42.2 C
Phnom Penh

ក្រុម​ហ៊ុន ​Emaxx បោះ​បង់​គម្រោង​តូចៗ​ដើម្បី​ផ្តោត​សំខាន់លើ​គម្រោង​ហេដ្ឋារចនា​សម្ពន្ធគមនាគមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​ផ្តល់សេវា​បណ្តាញ​អីុន​ធើណិត​ក្នុង​ឧបករណ៍​ចល័ត​ Emaxx បាន​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​សេវា​អីុន​ធើណិត​ខ្នាត​តូច​ ទៅ​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​ហេដ្ឋារចនា​សម្ពន្ធ​គមនា​គមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ហុងកុង​មួយ​ ក្នុង​គម្រោង​វិនិ​យោគ​ដែល​ត្រូវ​ចំណាយ​ប្រាក់​១៤៨លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។

ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​ Emaxx បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ម្សិល​មិញ​ អំពី​គោល​បំណង​ដ៏​សំខាន់​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​សេវា​អីុនធើណិត​ល្បឿនមហា​​លឿន​ដល់​ប្រជាជន​៨០ភាគរយ​នៃ​ចំនួន​ប្រជាជន​​សរុប​ក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន Emaxx បាន​ប្រកាស​ថា ក្រុម​ហ៊ុន​ KeyBridge International Co. បាន​ទិញ​ភាគ​ហ៊ុន​៦៥ភាគ​រយ​នៅ​ក្នុង​ក្រុម​ហ៊ុន​ទូរគមនាគមន៍​​កម្ពុជា​មួយ​នេះ ដើម្បី​បង្កើត​គម្រោង​វិនិយោគ​រួម​គ្នា​ថ្មី​មួយ​ ដែល​គ្រោង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ក្នុង​ខែ​តុលា។

លោក យ៉េ គីង (Ye Qiong) ប្រធាន​ថ្មី​ក្រុម​ហ៊ុន ​Emaxx បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​បង្កើត​បណ្តាញ​ធំ​មួយ​ដែល​មាន​សមត្ថភាព​ផ្គត់​ផ្គង់​អីុន​ធើណិត​៤០០Gb ក្នុង​មួយ​វិនាទី គ្រប​ដណ្តប់​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​តាម​ខ្សែ​ហ្វាយ​ប៊័រ អុបទិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល​”។

លោក គីង បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ហ៊ុន Emaxx នឹង​វិនិយោគ​ និង​ដំឡើង​ស្ថានីយ​មូល​ដ្ឋាន​មួយ​ដែល​មាន​សមត្ថភាព​ផ្គត់​ផ្គង់​៦០០ 4G សម្រាប់​​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​ឥតខ្សែ​ដែល​មាន​ល្បឿន​លឿនសម្រាប់​ទូរស័ព្ទ​ដៃ​។

ស្ថានីយ​ទាំង​នោះ​នឹង​ត្រូវ​បាន​សាង​សង់​នៅ​ទីក្រុង​ធំៗចំនួន​​​ប្រាំមួយ​មានដែល​រួម​មាន​ទាំង​រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះ​សីហនុ ផង​ដែរ។

លោក គីង បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ក្រុម​ហ៊ុន​ផ្សេងៗទៀត​ នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ផ្តោត​សំខាន់​ទៅ​លើ​ហេដ្ឋា​រចនា​សម្ពន្ធ​បណ្តាញ​អីុន​ធើណិត​។ លោកបានមានប្រសាសន៍ថា “ដោយ​ដក​ខ្លួន​ចេញពីទីផ្សារ​​ ក្រុមហ៊ុនផ្សេងទៀត​នឹង​មិន​ត្រូវចំណាយប្រាក់​លើការ​អភិវឌ្ឍ​តាម​បណ្តាញ​​ចាស់​​របស់ខ្លួន​ ដែល​នឹង​ផ្តល់​ប្រយោ​ជន៍​​ដល់​​អតិថិជន​​ដោយ​តម្លៃ​ថោក​ជាង​នេះ​​និង​សេវា​មាន​ប្រសិទ្ធភាព​​​បន្ថែម​​ទៀត”។

ក្រុម​​ហ៊ុន Emaxx បាន​ចូលទីផ្សារ​ទូរ​ស័ព្ទ​ចល័ត​កម្ពុជា​ក្នុងឆ្នាំ​២០១១ ​​ដែល​នៅពេល​នោះប្រធាន​ប្រតិបត្តិការ​ លោក ហ៊្វ្រែង ម៉េ (Frank May) ​​បាន​​ប្រកាស​​ថា ក្រុមហ៊ុន​​នឹង​បង្កើត​ប្រព័ន្ធ ​4G​​ ​​ដែល​​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ទាញ​​យក​ទិន្ន​ន័យ​លឿន​​ជាង​ឧបករណ៍​​​3G​ ដល់​​ទៅ​១០ដង។​

ក៏ប៉ុន្តែ​ផែនការនេះ​មិន​​ដែល​បាន​​ទទួល​លទ្ធផលជាផ្លែផ្កា​​នោះទេ​ ហើយ​​លោក ម៉េ​​បាន​​​ជាប់​ក្នុងពន្ធនាគារ​​​ក្នុងឆ្នាំ​២០១២​ ជុំវិញ​​ការ​​ចោទ​ប្រកាន់​​​ពី​បទ​លួច​​បន្លំ និងប្រើ​ឯក​សារ​ក្លែងក្លាយ​។

លោក ​ថូម៉ាស់ ហ៊ុន (Thomas Hundt) ធ្វើ​ការ​នៅក្រុម​​ហ៊ុន ស្មាត ម៉ូបាល (Smart Mobile) បាន​មានប្រសាសន៍កាលពីម្សិល​មិញ​​​ថា ក្រុម​ហ៊ុន​របស់​លោក​នៅមាន​បណ្តាញ​នៅឡើយ​ក្នុង​ការ​ផ្តល់​សេវា​ 4G ​ក្នុងប្រទេស​កម្ពុជា ដោយ​​បន្ថែម​​ថា លោកមិនដឹង​អំពី​គម្រោង​របស់​ក្រុមហ៊ុន Emaxx។ លោកថ្លែងថា “យើង​មាន​​​បំណង​ស្តាប់​គម្រោង​​របស់ Emaxx ប៉ុន្តែ​យើង​នៅតែ​​​ធ្វើ​​​​​​​វិនិយោគ​​​ក្នុង​បណ្តាញ​​​របស់​យើង​”៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស