34 C
Phnom Penh

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​មាន​ការ​រៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ថ្មី​មួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ឱកាស​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​៣១ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ក្រសួង​ព័ត៌មាន ឱ្យ​បន្ត​យកចិត្ត​ទុកដាក់​ក្នុង​ការ​រៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​ឈាន​ទៅ​កំណត់​នីតិវិធី​ប្រតិបត្តិការ​ស្តង់ដារ​ស្ដីពី​ក្រមសីលធម៌​អ្នក​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា។

ក្នុង​សារ​លិខិត​សម្រាប់​ទិវា​សេរីភាព​សារព័ត៌មាន ថ្ងៃទី​៣ ខែ​ឧសភា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា ក្នុង​យុទ្ធនាការ​រៀបចំ​សណ្ដាប់ធ្នាប់​សារព័ត៌មាន​ផ្អែក​លើ​អភិក្រម “ថ្មី ពិត លឿន និង​ទូលំទូលាយ ប្រកប​ដោយ​ជំនឿ​ទុកចិត្ត និង​វិជ្ជាជីវៈ ដើម្បី​ផ្សារភ្ជាប់​គ្រប់​មជ្ឈដ្ឋាន” នៃ​ក្រសួង​ព័ត៌មាន លោក​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ផ្ដួចផ្ដើម​រៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ដែល​ជា​ការ​កំណត់​និយាម បទបញ្ញត្តិ​ជា​ស្តង់ដារ​ប្រតិបត្តិ ស្ដីពី​ក្រមសីលធម៌​អ្នក​សារព័ត៌មាន ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់ និង​លុប​បំបាត់​ការ​បំពាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន​នៃ​អង្គភាព និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន។

លោក ហ៊ុន ម៉ាណែត បាន​ផ្តល់​អនុសាសន៍​ដល់​ក្រសួង​ព័ត៌មាន ឱ្យ​ពង្រឹង​លើក​កម្ពស់​សមត្ថភាព​អ្នក​សារព័ត៌មាន ការ​បន្ត​ពិនិត្យ​ច្បាប់​ពាក់ព័ន្ធ​នានា រៀបចំ​កំណត់​គោលការណ៍​ណែនាំ​ស្ដីពី​ការ​ផលិត​មាតិកា និង​ការ​ផ្សព្វផ្សាយ​ពី​អ្នកកាសែត​ដល់​ប្រជាពលរដ្ឋ ដើម្បី​លុបបំបាត់​ភាព​អនាធិបតេយ្យ​លើ​បណ្ដាញ​សង្គម និង​រៀបចំ​មូលនិធិ​គាំទ្រ​ដំណើរការ​កសាង និង​អភិវឌ្ឍ​សមត្ថភាព​នៃ​សមាជិក​សមាគម​អ្នក​សារព័ត៌មាន។

ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​៣១ ធ្វើឡើង​ក្រោម​ប្រធានបទ «សារព័ត៌មាន​សម្រាប់​ផែនដី៖ សារព័ត៌មាន​ក្នុង​ស្ថានភាព​នៃ​វិបត្តិ​បរិស្ថាន» ដែល​បង្ហាញ​ពី​សារសំខាន់​នៃ​តួនាទី​សារព័ត៌មាន និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ក្នុង​បរិបទ​នៃ​វិបត្តិ​បរិស្ថាន​សកល​នា​ពេល​បច្ចុប្បន្ន។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា ជា​ការ​កត់សម្គាល់ លំហ​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​ធំធាត់​ប្រកប​ដោយ​សុខភាព​ល្អ និង​ឆ្ពោះ​ទៅ​រក​ការ​រៀបចំ​បាន​នូវ​សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ។ ស្ថានភាព​សេរីភាព​នៃ​ការ​បញ្ចេញមតិ នៅតែ​ស្ថិត​ក្នុង​បរិយាកាស​អំណោយ​ផល ព្រោះ​ថា​អ្នក​សារព័ត៌មាន​អាច​រាយការណ៍​ដោយ​សេរី ដោយ​ឈរ​លើ​មូលដ្ឋាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា បាន​លើកឡើង​ថា ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ គឺជា​ក្រម​ខ្ពស់​បំផុត និង​ជា​ក្រម​ស្តង់ដារ​ប្រតិបត្តិ​រួម (SOP) សម្រាប់​វិស័យ​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន ពុំ​ទាន់​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ណា​មួយ​សម្រាប់​ដាក់​ឱ្យ​អនុវត្ត​នោះ​ឡើយ ពោល​គឺ​មាន​តែ​ក្រមសីលធម៌​វិជ្ជាជីវៈ​សម្រាប់​សមាគម​នីមួយៗ​តែប៉ុណ្ណោះ។

ប្រភព​ដដែល​បាន​លើកឡើង​ថា ៣០​ឆ្នាំ​មក​ហើយ​ដែល​ក្រសួង​បាន​ផ្តល់​ឱកាស​ឱ្យ​សមាគម​អ្នក​សារព័ត៌មាន រួម​គ្នា​បង្កើត​ក្រមសីលធម៌​រួម​មួយ តែ​រហូត​មក​ដល់​ពេលនេះ នៅតែ​មិន​ទទួល​បាន​ជោគជ័យ។

ភារធារី​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា អ្នកស្រី ខាំមីឡា អនតូសុន (Camilla Ottosson) លើកឡើង​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ក្រោម​ប្រធានបទ សារព័ត៌មាន​សម្រាប់​ភព​ផែនដី នៅ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៤ បាន​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ការពារ​អ្នក​សារព័ត៌មាន​ឯករាជ្យ ដើម្បី​បញ្ចៀស​នូវ​ការ​បៀតបៀន ឬ​ការ​ប្រឆាំង​ដោយ​បទឧក្រិដ្ឋ ជាពិសេស​គឺ​ការពារ​ទៅ​លើ​ស្ត្រី​ជា​អ្នក​សារព័ត៌មាន​ដើម្បី​រួម​គ្នា​ដោះស្រាយ​ពី​វិបត្តិ​បរិស្ថាន​ដែល​កំពុង​ធ្វើ​ឱ្យ​មាន​ការ​បម្រែបម្រួល​អាកាសធាតុ​លើ​ភព​ដែនដី​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

យ៉ាងណា​ក៏ដោយ ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​រង​នូវ​ការ​គាបសង្កត់​ពី​រដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សារព័ត៌មាន​ដែល​បាន​រក​ឃើញ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​មាន​ការ​គប់គិត​រវាង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់ ក្នុង​នោះ សកម្មជន​បរិស្ថាន​នានា​ដែល​បាន​ផ្សព្វផ្សាយ​ពី​ការ​បំផ្លាញ​បរិស្ថាន​ក្នុង​តំបន់​ការពារ​នានា ក៏​ត្រូវ​រង​នូវ​ការ​ចាប់​ខ្លួន​ឃុំ​ដែរ​សព្វថ្ងៃ​នេះ។

សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា បាន​រក​ឃើញ​ថា អ្នក​សារព័ត៌មាន​ជាង ៤០​នាក់ (៤៤​នាក់) និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ទៀត ប្រឈមមុខ​នឹង​ការ​យាយី​គ្រប់​ទម្រង់​ក្នុង​ឆ្នាំ​២០២៣ កន្លង​ទៅ ក្នុង​នោះ​មាន ១៣​ករណី​ដែល​ជា​ការ​ប្រើប្រាស់​ចំណាត់ការ​ផ្លូវច្បាប់​ប្រឆាំង​អ្នក​សារព័ត៌មាន បន្ទាប់ពី​ពួកគេ​បាន​ចុះផ្សាយ​ពី​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន ដូចជា ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​បញ្ហា​រសើប​ជាច្រើន​ដទៃ​ទៀត ជាដើម។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤៧ ក្នុង​ចំណោម​ប្រទេស​១៨០ ដែល​ចំណាត់ថ្នាក់​នេះ​បង្ហាញ​អំពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នៅតែ​មិន​អាច​ងើប​ចេញពី​ចំណាត់ថ្នាក់​ដ៏​អាក្រក់ ដោយសារតែ​គេ​រក​ឃើញ​ថា មាន​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រាជរដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស