TAG
features2
សកម្មជនព្រៃឈើចោទមន្ត្រីថាឲ្យរណាអារឈើទៅអ្នកកាប់ឈើវិញ
ទោះបីជាមានការបង្កើតឡើងកាលពីខែមុននូវក្រុមការងាររដ្ឋាភិបាលជាន់ខ្ពស់ទទួលបន្ទុកបង្ក្រាបការកាប់ឈើខុសច្បាប់ក៏ដោយ ក៏បណ្តាញសហគមន៍ព្រៃឡង់បាននិយាយកាលពីថ្ងៃច័ន្ទថា ការដើរល្បាតនាពេលថ្មីៗនេះដោយសកម្មជនជាង១៨០នាក់បានរកឃើញភ័ស្តុតាងនៃបទល្មើសព្រៃឈើបន្តទៀត និងការឃុបឃិតរវាងអ្នកកាប់ឈើខុសច្បាប់ និងមន្ត្រីព្រៃឈើមូលដ្ឋាន។
ក្នុងរបាយការណ៍មួយចេញកាលពីថ្ងៃច័ន្ទ បណ្តាញនេះនិយាយថា សកម្មជនរបស់ខ្លួនបានរកឃើញឈើប្រភេទលេខមួយ៧៥ម៉ែត្រគូប ឈើអាររលំ១៥៩ដើម និងផ្ទៃដីឈូសឆាយ២៨៣ហិកតាក្នុងរយៈពេល៥ថ្ងៃនៃការដើរល្បាតដែលចាប់ផ្តើមពីថ្ងៃទី១ ខែកុម្ភៈក្នុងព្រៃឡង់ ជាដីព្រៃទំហំ ៦៥០.០០០ហិកតាដែលលាតសន្ធឹងពីខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងក្រចេះ។
របាយការណ៍និយាយសំដៅលើគណៈកម្មាធិការដែលបង្កើតកាលពីខែមុនដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើប្រតិបត្តិការនៅក្នុងបណ្តាខេត្តភាគបូព៌ាប្រទេស ដោយមានគោលបំណងលុបបំបាត់ការកាប់ឈើខុសច្បាប់ និងការជួញដូរឈើឆ្លងកាត់ព្រំដែនថា "ការកាប់ឈើខុសច្បាប់ និងការដឹកឈើនៅតែកើតមានឡើងនៅក្នុងខេត្តទាំងបួន សូម្បីតែចាប់តាំងពីមានក្រុមការងារបង្ក្រាបការកាប់ឈើខុសច្បាប់បង្កើតឡើងជិតមួយខែហើយក៏ដោយ"។
របាយការណ៍និយាយថា សកម្មជនក៏បានប្រគល់រណាអារឈើដែលរឹបអូសបាន១៩គ្រឿង កាំភ្លើងឆ្នៃពីរដើម និងធ្នូមួយដល់មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ។
លោក ស្រី ថាយ សកម្មជនដែលបានចូលរួមក្នុងក្រុមមួយមានគ្នា៤៤នាក់ ដែលបានចូលរុកព្រៃក្នុងខេត្តព្រះវិហារ បាននិយាយថា លោកជឿថាអ្នកកាប់ឈើខុសច្បាប់ដែលពួកគេបានជួបប្រទះ គឺរួមសហការជាមួយមន្ត្រីទាំងនោះ។
លោក ស្រី ថាយ បាននិយាយថា "ឥឡូវយើងមិនទុកចិត្តរដ្ឋបាលព្រៃឈើទេ ព្រោះយើងបានប្រគល់រណាយន្តដែលរឹបអូសបានឲ្យគេ ប៉ុន្តែគេបានឲ្យទៅអ្នកកាប់ឈើវិញ។ យើងបានជួបអ្នកកាប់ឈើនៅក្នុងព្រៃ ហើយគេបង្ហាញយើងនូវរណា។ គេប្រាប់យើងថា រណាដែលយើងបានរឹបអូសពីគេធ្លាក់ដល់ដៃគេវិញហើយ ហើយគេបានទទួលរណាពីរដ្ឋបាលព្រៃឈើ"។
លោក នួន សុខុម នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារបានបដិសេធចំពោះការអះអាងបែបនេះ។
លោក នួន សុខុម បាននិយាយថា "មន្ត្រីយើងមិនដែលឲ្យរណាទៅអ្នកកាប់ឈើដូចការចោទប្រកាន់ទេ ព្រោះយើងតែងតែរាយការណ៍ទៅរដ្ឋបាលព្រៃឈើថ្នាក់ជាតិ"។
លោក អេង ហ៊ី អ្ននាំពាក្យគណៈកម្មាធិការបង្ក្រាបបទល្មើសព្រៃឈើដឹកនាំដោយកងរាជអាវុធហត្ថ បានច្រានចោលរបាយការណ៍របស់សកម្មជនព្រៃឈើ។
លោក អេង ហ៊ី បាននិយាយថា "ខ្ញុំសូមបញ្ជាក់ថា ព័ត៌មានអំពីការកាប់ឈើខុសច្បាប់នៅព្រៃឡង់ គឺមិនពិតទេ ព្រោះថ្នាក់ខេត្តបានរាយការណ៍មកយើងថា សកម្មភាពគឺស្ងៀមស្ងាត់"៕រើន
សាលាឧទ្ធរណ៍តម្កល់ការចោទប្រកាន់មនុស្សចំនួន១៣នាក់ក្នុងសំណុំរឿងនៅផ្លូវវេងស្រេង
កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានតម្កល់ទុកជាបានការនូវការចោទប្រកាន់ពីបទអំពើហិង្សាដោយចេតនា និងបង្កការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិលើមន្ត្រីសហជីព និងកម្មករចំនួន១៣នាក់ដែលត្រូវបានចាប់ខ្លួនអំឡុងកុបកម្មនៅខាងក្រៅសួនឧស្សាហកម្មមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដែលពេលនោះកងរាជអាវុធហត្ថបានបាញ់ស្លាប់មនុស្សយ៉ាងហោចណាស់ប្រាំនាក់។
មនុស្សទាំង១៣នាក់នេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់កាលពីខែមីនា បន្ទាប់ពីសវនាការមួយដែលបណ្តាអង្គការសិទ្ធិមនុស្សយល់ថាមានគុណវិបត្តិ ប៉ុន្តែត្រូវបានដោះលែងឲ្យមានសេរីភាពភ្លាមៗហើយព្យួរទោសជាប់ពន្ធនាគាររបស់ពួកគេ។ សវនាការឧទ្ធរណ៍របស់ពួកគេត្រូវបានធ្វើឡើងកាលពីសប្ដាហ៍មុនដោយគ្មានវត្តមានរបស់ពួកគេ។
នៅឯសាលាឧទ្ធរណ៍កាលពីម្សិលមិញ ដែលគ្មានវត្តមានរបស់ជនជាប់ចោទដែរនោះ ចៅក្រម ចាយ ច័ន្ទតារាវណ្ណ បានប្រកាសថា សេចក្ដីសម្រេចរបស់សាលាដំបូងត្រូវបានតម្កល់ទុកជាបានការ។
ចៅក្រមរូបនេះបានមានប្រសាសន៍ថា "នៅពេលនោះ នគរបាលបានប្រាប់ពួកគេឲ្យឈប់ ហើយចាកចេញ ប៉ុន្តែបាតុករមិនស្ដាប់ ហើយពួកគេបានគប់ដុំថ្ម និងដបសាំង និងប្រើប្រាស់ចំពាមកៅស៊ូទៅលើកងរាជអាវុធហត្ថ និងនគរបាលបណ្ដាលឲ្យកងរាជអាវុធហត្ថ និងនគរបាលរងរបួសធ្ងន់ និងធ្វើឲ្យមន្ត្រីម្នាក់ពិការភ្នែកម្ខាង។ នេះគឺជាទង្វើខុសច្បាប់ដែលបានបង្កការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ ហើយធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់សក្ខីកម្មរបស់ជនរងគ្រោះ...។ ចៅក្រមសវនាការមិនអាចជឿលើចម្លើយរបស់ចុងចោទដែលនិយាយថា ពួកគេមិនបានចូលរួមបាតុកម្ម ប៉ុន្តែគ្រាន់តែឈរមើលបានទេ"។
ចៅក្រមរូបនេះមិនបានបកស្រាយថា តុលាការមានភ័ស្តុតាងអ្វីដើម្បីភ្ជាប់ជនជាប់ចោទទៅនឹងអំពើហិង្សានោះឡើយ។ អំឡុងសវនាការដំបូងរបស់ខ្លួននៅសាលាដំបូងរាជធានី ជនជាប់ចោទទាំងអស់សុទ្ធតែអះអាងថា ខ្លួនមិនបានចូលរួមក្នុងកុបកម្ម ហើយត្រូវបានចាប់ខ្លួនដោយគ្រាន់តែពួកគេនៅក្បែរៗនោះ។ នៅពេលមេធាវីរបស់ពួកគេសាកសួរមន្ត្រីថា តើពួកគេបានឃើញចុងចោទណាម្នាក់ក្នុងចំណោមចុងចោទទាំងនេះចូលរួមក្នុងអំពើហិង្សាមែនដែរទេ មន្ត្រីទាំងនោះនិយាយថា មិនឃើញទេ។
លោក...
លិខិតពីតំណាងរាស្ត្របក្សប្រឆាំងស្ដីពីការផ្ដល់សម្បទានដីដល់កងទ័ពវៀតណាម ត្រូវបានផ្អឹបទុក
លោក ហេង សំរិន ប្រធានរដ្ឋសភាបានបដិសេធមិនបញ្ជូនបន្តទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយនូវលិខិតរបស់តំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប ដែលស្នើសុំឲ្យលុបចោលចម្ការកៅស៊ូមួយចំនួនដែលគ្រប់គ្រងដោយមេបញ្ជាការកងទ័ពវៀតណាម ព្រោះវារំលោភរដ្ឋធម្មនុញ្ញ។
លិខិតចុះកាលបរិច្ឆេទថ្ងៃទី២៥ ខែមករា របស់លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនេះ កើតមានឡើងបន្ទាប់ពីកាសែត ខេមបូឌា ដេលី បានចុះផ្សាយកាលពីខែធ្នូ ដោយលាតត្រដាងថា យោធាវៀតណាម បានកាន់កាប់ចម្ការកៅស៊ូចំនួនបួនជាបន្តបន្ទាប់ដែលមានផ្ទៃសរុបជិត៤០.០០០ហិកតានៅក្នុងខេត្តរតនគិរី តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។
កាលពីម្សិលមិញ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ និងជាអគ្គលេខាធិការរដ្ឋសភាបានបញ្ជាក់ថា ពិតជាទទួលបានលិខិតនេះមែន ហើយមានប្រសាសន៍ថា រដ្ឋសភានឹងមិនបញ្ជូនវាទៅនាយករដ្ឋមន្ត្រីឡើយ។ លោកបានគូសបញ្ជាក់ថា "សម្ដេច មិនបានបញ្ជូនលិខិតនេះទៅសម្ដេចនាយករដ្ឋមន្ត្រីទេ ពីព្រោះសម្ដេចយល់ថា លិខិតនេះជាការឃោសនារបស់បុគ្គលម្នាក់ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់"។
ក្នុងលិខិតដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួននេះ លោក អ៊ុំ សំអាន បានបញ្ជាក់ថា សម្បទានដីសេដ្ឋកិច្ចរំលោភរដ្ឋធម្មនុញ្ញ...
កញ្ញា សាសា ដែលជាអតីតពិធីការិនីទូរទស្សន៍ ដកពាក្យបណ្តឹងបទប៉ុនប៉ងមនុស្សឃាតប្រឆាំងលោក សុខ ប៊ុន
កញ្ញា ឯក សុជាតា អតីតពិធីការិនីទូរទស្សន៍ ហៅសាសាដែលបានក្លាយជាប្រធានបទនៃការពិភាក្សាដេញដោលអំពីយេនឌ័រ និងវណ្ណៈនៅកម្ពុជា បន្ទាប់ពីវីដេអូឃ្លីបមួយស្តីពីនាងត្រូវលោក សុខ ប៊ុន ឧកញ៉ាផ្នែកអចលនទ្រព្យវាយដំបានបែកធ្លាយកាលពីខែកក្កដា បានដកពាក្យបណ្តឹងដែលប្តឹងឧកញ៉ារូបេនះពីបទប៉ុនប៉ងមនុស្សឃាតកាលពីម្សិលមិញ។
អំឡុងពេលបើកសវនាការជំនុំជម្រះរឿងក្តីរបស់លោក សុខ ប៊ុន កាលពីម្សិលមិញ លោក ពុធ ធាវី មេធាវីរបស់កញ្ញា ឯក សុជាតា ដែលមានអាយុខ្ទង់២០ឆ្នាំក្រាស់បានប្រាប់សាលាដំបូងរាជធានីភ្នំពេញថា ភាគីទាំងពីរបានឈានដល់ការព្រម"សម្របសម្រួលគ្នា"នៅក្រៅតុលាការ ជាលទ្ធផលដែលអតីតពិធីការិនីរូបនេះ និងឪពុករបស់នាងដំបូងឡើយបានប្ដេជ្ញាច្រានចោលដើម្បីឲ្យលោក សុខ ប៊ុន ប្រឈមនឹងវិធានការផ្លូវច្បាប់ពេញលេញ។
ក្រោយមក មេធាវីរូបនេះបានប្រាប់អ្នកយកព័ត៌មានថា លោក សុខ ប៊ុន បានបង់ប្រាក់មកឲ្យកូនក្តីរបស់លោកដើម្បីឲ្យមានការដកពាក្យបណ្តឹងវិញ ប៉ុន្តែ លោកបានបដិសេធមិនបញ្ជាក់ពីចំនួនទឹកប្រាក់នោះឡើយ។
កញ្ញា ឯក សុជាតា ដែលមិនបានចូលរួមសវនាការ និងដែលបានអះអាងអំឡុងពេលព្រឹកថា មេធាវីរបស់នាងមានភាពមិនស្មោះត្រង់ក្នុងការបញ្ចប់ពាក្យបណ្តឹងរបស់នាងនោះ...
លោក ហ៊ុន ម៉ាណែត ប្ដឹងម្ចាស់ហ្វេសប៊ុកទាក់ទងការចោទថាកាប់ឈើ
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រ បានដាក់ពាក្យបណ្ដឹងពីបទបរិហារកេរ្តិ៍ប្រឆាំងម្ចាស់គណនីហ្វេសប៊ុកម្នាក់ដែលបានភ្ជាប់រូបលោក និងម្ដាយរបស់លោកទៅនឹងពាណិជ្ជកម្មឈើប្រណីតខុសច្បាប់។
ក្នុងការបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់របស់លោកកាលពីរសៀលថ្ងៃសុក្រ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា ម្ចាស់គណនីដែលប្រើឈ្មោះ Chham Chhany បានបង្ខូចកិត្តិយស និងក្រុមគ្រួសាររបស់លោក។
ឧត្ដមសេនីយ៍ឯក ម៉ាណែត បានសរសេរថា "ថ្ងៃនេះខ្ញុំចាត់វិធានការផ្លូវច្បាប់លើមនុស្សម្នាក់មានឈ្មោះ Chham Chhany...
កង្វះថ្នាក់ដឹកនាំជាស្ត្រីបន្ទច់បង្អាក់ចលនាកម្មករ
ដូចកម្មករកាត់ដេរដទៃទៀតនៅទូទាំងប្រទេសដែរ ឈាង ធីដា ធ្វើការច្រើនម៉ោងដើម្បីបានប្រាក់ខែបន្តិចបន្តួច។ ប៉ុន្តែការត្អូញត្អែរខ្លាំងបំផុតរបស់នាងអំពីលក្ខខណ្ឌនៅរោងចក្រកាត់ដេរខោអាវរបស់នាង គឺសភាពបង្គន់អនាម័យរបស់រោងចក្រ។
កម្មករជើងចាស់អាយុ៣៧រូបនេះបាននិយាយថា "វាគ្មានអនាម័យនិងគួរឲ្យខ្ពើមរអើម។ គ្មានអ្នកណាសម្អាតបង្គន់ទេ"។
យុទ្ធនាការសាធារណៈភាគច្រើនបំផុតរបស់សហជីពរោងចក្រកាត់ដេរវិលវល់នឹងការតស៊ូដើម្បីដំឡើងប្រាក់ខែអប្បបរមា។ ប៉ុន្តែកម្មការិនីរោងចក្រតស៊ូចង់បានការចាប់អារម្មណ៍ចំពោះកង្វល់របស់ខ្លួនទាក់ទិននឹងការសម្រាកមាតុភាព សុខភាពបន្តពូជ និងអនាម័យកន្លែងធ្វើការ សូម្បីតែសហជីពដែលតំណាងពួកគេក៏ដូច្នេះដែរ។
ថ្វីបើប្រហែល៨៦ភាគរយនៃកម្មករកាត់ដេរជាង៦០០.០០០នាក់របស់ប្រទេសកម្ពុជាជាស្ត្រីក៏ដោយ ក៏ភាគច្រើននៃមេដឹកនាំសហជីពគឺជាបុរស ហើយពួកគេមិនទៅមើលបន្ទប់ទឹកស្ត្រីទេ។
លោកស្រី សុខ ថារ៉េត មន្ត្រីកម្មវិធីនៅមណ្ឌលព័ត៌មានកម្មករ ជាអង្គការក្រៅរដ្ឋាភិបាលដែលគ្រប់គ្រងមណ្ឌលធនធានសម្រាប់កម្មករកាត់ដេរ បានលើកឡើងចំៗ។
លោកស្រីបាននិយាយអំពីមេដឹកនាំសហជីពជាបុរសថា "ពួកគេមិនដែលមានរដូវទេ។ ចំពោះពួកគេ មិនសូវមើលឃើញថា បញ្ហារបស់ស្ត្រីជាការប្រឈមដ៏ធំសម្រាប់កម្មករកាត់ដេរជាស្ត្រីនោះទេ"។
កម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជា (BFC)របស់អង្គការILO...
អ្នកមកកម្សាន្តស្រវឹងស្រាបាញ់សន្តិសុខពីរនាក់នៅក្រៅក្លឹបកម្សាន្តមួយក្នុងរាជធានីភ្នំពេញ
មន្ត្រីកងរាជអាវុធហត្ថបាននិយាយថា សន្តិសុខរង្គសាលពីរនាក់បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយត្រូវគ្រាប់កាំភ្លើងបន្ទាប់ពីអ្នកមកកម្សាន្តដែលស្រវឹងស្រាបានយកកាំភ្លើងវែង AR-15បាញ់នៅមុខក្លឹបមេនហាតធេន កាហ្វេ នៅកណ្តាលរាជធានីភ្នំពេញកាលពីរំលងអធ្រាត្រឈានចូលព្រឹកម្សិលមិញ ។
យោងតាមលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចៅ រង្សី អាយុ៣១ឆ្នាំ ត្រូវបានចាប់ខ្លួនដោយសមាជិកផ្សេងទៀតនៃបុគ្គលិកសន្តិសុខក្លឹបនេះ ហើយបន្ទាប់កបានប្រគល់ឲ្យកងរាជអាវុធហត្ថ។
ឧត្តមសេនីយ៍ត្រី អេង ហីុ មានប្រសាសន៍ថា "ជនសង្ស័យរូបនេះបានបាញ់ជាង១០គ្រាប់ ហើយត្រូវសន្តិសុខពីរនាក់។ ប្រធានសន្តិសុខត្រូវគ្រាប់កាំភ្លើងត្រង់ពោះ ហើយមួយគ្រាប់ទៀតត្រូវចំដៃខាងស្តាំ"។ លោកបានបន្ថែមថា យើងដកហូតកាំភ្លើង AR-15 ទុកជាភ័ស្តុតាង ជាមួយគ្រាប់ចំនួន៦គ្រាប់ និងម៉ូតូហុងដា PCX scooter ។ យើងមិនមានតម្រុយទេ។ ជនសង្ស័យរូបនេះមិនបានប្រាប់យើងពីមូលហេតុដែលគេប្រព្រឹត្តរឿងនេះឡើយ"។
លោក ង៉ាត ងួន មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌដូនពេញទីដែលកន្លែងបាញ់បានកើតឡើងបានមានប្រសាសន៍ថា ជនសង្ស័យរូបនេះត្រូវបានប្រគល់ឲ្យកងរាជអាវុធហត្ថរាជធានីភ្លាមៗ បន្ទាប់ពីសារភាពថា បានទិញកាំភ្លើងដែលមានកម្លាំងខ្លាំងនេះដោយខុសច្បាប់។
លោក ង៉ាត ងួន បានមានប្រសាសន៍ថា "ជននេះបានប្រាប់យើងថា គាត់បានទិញកាំភ្លើងនេះពីទាហានម្នាក់ក្នុងខេត្តប៉ៃលិននៅតាមព្រំដែនជាប់ប្រទេសថៃ" ដោយកំណត់អត្តសញ្ញាណថា បុរសដែលរងរបួសឈ្មោះ កង ចិត្រា អាយុ៤៧ឆ្នាំ ជាប្រធានសន្តិសុខរង្គសាលនេះដែលបានរងរបួសធ្ងន់ និង ដុំ ធី អាយុ៤២ឆ្នាំ។លោកបាននិយាយថា "អ្នកទាំងពីរស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត"។
នៅក្រៅក្លឹបនេះកាលពីម្សិលមិញ អ្នករត់ម៉ូតូឌុបម្នាក់ដែលបានបដិសេធមិនប្រាប់ឈ្មោះ ដោយបារម្ភពីសុវត្ថិភាពរបស់ខ្លួនបាននិយាយថា គាត់បានឃើញការបាញ់នេះដោយ ផ្ទាល់ភ្នែក ដែលបានកើតឡើងនៅម៉ោងប្រហែល៣ និង៣០នាទីរំលងអធ្រាត្រ។
គាត់បាននិយាយថា លោក រង្សី ខឹងយ៉ាងខ្លាំងនៅពេលសន្តិសុខមិនឲ្យគាត់ចូលទៅក្នុងក្លឹប ហើយបានជេរប្រមាថលើពួកគេ។
អ្នកបើកបររូបនេះបាននិយាយថា "ជនសង្ស័យរូបនេះបាននិយាយថា 'ចាំសិន ខ្ញុំនឹងទៅយកកាំភ្លើងបាញ់សម្លាប់អ្នកតែម្តង'"។
នៅពេលលោក រង្សី ត្រឡប់មកវិញ គាត់ស្ទើរតែបានធ្វើតាមការសន្យារបស់ខ្លួន។គាត់បាននិយាយថា "ជនសង្ស័យរូបនេះបានបាញ់ជាច្រើនគ្រាប់...
ទីបំផុត ជនសង្ស័យក្នុងករណីវាយប្រហារដោយពូថៅត្រូវចាប់ខ្លួន
ក្រុមមន្ត្រីបាននិយាយថា ការតាមចាប់ជន សង្ស័យរយៈពេលមួយសប្តាហ៍ពាក់ព័ន្ធនឹងការកាប់នឹងពូថៅយ៉ាងព្រៃផ្សៃលើគ្រួសារមួយនៅក្រុងព្រះសីហនុ ដែលបណ្តាលឲ្យម្តាយ និងកូនស្រីស្លាប់នោះ បានបញ្ចប់ហើយ កាលពីម្សិលមិញ ដោយចាប់បានបុរសអាយុ២៦ឆ្នាំម្នាក់នៅខេត្តកណ្តាល។
យោងតាមនគរបាលបានឲ្យដឹងថា គ្រួសារ រងគ្រោះកំពុងដេកលក់នៅលើគ្រែពីរនៅផ្ទះរបស់ពួកគេក្នុងសង្កាត់មួយក្រុងព្រះសីហនុ នៅពេលដែលជនដៃដល់ចូលទៅក្នុងផ្ទះនាពេលយប់ឆ្លងចូលថ្ងៃទី២៩ខែធ្នូ ហើយបានប្រើពេល១៥នាទីកាប់ស្ត្រីអាយុ៣១ឆ្នាំម្នាក់ ម្តាយរបស់គាត់អាយុ៦៧ឆ្នាំ និងកូនប្រាំនាក់អាយុរវាង១ឆ្នាំដល់១៣ឆ្នាំ។
លោក គង់ ភារម្យ ជាឪពុកនិងប្តី កំពុងនេសាទនៅសមុទ្រពេលដែលការវាយប្រហារ បានកើតឡើង។ អ្នកស្រី អ៊ុំ ផាន់ណា ជាប្រពន្ធ របស់គាត់ បានស្លាប់កាលពីសប្តាហ៍មុននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងក្រុងភ្នំពេញ រីឯកូនស្រីអាយុ១៣ឆ្នាំរបស់ពួកគេបានស្លាប់ពេលធ្វើដំណើរទៅក្រុងភ្នំពេញដើម្បីសង្គ្រោះ បន្ទាន់។
បន្ទាប់ពីការចាប់ខ្លួនកាលពីម្សិលមិញ អ្នកដែលសើុបអង្កេតរឿងក្តីនេះបានប្រាប់ថា ជន សង្ស័យឈ្មោះ លុយ សុភ័គ ដែលពួកគេជឿថា...
បុរសជាប្ដីនិយាយថា ប្រពន្ធរបស់ខ្លួនបាត់បង់ជីវិត បន្ទាប់ពីគ្រូពេទ្យមិនព្រមសង្គ្រោះបន្ទាន់
ស្ត្រីអាយុ៣១ឆ្នាំម្នាក់ដែលរងរបួសក្បាលធ្ងន់ធ្ងរនៅក្នុងសកម្មភាពវាយប្រហារដោយជនប្រដាប់ដោយពូថៅនៅក្រុងព្រះសីហនុកាលពីថ្ងៃអង្គារ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងរាជធានីភ្នំពេញកាលពីរសៀលម្សិលមិញ បន្ទាប់ពីគ្រូពេទ្យមិនព្រមស្គែនខួរក្បាល បញ្ចូលឈាម និងវះកាត់ឲ្យ នេះបើយោងតាមប្តីរបស់ស្ត្រីរូបនេះ។
អ្នកស្រី អ៊ុំ ផាន់ណា អាយុ៣១ឆ្នាំ និងម្តាយរបស់អ្នកស្រីឈ្មោះ ទូច សំអូន អាយុ៦៧ឆ្នាំ ព្រមទាំងកូនប្រុសអាយុ៥ឆ្នាំរបស់គាត់ត្រូវបានបញ្ជូនមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតកាលពីរសៀលថ្ងៃអង្គារ បន្ទាប់ពីពូួកគាត់ជាមួយនឹងកូនៗបួននាក់ផ្សេងទៀតត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណវាយនឹងខ្នងពូថៅ ខណៈពួកគាត់កំពុងដេកលង់លក់នៅក្នុងផ្ទះដ៏តូចមួយក្នុងសង្កាត់១ ក្រុងព្រះសីហនុ។
កូនស្រីម្នាក់អាយុ១៣ឆ្នាំក្នុងចំណោមកូនទាំងបួននាក់នេះរបស់អ្នកស្រី អ៊ុំ ផាន់ណា ក៏បានស្លាប់ដោយសាររបួសដែរកាលពីម្សិលមិញ ពេលកំពុងត្រូវបានដឹកពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុមកមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ ជាមួយបងប្អូនបង្កើតពីរនាក់ផ្សេងទៀត។
នៅផ្លូវខាងក្រៅបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មិនយូរប៉ុន្មានមុនពេលប្រពន្ធស្លាប់នៅម៉ោងប្រហែល១រសៀលកាលពីម្សិលមិញ លោក...
រោងចក្រជាច្រើននៅបាវិតបិទទ្វារជាបណ្ដោះអាសន្នខណៈមានភាពចលាចល
សាលាខេត្តយល់ព្រមដោះលែងកូដករដែលជាប់ពន្ធនាគារ
ក្រុងបាវិត, ខេត្តស្វាយរៀង-កម្មករជាង៣០.០០០នាក់ត្រូវបានជម្លៀសចេញពីតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរនៅទីនេះកាលពីព្រឹកម្សិលមិញ បន្ទាប់ពីនគរបាលបានប៉ះទង្គិចជាមួយមនុស្សហិង្សាមួយក្រុមដែលព្យាយាមញុះញង់កម្មករឲ្យចូលរួមជាមួយពួកគេ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល។
ក្រុមហិង្សាដែលដំបូងឡើយមានគ្នាត្រឹមតែប៉ុន្មានសិបនាក់ ហើយបានកើនឡើងភ្លាមៗរហូតដល់ទៅពីរបីរយនាក់នេះ បានសម្រុកចូលតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន មិនយូរប៉ុន្មានបន្ទាប់ពីថ្ងៃធ្វើការបានចាប់ផ្ដើមនៅម៉ោង៧ព្រឹក ដោយធ្វើសកម្មភាពគប់ដុំថ្មទៅលើរោងចក្រនានា ហើយស្រែកឲ្យអ្នកនៅខាងក្នុងបោះបង់ការងាររបស់ខ្លួន នៅពេលស្ថានភាពចលាចលចុងក្រោយនៅមជ្ឈមណ្ឌលឧស្សាហកម្មនេះបានបន្តឈានចូលដល់ថ្ងៃទី៦។
លោក រិច លី (Rex Lee) ប្រធានរដ្ឋបាលជនជាតិតៃវ៉ាន់ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ដែលមានរោងចក្រចំនួន២៨នៅក្នុងនោះ និងដែលផ្ដល់ការងារដល់កម្មករប្រមាណ២៤.០០០នាក់ បានលើកឡើងថា គណៈគ្រប់គ្រងរោងចក្របានសម្រេចចិត្តបញ្ជូនបុគ្គលិកទៅផ្ទះវិញ ពីព្រោះការតវ៉ានេះទំនងជារាលដាលធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន។ លោកបានគូសបញ្ជាក់ថា ប្រាក់រាប់លានដុល្លារត្រូវបានខាតបង់ជារៀងរាល់ថ្ងៃ ដោយសារការឈប់ធ្វើការនេះ។
លោកបាននិយាយនៅតំបន់សេដ្ឋកិច្ចពិសេសនេះ ខណៈកម្មករនាំគ្នាចេញមកក្រៅថា "នេះគឺដើម្បីសុវត្ថិភាពរបស់កម្មករដែលមិនប្រើហិង្សា"។
ប្រធានសហជីពសំខាន់ៗក្នុងមូលដ្ឋានបានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងកូដកម្មដែលបានចាប់ផ្ដើមកាលពីថ្ងៃពុធសប្ដាហ៍មុននេះឡើយ ប៉ុន្តែទោះជាយ៉ាងណាក្តី លោកនៅតែត្រូវបានកោះហៅកាលពីរសៀលម្សិលមិញ ឲ្យទៅជួបចរចាជាមួយនគរបាល មន្ត្រីរដ្ឋាភិបាល និងតំណាងរោងចក្រនៅសាលាក្រុងបាវិត។ ប្រធានសហជីពចំនួនបួនរូបបានព្រមព្រៀងជាលាយលក្ខណ៍អក្សរដើម្បីអំពាវនាវឲ្យកម្មករបញ្ឈប់សកម្មភាពហិង្សារបស់ខ្លួនជាថ្នូរនឹងការដោះលែងអ្នកតវ៉ាបួននាក់ដែលត្រូវបានដាក់ពន្ធនាគារកាលពីសប្ដាហ៍មុន។
លោក ហ៊ូ វតនៈ អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍បន្ទាប់ពីជំនួបចរចារយៈពេល៤ម៉ោងនេះថា "ពាក់ព័ន្ធការចាប់ខ្លួនកម្មករបួននាក់ សំណើរបស់សហជីពត្រូវរដ្ឋបាលខេត្តទទួលយកហើយ ប៉ុន្តែការដោះលែងនេះត្រូវស្ថិតក្រោមលក្ខខណ្ឌដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ហើយចាំបាច់ត្រូវអនុវត្តតាមនីតិវិធីតុលាការ"។
លោកបានមានប្រសាសន៍ទៀតថា "ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទៀតអំឡុងពេលកូដកម្ម ថៅកែរោងចក្រកំពុងពិភាក្សា" ហើយបានឱបលោក...
Latest news
© 2021, ដេលី. All rights reserved.

