32.5 C
Phnom Penh

ក្រុម​ហ៊ុនរថយន្ត​ស្ព័រ​ Porsche ចាប់​ផ្តើម​សកម្មភាព​សាង​សង់​មជ្ឈមណ្ឌល​​​​​នៅក្នុង​រាជធានី​​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន Porsche ដែល​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ស្ព័រដ៏​ធំ​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​​ចូល​មក​​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​ផ្លូវការ​ហើយ​ កាលពី​ម្សិលមិញ ដោយ​មាន​ពិធី​ចាប់​ផ្តើម​សកម្មភាព​សាង​សង់​មជ្ឈមណ្ឌល​រថយន្ត​ Porsche ភ្នំពេញ​ (Porsche Center Phnom Penh) ​ជា​ហេតុ​នាំ​ឲ្យ​ចំនួន​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​រថយន្ត​ទំនើប​ៗ​កើន​ឡើង​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​ដែល​មាន​ទ្រព្យ​ធន​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ​។

សាល​តាំង​លក់​រថយន្ត​ថ្មី​ដែល​ស្ថិត​នៅ​ទល់​មុខ​អាកាស​យាន​ដ្ឋាន​ភ្នំពេញ​នេះ​ នឹង​មាន​ទំហំ​ជិត​២.០០០ម៉ែត្រ​ក្រឡា​ នៅ​ពេល​សកម្មភាព​សាង​សង់​ចប់​សព្វ​គ្រប់​ ដោយ​ត្រូវ​ចំណាយ​ប្រាក់​ពីរលាន​ដុល្លារ​។

ក្នុង​ពេល​ដែល​សាល​តំាង​លក់​រថយន្ត​នេះ​​មិន​ទាន់​សាង​សង់​រួច​រាល់​រហូត​ដល់​ខែ​តុលា​ ក្រុម​ហ៊ុន Porsche នៅ​រំពឹង​ថា ខ្លួន​នឹង​អាច​លក់​រថយន្ត​ថ្មី​របស់​ខ្លួន​បាន​យ៉ាង​តិច៣០​គ្រឿង​ ​ក្នុង​ឆ្នាំ​នេះ​ នេះ​បើ​យោង​តាម​លោក ហ្គ្រេ​ម៉េ​ ហាន់​ធ័រ (Graeme Hunter)​ អគ្គនាយក​ក្រុម​ហ៊ុន​ Precision Cars (Cambodia) ដែលនឹង​តំណាង​ឲ្យ​ក្រុម​ហ៊ុន Porsche នៅ​​​កម្ពុជា​។

លោក ហាន់ធ័រ បាន​មាន​ប្រសាសន៍​​ក្នុង​​​​ពិធី​បញ្ចុះបឋម​សិលា​កាលពី​ម្សិលមិញ​ថា “ក្រុម​ហ៊ុន​ Porsche មិន​មែន​​ជា​ក្រុម​ហ៊ុន​ទ្រង់​ទ្រាយ​ធំ​មួយ​ទេ​​ ពោល​គឺ​យើង​លក់​រថយន្ត​ប្រហែល​២០០.០០០គ្រឿង​ក្នុង​មួយ​ឆ្នាំ​ បើ​ធៀប​ជា​មួយ​ក្រុម​ហ៊ុន​តូយ៉ូតា ដែល​លក់​រថយន្ត​ប្រាំ​មួយ​លាន​គ្រឿង​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ឆ្នាំ​នេះ​នៅ​លើ​ទីផ្សារ​កម្ពុជា​ យើង​មិន​មាន​មជ្ឈមណ្ឌល​រថយន្ត Porsche ទេ​ ប៉ុន្តែ​យើង​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្រៅ​អគារ​សាល​តាំង​លក់​ ដូច្នេះយើង​រំពឹង​ថា យើង​នឹង​​លក់​បាន​ប្រហែល​៣០​គ្រឿង​ ក៏​ប៉ុន្តែ នៅ​ពេល​ដែល​យើង​មាន​សាល​តំាង​លក់​ត្រឹម​ត្រូវ​យើង​នឹង​បង្កើន​បរិមាណ​លក់​ឲ្យ​កើន​ឡើង​ដល់​៨៥​គ្រឿង​​យ៉ាង​យូរ​ក្នុង​ឆ្នាំ​២០១៧”។

លោក ហាន់​ធ័រ បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន Porsche នៅ​លើ​ទីផ្សារ​កម្ពុជា​ និង​ផ្តោត​សំខាន់​ទៅ​លើ​រថយន្តប្រភេទ​ SUV ដែល​ជា​រថយន្ត​ទំនើប​ជាង​មុន​ក្នុង​ការ​ប្រើ​ប្រាស់​នៅ​តាម​ស្ថានភាព​ផ្លូវ​មិនសូវ​ល្អ​នៅ​ក្នុង​ប្រទេស​នេះ។ លោក​បាន​មាន​ប្រសាសន៍​បន្តទៀត​ថា ​“ ៩១១គឺ​ជារថយន្ត​ស្ព័រ​ដ៏​ទំនើប​ ក៏​ប៉ុន្តែ រថយន្ត​ Cayenne គឺ​ជា​រថយន្ត​ប្រភេទ​ SUV ហើយ​វា​​​មានស​មត្ថភាព​​ធ្វើ​ប្រតិបត្តិការ​នៅ​លើ​ដង​ផ្លូវ​ និង​នៅ​ទី​កន្លែង​ផ្សេង​ៗ​ដែល​មិន​មែន​ជា​ផ្លូវបាន​ ពោល​គឺ​នៅ​តំបន់​ដែល​មាន​ស្ថានភាព​លំបាក​បត់​បែន​”។

លោក ហាន់ធ័រ បាន​លើក​ឡើង​បន្ត​ទៀត​​ថា ដើម្បី​ឲ្យ​ទីផ្សារ​រថយន្ត​របស់​ក្រុម​ហ៊ុន Porsche នៅ​លើ​ទីផ្សារ​កម្ពុជា​​ចាប់​ផ្តើម​ស្ទុះ​ឡើង​ និង​មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​មុន​ផ្នែក​រចនា​សម្ព័ន្ធ​ ទីផ្សារនេះ​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​ពី​របី​ឆ្នាំ​។

នៅ​ពេល​ក្រុម​ហ៊ុន Porsche  បាន​ប្រកាស​កាលពី​ឆ្នាំ​២០០២​ថា ខ្លួន​បាន​អភិវឌ្ឍរថយន្ត​​ប្រភេទ​​ SUV មាន​ការ​លើក​ឡើង​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​និយម​រថយន្ត​របស់​ក្រុម​ហ៊ុន Porsche សុទ្ធ​ថា ការ​ឈាន​ជើង​ចូល​ទីផ្សារ​រថយន្ត​ប្រភេទ​ SUV ​​ជា​សញ្ញា​បង្ហាញ​ពី​ការ​បាត់​បង់​ទីផ្សារ​រថយន្ត​ទំនើប​ៗ ​​ប៉ុន្តែ យុទ្ធ​សាស្ត្រ​នេះ​មាន​ប្រសិទ្ធ​ភាព​ ហើយ​រថយន្ត​ Cayenne ត្រូវ​បាន​លក​់​ដាច់​យ៉ាង​ច្រើន​​ ដោយ​សារ​តែ​ក្រុម​ហ៊ុន Porsche ​លក់​រថយន្ត​ប្រភេទ SUV បាន​ច្រើន​ជាង​រថយន្ត​ស្ព័រ​គ្រប់​ប្រភេទ​របស់​ខ្លួន​។

នៅ​លើ​ទីផ្សារ​កម្ពុជា​ក្រុមហ៊ុន Porsche សង្ឃឹម​ថា ខ្លួន​នឹង​ដណ្តើម​បាន​ចំណែក​ទី​ផ្សារ​យ៉ាង​ធំ​ ទោះ​បី​ជា​ទីផ្សារ​នេះ​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ក្រុម​ហ៊ុន​តូយ៉ូតា និង​ក្រុម​ហ៊ុន​រថយន្ត​ឡិចសីុស ក៏​ប៉ុន្តែ ក្នុង​ពេល​បច្ចុប្បន្ន​ ទីផ្សារ​នេះ​មាន​ក្រុម​ហ៊ុន​រថយន្ត​កាន់​តែ​ច្រើន​ ដូចជា ក្រុម​ហ៊ុន​រថយន្ត​ Land Rover រថយន្ត​ Mercedes និង​ក្រុម​ហ៊ុន BMW ជា​ដើមដែល​បច្ចុប្បន្ន​បា​ន​បើក​សាខា​ចែក​ចាយ​នៅ​លើ​ទីផ្សារ​នេះ​​ ហើយ​ក្រុម​ហ៊ុន​រថយន្ត Audi គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​ឆ្នាំ​នេះ​។

លោក ហាន់​ធ័រ​ បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ក្រុម​ហ៊ុន Porsche មិន​មាន​ការ​លំបាក​ក្នុង​ការ​បង្ហាញ​ចំណុច​ផ្សេង​គ្នា​នៃ​ផលិតផល​​របស់​ខ្លួន​ពី​ផលិត​ផល​ក្រុម​ហ៊ុន​ដទៃ​ដែល​ប្រជែង​គ្នា​នៅ​លើ​ទីផ្សារ​កម្ពុជា​ទេ​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ បើក​សាក​​ល្បង​មួយ​ទៅ  នោះ​អ្នក​នឹង​ដឹង​ថា រថយន្ត​របស់​ក្រុម​ហ៊ុន Porsche មាន​ចំណុច​ខុស​គ្នា​ត្រង់​ណា​ពី​រថយន្ត​ដទៃ​”៕សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស