31 C
Phnom Penh

លោក សម រង្ស៊ី អួត​ថា​លោក ហ៊ុន សែន ភ័យ​ខ្លាច​លោក​ធ្វើ​ឱ្យ​បាត់​អំណាច ទើប​ប្រកាស​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ផ្តាច់​ទំនាក់ទំនង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គ្រាន់តែ​ជា​អ្នក​ដឹកនាំ​ល្មោភ​អំណាច​ម្នាក់​តែប៉ុណ្ណោះ ហើយ​ការ​បង្ខំ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ផ្ដាច់​ខ្លួន​ពី​រូបលោក គឺ​ដោយសារតែ​លោក ហ៊ុន សែន ភ័យ​ខ្លាច​ថា​លោក សម រង្ស៊ី នឹង​ធ្វើ​ឱ្យ​គាត់​បាត់បង់​អំណាច។

លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​សំដៅ​ទៅ​កាន់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដោយ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ទាល់តែ​មនុស្ស​ឆោត​បំផុត ទើប​គិត​ថា​ការ​បង្ខំ​ឱ្យ​បុគ្គល​ណា​ម្នាក់​ប្រកាស​ផ្ដាច់​ខ្លួន​ពី​បុគ្គល​ម្នាក់​ផ្សេង​ទៀត គឺជា​ការ​ប្រកាស​កាត់ផ្ដាច់​ទាំង​ចិត្ត​របស់​បុគ្គល​នោះ។

លោក សម រង្ស៊ី លើកឡើង​ថា គ្មាន​នរណា​អាច​បង្ខំ​ឱ្យ​បុគ្គល​ណា​ម្នាក់​ស្អប់​មនុស្ស​ល្អ ហើយ​ប្រែ​ទៅ​ជា​ស្រឡាញ់​មនុស្ស​អាក្រក់​បាន​ទេ ដូច្នេះ​មាន​ន័យ​ថា ទោះ​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ពី​ជន​ផ្ដាច់ការ រហូត​ជំរុញ​ឱ្យ​ជនរងគ្រោះ​ខ្លះ​បង្ខំ​ចិត្ត​ប្រកាស​ផ្ដាច់​ខ្លួន​ពី​មនុស្ស​ខ្លួន​គោរព​ស្រឡាញ់​ក៏ដោយ ក៏​ពួកគេ​នឹង​នៅតែ​រក្សា​ឧត្ដមគតិ​ដើម​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួកគេ​ដែរ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​ប្រកាស​ផ្ដាច់​ខ្លួន​មិនមែន​មាន​ន័យ​ថា ជា​ការ​ប្រកាស​ផ្តាច់​ចិត្ត​ឡើយ ប៉ុន្តែ​មនុស្ស​ដែល​ចូលចិត្ត​បង្ខំ​ឱ្យ​គេ​ប្រកាស​ផ្ដាច់​ខ្លួន​ពី​បុគ្គល​ម្នាក់ ចំពោះ​បុគ្គល​ម្នាក់​ទៀត គឺ​មាន​តែ​មនុស្ស​ដែល​ឆោត និង​គ្មាន​ចំណេះដឹង ឬ​ជា​មនុស្ស​ដែល​មាន​ការ​អប់រំ​ទាប​ប៉ុណ្ណោះ ទើប​គិត​ឃើញ​ទង្វើ​បែប​នេះ។

កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ បុរស​ខ្លាំង​ក្តាប់​អំណាច​បញ្ជា​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​ទទួលយក​ការ​សុំទោស​ពី​មនុស្ស​ផ្សេង​ទៀត​ដែល​ទទួល​កំហុស និង​ប្រកាស​ផ្ដាច់​ខ្លួន​ចេញពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ប៉ុន្តែ​លោក​ក៏​នឹង​មិន​អត់ឱន​ឲ្យ​ជន​ណា ឬ​ក្រុម​ណា​ក៏ដោយ​ដែល​បន្ត​ដើរ​តាម​លោក សម រង្ស៊ី ដែរ។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​បន្ត​ប្រើ​ផ្លូវច្បាប់​ដើម្បី​ចាត់ការ​លើ​ក្រុម​ណា ឬ​បុគ្គល​ណា​ដែល​ជេរប្រមាថ​មួលបង្កាច់​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​លើ​រូបលោក​តទៅទៀត ដោយ​គ្មាន​ការ​លើកលែង។

ការ​ប្រកាស​របស់​លោក ហ៊ុន សែន បែប​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប បាន​ប្រកាស​ផ្ដាច់​ខ្លួន​ពី​លោក សម រង្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ ដើម្បី​សុំ​ឱ្យ​លោក ហ៊ុន សែន លើកលែង​ទោស​ក្នុង​បំណង​ឱ្យ​ខ្លួន​អាច​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា ដែល​ជា​ទឹកដី​កំណើត​របស់​ខ្លួន​វិញ។

កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ជា ប៉ូច បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់​លោក ហ៊ុន សែន ដោយ​ប្ដេជ្ញា​ថា លោក​នឹង​ផ្ដាច់​ខ្លួន​ចេញពី​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី និង​ឈប់​ធ្វើការ​ជាមួយ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ទៅ​ថ្ងៃ​មុខ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ឆ្នាំ​២០២៣ លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ថា លោក​នឹង​លើកលែង​ទោស​ឲ្យ​អ្នក​នយោបាយ​ជាន់ខ្ពស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស ប្រសិនបើ​ពួកគេ​ផ្ដាច់​ខ្លួន​ពី​លោក សម រង្ស៊ី។

ការ​ប្រកាស​នេះ ត្រូវ​គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ឱ្យ​លោក សម រង្ស៊ី ឯកោ ក្រោម​វិធានការ​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ប្រឆាំង​ជាន់ខ្ពស់​ចាកចេញ​ពី​លោក សម រង្ស៊ី ទាំងអស់។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ទៅ​កាន់​អ្នក​ដែល​ចង់​ប្រកាស​ផ្ដាច់​ខ្លួន​ពី​លោក សម រង្ស៊ី ថា សម្រាប់​អ្នក​ដែល​បន្ត​គាំទ្រ​លោក សម រង្ស៊ី ហើយ​ចង់​រួច​ខ្លួន​ពី​បំរាម​តុលាការ ដោយ​ការ​ផ្ដាច់​ខ្លួន​ពី​មេដឹកនាំ​បក្ស​ប្រឆាំង ត្រូវតែ​ធ្វើ​ឡើង​ដោយ​មាន​ភាព​ស្មោះត្រង់​ជាមួយ​នឹង​រូបលោក។

អ្នក​នយោបាយ​ជាន់ខ្ពស់​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី កំពុង​បន្ត​រស់នៅ និង​ធ្វើ​សកម្មភាព​នយោបាយ​តាម​លោក សម រង្ស៊ី ពី​ក្រៅ​ប្រទេស រួម​មាន លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទរិទ្ធ និង​លោក នុត រំដួល ដែល​កំពុង​រង​នូវ​បណ្តឹង និង​ការ​ផ្ដន្ទាទោស​ពី​តុលាការ​ក្រុង​ភ្នំពេញ​ជាច្រើន​ឆ្នាំ​ពី​បទ​ចោទ «ឧបឃាត» មិន​ទាន់​មាន​នរណា​ម្នាក់​ប្រកាស​ផ្ដាច់​ខ្លួន​ពី​លោក សម រង្ស៊ី នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​នយោបាយ​បណ្ឌិត សេង សារី ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ឈាន​ទៅ​ប្រើ​យុទ្ធសាស្ត្រ IM (Isolate and Manage) មាន​ន័យ​ថា បំបែក និង​គ្រប់គ្រង​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​ក៏​មិន​ប្រាកដ​ថា​ជោគជ័យ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស