36 C
Phnom Penh

លោក ស៊ី ជីនពីង ប្រាប់​ប្រមុខ​ការទូត​អាមេរិក​ថា អាមេរិក​មិន​ត្រូវ​ចាត់ទុក​ចិន​ជា​គូប្រជែង​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង។

ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​សុក្រ ទី​២៦ ខែ​មេសា នេះ បាន​ចុះផ្សាយ​ថា លោក ស៊ី បាន​ប្រាប់​លោក Blinken ថា ប្រទេស​ទាំង​ពីរ​គួរតែ​ធ្វើជា​ដៃគូ​ជាមួយ​គ្នា មិនមែន​គូប្រជែង​ឡើយ។ មិន​តែប៉ុណ្ណោះ ប្រទេស​ទាំង​ពីរ​នៅ​មាន​បញ្ហា​ជាច្រើន​ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ ដោយ​ភាគី​ទាំង​ពីរ​បង្កើន​កិច្ចប្រឹងប្រែង​បន្ថែម​ទៀត។

លោក​ប្រធានាធិបតី​ចិន បញ្ជាក់​ថា ចិន​សង្ឃឹម​ថា​ភាគី​អាមេរិក​ក៏​នឹង​អាច​ប្រកាន់​ទស្សនៈ​វិជ្ជមាន​ផង​ដែរ​ចំពោះ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន ហើយ​ចំពោះ​បញ្ហា​មួយ​ចំនួន​អាច​ត្រូវ​ដោះស្រាយ​បាន ដែល​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​មាន​ស្ថិរភាព​ប្រសើរ​ជាង​មុន។

មុន​ជួប​លោក ស៊ី ជីនពីង លោក Blinken ក៏​បាន​បើក​កិច្ចពិភាក្សា​ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​ជាច្រើន​ម៉ោង​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi។

ថ្លែង​អំពី​ទំនាក់ទំនង​ចិន-អាមេរិក លោក Wang Yi បាន​បញ្ជាក់​ថា អាកប្បកិរិយា​របស់​ចិន គឺ​ជាប់លាប់​រហូត​មក ដោយ​ប្រកាន់ខ្ជាប់​នូវ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ចិន-អាមេរិក ផ្អែក​លើ​មនោសញ្ចេតនា​សកល​ស្ដីពី​ការ​រួម​គ្នា​កសាង​សហគមន៍​រួម វាសនា​នៃ​មនុស្ស​ជាតិ និង​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ពិភពលោក។

ប្រមុខ​ការទូត​ចិន បន្ត​ទៀត​ថា ជំហរ​របស់​ចិន ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គោរព​គ្នា​ទៅវិញ​ទៅមក រួម​រស់​ដោយ​សន្តិ​សហ​វិជ្ជមាន និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​ដូច​ដែល​បាន​លើកឡើង​ដោយ​លោក ស៊ី ជីនពីង។ ការ​ជំរុញ​ទំនាក់ទំនង​ចិន-អាមេរិក ឱ្យ​វិវឌ្ឍ​រីកចម្រើន​ដោយ​ស្ថិរភាព រឹងមាំ និង​ចីរភាព គឺជា​ដៃគូ​ដែល​មិន​ប្រជែង​គ្នា។

ចិន​ទាមទារ​ឱ្យ​មាន​ការ​ផ្ដួចផ្ដើម​នូវ​ការ​គោរព​ផល​ប្រយោជន៍​គ្នា​ទៅវិញ​ទៅមក ហើយ​អាមេរិក​កុំ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន កុំ​គាបសង្កត់​ការ​អភិវឌ្ឍ​របស់​ចិន និង​កុំ​ដើរ​ជាន់​ខ្សែបន្ទាត់​ក្រហម​របស់​ភាគី​ចិន ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព សន្តិសុខ និង​ផល​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​របស់​ចិន។

នេះ​ជា​ការ​ដាស់តឿន​ផង​ព្រមាន​ផង​របស់​ប្រមុខ​ការទូត​ចិន ចំពោះ​សហរដ្ឋ​អាមេរិក នៅ​ចំពោះ​មុខ​សមភាគី Blinken ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង លើក​ទី​២ ក្នុង​រយៈពេល ៣​ខែ​ដំបូង​ឆ្នាំ​២០២៤។

កាលពី​ថ្ងៃទី​៥ មេសា នៅ​ក្នុង​ជំនួប​តាម​ទូរសព្ទ លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ប្រាប់​លោក ស៊ី កុំ​ឱ្យ​ព្យាយាម​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ច្រក​សមុទ្រ​តៃវ៉ាន់។ ជាមួយ​គ្នា​នេះ លោក បៃដិន ក៏​ប្រាប់​ទៅ​លោក ស៊ី កុំ​ពាក់ព័ន្ធ​ណា​មួយ​ការ​ជួយ​លើក​ទឹកចិត្ត​រុស្ស៊ី ឬ​ជួយ​រុស្ស៊ី កំពុង​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។

នៅ​ខណៈ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken នៅ​ក្រុង​ប៉េកាំង ដោយ​បាន​ជួប​ទាំង​លោក ស៊ី ជីនពីង និង​លោក Wang Yi អគ្គលេខាធិការ​នៃ​អង្គការ NATO លោក Jens Stoltenberg​បាន​អំពាវនាវ​ថា ចិន​ចាំបាច់​ត្រូវតែ​ឈប់​គាំទ្រ​សង្គ្រាម​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន ប្រសិនបើ​ចង់​បាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក​ខាងលិច។

លោក Jens Stoltenberg បាន​ថ្លែង​ដូចនេះ​អំឡុង​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៊ែរឡាំង នៃ​ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី​២៥ មេសា។

លោក​អគ្គលេខាធិការ​អង្គការ NATO បាន​លើកឡើង​ថា ការ​គាំទ្រ​របស់​ទីក្រុង​ប៉េកាំង មាន​សារសំខាន់​ជា​ខ្លាំង​ចំពោះ​កិច្ចប្រឹងប្រែង​ធ្វើ​សង្គ្រាម​របស់​ទីក្រុង​មូស្គូ ហើយ​ចំពោះ​ចិន កំពុង​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ច​របស់​រុស្ស៊ី តាមរយៈ​ការ​ចែករំលែក​បច្ចេកវិទ្យា​ទំនើបៗ ដូចជា​បន្ទះ​ឈីប ជាដើម​គឺជា​ទង្វើ​ដែល​ក្រុង​ប៉េកាំង ជួយ​រុស្ស៊ី ពង្រឹង​សង្គ្រាម​នៅ​អ៊ុយក្រែន។

លោក Stoltenberg បាន​បន្ត​ថា ចិន​និយាយ​ថា​ខ្លួន​ចង់​បាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក​ខាងលិច ប៉ុន្តែ​ក្នុង​ពេល​ទន្ទឹម​គ្នា​នោះ ទីក្រុង​ប៉េកាំង នៅតែ​បន្ត​ជួយ​ជ្រោមជ្រែង​ក្រុង​មូស្គូ។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន នៅ​អំឡុង​ខែ​ឧសភា ខាងមុខ ដើម្បី​បើក​កិច្ចពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង។ បើ​លោក ពូទីន ទៅ​កាន់​ប្រទេស​ចិន គឺជា​លើក​ទី​២ ដែល​បុរស​ខ្លាំង​វិមាន​ក្រឹមឡាំង​រូប​នេះ​ទៅ​ជួប​លោក ស៊ី ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយក្រែន បង្ក​ឡើង​ដោយ​លោក ពូទីន ដែល​បញ្ជា​ឱ្យ​លើក​ទ័ព​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន។

កាលពី​ពេល​ថ្មីៗ​នេះ អធិការបតី​អាល្លឺម៉ង់ Olaf Scholz បាន​ទៅ​ទីក្រុង​ប៉េកាំង។ ក្នុង​ជំនួប​នោះ​ជាមួយ​លោក ស៊ី លោក Olaf Scholz ក៏​បាន​ប្រាប់​លោក ស៊ី ថា​បើ​ចិន​ចង់​បាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​សហភាព​អឺរ៉ុប គឺ​ចិន​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាព​អព្យាក្រឹត្យ​ដោយ​មិន​ត្រូវ​ជួយ​រុស្ស៊ី បន្ត​សង្គ្រាម​នៅ​អ៊ុយក្រែន នោះ​ទេ។

ចំណែក​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ដែល​រំពឹង​ថា​នឹង​ទទួល​លោក ស៊ី នៅ​ក្រុង​ប៉ារីស នា​ខែ​ខាងមុខ​នេះ ក៏​គេ​រំពឹង​ថា​លោក Macron នឹង​ស្នើ​លោក ស៊ី កុំ​លើក​ទឹកចិត្ត​រុស្ស៊ី បន្ត​សង្គ្រាម​នៅ​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស