លទ្ធផលចុះស្រង់ទិន្នន័យដែលត្រូវបានចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា តម្លៃដីក្នុងរាជធានីភ្នំពេញ បាននិងកំពុងកើនឡើង តាំងពីទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា បានស្ទុះឡើងហើយស្រុតចុះវិញ កាលពីជាងប្រាំឆ្នាំមុន ក៏ប៉ុន្តែអ្នកជំនាញការបានលើកឡើងថា ករណីបំប៉ោងទីផ្សារប្រហាក់ប្រហែលគ្នានេះ មិនទំនងជាកើតឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះទេ។
លទ្ធផលនៃសកម្មភាពចុះស្រង់ទិន្នន័យរបស់ក្រុមហ៊ុន វីត្រាស់ ប្រូភើធី ខូអិលធីឌី ផ្អែកលើតម្លៃដីក្នុងត្រីមាសទី៤ នៃឆ្នាំមុន ក្នុងខណ្ឌទាំងប្រាំបួនរបស់រាជធានីភ្នំពេញ ដែលមាន៩៦សង្កាត់។
លទ្ធផលចុះស្រង់ទិន្នន័យនេះ បានបង្ហាញទៀតថា តម្លៃប្រកាសលក់ដីនៅក្នុងរាជធានីភ្នំពេញមាន១.៤៤០ដុល្លារក្នុងមួយម៉ែត្រក្រឡា។ តម្លៃទាបបំផុតគឺប្រហែល១០ដុល្លារក្នុងមួយម៉ែត្រក្រឡាក្នុងសង្កាត់ពញាពន្ធ ក្នុងខណ្ឌសែនសុខ។ ចំណែកឯតម្លៃខ្ពស់បំផុត គឺ៥.៩០០ដុល្លារក្នុងមួយម៉ែត្រក្រឡានៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
តម្លៃមធ្យមក្នុងមួយម៉ែត្រក្រឡានៃផ្ទៃដីបានប្រែប្រួលយ៉ាងច្រើន បើប្រៀបធៀបតម្លៃមធ្យមក្នុងខណ្ឌទាំងប្រាំបួន។ តម្លៃមធ្យមខ្ពស់បំផុត គឺមានប្រហែល៣.៦៣០ដុល្លារ ហើយ តម្លៃមធ្យមទាបបំផុត គឺមាន១៦០ដុល្លារ នេះបើយោងតាមលទ្ធផលចុះស្រង់ទិន្នន័យដដែលនេះ។
តម្លៃមធ្យមខ្ពស់ៗបំផុតមាននៅខណ្ឌដូនពេញ ៧មករា ចំការមន និងខណ្ឌទូលគោក។ ក្នុងខណ្ឌដូនពេញ តម្លៃមធ្យមខ្ពស់បំផុតមាន៤.២០០ដុល្លារក្នុងសង្កាត់ជ័យជម្នះ។
ក្នុងខណ្ឌដែលស្ថិតនៅចំណុចកណ្ដាលនៃរាជធានីភ្នំពេញនេះមានតម្លៃមធ្យមក្នុងមួយម៉ែត្រក្រ ឡា៣.៦២៨ដុល្លារ ខណៈដែលតម្លៃទាបបំផុតមាន១.០៤២ដុល្លារ ខណៈដែលតម្លៃខ្ពស់បំផុតមាន៥.៨៣០ដុល្លារ។
ក្នុងខណ្ឌ៧មករា តម្លៃមធ្យមក្នុងមួយម៉ែត្រក្រឡាមាន២.៧០០ដុល្លារ។ តម្លៃទាបបំផុតមាន១.០១០ដុល្លារ និងតម្លៃខ្ពស់បំផុតមាន៥.១៥០ដុល្លារ។ តម្លៃមធ្យមខ្ពស់បំផុតសម្រាប់ខណ្ឌនេះគឺ៣.២០០ដុល្លារក្នុងមួយម៉ែត្រក្រឡា នៅសង្កាត់មនោរម្យ។
ក្នុងខណ្ឌចំការមន តម្លៃមធ្យមមាន២.៣៦០ដុល្លារ។ តម្លៃទាបបំផុតមាន១.០១០ដុល្លារ និងតម្លៃខ្ពស់បំផុតមាន៥.៩០០ដុល្លារ។ តម្លៃមធ្យមខ្ពស់បំផុតក្នុងខណ្ឌនេះមាន៣.៣០០ដុល្លារនៅក្នុងសង្កាត់បឹងកេងកង១។
ក្នុងខណ្ឌទួលគោក តម្លៃមធ្យមមាន២.២៦០ដុល្លារ។ តម្លៃទាបបំផុតមាន១.០០០ដុល្លារ និងតម្លៃខ្ពស់បំផុតមាន៥.៣៤០ដុល្លារ។ តម្លៃមធ្យមខ្ពស់បំផុតមាន២.៨១០ដុល្លារនៅក្នុងសង្កាត់ផ្សារដេប៉ូ២។
តម្លៃដីទាបជាងគេបំផុតនៅក្នុងចំណោមខណ្ឌទាំងនេះមានជាមធ្យមនៅខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ។
ក្នុងខណ្ឌដង្កោ តម្លៃមធ្យមមាន១៦០ដុល្លារក្នុងមួយម៉ែត្រក្រឡា។ តម្លៃខ្ពស់បំផុតមាន៩២០ដុល្លារ ខណៈដែលតម្លៃទាបបំផុត២០ដុល្លារ។ តម្លៃមធ្យមខ្ពស់បំផុតមាន៤៥០ដុល្លារក្នុងសង្កាត់ដង្កោ។
ក្នុងខណ្ឌពោធិ៍សែនជ័យ តម្លៃមធ្យមមាន២៧០ដុល្លារ។ តម្លៃទាបបំផុតមាន២០ដុល្លារ ខណៈដែលតម្លៃខ្ពស់បំផុតមាន១.៨១០ដុល្លារហើយតម្លៃមធ្យមខ្ពស់បំផុតមាន៧២០ដុល្លារក្នុងសង្កាត់ចោមចៅ។
កត្តាដែលជំរុញឲ្យតម្លៃដីកើនឡើងបែបនេះរួមមានទំហំដីសម្រាប់លក់ ប្រភេទអគារ និងទីតាំងដី។
ក្នុងពេលដែលលទ្ធផលចុះស្រង់ទិន្នន័យបង្ហាញពីកំណើនជាបន្តបន្ទាប់ បើធៀបនឹងតម្លៃអចលនទ្រព្យកាលពីពេលទីផ្សារនេះបានស្រុតចុះក្នុងឆ្នាំ២០០៩មក ថ្នាក់ដឹកនាំក្រុមហ៊ុនវីត្រាស បានលើកឡើងកាលពីម្សិលមិញក្នុងសន្និសីទសារព័ត៌មានថា មានការបារម្ភបន្តិចបន្តួចអំពីករណីទីផ្សារស្ទុះឡើងហើយស្រុតចុះវិញ។
លោក អុីន ស៊ីថា នាយកគ្រប់គ្រងក្រុមហុ៊នវីត្រាស រៀលធី ខូអីលធីឌី បានមានប្រសាសន៍ថា “ដរាបណាសេដ្ឋកិច្ច និងនយោបាយមានស្ថានភាពល្អ តម្លៃទាំងនេះនឹងកើនឡើងជាលំដាប់។ ក្នុងរយៈពេល៥១០ ឬ១៥ឆ្នាំខាងមុខ តម្លៃទីផ្សារនឹងបន្តកើនឡើង ប៉ុន្តែមិនមែនជាតម្លៃបំប៉ោងទេ”។
លោក ហ្គ្រែន ណាកគី (Grant Knuckey) ប្រធាននាយកប្រតិបត្តិធនាគារ ANZ Royal លើកឡើងកាលពីម្សិលមិញថា កម្ចីអចលនទ្រព្យនៅធនាគារ ANZ Royal បានកើនឡើងប្រហែល៣៥ភាគរយបើគិតតាមទំហំហិរញ្ញវត្ថុកាលពីឆ្នាំមុន ក៏ប៉ុន្តែករណីបំប៉ោងទីផ្សារអចលនទ្រព្យប្រហែលជាស្ថិតនៅផ្លូវដ៏វែងឆ្ងាយនៅពេលខាងមុខដ៏យូរ។
លោកបានមានប្រសាសន៍ថា “យើងមិនបានឃើញប្រជាជនខ្ចីប្រាក់ច្រើនជាងតម្លៃរបស់លំនៅដ្ឋានទេ។ ពួកគាត់បានអនុវត្តផែនការសងបានយ៉ាងល្អប្រសើរ។ ទីផ្សារមានស្ថិរភាព…ហើយបន្តទៅមុខរយៈពេលជាច្រើនឆ្នាំទៀត”។
សកម្មភាពចុះស្រង់ទិន្នន័យរបស់ក្រុមហ៊ុនវីត្រាស ត្រូវបានអនុវត្តដោយកំណត់យកសំណាកចំនួន៦៦០នាក់សម្រាប់សម្ភាសតាមទូរស័ព្ទ និងសម្ភាសដោយផ្ទាល់។ គួរបញ្ជាក់ថា អ្នកដែលបានចូលរួមសម្ភាសគឺជាអ្្នកដែលស្ថិតក្នុងដំណើរការលក់អចលនទ្រព្យរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ៕សុធា