អត្ថបទដោយ៖ តាំង សារ៉ាដា
ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ ទិវានេះប្រារព្ធឡើងដើម្បីគោរពដល់តួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន ក្នុងការនាំយកព័ត៌មានដែលត្រឹមត្រូវ និងអាចទុកចិត្តបានដល់សាធារណជន ពេលខ្លះពួកគេប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួន។
នៅក្នុងប្រទេសកម្ពុជាឯណេះវិញ គេសង្កេតឃើញថាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យនៅតែបន្តប្រឈមនឹងឧបសគ្គជាច្រើននៅក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរី។ ចំណែកឯភាគីរដ្ឋាភិបាលនៅតែបន្តអះអាងការពារខ្លួនថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដែលមានភាពល្អប្រសើរ ព្រោះមានចំនួន ៧៩,៨% នៃអ្នកសារព័ត៌មានដែលបានជួបសម្ភាស បានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងពេលបច្ចុប្បន្នមានភាពល្អប្រសើរជាងពីមុន។
នៅថ្ងៃទី៣ ខែឧសភា ជារៀងរាល់ឆ្នាំ អង្គការសមាគមអ្នកសារព័ត៌មាននៅទូទាំងពិភពលោក តែងរៀបចំពិធីប្រារព្ធទិវាសេរីភាពសារព័ត៌មាន។
ទិវានេះក៏ជាការរំលឹកដល់រដ្ឋាភិបាលនៅជុំវិញពិភពលោក ឱ្យបង្កើននូវបរិយាកាសដែលសេរីភាពសារព័ត៌មានត្រូវបានផ្ដល់នូវអំណាច និងការការពារ ដែលអាចឱ្យប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យបំពេញតួនាទីដ៏មានសារសំខាន់របស់ខ្លួនដោយសេរី មិនមានការបៀតបៀន ឬភ័យខ្លាចនូវការតបត។
ប៉ុន្តែនៅប្រទេសកម្ពុជាវិញ អ្នកសារព័ត៌មានឯករាជ្យនៅតែបន្តប្រឈមនឹងឧបសគ្គជាច្រើននៅក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួន។ ចំណែកអ្នកសារព័ត៌មានដែលមាននិន្នាការរណបនឹងបក្សកាន់អំណាច និងអ្នកមានលុយ បានបង្កប់ខ្លួនធ្វើការនៅក្នុងស្ថាប័នសារព័ត៌មានឯករាជ្យ ត្រូវបានជ្រោមជ្រែងឲ្យបានទទួលតួនាទីគ្រាក់ៗនៅក្នុងជួររដ្ឋាភិបាលដែលមានគោរមងារជាលោកជំទាវ ឯកឧត្តម ខណៈអ្នកសារព័ត៌មានដែលធ្វើការប្រកាន់ខ្ជាប់នូវឯករាជភាពរបស់ខ្លួន ខ្លះត្រូវបង្ខំចិត្តបែកបាក់គ្រួសារទៅធ្វើការនៅក្រៅប្រទេស និងមួយចំនួនទៀតក៏សម្រេចចិត្តបោះបង់អាជីពជាអ្នកសារព័ត៌មានផ្ទាល់តែម្តង។
អ្នកសារព័ត៌មានម្នាក់ដែលកំពុងបម្រើការងារឲ្យស្ថាប័នសារព័ត៌មានឯករាជ្យដែលមានមូលដ្ឋាននៅក្រៅប្រទេស ដែលកំពុងធ្វើការចេញពីប្រទេសជិតខាង បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានលើកឡើងថា អ្នកសារព័ត៌មាននៅកម្ពុជាត្រូវបានអ្នកនយោបាយ និងអ្នកជំនួញព្យាយាមបំបែកឲ្យចែកចេញជាពីរប្រភេទ បន្ទាប់ពីបោះឆ្នោតនៅឆ្នាំ២០១៣ រួចមក គឺអ្នកសារព័ត៌មានដែលធ្វើការងារឲ្យស្ថាប័នអ្នកនយោបាយ ឬគ្រួសារនៃអ្នកនយោបាយ ត្រូវបានផ្តល់សិទ្ធិពេញទីក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មាន ដែលបង្ហាញតែសកម្មភាពថ្នាក់ដឹកនាំចុះទៅចែកអំណោយ ជួបកម្មករកម្មការិនីរោងចក្រ ប៉ុន្តែពុំបានរំលេចនូវព័ត៌មានសំខាន់ទៅដល់ពលរដ្ឋនោះទេ។
ប្រភពដដែលបានលើកឡើងថា ចំណែកអ្នកសារព័ត៌មានមួយប្រភេទទៀតដែលធ្វើការឲ្យស្ថាប័នសារព័ត៌មានឯករាជ្យ ដែលខិតខំឈ្មុសឈ្មុលប្រមូលព័ត៌មានពិតជូនពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទៅ ត្រូវបានក្រុមមន្ត្រីរដ្ឋាភិបាលដែលប្រឹងបិទបាំងការពិត ធ្វើការចោទប្រកាន់ និងលាបពណ៌ថាជាព័ត៌មានដែលមានចេតនាញុះញង់ មួលបង្កាច់រដ្ឋាភិបាល បើទោះជាព័ត៌មាននោះធ្វើការប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ក៏ដោយ។
ប្រភពដដែលបានលើកឡើងថា អ្នកសារព័ត៌មានដែលធ្វើការប្រកាន់នូវជំហរកណ្តាល នៅពេលដែលបើកកុំព្យូទ័រធ្វើការម្តងៗ ហាក់ដូចជាឃើញទ្វារគុកបើកទ្វារចាំទទួលអ៊ីចឹងដែរ ទោះបីអ្នកខ្លះពួនសម្ងំធ្វើការនៅក្រៅប្រទេសក៏ដោយ ពីព្រោះមន្ត្រីចារកម្មស្លៀកសម្លៀកបំពាក់ស៊ីវិល តាមដានគ្រប់ទីកន្លែង និងគ្រប់ច្រកល្ហក។
ប្រភពដដែលឲ្យដឹងថា ភាគីរដ្ឋាភិបាលគួរតែទទួលយកការពិត និងបើកចំហសេរីភាពទៅដល់អ្នកសារព័ត៌មានគ្រប់រូប មិនមែនបើកចំហសម្រាប់តែអ្នកសារព័ត៌មានដែលគាំទ្រខ្លួននោះទេ។
សាស្ត្រាចារ្យផ្នែកសារព័ត៌មាន លោក ម៉ៃ ទិត្យថារ៉ា ដែលធ្លាប់ជាអ្នកសារព័ត៌មានស៊ើបអង្កេតដ៏លេចធ្លោមួយរូបឲ្យកាសែតភ្នំពេញប៉ុស្តិ៍ អះអាងថា បើតាមការសង្កេតរបស់លោក គឺអ្នកសារព័ត៌មានវិជ្ជាជីវៈភាគច្រើននៅតែមិនអាចបំពេញការងារបានដោយរលូននោះឡើយ។
លោកថា តាមបទពិសោធន៍របស់លោកកន្លងទៅ សារព័ត៌មានដែលអាចមានភាពរលូនទៅមុខបាន គឺអាស្រ័យទៅលើស្ថានភាពនយោបាយ។ លោកបន្តថា បើស្ថានភាពនយោបាយមិនអំណោយផលទេ នោះអ្នកសារព័ត៌មានដែលមានជំហរឯករាជ្យ នឹងមានការលំបាក។
លោក ម៉ៃ ទិត្យថារ៉ា អះអាងថា ចាប់តាំងពីបោះឆ្នោតជាតិឆ្នាំ២០២៣ កន្លងមក ក្រោយពីបិទវិទ្យុ VOD លោកសង្កេតឃើញព័ត៌មាននៅតាមមូលដ្ឋាន ជាពិសេសនៅតំបន់ដែលមានការអភិវឌ្ឍ រំលោភបំពានសិទ្ធិពលរដ្ឋ កម្រឃើញស្ថាប័នសារព័ត៌មានក្នុងស្រុកយកផ្សព្វផ្សាយណាស់ ជាក់ស្តែងដូចជាករណីនៅក្នុងខេត្តព្រះវិហារ ជាដើម។

លោកថា នៅពេលណាដែលបាត់សារព័ត៌មានឯករាជ្យ ពលរដ្ឋរងគ្រោះនឹងពិបាកក្នុងការបញ្ជូនសំឡេងរបស់ពួកគេទៅដល់ថ្នាក់ដឹកនាំ ដើម្បីជួយរកដំណោះស្រាយ ចំណែកថ្នាក់ដឹកនាំវិញទទួលបានតែព័ត៌មានមួយជ្រុងតែប៉ុណ្ណោះ។
លោក ម៉ៃ ទិត្យថារ៉ា បានថ្លែងថា បើតាមការអង្កេតរបស់លោក គឺស្ថានភាពសារព័ត៌មាននៅកម្ពុជា លោកមិនរំពឹងថានឹងមានភាពប្រសើរឡើងដូចកាលពីឆ្នាំ១៩៩៣ នោះទេ ពីព្រោះលោកពុំឃើញមានសញ្ញាណាមួយនៃការបើកលំហសេរីភាពសារព័ត៌មាននោះទេ ក្រៅតែពីការព្យាយាមបង្ហាញចំនួនស្ថាប័នសារព័ត៌មានច្រើន ជាពិសេសប្រភេទសារព័ត៌មានអនឡាញដែលពេលខ្លះលោកសង្កេតឃើញថា គ្រាន់តែទីតាំងដែលខ្លួនកំពុងធ្វើសេចក្តីរាយការណ៍ក៏ពុំដឹងថាស្ថិតនៅក្នុងខេត្តណាផងនោះ ក្រៅតែពីការសួរប្រភពដដែលៗរហូតពេលខ្លះគាត់បានតាំងខ្លួនឯងជាព្រះរាជអាជ្ញា ឬជាចៅក្រមថែមទៀត។
ទាក់ទងទៅនឹងបញ្ហាសេរីភាពសារព័ត៌មាននេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ថា ជាការគួរឱ្យសោកស្តាយដោយសង្កេតឃើញថា ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជា នៅតែបន្តប្រឈមនឹងឧបសគ្គជាច្រើននៅក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរី និងគ្មានការដាក់កំហិតសិទ្ធិរបស់ខ្លួននោះ។

CCHR អះអាងថា ការបន្តដៅមុខសញ្ញាទៅលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យក្នុងការអនុវត្តសិទ្ធិសេរីភាពខាងការបញ្ចេញមតិ ដែលជាសិទ្ធិមូលដ្ឋានរបស់ពួកគេ នៅតែបន្តកើតមាននៅក្នុងសង្គមកម្ពុជា។
ប្រភពដដែលលើកឡើងថា នៅចន្លោះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ អ្នកសារព័ត៌មានច្រើនជាង ១៦នាក់រងការយាយីតាមប្រព័ន្ធតុលាការ ដោយសារតែការរាយការណ៍ព័ត៌មានរបស់ខ្លួន ហើយអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយចំនួន ៥ ត្រូវបានដកហូត។
រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជានៅតែខកខានក្នុងការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាពចំពោះករណីស្លាប់របស់អ្នកសារព័ត៌មានចំនួន ១៥រូប ដែលត្រូវបានសម្លាប់ក្នុងរយៈពេល ២ទសវត្សចុងក្រោយនេះ ហើយជនល្មើសក៏មិនទាន់ត្រូវចាប់មកផ្ដន្ទាទោសឱ្យស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិនៅឡើយ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអះអាងថា នៅក្នុងបរិបទនៃការបន្តធ្លាក់ចុះនៃបរិយាកាសប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ទិវាសេរីភាពសារព័ត៌មានកាន់តែមានសារសំខាន់ក្នុងការរំលឹកថា បើគ្មានប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យនោះទេ លទ្ធិប្រជាធិបតេយ្យក៏មិនអាចរីកចម្រើនបានដែរ។
ស្រដៀងគ្នានេះដែរ នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាតធ្លាប់ឲ្យដឹងថា ស្ថានភាពសារព័ត៌មាននៅកម្ពុជាបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភនៅឡើយ ក្រោយស្ថាប័នកាសែតឯករាជ្យមួយចំនួនត្រូវបានបិទ ដោយសារការបាត់បង់អាជ្ញាបណ្ណ និងផ្អាកសកម្មភាពនៅក្នុងឆ្នាំ២០១៧។
លោក អំ សំអាត បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរតែកែលំអ និងលើកកម្ពស់វិស័យសារព័ត៌មាន ដើម្បីអាចឱ្យវិស័យនេះចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។

លោកថា ការផ្ដល់សេរីភាពពេញលេញសម្រាប់ក្រុមអ្នកសារព័ត៌មានឯករាជ្យ ជាគ្រឹះដ៏មានសារសំខាន់នៅក្នុងសង្គមប្រកាន់របបលទ្ធិប្រជាធិបតេយ្យ។ លោកចង់ឱ្យមានស្ថាប័នសារព័ត៌មានឯករាជ្យ ធ្វើការដោយគ្មានការបំភិតបំភ័យ ដើម្បីជួយឆ្លុះបញ្ចាំងអំពីការពិតនៅក្នុងសង្គម និងជួយផ្ដល់ព័ត៌មានចម្រុះបែបដល់រដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ។
ទាក់ទិននឹងបញ្ហានេះ នៅមុនការបោះឆ្នោតជាតិកាលពីខែកក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា រាំងខ្ទប់គេហទំព័រសារព័ត៌មានមួយចំនួន ដូចជាសារព័ត៌មាន The Cambodia Daily វិទ្យុអាស៊ីសេរី និងគេហទំព័រកំណត់ត្រា។
គេហទំព័រកំណត់ត្រា គឺជាបណ្ដុំព័ត៌មានរបស់សារព័ត៌មាន វីអូឌី ដែលជាគេហទំព័រមួយត្រូវបានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដាក់ឱ្យដំណើរការកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។
ការបិទសំឡេងជំទាស់ ឬសារព័ត៌មានឯករាជ្យចោលនោះ បាននាំឲ្យប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតនៅកម្ពុជា រួមមានទូរទស្សន៍ វិទ្យុ និងកាសែត ត្រូវបានគណបក្សកាន់អំណាចគ្រប់គ្រងយ៉ាងណែនក្នុងដៃ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំៗបំផុត មិនតិចជាង ៥ ទេ ដែលកំពុងដំណើរការនៅក្នុងប្រទេស ហើយអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងនោះសុទ្ធសឹងតែជាមន្ត្រីមានអំណាច និងមន្ត្រីជំនិតរបស់រដ្ឋាភិបាល។

ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំដោយត្រកូលហ៊ុន បានប្រមូលយកអ្នកព័ត៌មានជាច្រើនឲ្យចូលរួមក្នុងជីវភាពនយោបាយរបស់បក្សកាន់អំណាច ដោយការផ្តល់នូវតួនាទីសំខាន់ៗក្នុងជួររដ្ឋាភិបាល។
ក្រោយស្ថាប័នកាសែតឯករាជ្យមួយចំនួនត្រូវបានបិទដោយសារការបាត់បង់អាជ្ញាបណ្ណ រដ្ឋាភិបាលបានសម្រុកតែងតាំងអ្នកសារព័ត៌មានមួយចំនួនឱ្យកាន់តួនាទីក្នុងជួររដ្ឋាភិបាលផងដែរ ដូចជា លោក ប៉ែន បូណា និពន្ធនាយកទូរទស្សន៍ PNN លោក តាន់ ហ្សង់ហ្វ្រង់ស័រ អតីតនាយកនៃការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ជាខេមរភាសា។ អ្នកទាំងពីរនេះត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាល។

ចំណែកកញ្ញា អ៊ឹម រចនា អតីតនិពន្ធនាយករងនៃវិទ្យុបារាំងអន្តរជាតិខេមរភាសា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម និងអ្នកសារព័ត៌មានដែលកំពុងបំពេញការងារនៅតាមស្ថាប័នសារព័ត៌មានមួយចំនួន ក៏មានតួនាទីក្នុងស្ថាប័នរដ្ឋ និងជាទីប្រឹក្សារបស់ក្រសួងនានាផងដែរ បន្ទាប់ពីព្រះមហាក្សត្របានតែងតាំងទីប្រឹក្សាក្រសួងព័ត៌មានចំនួន ៤១៥នាក់ ដោយក្នុងនោះ បុគ្គលយ៉ាងតិច ១០នាក់កំពុងបម្រើការក្នុងស្ថាប័នសារព័ត៌មានដែលមកពីស្ថាប័នសារព័ត៌មាន Fresh News ច្រើនជាងគេ។
អ្នកសារព័ត៌មានទាំងនោះមានដូចជា លោក វ៉ាន់ សារ៉ាយ លោក ស៊ន សុភក្ត្រ លោក ងួន ច័ន្ទមុនី លោក គឹម ម៉េង លោក ប៉ា ជេដ្ឋា លោក ពេជ្រ ប៊ុនសាយ លោក សួន សុភ័ក្ត្រ និងលោក ស្រ៊ឺ រិទ្ធីយ៉ា។
ក្រៅពីនេះ ព្រះមហាក្សត្រក៏បានតែងតាំងលោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News ធ្វើជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ។ លោក មាស រិទ្ធី ដែលកំពុងបម្រើការនៅស្ថាប័នព័ត៌មានហង្សមាស ក៏ត្រូវបានតែងតាំងបន្តឱ្យធ្វើជាទីប្រឹក្សាក្រសួងព័ត៌មានដែរ។
លោក ស៊ឺន សាយ ជាចាងហ្វាង និងជាអគ្គនាយកប្រតិបត្តិសារព័ត៌មានអនឡាញខេមបូណូមីស (Cambonomist) ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានឋានៈស្មើរដ្ឋលេខាធិការ។ ក្នុងតួនាទីជាទីប្រឹក្សារបស់ក្រសួងព័ត៌មាន និងស្ថាប័នផ្សេងទៀតរបស់រដ្ឋាភិបាល អ្នកសារព័ត៌មានទាំងនោះមានឋានៈជា «ឯកឧត្តម»។
អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយយល់ថា ការតែងតាំងអ្នកសារព័ត៌មានឱ្យធ្វើជាទីប្រឹក្សាក្រសួងព័ត៌មាន និងតាមស្ថាប័នរដ្ឋផ្សេងទៀត នឹងមានផលអវិជ្ជមានដល់ការបំពេញតួនាទីវិជ្ជាជីវៈ និងឯករាជភាព ដោយសារពួកគេនឹងមិនហ៊ានរាយការណ៍ព័ត៌មានអំពីភាពអសកម្មនានាក្នុងសង្គម។
អ្នកសារព័ត៌មានត្រូវតែមានសិទ្ធិសេរីភាពពេញលេញក្នុងការបំពេញវិជ្ជាជីវៈ និងរាយការណ៍អំពីផលប្រយោជន៍ និងផលអវិជ្ជមានដល់សាធារណជន ដូច្នេះបើសិនជាអ្នកសារព័ត៌មាន និងថ្នាក់ដឹកនាំអង្គភាពសារព័ត៌មានទទួលបានតួនាទីក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាល នោះនឹងប៉ះពាល់ដល់ការរាយការណ៍ព័ត៌មាន។

ការឆ្លើយតបដែលជាវប្បធម៌មិនទទួលស្គាល់ការពិតរបស់មន្ត្រីរដ្ឋាភិបាលនោះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានសរសេរនៅក្នុង «របាយការណ៍ស្ដីពីសេរីភាពសារព័ត៌មាន» ថា នៅកម្ពុជា សេរីភាពសារព័ត៌មានរីកចម្រើនយ៉ាងខ្លាំងមិនធ្លាប់មានពីមុន។ ចំនួនស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានកើនឡើងយ៉ាងគំហុកគួរឲ្យកត់សម្គាល់។ ពលរដ្ឋមានប្រភពព័ត៌មានយ៉ាងសម្បូរបែប និងមានជម្រើសទូលំទូលាយ និងងាយស្រួលក្នុងការទទួលព័ត៌មានលឿនរហ័ស។ រាជរដ្ឋាភិបាលផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់វិស័យសារព័ត៌មាន។
ប្រភពដដែលបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកថា សារព័ត៌មានក្នុងប្រទេសកម្ពុជា រីកដុះដាលខ្លាំងមិនដែលមាននៅក្នុងប្រវត្តិសាស្ត្រពីអតីតកាល។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីដាក់បង្ហាញពីរបាយការណ៍ស្ដីពីសេរីភាពសារព័ត៌មានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញជាសាធារណៈថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។
ភាពល្អប្រសើរនោះ គឺមានចំនួន ៧៩,៨% នៃអ្នកសារព័ត៌មានដែលជួបសម្ភាសបានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងពេលបច្ចុប្បន្នមានភាពល្អប្រសើរជាងពីមុន។ ខណៈករណីនេះតែងទទួលការរិះគន់ពីសំណាក់បណ្តាអង្គការក្នុងស្រុក និងអន្តរជាតិនាពេលកន្លងមក។
ជាក់ស្តែង សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានរកឃើញពីស្ថានភាពសេរីភាពសារព័ត៌មាននៅតែមិនទាន់ល្អប្រសើរ ហើយកាលពីឆ្នាំ២០២៣ អង្គការអ្នករាយការណ៍គ្មានព្រំដែនបានដាក់ចំណាត់ថ្នាក់កម្ពុជានៅលេខរៀងទី១៤៧ ក្នុងចំណោម ១៨០ប្រទេស ដែលសេរីភាពសារព័ត៌មានដុនដាប។ តែសម្រាប់លោក នេត្រ ភក្ត្រា របាយការណ៍របស់ក្រសួងព័ត៌មាន ពេលនេះនឹងឆ្លុះបញ្ចាំងពីភាពពិតនៃស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជា។

លោក នេត្រ ភក្ត្រា បានថ្លែងថា កម្ពុជាបានរៀបចំរបាយការណ៍នេះដោយខ្លួនឯង និងវាយតម្លៃដោយខ្លួនឯង ដោយបានចូលរួមពីគ្រប់ភាគី។ របាយការណ៍នេះត្រូវបានរៀបចំឡើងដោយឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងវិស័យព័ត៌មាន ស្របពេលដែលកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតក្នុងតំបន់ បានបោះជំហានចូលដល់ចំណុចរបត់នៃបរិវត្តកម្មឌីជីថល និងខណៈពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។
ប្រភពដដែលបានលើកឡើងថា សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា សេរីភាពនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្ដីពីរបបសារព័ត៌មានកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តិជាធរមានផ្សេងទៀត។ ដូច្នេះ ក្នុងក្របខ័ណ្ឌនៃការលើកកម្ពស់តម្លៃសង្គមប្រជាធិបតេយ្យនៅកម្ពុជា ការវាស់វែងស្ថានភាពសេរីភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជា មានសារសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយ សិទ្ធិនៃការទទួលព័ត៌មាន តួនាទីរបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានពិត និងជឿទុកចិត្តបានសម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងរួមកម្លាំងគ្នាដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
រដ្ឋាភិបាលកម្ពុជាបានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា សព្វថ្ងៃនេះ អង្គភាពសារព័ត៌មានជាតិ និងបរទេសដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួនជាង ២ពាន់អង្គភាព (២១៥៤អង្គភាព) ដែលកំពុងធ្វើសកម្មភាពផ្សព្វផ្សាយតាមបែបបុរាណ និងបែបទំនើប ទៅតាមលទ្ធភាពរបស់ពួកគេរៀងៗខ្លួន។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានសរសេរនៅក្នុង «របាយការណ៍ស្ដីពីសេរីភាពសារព័ត៌មាន» ថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានតិចតួច និងដោយអន្លើ។
លោកបន្តថា ដើម្បីឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែល្អប្រសើរឡើង ទាំងអស់គ្នាគួររួមគ្នាពិនិត្យមើលលើច្បាប់នានាដែលកំពុងមានក្នុងពេលបច្ចុប្បន្ន ថាតើនៅមានចំណុចណាខ្លះជាចន្លោះប្រហោង ចំណុចណាខ្លះប៉ះពាល់ដល់ការអនុវត្ត និងចំណុចណាខ្លះគួរកែលំអ ដើម្បីធ្វើឲ្យប្រសើរឡើង និងធានាបាននូវសេរីភាពសារព័ត៌មាន។
សកម្មជនក្នុងសហគមន៍ក្នុងទីក្រុងឡងប៊ិច ក្នុងទឹកដីសហរដ្ឋអាមេរិក លោក មួង ណារ៉េត ធ្លាប់លើកឡើងកន្លងមកថា លោកមិនដែលឃើញប្រទេសប្រជាធិបតេយ្យលើពិភពលោកចាប់ខ្លួនអ្នកបញ្ចេញមតិ ឬអ្នកសារព័ត៌មានដែលចុះផ្សាយពីការពិតក្នុងសង្គមដើម្បីបង្ហាញពីចំណុចខ្វះខាតរបស់រដ្ឋាភិបាលទេ ប៉ុន្តែកម្ពុជាជាប្រទេសដែលចម្លែកខុសគេ ត្បិតអ្នកសារព័ត៌មានក្នុងប្រទេសនេះតែងរងនូវការចាប់ខ្លួន និងចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលជាបន្តបន្ទាប់។
ប្រភពដដែលបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះកំពុងមោទនភាពយ៉ាងខ្លាំងលើវិធានការបង្ក្រាបអ្នកសារព័ត៌មានឯករាជ្យ និងការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់សកម្មជននានា រួមទាំងអ្នកនយោបាយផង ដោយការចាប់ដាក់គុក ឬចោទប្រកាន់តាមផ្លូវច្បាប់ ដោយប្រើប្រាស់ប្រព័ន្ធតុលាការប្រៀបបីដូចជាសត្វខ្លាដែលកំពុងខាំហែកសត្វម្រឹគដាច់ស្បែករហែកសាច់ហូរឈាមពេញព្រៃគួរឱ្យរន្ធត់ដូច្នោះដែរ។
លោក មួង ណារ៉េត អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តខ្លឹមសារនៃមាត្រានីមួយៗដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឱ្យបានម៉ឺងម៉ាត់ ដើម្បីធានានូវសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ សិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិខាងសារព័ត៌មាន ជាដើម មុននឹងរដ្ឋាភិបាលចាប់ខ្លួនអ្នកបញ្ចេញមតិណាម្នាក់ ព្រោះថាកន្លងមក ពលរដ្ឋ និងអ្នកសារព័ត៌មានដែលលើកឡើងពីចំណុចខ្វះខាតរបស់រដ្ឋាភិបាល ក៏ដោយសារតែមន្ត្រីរបស់ខ្លួនមិនស្វែងរកដំណោះស្រាយឱ្យជនរងគ្រោះទាំងនោះដែរ។
កាលពីចុងខែកញ្ញា ឆ្នាំ២០២២ អង្គការការពារសិទ្ធិពលរដ្ឋ និងសង្គមស៊ីវិល ហៅកាត់ថា CIVICUS បានផ្សាយរបាយការណ៍ស្រាវជ្រាវមួយ ដោយរកឃើញថា «សេរីភាពសារព័ត៌មានបន្តរងការបំពានក្នុងប្រទេសកម្ពុជា ដោយអ្នកកាសែតរងការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ ធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យស្ថិតក្នុងស្ថានភាពគំរាមកំហែងខ្លាំង»។
រីឯអង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៣ ស្ថិតក្នុងលំដាប់លេខរៀងទី១៤៧ ក្នុងចំណោមប្រទេស១៨០ ដែលចំណាត់ថ្នាក់នេះបង្ហាញអំពីសេរីភាពសារព័ត៌មាននៅកម្ពុជានៅតែមិនអាចងើបចេញពីចំណាត់ថ្នាក់ដ៏អាក្រក់ ដោយសារតែគេរកឃើញថាមានការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន លាតត្រដាងថា វិស័យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាត្រូវបានបំផ្លិចបំផ្លាញ និងបោសសម្អាតដោយរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ មក។
ជាលទ្ធផលនៃយុទ្ធនាការនេះ ពលរដ្ឋកម្ពុជាសព្វថ្ងៃនេះទទួលបានព័ត៌មានតែពីស្ថាប័នដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។ កាលពីឆ្នាំ២០២២ បានវាយតម្លៃថា កម្ពុជាទទួលបានចំណាត់ថ្នាក់ទី១៤២ ក្នុងចំណោម ១៨០ប្រទេស ហើយចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅមិនទាន់ល្អប្រសើរនៅឡើយទេ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

