26 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​ផ្តល់​លុយ​ពី​លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ឱ្យ​លោក សាពូន មីដាដា ជា​ទង្វើ​សូកប៉ាន់​ដែល​ត្រូវតែ​ស៊ើបអង្កេត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ផ្តល់​លុយ​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ឱ្យ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សាពូន មីដាដា ទោះ​ក្នុង​ទំហំ​ទឹកប្រាក់ ៣០​ម៉ឺន ឬ ៤០​ម៉ឺន ឬ​រាប់​លាន​ដុល្លារ​អាមេរិក​ក៏ដោយ ក៏​ត្រូវ​ចាត់ទុក​ថា​ជា​ទង្វើ​សូកប៉ាន់ ហើយ​ត្រូវ​ធ្វើ​ការ​ស៊ើបអង្កេត។

សកម្មជន​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ការ​ផ្តល់​លុយ​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ ទៅ​ដល់​មនុស្ស​មួយ​ចំនួន​នា​ពេល​កន្លង​មក គ្រាន់តែ​ដើម្បី​សូកប៉ាន់​ឱ្យ​អ្នក​ទាំងនោះ​វាយប្រហារ​លើ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ ព្រោះ​ថា​បើ​គាត់​ពិត​ជា​មាន​ចិត្ត​សន្តោស​មែន ពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់​ដែល​ក្រីក្រ ហេតុ​អ្វី​គាត់​មិន​ជួយ​ឱ្យ​ពួកគេ​មាន​ជីវភាព​ធូរធារ​ដោយ​ប្រើ​លុយ​ទាំងនោះ។

លោក មួង ណារ៉េត លើកឡើង​ថា ចំនួន​លុយ​ដែល​លោក ហ៊ុន សែន ធ្លាប់​សូកប៉ាន់​ទៅ​ឱ្យ​មនុស្ស​មួយ​ចំនួន​ក្នុង​គោលដៅ​វាយប្រហារ​បក្ស​ប្រឆាំង ដូចជា ការ​ផ្តល់​លុយ​ឱ្យ​លោក សាន្ត ប៊ុនធឿន និង​អ្នកនាង ធី សុវណ្ណថា ព្រមទាំង​លោក សាពូន មីដាដា និង​មនុស្ស​ជាច្រើន​ទៀត ជាដើម គឺជា​ទង្វើ​ដែល​ស្ថិត​ក្នុង​ការ​សង្ស័យ​ជាទីបំផុត ព្រោះ​ថា​តំណែង​តួនាទី​របស់​លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ឬ​ជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ពេលនេះ អាច​ទទួល​ប្រាក់ខែ​បាន​ត្រឹមតែ​ពី ២០០០​ដុល្លារ​ទៅ ៣០០០​ដុល្លារ​ប៉ុណ្ណោះ ដូច្នេះ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទាំងនោះ មិន​ដឹង​ថា​គាត់​ទទួល​បាន​ពី​ប្រភព​ណា​នោះ​ទេ ហើយ​គេ​មិន​ដឹង​ថា តើ​ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់​នោះ​ដែរ។

សកម្មជន​ខ្មែរ​ក្រៅ​ស្រុក​រូប​នេះ​បញ្ជាក់​ថា ការ​ផ្តល់​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ តែងតែ​ធ្វើ​ឡើង​ដោយ​ផ្ទាល់​រវាង​បុគ្គល​ទាំងនោះ​ជាមួយ​លោក ហ៊ុន សែន ដោយ​មិន​ចរាចរ​ជា​ផ្លូវការ​តាម​ធនាគារ ដូច្នេះ​ទោះ​លោក ហ៊ុន សែន អះអាង​ថា​ការ​ផ្តល់​លុយ​នោះ​ក្នុង​ទម្រង់​បែប​ណា​ក៏ដោយ ក៏​ស្ថិត​ក្នុង​ការ​សង្ស័យ​ដែរ ខណៈ​ស្ថាប័ន​រដ្ឋាភិបាល​នានា ដូចជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាដើម ក៏​មិន​ដែល​ប្រកាស​ពី​ចំនួន​លុយ​ដែល​លោក ហ៊ុន សែន បាន​ផ្តល់​ឱ្យ​បុគ្គល​ទាំងនោះ​ដែរ។

លោក មួង ណារ៉េត គូស​បញ្ជាក់​ថា ការ​ចរាចរ​សាច់ប្រាក់​ក្រៅ​ប្រព័ន្ធ​ធនាគារ​បែប​នេះ ទោះ​ត្រូវ​ចាត់​ចូល​ទៅ​អំពើ​អ្វី​ក៏​បាន​ដែរ ដូចជា អំពើពុករលួយ ជាដើម ហើយ​ការ​ស៊ើបអង្កេត​ត្រូវតែ​ធ្វើ​ឡើង​ជាដាច់ខាត ស្រប​ពេល​ដែល​លោក ហ៊ុន សែន មាន​ឋានៈ​ជា​អ្នក​ដឹកនាំ​ជាន់ខ្ពស់​បែប​នេះ​ទៀត​នោះ ព្រោះ​ថា​ការ​ស៊ើបអង្កេត​លើ​រូប​គាត់​ចំពោះ​ទង្វើ​ដែល​គួរ​ឱ្យ​សង្ស័យ​បែប​នេះ គឺ​ដើម្បី​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​ពលរដ្ឋ​លើ​រូប​គាត់​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។

កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៤ លោក សាពូន មីដាដា អះអាង​ថា កាលពី​ជាង ១១​ឆ្នាំ​មុន លោក​ធ្លាប់​ទទួល​បាន​ប្រាក់ ៦​លាន ៧​សែន​ដុល្លារ​អាមេរិក ព្រមទាំង​ផ្ទះ​វីឡា​នៅ​បុរី ប៉េងហួត បឹងស្នោ និង​ឡាន​ម៉ាក​សឺដេស ពណ៌​ក្រហម ខ្សែក​ប្រាំ​តម្លឹង​ស្រោប​ពេជ្រ ១២​ការ៉ាត​ពី​លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី។

យ៉ាងណា​ក៏ដោយ ក្រោយ​ការ​លើកឡើង​របស់​លោក សាពូន មីដាដា បែប​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រតិកម្ម​ថា លោក​មិន​បាន​ឱ្យ​លុយ​ជិត ៧​លាន​ដុល្លារ​ដល់​លោក សាពូន មីដាដា ទេ តែ​លោក​សារភាព​ថា​លោក​ធ្លាប់​ផ្តល់​លុយ​ឱ្យ​លោក សាពូន មីដាដា មែន ប៉ុន្តែ​ត្រឹមតែ ៣០​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា លោក ហ៊ុន សែន តែងតែ​ផ្តល់​លុយ​ក្នុង​ទំហំ​រាប់​សិប​ម៉ឺន​ដុល្លារ​រហូត​ដល់​រាប់​លាន​ដុល្លារ​អាមេរិក ទៅ​ឱ្យ​មនុស្ស​មួយ​ចំនួន​នា​ពេល​កន្លងមក។ ជាក់ស្តែង កាលពី​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២២ លោក ហ៊ុន សែន អះអាង​ថា ក្រុម​គ្រួសារ​របស់​លោក​បាន​ផ្តល់​លុយ​ឱ្យ​លោក សាន្ត ប៊ុនធឿន ច្រើន​ណាស់ ដើម្បី​ទិញ​ផ្ទះ​រស់នៅ រួម​ទាំង​ផ្តល់​ជា​ប្រាក់ខែ ៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ថែម​ទៀត ចាប់ពី​ឆ្នាំ​២០១៨ មក។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រភព​គួរ​ឱ្យ​ទុកចិត្ត​ខ្លះ​ទម្លាយ​ថា លោក ហ៊ុន សែន ធ្លាប់​ផ្តល់​ជា​លុយ​សុទ្ធ​ឱ្យ​លោក សាន្ត ប៊ុនធឿន ប្រមាណ​ជា​កន្លះ​លាន​ដុល្លារ​អាមេរិក ហើយ​ចាប់តាំងពី​ពេល​នោះ ជីវភាព​របស់​លោក សាន្ត ប៊ុនធឿន ក៏​ប្រែ​ជា​ហឺហារ និង​ធ្វើ​សកម្មភាព​វាយប្រហារ​បក្ស​ប្រឆាំង​គ្រប់​រូបភាព​តែម្តង។

ជាង​នេះ​ទៀត មាន​ភស្តុតាង​ជាច្រើន​ដែល​គេ​រក​ឃើញ​ថា លោក ហ៊ុន សែន ធ្លាប់​បាន​ផ្តល់​លុយ​ប្រមាណ​ជា ១​លាន​ដុល្លារ​អាមេរិក​ឱ្យ​អតីត​សកម្មជន​បក្ស​ប្រឆាំង អ្នកនាង ធី សុវណ្ណថា ក្នុង​បំណង​ឱ្យ​អតីត​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ វាយបក និង​បំបែក​បំបាក់​បក្ស​ប្រឆាំង​វិញ​កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន លើកឡើង​ថា លោក ហ៊ុន សែន តែងតែ​យក​លុយ​ដែល​បាន​មកពី​ការ​លួច​ទ្រព្យសម្បត្តិ​ជាតិ ទៅ​ទិញ​មនុស្ស​ឱ្យ​បម្រើ​ខ្លួន ដោយ​ការ​ជេរប្រមាថ និង​លាប​ពណ៌​បក្ស​ប្រឆាំង​អស់​រាប់​លាន​ដុល្លារ​អាមេរិក​កន្លង​មក ហើយ​លុយ​ដែល​គាត់​យក​ទៅ​ទិញ​មនុស្ស​ទាំងនោះ បើ​យក​ទៅ​អភិវឌ្ឍ និង​សាងសង់​ស្ពាន បាន​រាប់​រយ​ស្ពាន​ឯណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង បាន​នៅ​ឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ ដើម្បី​សុំ​ការ​បំភ្លឺ​ថា តើ​អង្គភាព ACU នឹង​បើក​ការ​ស៊ើបអង្កេត​លើ​លោក ហ៊ុន សែន ឬ​អត់ ជុំវិញ​ករណី​ផ្តល់​លុយ​សុទ្ធ​រាប់​សិប​ម៉ឺន​ដុល្លារ​ដល់​តារាចម្រៀង សកម្មជន​នយោបាយ និង​អ្នក​សារព័ត៌មាន​នោះ?៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស