39 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

ក្រុម​ហ៊ុន​តូយ៉ូតា​បញ្ជាក់​ថា ម៉ូដែល​រថយន្ត​ដែលត្រូវ​​​​ប្រមូល​មកវិញ​គឺ​ម៉ូដែល​ហ៊ីលុច 

បុត្រសម្ព័​ន្ធ​របស់​ក្រុម​ហ៊ុន​តូយ៉ូតា​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​បាន​បញ្ជាក់​កាលពី​​​ម្សិល​​​មិញ​ថា រថយន្ត​ដែល​ត្រូវ​ប្រមូល​មក​ក្រុម​ហ៊ុន​វិញ​តាម​សេចក្ដី​ប្រកាស​កាលពី​ដើម​ខែ​នេះ​គឺ​រថ​យន្ត​ម៉ូដែល​ហ៊ីលុច ដែល​ត្រូវ​បាន​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​ ក្នុង​ចន្លោះ​​​ពេល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០០៥​ដល់​ខែ​មីនា ឆ្នាំ​២០១០​។ ក្រុ​ម​ហ៊ុន​តូយ៉ូតា (ខេមបូឌា​) បាន​ឲ្យ​ដឹង​តាម​រយៈ​អុីម៉ែល​ថា បច្ចុប្បន្ន​អតិថិជន​កំពុង​ត្រូវ​បាន​ទាក់​ទង​ឲ្យ​យក​រថយន្ត​របស់​ខ្លួន​មក​ពិនិត្យ​នៅ​ផ្នែក​រ៉ឺស័រ​បាញ់​ពោង​ខ្យល់​​សម្រាប់​កន្លែង​អ្នក​បើក​បរ​ក្នុង​រថយន្ត​ម៉ូដែល​ហ៊ីលុច​ ដែល​អាច​បង្ករ​គ្រោះ​ថ្នាក់​ដល់​មនុស្ស​។ រថយន្ត​ជាង​១០០​គ្រឿង​ត្រូ​វបាន​ប្រមូល​មក​ក្រុម​ហ៊ុ​ន​វិញ​ តាំង​ពី​សេចក្ដី​ប្រកាស​ប្រមូល​រថយន្ត​ទូទាំង​ពិភព​លោក​ក្នុង​ម៉ូដែល​នេះ​ត្រូ​វបាន​ផ្សព្វ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំនេះ​មក​។ អុីម៉េល​របស់​ក្រុម​ហ៊ុន​តូយ៉ូតា​មាន​ខ្លឹម​សា​រ​​​ថា “ពោ​ង​ខ្យល់​សម្រាប់​អ្នក​បើក​បរ​នៅ​ក្នុង​រថ​យន្ត​ម៉ូដែល​នេះ​​ត្រូវបាន​ភ្ជាប់​ទៅ​នឹង​គ្រោង​​​រ៉ឺស័រ​ ដែល​មាន​ភ្ជាប់​ចរន្ត​អគ្គិសនី​​នឹង​អាច​ខូច​នៅ​ពេល​កាច់​ចង្កូត​”។ អុីម៉េល​ដដែល​មាន​ខ្លឹម​សារ​បន្ត​ទៀត​ថា “ប្រសិន​បើ​មាន​រឿង​នេះកើ​ត​ឡើង អំពូល​ព្រមាន​សម្រាប់​បញ្ចេញ​ពោង​ខ្យល់នឹង​បញ្ចេញ​ពន្លឺ​។ ជាង​នេះ​ទៀត​ពោង​ខ្យល់​សម្រាប់​អ្នក​បើក​បរ​អាច​លែង​ដំណើរ​ការ​ ជា​​េហតុ​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​អាច​កើត​ឡើង​​ដល់​កម្រិត​ធ្ងន់​”។ លោក កែវ វឌ្ឍនៈ ប្រធាន​ផ្នែក​សេវា​កម្ម​អតិថិជន​នៅ​ក្រុម​ហ៊ុន​តូយ៉ូតា​ បាន​ប៉ាន​់​ស្មាន​កាលពីម្សិលមិញ​ថា ចំនួន​រថយន្ត​ដែល​នឹង​ត្រូវ​បាន​ប្រមូល​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​នឹង​កើន​ឡើង​ដល់​ខ្ទង់​រយ​ ក៏ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា បញ្ហា​មាន​កម្រិត​ខុស​គ្នា​ទៅ​តាម​រថយន្ត​គ្រប់​ម៉ូដែល​ដែល​ត្រូវ​បាន​ផលិត​ក្នុង​ឆ្នាំ​តែ​មួយ​៕ សុធា

ក្រុមហ៊ុនតូយូតាប្រមូលរថយន្ត​ជាង១០០គ្រឿង​នៅ​កម្ពុជា​ ដើម្បីត្រួតពិនិត្យ​បច្ចេក​​ទេស

ក្រុមហ៊ុនតូុយូតា បានប្រមូល​រថយន្ត​ជាង​១០០គ្រឿង​នៅក្នុងប្រទេស​កម្ពុជា ជាផ្នែក​នៃការប្រមូល​រថយន្ត​ចំនួន​៦,៤លាន​គ្រឿង​ទូទាំងសាកលលោក​​របស់​ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​ជប៉ុន​ ដោយសារ​​បញ្ហា​បច្ចេក​​ទេស។ ប៉ុន្តែ​អ្នកចែកចាយរថយន្តបន្ត​​​បានឲ្យដឹងថា បញ្ញត្តិ​ធូរលុងលើ​រថយន្ត​នាំ​ចូលក្នុង​ប្រទេស​នេះ​នឹង​ធ្វើ​ឲ្យប៉ះ​​ពាល់​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​យករថ​យន្ត​គ្មាន​សុវត្ថិភាពចេញពីផ្លូវ​។​ លោក លី ប៊ុនហៃ អគ្គនាយក​​របស់​ក្រុម​ហ៊ុន​ Toyota (Cambodia) Co.Ltd . ​ចាប់តាំ​ង​ពី​ក្រុមហ៊ុនតូយូតា បានប្រកាស​កាលពីថ្ងៃទី​៩​ខែមេសា​​ថា ​រថយន្ត​រាប់លានគ្រឿង​របស់​ខ្លួន​​​​នឹងត្រូវ​ប្រមូល​មកវិញ​​ដើម្បី​​​ពិនិត្យ​មើល​បញ្ហា​​ដែល​​អាចកើតមាន​ជាមួយ​​​ពោង​ខ្យល់​ចង្កូត និងកៅអីមក​ ​សាខាក្នុងស្រុកប្រមូល​បាន​ជាង​១០០គ្រឿងហើយ។ ​​អ្នកចាត់ការម្នាក់​នៅក្នុងការិយាល័យ​​សេវា​​​អតិថិជន​​របស់ក្រុម​ហ៊ុនតូយូតា បាន​ឲ្យ​ដឹងថា ​រថយន្តទំនើប​​​ដែលត្រូវប្រមូល​នោះ​គឺ​រថ​យន្តតូយូតា Hilux ចាប់​​ពី​ឆ្នាំ​២០០៦។ ប៉ុន្តែ​ការ​ដឹងច្បាស់​​តើ​រថយន្តតូយូតា​​​មិនប្រក្រតីចំនួនប៉ុន្មានគ្រឿង​​​បើក​នៅ​លើ​ផ្លូវ ​នៅតែមាន​បញ្ហា​ ដោយសារតែ​​​ទីផ្សារ​ងងឹត​​នៅក្នុងប្រទេស​កម្ពុជា​ ដែល​ក្នុងនោះ​រថយន្ត​ភាគច្រើន​​ត្រូវបាន​នាំចូល​តាម​ច្រក​មិនផ្លូវការ​។ លោក ប៊ុនហៃ ​​បានមាន​​ប្រសាសន៍ថា “វាលំបាកណាស់​ក្នុងការ​តាម​ដាន​រថយន្ត​​នៅ​​ទីនេះក្នុងប្រទេស​កម្ពុជាសម្រាប់​ម៉ាក​ ពីព្រោះ​ស្លាក​លេខផ្លូវការ​នៅលើ​រថយន្តថ្មីនិងប្រើ​ប្រាស់ហើយ មិនច្បាស់លាស់...ដូច្នេះ​វាពិ​បាក​នឹង​កំណត់​អ្វី​​ដែល​មិនប្រក្រតី​នោះ”។ លោកបានបន្ថែមថា ក្រុមហ៊ុនតូយូតា​កាន់កាប់​​ទីផ្សារ​រថយន្ត​​ធុនស្រាល​៧០​ភាគ​​រយ​នៅក្នុងប្រទេស​កម្ពុជា ​ប៉ុន្តែថា មាន​​តែ​រថយន្តប្រហែល​១០ភាគ​រយ​ប៉ុណ្ណោះត្រូវ​​បា​នទិញពី​អ្នកចែកចាយបន្ត។ លោក ពីលី វង់ អនុប្រធាន​​សហព័ន្ធ​រថ​យន្តកម្ពុជា​​​បានមាន​ប្រសាសន៍ថា ​បញ្ញត្តិ​របស់​កម្ពុជា​លើការនាំចូល​ ​នៅមានការធូរលុងខ្លះ​​​នៅអាស៊ី។លោកបាន​បន្តថា “អ្នក​ដែល​អាច​​​នាំ​រថ​យន្ត​មួយគ្រឿង​​ចូលក្នុងប្រទេស​ ដរាបណា​​​​វា​មិនចាស់​​ហួស​រយៈ​​ពេល​ប្រាំបី​ឆ្នាំ​ និង​ចង្កូត​ឆ្វេង”។ “កម្ពុជា​​ជាមួយប្រទេស​ភូមា ជាទីផ្សារ​​រថ​យន្តមានការរឹត​បន្តឹង​​​តិចតួច​​​នៅអាស៊ាន​”។ លោក វង់ បាន​ឲ្យដឹងថា ​រថយន្តភាគ​ច្រើន​​​ ដែល​ចូលក្នុងប្រទេស​​នេះ មក​ពី​​អា​មេ​រិក​និង មជ្ឈិម​បូពា៌ ដូច្នេះវា​មិន​ស្រប​​នឹងការ​បើក​បរ​ក្នុងលក្ខខណ្ឌ​អាកាស​​ធាតុ​និង​ស្ថាន​ភាពផ្លូវ ថ្នល់ក្នុងប្រទេស​កម្ពុជា​​​ទេ។ លោកបានបន្តថា “​ចាប់តាំងពី​​អ្នក​ចែក​ចាយបន្ត​ផ្លូវការមិនដឹងថា រថយន្តទាំង​នោះ​នៅទីនេះ​ គ្មានការ​​ចាត់​វិធានការ​​ដោះ​ស្រាយ​​បញ្ហា​​នេះឡើយ​ ដូច្នេះ​​វា​​ធ្វើឲ្យមាន​គ្រោះ​ថ្នាក់ដល់​មនុស្ស​ជាច្រេើន​​នៅលើ​ផ្លូវ​ថ្នល់​”។ ទោះជាយ៉ាងណា លោក ព្រាប ចាន់​វិបុល​ ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវ​​គោក​នៅ​ក្រសួង​​សាធារណការ​​និងដឹកជញ្ជូន​ ​បាន​មាន​ប្រសាសន៍ថា ​រដ្ឋាភិបាល​ត្រួតពិនិត្យ​​រថ​យន្ត​ទាំងអស់​ មុនពេល​​ចុះបញ្ជី​ និង​ផ្តល់​ស្លាក​លេខ។ ​ លោកបានឲ្យដឹងទៀតថា “ ការត្រួត​ពិនិត្យ​​ធ្វើឡើង​ដើ់ម្បី​ធានា​​ម៉ាស៊ីនដំណើរការ​បានល្អ រួមទាំង​ការត្រួតពិនិត្យ​ហ្វ្រាំង និង​កុងទ័រ​។ ប្រសិន​បើ​វាដំណើរការមិនបាន​ត្រឹម​ត្រូវ​ ​​រថយន្តទាំងនេះ​នឹងត្រូវ​​បញ្ជូន​ទៅ​កាន់យានដ្ឋាន​​​”។ ប៉ុន្តែលោកបាន​បន្ថែមថា ប្រទេស​នេះ​ចាំបាច់ត្រូវ​បង្កើតច្បាប់​ស្តីពី​សុវត្ថិភាព​ផ្លូវ​​គោក​​តាមស្តង់ដារ​បច្ចេកទេស​ច្បាស់​លាស់ តាម​រយៈ​អ្នកវាយតម្លៃ​មានជំនាញ​ច្បាស់លាស់​ ​ដែលអាច​​​ស្គាល់ពីគុណប្រយោជន៍រថយន្ត​បើក​បរលើផ្លូវ​។​ លោកបានមាន​ប្រសាសន៍​ថា “យើង​គ្មាន​បញ្ញត្តិ​​សុវត្ថិភាព​លម្អិត​​នៅ​ឡើយទេ ហើយ​​ក៏គ្មានគណៈកម្មាធិការ​បច្ចេក​ទេស​ដើម្បីត្រួតពិនិត្យ​បច្ចេកទេស​​រថយន្ត​ដែរ។ យើង​ត្រូវ​បណ្តុះបណ្តាល​និង​ពិនិត្យ​ក្នុង​បច្ចេក​​ទេស​បែបនេះ”៕ ប៊ុននី

តួលេខ​ផ្លូវការ​បង្ហាញថា ទម្ងន់​​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​កើនឡើង​១៣ភាគរយ

យោងតាម​តួលេខ​​ផ្លូវការ​​​របស់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុបានបង្ហាញ​ថា ទម្ងន់​ទំនិញ​សរុប​​​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​​​តាម​កំពង់​ផែនេះ សម្រាប់​រយៈ​​ពេល​​បីដំបូង​នៃឆ្នាំនេះ​ បាន​កើន​​ឡើង​១៣,៤៩ភាគ​​រយ​ បើ​​ធៀបជា​មួ​យ​​រយៈ​ពេល​​ដូច​​គ្នា​​កាល​​ពីឆ្នាំ​មុន។ បើ​​​គិតពីខែ​មករា​ដល់​ចុងខែ​មីនា ទំនិញ​៨៦២.៣៧៥តោន​​​បាន​ឆ្លងកាត់​កំពង់ផែ​នេះ​បើធៀបនឹងឆ្នាំមុនមាន​៧៥៩.៨៩៧តោន​។ លោក ជា សម្បត្តិ ប្រធាននាយកដ្ឋាន​ផែន​ការនិងស្ថិតិ​​នៃ​​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះ​សី​ហនុ បាន​លើកឡើងផងដែរថា កំណើន​នៃ​ទម្ងន់​ទំនិញនេះគឺ​មាន​ការចូលរួម​ចំណែក​ពី​​កំណើនបរិមាណ​ទំនិញ​ ដូចជា​​ប្រេង​​នាំ​ចូល ដែលបាន​កើនឡើង​៨,១៥ភាគ​​រយដល់​២៨២​.​៤២០​តោន ​បរិមាណដំឡូង​មី​នាំចេញ​ ​ដែល បាន កើនឡើង​​​ជាង​២០.០០០តោន ដល់២៩,១៥៨តោន។ លោកបាន​បន្ថែម​​ទៀតថា ទំនិញ​ប្រភេទ​សម្លៀកបំពាក់និង​​អង្ករ ​​​ដែលជាទំនិញ​ពីរ​​ក្នុង​ចំណោម​​ទំនិញ​​នាំ​ចេញ​​​​សំខាន់ៗ​របស់​​ប្រទេស​កម្ពុជា​​ ​ក៏បាន​ជួយចូលរួម​ចំណែក​ក្នុង​​កំ​ណើន​នេះផង​​ដែរ​។ ទំនិញ​សម្លៀក​បំពាក់​កាត់ដេរ​បាន​​កើន​ឡើង​​៣០,៧ភាគ​រយ​​​ដល់​១៦.៥៥១តោន​ក្នុង​មួយ​ឆ្នាំ​ បើធៀប​នឹង​ឆ្នាំ​មុន ​​ចំណែក​​​ទំនិញ​អង្ករកើន​ឡើង​១១ភាគ​រយ​ដល់​​៧៧.៩៣៦​តោន៕​ ប៊ុននី

ក្រុម​ហ៊ុន ​Emaxx បោះ​បង់​គម្រោង​តូចៗ​ដើម្បី​ផ្តោត​សំខាន់លើ​គម្រោង​ហេដ្ឋារចនា​សម្ពន្ធគមនាគមន៍

ក្រុម​ហ៊ុន​ផ្តល់សេវា​បណ្តាញ​អីុន​ធើណិត​ក្នុង​ឧបករណ៍​ចល័ត​ Emaxx បាន​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​សេវា​អីុន​ធើណិត​ខ្នាត​តូច​ ទៅ​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​ហេដ្ឋារចនា​សម្ពន្ធ​គមនា​គមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ហុងកុង​មួយ​ ក្នុង​គម្រោង​វិនិ​យោគ​ដែល​ត្រូវ​ចំណាយ​ប្រាក់​១៤៨លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​ Emaxx បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ម្សិល​មិញ​ អំពី​គោល​បំណង​ដ៏​សំខាន់​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​សេវា​អីុនធើណិត​ល្បឿនមហា​​លឿន​ដល់​ប្រជាជន​៨០ភាគរយ​នៃ​ចំនួន​ប្រជាជន​​សរុប​ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន Emaxx បាន​ប្រកាស​ថា ក្រុម​ហ៊ុន​ KeyBridge International Co. បាន​ទិញ​ភាគ​ហ៊ុន​៦៥ភាគ​រយ​នៅ​ក្នុង​ក្រុម​ហ៊ុន​ទូរគមនាគមន៍​​កម្ពុជា​មួយ​នេះ ដើម្បី​បង្កើត​គម្រោង​វិនិយោគ​រួម​គ្នា​ថ្មី​មួយ​ ដែល​គ្រោង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ក្នុង​ខែ​តុលា។ លោក យ៉េ គីង (Ye Qiong) ប្រធាន​ថ្មី​ក្រុម​ហ៊ុន ​Emaxx បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​បង្កើត​បណ្តាញ​ធំ​មួយ​ដែល​មាន​សមត្ថភាព​ផ្គត់​ផ្គង់​អីុន​ធើណិត​៤០០Gb ក្នុង​មួយ​វិនាទី គ្រប​ដណ្តប់​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​តាម​ខ្សែ​ហ្វាយ​ប៊័រ អុបទិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល​”។ លោក គីង បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ហ៊ុន Emaxx នឹង​វិនិយោគ​ និង​ដំឡើង​ស្ថានីយ​មូល​ដ្ឋាន​មួយ​ដែល​មាន​សមត្ថភាព​ផ្គត់​ផ្គង់​៦០០ 4G សម្រាប់​​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​ឥតខ្សែ​ដែល​មាន​ល្បឿន​លឿនសម្រាប់​ទូរស័ព្ទ​ដៃ​។ ស្ថានីយ​ទាំង​នោះ​នឹង​ត្រូវ​បាន​សាង​សង់​នៅ​ទីក្រុង​ធំៗចំនួន​​​ប្រាំមួយ​មានដែល​រួម​មាន​ទាំង​រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះ​សីហនុ ផង​ដែរ។ លោក គីង បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ក្រុម​ហ៊ុន​ផ្សេងៗទៀត​ នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ផ្តោត​សំខាន់​ទៅ​លើ​ហេដ្ឋា​រចនា​សម្ពន្ធ​បណ្តាញ​អីុន​ធើណិត​។ លោកបានមានប្រសាសន៍ថា “ដោយ​ដក​ខ្លួន​ចេញពីទីផ្សារ​​ ក្រុមហ៊ុនផ្សេងទៀត​នឹង​មិន​ត្រូវចំណាយប្រាក់​លើការ​អភិវឌ្ឍ​តាម​បណ្តាញ​​ចាស់​​របស់ខ្លួន​ ដែល​នឹង​ផ្តល់​ប្រយោ​ជន៍​​ដល់​​អតិថិជន​​ដោយ​តម្លៃ​ថោក​ជាង​នេះ​​និង​សេវា​មាន​ប្រសិទ្ធភាព​​​បន្ថែម​​ទៀត”។ ក្រុម​​ហ៊ុន Emaxx បាន​ចូលទីផ្សារ​ទូរ​ស័ព្ទ​ចល័ត​កម្ពុជា​ក្នុងឆ្នាំ​២០១១ ​​ដែល​នៅពេល​នោះប្រធាន​ប្រតិបត្តិការ​ លោក ហ៊្វ្រែង ម៉េ (Frank May) ​​បាន​​ប្រកាស​​ថា ក្រុមហ៊ុន​​នឹង​បង្កើត​ប្រព័ន្ធ ​4G​​ ​​ដែល​​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ទាញ​​យក​ទិន្ន​ន័យ​លឿន​​ជាង​ឧបករណ៍​​​3G​ ដល់​​ទៅ​១០ដង។​ ក៏ប៉ុន្តែ​ផែនការនេះ​មិន​​ដែល​បាន​​ទទួល​លទ្ធផលជាផ្លែផ្កា​​នោះទេ​ ហើយ​​លោក ម៉េ​​បាន​​​ជាប់​ក្នុងពន្ធនាគារ​​​ក្នុងឆ្នាំ​២០១២​ ជុំវិញ​​ការ​​ចោទ​ប្រកាន់​​​ពី​បទ​លួច​​បន្លំ និងប្រើ​ឯក​សារ​ក្លែងក្លាយ​។ លោក ​ថូម៉ាស់ ហ៊ុន (Thomas Hundt) ធ្វើ​ការ​នៅក្រុម​​ហ៊ុន ស្មាត ម៉ូបាល (Smart Mobile) បាន​មានប្រសាសន៍កាលពីម្សិល​មិញ​​​ថា ក្រុម​ហ៊ុន​របស់​លោក​នៅមាន​បណ្តាញ​នៅឡើយ​ក្នុង​ការ​ផ្តល់​សេវា​ 4G ​ក្នុងប្រទេស​កម្ពុជា ដោយ​​បន្ថែម​​ថា លោកមិនដឹង​អំពី​គម្រោង​របស់​ក្រុមហ៊ុន Emaxx។ លោកថ្លែងថា “យើង​មាន​​​បំណង​ស្តាប់​គម្រោង​​របស់ Emaxx ប៉ុន្តែ​យើង​នៅតែ​​​ធ្វើ​​​​​​​វិនិយោគ​​​ក្នុង​បណ្តាញ​​​របស់​យើង​”៕ សុធា​

ឧស្សាហកម្មផលិតកង់​​នៅ​​​​​កម្ពុជា​​​ប្រឈម​​​បញ្ហា​​​​​​ពីសហភាព​​​អឺរ៉ុប​​​

គណៈប្រតិភូ​​​របស់​​​សហភាព​​​អឺរ៉ុប​​​មក​​​កាន់​​​កម្ពុជា​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​​​​ថា ​​​ឧស្សា​​​ហកម្ម​​​កង់​​​ដ៏​​​ក្មេង​​​ខ្ចី​​​របស់​​​កម្ពុជា​​​កំពុង​​​​​​រង​​​ការ​​​គំរាម​​​កំហែង​​​បន្ទាប់ពី​​​​​​មាន​​​កា​​រ​​​កែប្រែ​​​ថ្មី​​​ៗ​​​លើ​​​​​​ផែនការ​​​លើក​​​ទឹកចិត្ត​​​ពាណិជ្ជកម្ម​​​​​​រួច​​​​​​ពន្ធ​​​​​​របស់​​​សហភាព​​​អឺរ៉ុប​​​​​​។ ដោយ​​​ចាប់​​​ផ្ដើម​​​កាល​​​ពី​​​ខែ​​​មករា សហ​​​ភាព​​​អឺរ៉ុប​​​បាន​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​​​​ប្រព័ន្ធ​​​អនុ​​​គ្រោះ​​​សាកល​​​​​​ (GSP) របស់​​​ខ្លួន​​​​​​ ដែល​​​អនុញ្ញាត​​​ឲ្យ​​​បណ្ដាល​​​​​​ប្រទេស​​​កំពុង​​​អភិវឌ្ឍន៍​​​បង់​​​ពន្ធ​​​ទាប​​​ ឬ​​​មិន​​​បង់​​​ពន្ធសោះ​​​លើ​​​ទំនិញនាំចេញ​​​របស់​​​ខ្លួន​​​ទៅ​​​កាន់​​​សហភាព​​​អឺរ៉ុប​​​​​​។​​​ គោល​​​បំណង​​​នេះ គឺ​​​ដើម្បី​​​ផ្ដោត​​​ការ​​​អនុគ្រោះ​​​ពាណិជ្ជកម្មឡើង​​​វិញ​​​លើ​​​ប្រទេស​​​ដែល​​​ត្រូវ​​​​​​ការ​​​វា​​​បំផុត​​​​​​។ កំណែទម្រង់​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​ម៉ាឡេ​​​ស៊ី​​​និង​​​ប្រទេស​​​សិង្ហបុរី...

ក្រុម​ហ៊ុនរថយន្ត​ស្ព័រ​ Porsche ចាប់​ផ្តើម​សកម្មភាព​សាង​សង់​មជ្ឈមណ្ឌល​​​​​នៅក្នុង​រាជធានី​​ភ្នំពេញ​

ក្រុម​ហ៊ុន Porsche ដែល​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ស្ព័រដ៏​ធំ​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​​ចូល​មក​​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​ផ្លូវការ​ហើយ​ កាលពី​ម្សិលមិញ ដោយ​មាន​ពិធី​ចាប់​ផ្តើម​សកម្មភាព​សាង​សង់​មជ្ឈមណ្ឌល​រថយន្ត​ Porsche ភ្នំពេញ​ (Porsche Center Phnom Penh) ​ជា​ហេតុ​នាំ​ឲ្យ​ចំនួន​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​រថយន្ត​ទំនើប​ៗ​កើន​ឡើង​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​ដែល​មាន​ទ្រព្យ​ធន​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ​។ សាល​តាំង​លក់​រថយន្ត​ថ្មី​ដែល​ស្ថិត​នៅ​ទល់​មុខ​អាកាស​យាន​ដ្ឋាន​ភ្នំពេញ​នេះ​ នឹង​មាន​ទំហំ​ជិត​២.០០០ម៉ែត្រ​ក្រឡា​ នៅ​ពេល​សកម្មភាព​សាង​សង់​ចប់​សព្វ​គ្រប់​ ដោយ​ត្រូវ​ចំណាយ​ប្រាក់​ពីរលាន​ដុល្លារ​។ ក្នុង​ពេល​ដែល​សាល​តំាង​លក់​រថយន្ត​នេះ​​មិន​ទាន់​សាង​សង់​រួច​រាល់​រហូត​ដល់​ខែ​តុលា​ ក្រុម​ហ៊ុន Porsche នៅ​រំពឹង​ថា ខ្លួន​នឹង​អាច​លក់​រថយន្ត​ថ្មី​របស់​ខ្លួន​បាន​យ៉ាង​តិច៣០​គ្រឿង​ ​ក្នុង​ឆ្នាំ​នេះ​ នេះ​បើ​យោង​តាម​លោក ហ្គ្រេ​ម៉េ​ ហាន់​ធ័រ (Graeme Hunter)​ អគ្គនាយក​ក្រុម​ហ៊ុន​ Precision Cars (Cambodia) ដែលនឹង​តំណាង​ឲ្យ​ក្រុម​ហ៊ុន Porsche នៅ​​​កម្ពុជា​។ លោក ហាន់ធ័រ បាន​មាន​ប្រសាសន៍​​ក្នុង​​​​ពិធី​បញ្ចុះបឋម​សិលា​កាលពី​ម្សិលមិញ​ថា “ក្រុម​ហ៊ុន​ Porsche មិន​មែន​​ជា​ក្រុម​ហ៊ុន​ទ្រង់​ទ្រាយ​ធំ​មួយ​ទេ​​ ពោល​គឺ​យើង​លក់​រថយន្ត​ប្រហែល​២០០.០០០គ្រឿង​ក្នុង​មួយ​ឆ្នាំ​ បើ​ធៀប​ជា​មួយ​ក្រុម​ហ៊ុន​តូយ៉ូតា ដែល​លក់​រថយន្ត​ប្រាំ​មួយ​លាន​គ្រឿង​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ឆ្នាំ​នេះ​នៅ​លើ​ទីផ្សារ​កម្ពុជា​ យើង​មិន​មាន​មជ្ឈមណ្ឌល​រថយន្ត Porsche ទេ​ ប៉ុន្តែ​យើង​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្រៅ​អគារ​សាល​តាំង​លក់​ ដូច្នេះយើង​រំពឹង​ថា យើង​នឹង​​លក់​បាន​ប្រហែល​៣០​គ្រឿង​ ក៏​ប៉ុន្តែ នៅ​ពេល​ដែល​យើង​មាន​សាល​តំាង​លក់​ត្រឹម​ត្រូវ​យើង​នឹង​បង្កើន​បរិមាណ​លក់​ឲ្យ​កើន​ឡើង​ដល់​៨៥​គ្រឿង​​យ៉ាង​យូរ​ក្នុង​ឆ្នាំ​២០១៧”។ លោក ហាន់​ធ័រ បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន Porsche នៅ​លើ​ទីផ្សារ​កម្ពុជា​ និង​ផ្តោត​សំខាន់​ទៅ​លើ​រថយន្តប្រភេទ​ SUV ដែល​ជា​រថយន្ត​ទំនើប​ជាង​មុន​ក្នុង​ការ​ប្រើ​ប្រាស់​នៅ​តាម​ស្ថានភាព​ផ្លូវ​មិនសូវ​ល្អ​នៅ​ក្នុង​ប្រទេស​នេះ។ លោក​បាន​មាន​ប្រសាសន៍​បន្តទៀត​ថា ​“ ៩១១គឺ​ជារថយន្ត​ស្ព័រ​ដ៏​ទំនើប​ ក៏​ប៉ុន្តែ រថយន្ត​ Cayenne គឺ​ជា​រថយន្ត​ប្រភេទ​ SUV ហើយ​វា​​​មានស​មត្ថភាព​​ធ្វើ​ប្រតិបត្តិការ​នៅ​លើ​ដង​ផ្លូវ​ និង​នៅ​ទី​កន្លែង​ផ្សេង​ៗ​ដែល​មិន​មែន​ជា​ផ្លូវបាន​ ពោល​គឺ​នៅ​តំបន់​ដែល​មាន​ស្ថានភាព​លំបាក​បត់​បែន​”។ លោក ហាន់ធ័រ បាន​លើក​ឡើង​បន្ត​ទៀត​​ថា ដើម្បី​ឲ្យ​ទីផ្សារ​រថយន្ត​របស់​ក្រុម​ហ៊ុន Porsche នៅ​លើ​ទីផ្សារ​កម្ពុជា​​ចាប់​ផ្តើម​ស្ទុះ​ឡើង​ និង​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​មុន​ផ្នែក​រចនា​សម្ព័ន្ធ​ ទីផ្សារនេះ​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​ពី​របី​ឆ្នាំ​។ នៅ​ពេល​ក្រុម​ហ៊ុន Porsche  បាន​ប្រកាស​កាលពី​ឆ្នាំ​២០០២​ថា ខ្លួន​បាន​អភិវឌ្ឍរថយន្ត​​ប្រភេទ​​ SUV មាន​ការ​លើក​ឡើង​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​និយម​រថយន្ត​របស់​ក្រុម​ហ៊ុន Porsche សុទ្ធ​ថា ការ​ឈាន​ជើង​ចូល​ទីផ្សារ​រថយន្ត​ប្រភេទ​ SUV ​​ជា​សញ្ញា​បង្ហាញ​ពី​ការ​បាត់​បង់​ទីផ្សារ​រថយន្ត​ទំនើប​ៗ ​​ប៉ុន្តែ យុទ្ធ​សាស្ត្រ​នេះ​មាន​ប្រសិទ្ធ​ភាព​ ហើយ​រថយន្ត​ Cayenne ត្រូវ​បាន​លក​់​ដាច់​យ៉ាង​ច្រើន​​ ដោយ​សារ​តែ​ក្រុម​ហ៊ុន Porsche ​លក់​រថយន្ត​ប្រភេទ SUV បាន​ច្រើន​ជាង​រថយន្ត​ស្ព័រ​គ្រប់​ប្រភេទ​របស់​ខ្លួន​។ នៅ​លើ​ទីផ្សារ​កម្ពុជា​ក្រុមហ៊ុន Porsche សង្ឃឹម​ថា ខ្លួន​នឹង​ដណ្តើម​បាន​ចំណែក​ទី​ផ្សារ​យ៉ាង​ធំ​ ទោះ​បី​ជា​ទីផ្សារ​នេះ​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ក្រុម​ហ៊ុន​តូយ៉ូតា និង​ក្រុម​ហ៊ុន​រថយន្ត​ឡិចសីុស ក៏​ប៉ុន្តែ ក្នុង​ពេល​បច្ចុប្បន្ន​ ទីផ្សារ​នេះ​មាន​ក្រុម​ហ៊ុន​រថយន្ត​កាន់​តែ​ច្រើន​ ដូចជា ក្រុម​ហ៊ុន​រថយន្ត​ Land Rover រថយន្ត​ Mercedes និង​ក្រុម​ហ៊ុន BMW ជា​ដើមដែល​បច្ចុប្បន្ន​បា​ន​បើក​សាខា​ចែក​ចាយ​នៅ​លើ​ទីផ្សារ​នេះ​​ ហើយ​ក្រុម​ហ៊ុន​រថយន្ត Audi គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​ឆ្នាំ​នេះ​។ លោក ហាន់​ធ័រ​ បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ក្រុម​ហ៊ុន Porsche មិន​មាន​ការ​លំបាក​ក្នុង​ការ​បង្ហាញ​ចំណុច​ផ្សេង​គ្នា​នៃ​ផលិតផល​​របស់​ខ្លួន​ពី​ផលិត​ផល​ក្រុម​ហ៊ុន​ដទៃ​ដែល​ប្រជែង​គ្នា​នៅ​លើ​ទីផ្សារ​កម្ពុជា​ទេ​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ បើក​សាក​​ល្បង​មួយ​ទៅ  នោះ​អ្នក​នឹង​ដឹង​ថា រថយន្ត​របស់​ក្រុម​ហ៊ុន Porsche មាន​ចំណុច​ខុស​គ្នា​ត្រង់​ណា​ពី​រថយន្ត​ដទៃ​”៕សុធា​

រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​គ្រោង​នឹង​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​

ក្រុម​ហ៊ុន​ ហ្គ្រេន ធ្វីន អីុន​ធើ​ណេសិន​ណល​​ (ខេមបូឌា) ខូអិល​ធីឌី  ដែល​ជា​ក្រុ​ម​ហ៊ុន​ផលិត​សម្លៀក​បំពាក់​សម្រាប់​ផ្គត់​ផ្គង់​ឲ្យ​ក្រុម​ហ៊ុន​កីឡា​នៅ​សហរដ្ឋអាមេរិក​ ​បាន​ប្រកាស កាលពី​ម្សិល​មិញ​​ថា ខ្លួន​នឹង​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា​ នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ជា​ហេតុនាំ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ក្លាយ​ជា​ក្រុម​ហ៊ុន​​ជួញ​ដូរ​ភាគ​ហ៊ុន​ឯក​ជន​ដំបូង​គេ​បង្អស់​ ដែល​មាន​វត្តមាន​លើ​ផ្សារ​មូល​បត្រ​កម្ពុជា និង​ជាក្រុម​ហ៊ុន​ទី​២​ដែល​ធ្វើ​ប្រតិបត្តិការ​បែប​នេះ។ នៅ​ពេល​ចុះ​បញ្ជីនៅ​ថ្ងៃ​ទី៨ ខែ​ឧសភា ក្រុម​ហ៊ុន​នេះ​មាន​គម្រោង​ប្រកាស​លក់​ជា​សាធារណៈ​លើក​ដំបូង​នូវ​ប័ណ្ណ​ភាគ​ហ៊ុន​ចំនួន​៨.០០០​.០០០ហ៊ុន​ក្នុង​តម្លៃ​ចាប់​ពី​៧.៤០០​រៀល​​ ឬ​១,៨៥ដុល្លារ​ទៅ​១៤.០០០រៀល​ ឬ​ប្រហែល​៣,៥០​ដុល្លារ​ក្នុង​មួយ​ហ៊ុន​ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិក្រុម​ហ៊ុន​ ហ្គ្រេន ធ្វីន ដែល​បាន​បង្ហាញ​ផែនការ​នេះ​កាលពី​ម្សិល​មិញ ក្នុង​ពិធី​មួយ​នៅ​សណ្ឋាគារ​សូហ្វី​តែល​ក្នុង​រាជធានី​ភ្នំពេញ​។ លោក​ លាវ ជុងតេ (Liao Chung Te) ប្រធាន​​នាយក​ប្រតិបត្តិ​​ក្រុម​ហ៊ុន ហ្គ្រេន ធ្វីន បាន​ប្រាប់​អ្នក​ជំនួញ​ប្រុ​ស​ស្រី​ជាង​២០០នាក់​ថា “ក្រុម​ហ៊ុន ហ្គ្រេន ធ្វីន គឺ​ជា​ក្រុម​ហ៊ុន​ឯក​ជន​ដំបូង​គេ​ដែល​បាន​បោះ​ផ្សាយ​លក់​ភាគ​ហ៊ុន​ជា​សាធារណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ដោយ​មាន​ការ​គាំទ្រ​របស់​លោក លោកស្រី​​ចំពោះ​ភាគ​ហ៊ុន​ប្រកាស​លក់​ជា​សាធារណៈ​លើក​ដំបូង​របស់​យើង​ខ្ញុំ​ ក្រុម​ហ៊ុន ហ្គ្រេន ធ្វីន នឹង​គ្រាន់​តែ​ប្រើ​ប្រាស់​វិនិយោគ​ទុន​របស់​យើង​ឲ្យ​បាន​កាន់​តែ​ច្រើន​​ និង​កាន់​តែ​រឹង​មាំប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ ថែម​ទាំង​ពង្រឹង​​ប្រតិបត្តិការ​គ្រប់​គ្រង​​ផ្ទៃ​ក្នុង​របស់​យើង​ និង​ការ​អនុវត្ត​ច្បាប់​ ដើម្បី​ស្វែង​រក​ប្រាក់​ចំណេញ​សម្រាប់​​វិនិយោគិន​ទាំង​អស់​​”។ ក្នុង​ពេល​បច្ចុប្បន្ន ​មាន​តែ​រដា្ឋករទឹកស្វយ័ត​​ក្រុង​ភ្នំពេញដែល​ជា​​សហ​គ្រាស​រដ្ឋ​ប៉ុណ្ណោះ​ ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការជួញ​ដូរ​ភាគ​ហ៊ុន​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា។ គួរ​បញ្ជាក់​ថា ក្រុម​ហ៊ុន​រដ្ឋ​មួយ​នេះ​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ជួញ​ដូរ​ភាគ​ហ៊ុន​របស់​ខ្លួន​នៅ​ពេល​ផ្សារ​មូល​បត្រ​​ចាប់​ផ្តើម​ដំណើរ​ការ​កាលពី​ខែមេសាឆ្នាំ​២០១២។ យោង​តាម​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​បង្ហាញ​កាលពី​ម្សិល​មិញ ដោយ​ក្រុម​ហ៊ុន ហ្គ្រេន ធ្វីន​ បាន​បង្ហាញ​ថា ក្រុម​ហ៊ុន​នេះ​រំពឹង​ថា ប្រាក់​ចំណូ​ល​របស់​ខ្លួន​នឹង​កើន​ឡើង​១២,៥ភាគ​រយ​ដល់​៤០លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ពោល​គឺ​កើន​ឡើង​ពី​៣០លាន​ដុល្លារ​ដែល​ក្រុម​ហ៊ុន​នេះ​បាន​ព្យាករ​ថា ខ្លួន​នឹង​សម្រេច​បាន​ក្នុង​ឆ្នាំ​នេះ​។ របាយការណ៍​នេះ​បាន​បង្ហាញ​ទៀត​ថា ប្រាក់​ចំណេញ​​សុទ្ធ​របស់​ក្រុមហ៊ុន ហ្គ្រេន ធ្វីន បាន​កើន​ឡើង​ដល់​៨,៧លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១២ ដោយ​មាន​ប្រាក់​ចំណូល​ចំនួន​២៥​លាន​ដុល្លារ។ ក៏​ប៉ុន្តែ មុន​ពេល​ក្រុម​ហ៊ុន ហ្គ្រេន ធ្វីន​ អាច​ចុះ​បញ្ជី​បាន​ ក្រុ​ម​ហ៊ុន​នេះ​ត្រូវ​ឆ្លង​កាត់​ដំណើរ​ការ​ប៊ុក​បៀលឌីងជាមុន​សិន ពោល​គឺ​ក្រុម​ហ៊ុន​នេះ​នឹង​ចាប់​ផ្តើម​កត់​ត្រា​តម្រូវ​ការ​វិនិយោគិន​ ដើម្បី​កំណត់​តម្លៃ​ភាគ​ហ៊ុន​សម្រាប់​ប្រកាស​លក់​ជា​សាធារណៈ​លើក​ដំបូង​។ ​​សេចក្តី​​​ប្រ​​កា​ស​​​ព័ត៌​មា​ន​មួយ​នៅ​លើ​​គេ​​ហ​ទំព័​រ​​របស់​ក្រុមហ៊ុន​មូលបត្រ​​ភ្នំ​​ពេញ​​​ បាន​បង្ហាញ​​ថា ក្រុមហ៊ុន ហ្គ្រេន ធ្វីន ​​​​នឹ​ង​​​​ចាប់​ផ្តើម​​​ដំ​ណើរ​​កា​រ​​នេះ​​​​នៅ​ថ្ងៃ​​​​ច័ន្ទ​ ​និ​ង​បញ្ជប់​​​នៅ​​ថ្ងៃ​​​ទី​​២៥ ​ខែ​​​​មី​នា ហើយ​លទ្ធ​​ផលនឹងត្រូវ​បាន​​​ប្រ​កាស​​​នៅ​ថ្ងៃ​​​ទី​​៣ ខែ​មេសា។ ដំណើរ​ការ​ប៊ុកបៀលឌីងមួយទៀត​គ្រោង​​នឹង​​​​​ចាប់​​​ផ្តើម​​ពី​​​ថ្ងៃ​​​ទី​២១​ខែ​​មេសា ​ដល់​ថ្ងៃ​​​ទី​​២៥ ខែ​មេសា​។ ក្រុមហ៊ុន ហ្គ្រេន ធ្វីន ជា​ក្រុម​ហ៊ុន​ផលិត​សម្លៀក​​​បំ​ពាក់​​សម្រាប់​​​ផ្គត់​ផ្គង់​ឲ្យ​ក្រុ​ម​​ហ៊ុន​​សម្ភារកីឡា​​​​​​​​អា​មេរិកដូចជា​ ​អា​​ឌី​ដាស (Adidas) ​និ​ង ​រី​បុក (Reebok)។ លោក ​​ហុង សុខ​ហួ​រ ​​​​ប្រធាននាយក​​ប្រតិ​បត្តិ​ផ្សារ​មូល​បត្រ​កម្ពុជា ​​​បា​ន​​ប្រាប់​​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុ​ង​​​ពិ​​ធ​ី​នេះ​កា​ល​​ពី​ម​្សិល​​មិញ​ថា មា​ន​​ក្រុម​​​ហ៊ុន​​​ជា​ច្រើន​​ទៀត​​​ដែល​​មាន​​ផែ​ន​កា​រ​​ចុ​ះបញ្ជី​​​នៅ​​លើ​ផ្សារមូលបត្រ​កម្ពុជា បន្ទាប់​​ពី​ក្រុមហ៊ុន​ ហ្គ្រេន​ ធ្វីន ​​​ក៏ប៉ុន្តែ​​​លោក​បា​ន​​​​​បដិ​សេធ​មិ​ន​​​ប្រាប់​​ឈ្មោះក្រុម​ហ៊ុន​ទាំង​នោះ​​ ​​ឬ​​មិននិ​យា​យ​ថា​ ​តើ​​​ក្រុមហ៊ុន​ទាំង​នោះ​ជា​ក្រុម​ហ៊ុន​ឯក​​​​ជ​ន​ ​ឬ​រដ្ឋ​​​ទេ។ ​​លោ​ក​​បា​ន​មាន​​ប្រ​សាស​​ន៍​ថា “មា​ន​​​ក្រុ​ម​​​ហ៊ុ​ន​ពីរ ​ឬ​​បី​​​ដែល​​កំ​ពុ​ងខិត​ខំរៀប​​​ចំ​​​ឯក​​​​សារ​ ​​ប៉ុន្តែ​​ខ្ញុំ​​មិ​ន​​ដឹង​ថា ​​តើ​​ក្រុ​ម​​​ហ៊ុន​មួយ​​​ឬ​​ពី​រ​​​ក្នុង​ចំ​​ណោមទាំង​​​នោះ​​​ត្រៀមរួច​រាល់​ឬយ៉ាងណា​​​​ទេ​​​”។ ​​គេ​ហ​​​​ទំ​ព័រ​​​​​​របស់​ផ្សារមូលបត្រ​កម្ពុជាផ្តល់​​​​​រយៈពេល​​កំ​​​ណត់​​​យ៉ាង​តិច​​​មួ​យ​​ឆ្នាំ​​​​បន្ទាប់ពី​ដាក់សំណុំឯកសារ​ជូន​​គ​ណៈ​​​កម្ម​​​​កា​រ​​​មូល​​​បត្រ​កម្ពុជា។ ​​កា​ល​​​ពី​ឆ្នាំមុ​ន​ ​លើក​លែ​ងតែ​​ក្រុម​ហ៊ុន ហ្គ្រេន ធ្វីន ​​​​ភាគ​​​ច្រើន​​​​​ជា​​​ក្រុម​ហ៊ុន​​​​របស់​​រដ្ឋ ​​ដូចជា ​​​កំ​ពង់​​ផែ​​​ស្វយ័​ត​​​ព្រះ​សី​ហនុ ​​និ​ង ​​ទូរ​គម​នាគមន៍​កម្ពុជា ជាដើម ​​បានសម្តែ​ង​កា​រ​​​​​ចាប់​​អា​​រម្ម​ណ៍​​​របស់​ខ្លួន​ក្នុង​កា​រ​ចុះ​​បញ្ជី​​​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា៕ សុធា​  

របាយការណ៍ចុះ​ស្រង់ទិន្នន័យ​បង្ហាញ​ថា ​តម្លៃ​អចល​នទ្រព្យ​ក្នុងរាជធានីភ្នំពេញ​នៅតែ​បន្ត​កើនឡើង​

លទ្ធផល​ចុះ​ស្រង់ទិន្នន័យ​​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពីម្សិលមិញ បាន​បង្ហាញ​ថា តម្លៃដី​ក្នុង​រាជ​ធានីភ្នំពេញ បាន​និង​កំពុង​កើន​ឡើង​ តាំង​ពី​ទីផ្សារ​អចលនទ្រព្យ​​ក្នុង​​ប្រទេស​​កម្ពុជា​​ បាន​ស្ទុះ​ឡើង​ហើយ​​ស្រុត​ចុះវិញ កាល​​​ពី​​ជាង​ប្រាំឆ្នាំមុន ក៏ប៉ុន្តែ​អ្នក​ជំនាញ​ការ​បាន​លើក​ឡើង​ថា ករណី​បំប៉ោង​ទីផ្សារ​ប្រហាក់​ប្រហែល​គ្នា​នេះ មិន​ទំនង​ជា​កើត​ឡើង​ក្នុង​ពេល​អនាគត​ដ៏ខ្លី​ខាង​មុខ​នេះទេ។ លទ្ធផល​នៃ​សកម្មភាព​ចុះស្រង​់​ទិន្នន័យ​របស់​ក្រុម​ហ៊ុន វីត្រាស់ ប្រូភើធី ខូអិល​ធីឌី ផ្អែក​លើ​តម្លៃដី​ក្នុង​​ត្រីមាស​ទី៤ នៃ​ឆ្នាំមុន​ ក្នុង​ខណ្ឌ​ទាំង​ប្រាំបួន​របស់​រាជ​ធានីភ្នំពេញ ដែល​មាន​៩៦​សង្កាត់។ លទ្ធផល​ចុះ​ស្រង់​ទិន្នន័យ​នេះ បាន​បង្ហាញ​​​ទៀត​ថា តម្លៃ​ប្រកាស​លក់​ដីនៅ​ក្នុង​រាជ​ធានី​ភ្ន​ំ​ពេញមាន​១.៤៤០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា។ តម្លៃទាប​បំផុត​គឺប្រហែល​១០​ដុល្លារ​​ក្នុង​មួយ​ម៉ែត្រក្រឡា​ក្នុង​សង្កាត់​ពញា​ពន្ធ​ ​ក្នុង​ខណ្ឌ​សែន​សុខ​។ ចំណែក​ឯ​តម្លៃ​ខ្ពស់​បំផុត​ គឺ​៥.៩០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា​នៅក្នុង​​សង្កាត់​បឹង​កេង​កង​១ ខណ្ឌចំការ​មន​។ តម្លៃ​មធ្យម​​ក្នុង​មួយ​ម៉ែត្រ​ក្រឡានៃ​ផ្ទៃ​ដីបាន​ប្រែ​ប្រួល​យ៉ាង​ច្រើន​ បើ​ប្រៀប​ធៀប​តម្លៃ​មធ្យម​​ក្នុង​ខណ្ឌ​ទាំង​ប្រាំបួន។ តម្លៃ​មធ្យម​​​ខ្ពស់​បំផុត​​​ គឺ​មាន​ប្រហែល​៣.៦៣០​ដុល្លារ​​ ហើយ តម្លៃមធ្យម​ទាប​បំផុត​ គឺ​មាន​១៦០​ដុល្លារ​ នេះ​បើ​យោ​ង​តាម​លទ្ធផល​ចុះ​ស្រង់​ទិន្នន័យ​ដដែល​នេះ​។ តម្លៃមធ្យម​ខ្ពស់​ៗ​បំផុត​មាន​នៅ​ខណ្ឌ​ដូន​ពេញ ៧​មករា ចំការ​មន និង​ខណ្ឌ​ទូល​គោក។ ក្នុងខណ្ឌ​ដូន​ពេញ តម្លៃ​មធ្យម​ខ្ពស់​បំផុត​មាន​៤.២០០​ដុល្លារ​​ក្នុង​សង្កាត់​ជ័យ​ជម្នះ។ ក្នុង​ខណ្ឌ​ដែល​ស្ថិត​នៅ​ចំណុច​កណ្ដាល​នៃ​រាជធានីភ្នំពេញ​នេះមាន​តម្លៃ​មធ្យម​ក្នុង​មួយ​ម៉ែត្រក្រ ឡា៣.៦២៨​ដុល្លារ​ ខណៈ​ដែល​តម្លៃ​​ទាប​បំផុត​​មាន​១.០៤២ដុល្លារ​ ខណៈ​ដែល​តម្លៃ​ខ្ពស់​បំផុត​មាន​៥.៨៣០​ដុល្លារ​។ ក្នុង​ខណ្ឌ​៧​មករា ​តម្លៃ​មធ្យម​ក្នុង​មួយ​ម៉ែត្រ​​​ក្រឡា​មាន​២.៧០០​ដុល្លារ​​។ តម្លៃ​ទាប​បំផុត​មាន​១.០១០ដុល្លារ​ និង​តម្លៃ​ខ្ពស់​បំផុត​មាន​៥.១៥០​ដុល្លារ​។ តម្លៃ​មធ្យម​ខ្ពស់​បំផុត​សម្រាប់​​ខណ្ឌ​នេះ​គឺ៣.២០០​ដុល្លារ​ក្នុង​មួយម៉ែត្រ​ក្រឡា​ នៅ​​សង្កាត​់​មនោ​រម្យ​​។ ក្នុង​ខណ្ឌចំការ​មន តម្លៃ​មធ្យម​មាន​២.៣៦០​ដុល្លារ​។ តម្លៃទាប​បំផុត​មាន​១.០១០​ដុល្លារ​ និង​តម្លៃខ្ពស់​បំផុត​មាន​៥.៩០០​ដុល្លារ។ តម្លៃ​មធ្យម​ខ្ពស់​បំផុត​​ក្នុង​ខណ្ឌ​នេះ​មាន​៣.៣០០​ដុល្លារ​នៅ​ក្នុង​សង្កាត់​បឹង​កេង​កង​១។ ក្នុង​ខណ្ឌ​ទួល​គោក តម្លៃ​មធ្យម​មាន​២.២៦០​​​ដុល្លារ​​។ តម្លៃទាប​បំផុត​មាន​១.០០០​ដុល្លារ​ និង​តម្លៃ​ខ្ពស់​បំផុត​មាន​៥.៣៤០​ដុល្លារ​។ តម្លៃ​​មធ្យម​ខ្ពស់​បំផុត​មាន​២.៨១០​ដុល្លារ​​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ២​។ តម្លៃ​ដី​ទាប​ជាង​គេ​បំផុតនៅ​​ក្នុង​ចំណោម​ខណ្ឌ​ទាំង​នេះ​​មាន​ជា​មធ្យម​នៅ​ខណ្ឌ​ដង្កោ និង​ខណ្ឌ​ពោធិ៍សែនជ័យ។ ក្នុ​ង​ខណ្ឌ​ដង្កោ តម្លៃ​មធ្យម​មាន​១៦០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា។ តម្លៃ​ខ្ពស់​បំផុត​មាន​៩២០​ដុល្លារ​ ខណៈ​ដែ​ល​តម្លៃ​ទាប​បំផុត​២០​ដុល្លារ​។ តម្លៃ​មធ្យម​ខ្ពស់​បំផុត​មាន​៤៥០​ដុល្លារ​ក្នុង​សង្កាត់​ដង្កោ។ ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ តម្លៃ​មធ្យម​មាន​២៧០​ដុល្លារ​។ តម្លៃ​ទាប​បំផុត​មាន​២០​ដុល្លារ​ ខណៈ​ដែល​តម្លៃ​ខ្ពស់​បំផុត​មាន​១.៨១០ដុល្លារ​ហើយ​តម្លៃ​មធ្យម​ខ្ពស់​បំផុត​មាន​៧២០​ដុល្លារ​ក្នុង​សង្កាត់​ចោម​ចៅ។ កត្តា​ដែល​ជំរុញ​​ឲ្យ​តម្លៃ​ដីកើន​ឡើង​បែប​នេះ​រួម​មាន​ទំហំដីសម្រាប់​លក់​ ប្រភេទ​អគារ​ និង​ទីតាំង​ដី​។ ក្នុង​ពេល​ដែល​លទ្ធផល​ចុះ​ស្រង់ទិន្នន័យ​បង្ហាញ​ពីកំណើន​ជា​បន្ត​បន្ទាប់​ បើ​ធៀប​នឹង​តម្លៃ​អចលនទ្រព្យ​កាលពី​ពេល​ទីផ្សារ​នេះ​បាន​ស្រុត​ចុះ​ក្នុង​ឆ្នាំ​២០០៩​មក​ ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​​វីត្រាស បាន​លើក​ឡើង​កាលពី​ម្សិល​​​មិញក្នុង​សន្និសីទ​សារព័ត៌មាន​ថា មាន​ការ​បារម្ភ​​​បន្តិច​បន្តួច​អំពី​ករណីទីផ្សារ​ស្ទុះ​ឡើង​ហើយ​ស្រុត​ចុះវិញ​។ លោក អុីន ស៊ីថា នាយក​គ្រប់​គ្រង​ក្រុម​ហុ៊ន​វីត្រាស រៀលធី ខូអីលធីឌី បាន​​​មាន​ប្រសាសន៍​ថា “ដរាប​ណា​សេដ្ឋកិច្ច​ និង​​នយោបាយ​មាន​ស្ថាន​ភាព​ល្អ​ តម្លៃ​ទាំង​នេះ​នឹង​កើ​ន​ឡើង​ជា​លំដាប់​។ ក្នុង​រយៈពេល​៥​​១០ ឬ​១៥​ឆ្នាំ​ខាង​មុខ​ តម្លៃ​ទីផ្សារ​នឹង​បន្ត​កើន​ឡើង​ ប៉ុន្តែ​មិនមែន​ជា​តម្លៃ​បំប៉ោង​ទេ​”។ លោក ហ្គ្រែន ណាកគី (Grant Knuckey) ប្រធាន​​​នាយក​ប្រតិបត្តិ​ធនាគារ​ ANZ Royal ​លើក​ឡើង​កាលពីម្សិលមិញ​ថា កម្ចី​អចលន​ទ្រព្យ​នៅ​ធនាគារ​​ ANZ Royal បាន​កើន​ឡើង​ប្រហែល​៣​៥ភាគ​រយ​បើ​គិត​តាម​ទំហំ​ហិរញ្ញ​វត្ថុ​កាលពីឆ្នាំមុន​ ក៏ប៉ុន្តែ​ករណីបំប៉ោង​ទីផ្សារ​អចលនទ្រព្យ​ប្រហែល​ជា​ស្ថិត​នៅ​ផ្លូវ​ដ៏វែង​ឆ្ងាយ​នៅ​ពេល​ខាង​មុខ​ដ៏យូរ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​បាន​ឃើញ​ប្រជា​ជន​ខ្ចីប្រាក​់​ច្រើនជាង​តម្លៃ​របស់​លំនៅដ្ឋានទេ​។ ពួកគាត់​បាន​អនុវត្ត​ផែន​​​ការ​សង​​បាន​យ៉ាង​ល្អ​ប្រសើរ​។ ទីផ្សារ​មាន​ស្ថិរភាព...​ហើយ​បន្ត​ទៅមុខ​រយៈពេល​ជាច្រើន​ឆ្នាំទៀត​”។ សកម្មភាព​ចុះស្រង់​ទិន្នន័យ​របស់​ក្រុម​ហ៊ុន​​វីត្រាស ត្រូវ​បាន​អនុវត្ត​ដោយ​កំណត់​យក​​​សំណាក​ចំនួន​៦៦០​នាក់​​សម្រាប់​សម្ភាស​តាមទូរស័ព្ទ​ និង​សម្ភាស​ដោយ​ផ្ទាល់​។ គួរ​បញ្ជាក់​ថា អ្នក​ដែល​បាន​ចូល​រួម​សម្ភាស​គឺ​ជា​អ្្នក​ដែល​​ស្ថិត​ក្នុង​ដំណើរ​ការ​លក់​អចលន​ទ្រព្យ​របស់​ខ្លួន​នៅ​ក្នុង​រាជ​ធានីភ្នំពេញ៕សុធា

រ៉ឺម៉ក​ម៉ូតូ​កង់​បី​រាង​ដូច​សណ្តែក​សៀង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ​

អ្នក​រត់​រ៉ឺម៉ក​​ម៉ូតូ​កង់​បី​ជា​ច្រើន​បាន​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​អតិថិជន​ ប៉ុន្តែ​សម្រាប់​លោក​ ហួង​ ហួរ​ វិញ​ទទួល​បាន​អតិថិជន​​ដោយ​​មិន​ចាំ​បាច់​ខំ​ប្រឹង​។ ខណៈ​ពេល​លោក​  ហួង​ ហួរ ឈរ​នៅ​លើ​ចិញ្ចើម​​​​ផ្លូវ​ក្បែរ​មាត់​ទន្លេ​  មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ក្រុម​បាន​​ចង្អុល​មក​កាន់​រ៉ឺ​​ម៉ក​ម៉ូតូ​កង់​បី​ពណ៌លឿង​ចាស់​ដ៏​ភ្លឺ​ចាំង​របស់​លោក​។ រ៉ឺម៉ក​ម៉ូតូ​ពណ៌លឿង​ចាស់​ដ៏​ភ្លឺ​រលោង​របស់​លោក​ ហួង​ ហួរ​ មាន​រាង​ដូច​ជា​គ្រាប់​សណ្តែក​សៀង​ ហើយ​វា​ខុស​ពី​រ៉ឺម៉ក​ម៉ូតូ​កង់បី​ស៊េរី​ចាស់​ដែល​ធ្វើ​អំពី​ឈើ​ឆ្ងាយណាស់​។ រ៉ឺម៉ក​ម៉ូតូ​កង់​បី​រាង​មូល​ដូច​សណ្តែក​សៀង​នេះ​បាន​មក​ដល់​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​វិច្ឆិកា​ ដោយ​សារ​លោក​ ប៊្រូណូ​ ប៊្រុនណឺ (Bruno Brunner)  ជា​ជន​ជាតិ​ស្វ៊ីសដែល​បើក​ក្រុម​ហ៊ុន​ជួល​ម៉ូតូ​។ លោក​ ប៊្រុនណឺ​ បាន​មាន​ប្រសាសន៍​ថា “ធុក ធុក​ នេះ​ទំនើប ​ហើយ​វា​ស័ក្តិ​សម​សម្រាប់​​​​ឆ្នាំ​២០១៤​។​រីឯ​អ្នក​ធ្វើ​ដំណើរ​វិញ​ក៏ចូល​ចិត្ត​ធុក​ ធុក​ នេះ​ដែរ​”។ រូប​រាង​ថ្មី​នេះ​គឺ​វា​មាន​ភាព​ខុស​គ្នា​ពី​រ៉ឺម៉ក​ម៉ូតូ​កង់​បី​សព្វ​ថ្ងៃ​ដែល​មាន​ចំនួន​ជាង​៦.០០០ គ្រឿង​ក្នុង​រាជ​ធានី​ភ្នំពេញ​យ៉ាង​ខ្លាំង​ នេះ​បើយោង​តាម​សមាគម​ប្រជា​ធិតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​​(IDEA) ជា​សហជីព​ដែល​តំណាង​ឲ្យ​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​។ លោក ប៉ុក សំណាង​ ប្រធាន​សមាគម​មគ្គទេសក៍​ទេសចរ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​ឥទ្ធិពល​ដំបូង​ពី​ឆៃកែវ​របស់​ប្រទេស​ចិន​រ៉ឺម៉ក​ម៉ូតូ​បាន​មាន​វត្ត​មាន​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេ​ស​កម្ពុជានៅ​​មុន​សម័យ​ខ្មែរ​ក្រហម​។ កាល​ពី​ឆ្នាំ​១៩៨០​ រ៉ឺម៉ក​ម៉ូតូ​បាន​មាន​វត្ត​មាន​ជា​ថ្មី​ម្តង​ទៀត​ដោយ​មាន​ប្រវែង​៥​ម៉ែត្រ​ ហើយ​អាច​ដឹក​មនុស្ស​ពី​២០​ទៅ​៣០​នាក់​ ក៏​ដូច​ជា​ទំនិញ​ផ្សេង​ៗ​របស់​អ្នក​ដំណើរ​ផង​ដែរ​។ តែ​ទោះ​ជា​យ៉ាង​ណា​ លោក​ ហេង​ សាម៉ុន​ អគ្គលេខា​ធិការ​នៃ​សមាគម​ប្រជា​ធិតេយ្យ​ឯក​រាជ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​បាន​លើក​ឡើង​ថា រ៉ឺម៉ក​ដែល​មានប្រវែង​យ៉ាង​វែង​បែប​នេះ​ គឺ​វា​លំបាក​ខ្លាំងណាស់​នៅ​ពេល​​បើក​បរ​តាម​ផ្លូវ​ដែល​មាន​មនុស្ស​យ៉ាង​ច្រើន​ក្នុង​រាជ​ធានី​ភ្នំពេញ​។ លោក​ សាម៉ុន​ បាន​មាន​ប្រសាសន៍​ថា “​រ៉ឺម៉ក​ប្រភេទ​នេះ​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរ​ណ៍​ក្នុង​រាជ​ធានី​ ហេតុ​ដូច្នេះ​ទើប​ច្បាប់​ចរាចរ​ណ៍​មិន​អនុញ្ញាត​ឲ្យ​រ៉ឺម៉ក​បែប​នេះ​ចូល​ក្នុង​រាជ​ធានី​”។ ដំណោះ​ស្រាយ​ដើម្បី​ដោះ​ស្រាយ​ការ​កក​ស្ទះ​ចរាចរ​ណ៍​បាន​កើត​ឡើង​អំឡុង​ឆ្នាំ​២០០០​។ ហើយ​ដោយ​សារ​តែ​ភ្ញៀវ​ទេស​ចរ​​​បាន​សម្រុក​មក​លេង​ប្រទេស​កម្ពុជា​យ៉ាង​ច្រើន​​​នោះ​ ពល​រដ្ឋ​ខ្មែរ​នៅ​ខេត្ត​សៀម​រាប​ បាន​​​ទទួល​ឥទ្ធិពល​ពី​ធុក​ ធុក​ របស់​ប្រទេស​ថៃ​ ដោយ​ពួក​គាត់​បាន​បង្កើត​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ខ្លី​ជាង​មុន​ ​និង​មាន​ពូក​សម្រាប់​អង្គុយ​នៅ​ខាង​ក្រោយ​។ លោក​ ប៉ុក សំណាង​ បាន​មាន​ប្រសាសន៍​ថា​ “ រ៉ឺម៉ក​ម៉ូតូ​ទាំង​​នេះបាន​​ដឹក​ភ្ញៀវ​ទេស​ចរ​នៅ​ក្នុង​ក្រុង​សៀមរាប​និង​តំបន់​អង្គរ​។​វា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ឡើង​ៗ​ ​ ហើយបន្ទាប់​មក​​វា​ក៏​ត្រូវ​បានគេ​​ចាប់​ផ្តើម​ប្រើ​ប្រាស់​​ច្រើន​ឡើងៗផង​ដែរ​”។ ​ហើយ​ឥឡូវ​នេះ​រ៉ឺម៉ក​ម៉ូតូ​ទាំង​នេះ​គឺ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាងច្រើន​ក្នុង​រាជ​ធានី​ភ្នំពេញ​ពោល​គឺ​ពេល​ភ្ញៀវ​ទេស​ចរ​ ឬ​អ្នក​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដើរ​ទៅ​ណា​មក​ណា​គឺ​សុទ្ធ​តែ​ឃើញ​រ៉ឺម៉ក​ម៉ូតូ​កង់​ទាំងនេះ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ថ្មើរ​ជើង​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភពី​សុវត្ថិភាព​របស់​ខ្លួន​។ ចំណែក​ឯ​ពាក្យ​ទាក់​ទិន​នឹង​រ៉ឺម៉កម៉ូតូ​កង់​បី​នេះ​ក៏​មាន​ការ​ពិភាក្សា​ដេញ​ដោល​គ្នា​យ៉ាង​ខ្លាំង​ផង​ដែរ​។ លោក​ ប្រាក់​ វុទ្ធី​ ប្រធានគ្រប់​គ្រង​​ទី​ផ្សារ​ទទួល​បន្ទុក​ប្រទេស​តំបន់​អាស៊ាន​នៅ​ក្រសួង​ទេស​ចរ​ណ៍​បាន​មាន​ប្រសាសន៍​ថា “យើង​ហៅ​វា​​ថា​​ រ៉ឺម៉ក​ម៉ូតូ​កង់​បី​”។ លោក​បាន​បញ្ជាក់​​​ថា ពាក្យ​ ធុក​ ធុក​​ នេះ​គឺ​ជា​ពាក្យ​មក​ពី​ប្រទេស​ថៃ​។ លោក​ ប៉ុក​ សំណាង​ បាន​លើក​ឡើង​ថា គេ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ជា​ “រ៉ឺម៉ក​”​ ក៏​បាន​ដែរ​ព្រោះ​ពាក្យ​រ៉ឺ​ម៉ក​នេះ​គឺ​ជា​ពាក្យ​បារាំង​ដែល​នៅ​ពេល​មួយ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ទូ​ទៅ​ដើម្បី​សំដៅ​លើ​ធុក​ ធុក​ នេះ​ឯង​។ តែ​ទោះ​ជា​យ៉ាង​ណា​ នៅ​មាន​អ្នក​ខ្លះ​បាន​ការ​ពារ​ពាក្យ​ “ធុក ធុក​” នេះដោយ​ពួក​គេ​បាន​លើក​ឡើង​ថា នៅ​ពេល​ប្រើ​ពាក្យ​ថា ធុក​ធុក​ គឺ​វាស្តាប់​មើល​ទៅ​ទំនង​ជាង​។ លោក​ ប៊្រុនណឺ​ មិន​បាន​ជំទាស់​អ្វី​ទេ​ចំពោះ​​​ការ​ហៅ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ថ្មី​របស់​​លោក​ថា ធុក​ ធុក​ នោះ​ ព្រោះ​លោក​ចង់​ឲ្យ​មុខ​ជំនួញ​​របស់​លោក​ដំណើរ​ការ​ប៉ុ​ណ្ណោះ​។ ទោះ​បី​ជា​មាន​អ្នក​ទិញ​ចាប់​អារម្មណ៍​ច្រើន​ក៏​ដោយ​ ក៏​លោក​នៅ​តែ​ជួល​រ៉ឺម៉ក​ម៉ូតូ​កង់​បី​របស់​លោក​ ក្នុង​តម្លៃ​៨០​ដុល្លារ​ក្នុង​មួយ​​ខែ​ហើយ​ប្រសិន​បើ​​មាន​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​លើ​រ៉ឺម៉ក​ម៉ូតូ​នេះ​ លោក​យក​តម្លៃ​៣០​ដុល្លារ​ប៉ុណ្ណោះ​។ លោក ភាព​ ភព​ ដែលបាន​ចាប់​ផ្តើម​ប្រើ​ប្រាស់​រ៉ឺម៉ក​ម៉ូតូ​កង់បី​រាង​ដូច​សណ្តែក​នេះ​អស់​រយៈពេល​ជា​បី​ខែ​មក​ហើយ​ មិន​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ប៉ុន្មាន​ទេ​ បើ​ធៀប​ទៅ​នឹង​រ៉ឺម៉កម៉ូតូ​ចាស់​របស់​គាត់​ ដែល​គាត់​បាន​​ទិញ​ក្នុង​តម្លៃ​៨០០ដុល្លារ​នោះ​។ ប៉ុន្តែ​គាត់​ចំណាយ​ត្រឹម​តែ​មួយ​ដុល្លារ​ក្នុង​មួយ​​ថ្ងៃប៉ុណ្ណោះ​លើ​ថ្លៃ​ជួល​​រ៉ឺម៉ក​ម៉ូតូ​កង់បី​ថ្មី​របស់គាត់​ដែល​មាន​​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុម​ហ៊ុន​ Ezecom នោះ ហេតុ​ដូច្នេះ​គាត់​ពេញ​ចិត្ត​នឹង​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ដែល​មាន​រូប​រាង​ថ្មី​នេះ​។ លោក​ ភាព ភព​ បាន​និយាយ​ថា​ “ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​ចំណាយ​ច្រើន​នោះ​ទេ​។ រ៉ឺម៉ក​ម៉ូតូ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ទេស​ចរ”៕ ស៊ុយឈាង

គម្រោង​ដាំបន្លែ​តាម​ផ្ទះ​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម​

សហគ្រិនវ័យ​ក្មេង​បីនាក់​ដែល​មានគំនិត​ជំរុញ​ឲ្យ​ប្រជា​ជន​ដាំបន្លែ​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ១​ និង​ទទួល​បាន​ប្រាក់​៣.០០០​ដុល្លារ​​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​ថ្នាក់​ជាតិ​មួយ​ កាលពីថ្ងៃ​សៅរ៍។ គួរ​បញ្ជាក់​ថា កម្មវិធីនេះ​មាន​គោល​បំណង​ជំរុញ​ឲ្យមាន​ការ​បំផុស​គំនិត​ថ្មីៗ​ និង​ការ​ធ្វើ​ពិពិ​ធ​កម្ម​សេដ្ឋកិច្ច​។ កញ្ញា រ៉េត មុន្នីនាថ យុវជន​ យ៉ា ស័ក និង​កញ្ញា​​ ជា ចេតនា ដែល​ជា​ម្ចាស់​គម្រោង​អាជីវ​​​កម្ម​សួន​ដាំ បន្លែ​ធម្មជាតិ​ខ្នាត​តូច​ បាន​យក​ឈ្នះ​​​​ក្រុម​​យុវជន​ដទៃទៀត​នៅ​ក្នុង​កម្មវិធី​ប្រកួត​​ប្រជែង​គំរូអាជីវក ម្ម​ខ្នាត​តូច​ និង​មធ្យម​ថ្នាក់​ជាតិ​ឆ្នាំ២០១៤​ ដោយសារ​តែ​ពួកគេ​មាន​គំនិត​លក់​ស៊ុមដាំបន្លែ​​ដំឡើង​ទុក​មុន​ក្នុង​តម្លៃ​២៥​ទៅ​៩០​ដុល្លារ​ ហើយ​នៅ​ក្នុង​ស៊ុំនោះមាន​​ដី និង​គ្រាប់​ពូជ​​ដើម្បី​ឲ្យ​ប្រជាជន​អាច​ដាំ​បន្លែ​​នៅ​ផ្ទះ​​ដោយ​ខ្លួនឯង​បាន​ ដូច​ជា ត្រកួន ប៉េង​ប៉ោះ និង​ផ្សិត​ជាដើម​។ គោល​គំនិត​នេះ​​កើត​ចេញពី​អារម្មណ៍​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​ដែល​រស់​នៅ​ក្នុង​ទីក្រុង​មាន​សុខភាព​ល្អ​ជាងមុន​ និង​មាន​សកម្មភា​ព​ដាំ​បន្លែ​ ​ក្នុង​រាជ​ធានីភ្នំពេញ នេះបើ​យោង​តាម​សម្ដី​របស់​កញ្ញា មុន្នីនាថ ដែលជា​និស្សិត​ឆ្នាំ​ទី២ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​​នៅ​សាកល​វិទ្យា​​ល័យ​ភូមិន្ទ​ភ្នំពេញ។ កញ្ញាបាននិយាយថា “គោល​គំនិត​នេះ​គឺ​សាមញ្ញទេ។ ប៉ាខ្ញុំ​កម្រហូប​​បន្លែ​ណាស់​​​​ ព្រោះ​​គាត់​តែ​ង​តែ​ត្អូញ​ថា បន្លែ​លក់ទៅ​លើ​ទីផ្សារ​​​មិនមែន​ជា​បន្លែ​ស្រស់ទេ​ ហើយ​ភាគ​ច្រើន​ត្រូវ​បាន​នាំចូលពី​ប្រទេស​ថៃ និង​វៀតណាម ដោយ​មាន​បាញ់​សារធាតុ​គីមី​”។ និស្សិត​រូប​នេះ​បាន​លើក​ឡើង​បន្ត​ទៀត​ថា ផ្លែឈើ​ និង​បន្លែ​មាន​តម្លៃ​ខ្ពស់​នៅ​ក្នុង​ប្រទេស​​​​កម្ពុជា​ ដោយសារ​តែ​ខ្វះ​របៀប​ដាំ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ ជា​ហេតុ​នាំ​ឲ្យ​មាន​ទិន្ន​ផល​​​តិច​​​ ហើយ​តម្លៃ​ក៏ឡើង​ខ្ពស់​។ កញ្ញាបាននិយាយ​បន្ត​ទៀត​ថា “អ៊ីចឹង​ហើយ​បានជា​យើង​នាំគ្នាគិត​ថា ហេតុអ្វី​បាន​ជា​ប្រជា​ជន​មិន​ដាំបន្លែ​ដោយខ្លួន​ឯង​? នៅ​ខែមីនាខាង​មុខ ក្រុម​និស្សិត​នេះ​ និង​ក្រុម​និស្សិត​ដែល​ជាប់​ចំណាត់​ថ្នាក់លេខ​២​ នឹង​បន្ត​ទៅ​ប្រកួត​ប្រជែង​ជាមួយនិស្សិត​​មក​ពីប្រទេស​ឡាវ ភូមា ថៃ វៀតណាម និង​ខេត្ត​យូណា​នប្រ​ទេ​ស​​ចិន​ នៅ​ទីក្រុ​ងវៀង​ចន្ទន៍​។ ប្រសិនបើពួកគេ​ទទួលជោគជ័យ ​ពួកគេ​នឹង​បន្ត​ដំណើរ​ទៅ​ប្រកួត​ប្រជែង​ក្នុងកម្មវិធី​​ប្រកួត​ប្រជែង​គំរូអាជីវកម្ម​អន្តរជាតិនៅ​សហ​រដ្ឋ​អាមេរិក។ កម្មវិធីប្រកួត​ប្រជែង​គំរូអាជីវកម្ម​ដែល​ត្រូវ​បាន​បែងចែកជា​បីផ្នែក​ផ្សេង​គ្នា​ គឺ​អាជីវ​កម្ម​ទូទៅបច្ចេក វិទ្យា និង​កសិកម្ម​នេះ​ មាន​គោល​បំណង​លើក​កម្ពស់​សហគ្រិន​ភាព​ក្នុង​ចំណោម​ប្រជា​ជន​ខ្មែរ​វ័យ​ក្មេង​ និង​ចលនា​បង្កើត​អាជីវកម្ម​ធម្មតា ក៏ដូច​ជា​​អាជីវកម្ម​ជួយ​សង្គម​ផង​ដែរ​។ ក្នុង​ចំណោម​គំនិ​ត​អាជីវកម្ម​ផ្សេង​ៗ​ទៀត​មានដូច​ជា ការ​ផលិត​គ្រឿង​សង្ហារិម​ចេញពី​ស្លឹក​ចេក​ និង​ទស្សនាវដ្ដី​ជួយ​រក​ការ​ងារ​ឲ្យ​យុវជន​ធ្វើ​។ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​កាលពី​ថ្ងៃ​សៅរ៍​ថា “នៅ​ពេល​វិនិយោគិន​មក​ប្រទេស​កម្ពុជា​​ពួកគេ​មិន​អាច​រក​កម្លាំ​ង​ធន​ធាន​មនុស្ស​គ្រប់​​គ្រាន់​ និង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​បាន​ទេ​” ។ លោក​បាន​លើក​ឡើង​​ថា លោក​មា​ន​សង្ឃឹ​ម​ថា កម្មវិធី​ប្រកួត​ប្រជែង​បែប​នេះ​នឹង​ជួយ​ផ្ដល់​ជំនាញបច្ចេក​ទេស​ និង​ជំនាញ​សហ​គ្រិន​​​​ភាព​ដល់​​ប្រជាជនខ្មែរ​​វ័យ​ក្មេង​កាន់​តែ​​ច្រើន​​ ដែល​ជា​កត្តា​ជួយ​ជំរុញ​ឲ្យ​មាន​ការ​បំផុស​គំនិ​ត​ថ្មីៗ​ និង​ជួយ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច។ កម្មវិធី​ប្រកួត​ប្រជែង​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​មូល​និធិ​គាំទ្រ​វិស័យ​អប់​រំ​អន្តរ​ជាតិ ក្រោមកិច្ចសហប្រតិបត្តិការ​ជាមួយ​វិទ្យា​ស្ថាន​ និង​សាកល​វិទ្យាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​​សាកលវិទ្យាល័យ​វ៉េស្ដា (Waseda University) នៅ​ប្រទេស​ជប៉ុន៕ សុធា

ព័ត៌មានថ្មីៗ