28 C
Phnom Penh

ព្រែកជីក​ហ្វូណន៖ លោក ហ៊ុន ម៉ាណែត ថា​លោក សម រង្ស៊ី ប្រឆាំង​សូម្បី​សមិទ្ធផល​ជាតិ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ចាត់ទុក​ការ​លើកឡើង​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ជុំវិញ​ការ​សាងសង់​ព្រែកជីក​ហ្វូណន ថា​ជា​ទង្វើ​ប្រឆាំង​នឹង​សមិទ្ធផល​ជាតិ​ខ្មែរ។

លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ មេសា នេះ​ថា លោក សម រង្ស៊ី ជា​មេដឹកនាំ​នយោបាយ​ប្រឆាំង​ចាស់​វស្សា​មួយ​រូប​ដែរ ប៉ុន្តែ​គ្រាន់តែ​ជា​មេដឹកនាំ​ដែល​ប្រឆាំង​ដើម្បី​តែ​ប្រឆាំង​ប៉ុណ្ណោះ ព្រោះ​ថា​លោក សម រង្ស៊ី ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​មិន​រើស​ប្រធានបទ​នោះ​ទេ សូម្បី​ការ​កសាង​ព្រែកជីក​ហ្វូណន​ដែល​ជា​សមិទ្ធផល​របស់​ជាតិ​ខ្មែរ ដែល​ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​រហូត​មក ក៏​មេ​បក្ស​ប្រឆាំង​រូប​នេះ​ប្រឆាំង​ដែរ។

លោក ហ៊ុន ម៉ាណែត លើក​ជា​សំណួរ​ថា តើ​លោក សម រង្ស៊ី ជា​មនុស្ស​ល្ងង់​ពិតប្រាកដ ឬ​ជា​មនុស្ស​ចេះ ធ្វើ​ល្ងង់ ព្រោះ​ថា​ប្រជាជន​កម្ពុជា​មួយ​ប្រទេស​បាន​យល់​អំពី​អត្ថប្រយោជន៍​ចំពោះ​សេដ្ឋកិច្ច និង​សង្គម​ជាតិ ដែល​គម្រោង​ព្រែកជីក​ហ្វូណន​នេះ​ថា​នឹង​ផ្ដល់​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ និង​ពលរដ្ឋ​ខ្មែរ​គ្រប់ៗ​គ្នា​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា​លោក សម រង្ស៊ី ដែល​ជា​អ្នក​នយោបាយ​ចាស់​វស្សា​ម្នាក់ និង​តាំង​ខ្លួន​ជា​អ្នក​ស្រឡាញ់​ជាតិ​នោះ មិន​មាន​សមត្ថភាព​មើល​ឃើញ ឬ​ទទួលស្គាល់​នូវ​អ្វី​ដែល​ល្អ​សម្រាប់​ខ្មែរ​ទៅ​វិញ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា សូម្បីតែ​ភូមិសាស្ត្រ​ពាក់ព័ន្ធ​នឹង​ខេត្ត​ដែល​គម្រោង​នឹង​សាងសង់​ព្រែកជីក​នេះ ក៏​គាត់​និយាយ​មិន​ត្រូវ​ផង ដូច្នេះ​តើ​គាត់​ជា​មនុស្ស​ល្ងង់​ពិតប្រាកដ ឬ​ជា​មនុស្ស​ចេះ ប៉ុន្តែ​គាត់​ជា​មនុស្ស​ល្ងង់​ទៅ​វិញ​ទេ នៅ​ពេល​ដែល​គាត់​ប្រឆាំង​សូម្បីតែ​សមិទ្ធផល​សម្រាប់​ជាតិ និង​ប្រជាជន​ខ្មែរ​ខ្លួនឯង​បែប​នេះ​នោះ។

កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៤ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា​គម្រោង​ព្រែកជីក​ហ្វូណន ជា​គម្រោង​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ចិន​កុម្មុយនីស្ត ហើយ​ព្រែកជីក​នេះ​ក៏​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​ពលរដ្ឋ​ខ្មែរ​ដែរ។

លោក សម រង្ស៊ី លើកឡើង​ថា រដ្ឋាភិបាល​ខ្មែរ​ដែល​ស្ថិត​ក្រោម​បង្គាប់​លោក ហ៊ុន សែន បាន​សម្រេច​សាងសង់​ព្រែកជីក​នេះ​តាម​សំណើ​ចិន​កុម្មុយនីស្ត​យ៉ាង​តក់ក្រហល់ ដោយ​គ្មាន​ស្មារតី​ទទួល​ខុសត្រូវ​ឡើយ ព្រោះ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​ពី​គុណប្រយោជន៍ និង​ផល​ប៉ះពាល់​អំពី​បញ្ហា​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​របស់​ព្រែកជីក​នេះ​នៅឡើយ​ទេ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា បំណង​ធំ​បំផុត​នៃ​ការ​សាងសង់​ព្រែកជីក​នេះ មិន​មែន​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​របស់​មហាអំណាច​កុម្មុយនីស្ត​ចិន ដែល​ត្រូវ​ការ​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ឱ្យ​ដល់​ឈូងសមុទ្រ​ថៃ ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​ប្រទេស​ចិន សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា បណ្ឌិត គិន ភា លើកឡើង​ថា ការ​លើកឡើង​របស់​លោក សម រង្ស៊ី គឺ​បង្ហាញ​ពី​អំពើ​ក្បត់​ទាំងស្រុង​ទៅ​នឹង​ផល​ប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ធ្ងន់ធ្ងរ។

បណ្ឌិត គិន ភា បញ្ជាក់​ថា បរទេស​ជិតខាង​ខ្លះ​ធ្លាប់​បាន​ប្រើប្រាស់​រួច​ហើយ​នូវ​យុទ្ធសាស្ត្រ​ខ្ចី​ដែកកេះ​របស់​កូន​យើង ឱ្យ​យក​មក​ដុត​ផ្ទះ​យើង ហើយ​កម្ពុជា​ក៏​ធ្លាប់​រងគ្រោះ​ដោយ​យុទ្ធសាស្ត្រ​ដែកកេះ​នេះ​យ៉ាង​ធ្ងន់ធ្ងរ​ដែរ​ពី​អតីតកាល ដូច្នេះ​មក​ដល់​ពេលនេះ ខ្មែរ​គ្រប់​រូប​ល្មម​យល់​ហើយ​ពី​យុទ្ធសាស្ត្រ​របស់​បរទេស និង​ត្រូវ​ឈ្វេងយល់​ពី​ភាព​បត់បែន​នៃ​ភូមិសាស្ត្រ​នយោបាយ​ដែរ មិន​ត្រូវ​ឱ្យ​បរទេស​ខ្ចី​ដៃ​ប្រើប្រាស់​ដោយ​អំពើ​ក្បត់​នឹង​ផល​ប្រយោជន៍​ជាតិ​ខ្លួន​បន្ត​ទៀត​នោះ​ទេ។

យ៉ាងណា​ក៏ដោយ ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក ប៉ា ចន្ទរឿន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ មេសា នេះ​ថា បញ្ហា​ព្រែកជីក​ហ្វូណន​នៅ​ពេលនេះ​អាច​ជា​ការ​ជំរុញ​ឲ្យ​មាន​ការ​ផ្សះផ្សា​នយោបាយ​ខ្មែរ ដែល​កំពុង​មាន​វិបត្តិ​សព្វថ្ងៃ​នេះ​ដែរ។

លោក​អះអាង​ថា អ្នក​នយោបាយ​គួរ​ចេះ​ចាប់​ឱកាស​ដើម្បី​ពង្រឹង​សាមគ្គីភាព និង​ឯកភាព​ជាតិ​ដើម្បី​ប្រយោជន៍​វែង​ឆ្ងាយ​របស់​ជាតិ ព្រោះ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី គណបក្ស​ប្រឆាំង​មាន​តួនាទី​សំខាន់​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ត្រួតពិនិត្យ និង​តុល្យភាព​នៃ​អំណាច ប៉ុន្តែ​មិន​មែន​ប្រឆាំង​បែប​អវិជ្ជមាន​ឡើយ។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា អ្នក​នយោបាយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​ជឿនលឿន ត្រូវតែ​ចេះ​បែងចែក​ជម្លោះ និង​ការ​សម្រុះសម្រួល​គ្នា​ដើម្បី​ប្រយោជន៍​រួម​របស់​ជាតិ។ ឧទាហរណ៍​ជាក់ស្តែង នៅ​សហរដ្ឋ​អាមេរិក គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ ក៏​មាន​ការ​ជំទាស់​គ្នា​ដ៏​ស្រួចស្រាល់​ដែរ ប៉ុន្តែ​ពួកគេ​នៅតែ​អាច​រក​ការ​ឯកភាព​គ្នា និង​គាំទ្រ​គ្នា​លើ​បញ្ហា​ដែល​ទាក់ទង​នឹង​សន្តិសុខ និង​ប្រយោជន៍​រួម​របស់​សហរដ្ឋ​អាមេរិក។

គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារកម្ម​ទន្លេបាសាក់ ឬ ព្រែកជីក​ហ្វូណន​តេជោ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​អំឡុង​ខែ​មិថុនា ឬ​ខែ​កក្កដា ឆ្នាំ​២០២៤ នេះ ក្រោម​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន China Road and Bridge Corporation (CRBC) ឬ សាជីវកម្ម​ថ្នល់ និង​ស្ពាន​ចិន ក្នុង​ទម្រង់ BOT ដែល​មាន​ន័យ​ថា ក្រុមហ៊ុន​ចិន​នឹង​គ្រប់គ្រង​មុន ខណៈ​រដ្ឋាភិបាល​កម្ពុជា​នឹង​គ្រប់គ្រង​តាម​ក្រោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស