចូល​និវត្តន៍​របស់​លោក គុណ ញឹម គឺជា​ការ​ប្រឌិត​ឡើង​ក្នុង​គោលបំណង​មួលបង្កាច់ វាយប្រហារ​បំផ្លាញ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​លោក និង​ក្រុម​គ្រួសារ​លោក​ប៉ុណ្ណោះ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក​នឹង​អនុញ្ញាត​ឱ្យ​លោក គុណ ញឹម ពន្យារ​ការ​ចូល​និវត្តន៍​រហូត​ដល់​ឆ្នាំ​២០២៨ បើ​គ្មាន​ការ​ចាំបាច់​ណា​មួយ​ក្នុង​ការ​កែសម្រួល ដោយ​ផ្អែក​លើ​គុណសម្បត្តិ​របស់​លោក​ដែល​ជា​មន្ត្រី​ដែល​មាន​បទពិសោធន៍ មាន​ឆន្ទៈ និង​មាន​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បំពេញ​ភារកិច្ច​ជូន​ប្រទេស​ជាតិ​កន្លង​មក។

នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​មាន​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លើក​រឿង​នេះ​ឡើង​ដោយ​ចង់​ឱ្យ​លោក គុណ ញឹម ចូល​និវត្តន៍​ឆ្នាំ​២០២៥ ក្រោម​ហេតុផល​ណា​មួយ​នោះ សូម​កុំ​ដេក​ស្រមៃ​ឱ្យ​សោះ។

ចំណែកឯ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​សារភាព​ថា លោក​ពិត​ជា​ធ្លាប់​សម្រេច​ឲ្យ​លោក គុណ ញឹម ចូល​និវត្តន៍​ត្រឹម​ឆ្នាំ​២០២៥ មែន តែ​ក្រោយ​មក​ដោយសារ​មាន​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង​ពិនិត្យ​លើ​ភាព​ចាំបាច់​នៃ​កំណែ​ទម្រង់​គយ និង​គុណសម្បត្តិ​សាមី​ខ្លួន លោក​ក៏​បាន​សម្រេច​ឲ្យ​លោក គុណ ញឹម ចូល​និវត្តន៍​នៅ​ឆ្នាំ​២០២៨ តែម្តង​ទៅ។

ការ​អះអាង​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បែប​នេះ ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន The Cambodia Daily បាន​ចុះផ្សាយ​ពី​ការ​សុំ​ពន្យារ​ពេល​ចូល​និវត្តន៍​របស់​លោក គុណ ញឹម ដែល​មន្ត្រី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទម្លាយ​ថា លោក គុណ ញឹម បាន​សូកប៉ាន់​ភរិយា​លោក ហ៊ុន ម៉ាណែត អ្នកស្រី ពេជ ចន្ទមុន្នី តាមរយៈ​អ្នកស្រី ប៉ាន់ ត្រាប្រណី ដើម្បី​សុំ​ពន្យារ​អាយុ​ចូល​និវត្តន៍​ដល់​ឆ្នាំ​២០២៨។

ក្រោយ​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន The Cambodia Daily ជុំវិញ​ករណី​នេះ ស្រាប់តែ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ផ្សព្វផ្សាយ​នូវ​លិខិត​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មួយ​ដែល​បង្ហាញ​ពី​ខ្លឹមសារ​នៃ​ការ​ស្នើសុំ​លោក ហ៊ុន សែន ឱ្យ​ពន្យារ​ពេល​ចូល​និវត្តន៍​ដល់​ឆ្នាំ​២០២៨ ខណៈ​លិខិត​នេះ​មិន​ដែល​ត្រូវ​បាន​គេ​ឃើញ​ផ្សព្វផ្សាយ​នា​ពេល​កន្លង​មក​ទេ ទោះបីជា​លិខិត​នោះ​បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២២ ក៏ដោយ។

ចាប់តាំងពី​ចូល​កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម បាន​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​គ្រប់​រូបភាព និង​យ៉ាង​អនាធិបតេយ្យ ដោយ​ការ​ប្រមូល​ពី​មេ​គយ​តាម​ប៉ុស្តិ៍ ការ​ផ្លាស់ប្ដូរ​ប៉ុស្តិ៍​ប្រចាំការ និង​ការ​ក្លែងបន្លំ​ឯកសារ​ពន្យារ​អាយុ​ឱ្យ​មន្ត្រី​គយ​ថ្នាក់​ក្រោម​ចូល​និវត្តន៍ ដូច​ករណី​ប្រធាន​ក្រុម​អនុលោមភាព លោក ប៉ោ សួន និង​មេ​គយ​ខេត្ត​បន្ទាយមានជ័យ លោក នូ ស៊ីថា ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​លុយ​រាប់​លាន​ដុល្លារ​អាមេរិក ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស