មន្ត្រីកងរាជអាវុធហត្ថបាននិយាយថា សន្តិសុខរង្គសាលពីរនាក់បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយត្រូវគ្រាប់កាំភ្លើងបន្ទាប់ពីអ្នកមកកម្សាន្តដែលស្រវឹងស្រាបានយកកាំភ្លើងវែង AR-15បាញ់នៅមុខក្លឹបមេនហាតធេន កាហ្វេ នៅកណ្តាលរាជធានីភ្នំពេញកាលពីរំលងអធ្រាត្រឈានចូលព្រឹកម្សិលមិញ ។
យោងតាមលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចៅ រង្សី អាយុ៣១ឆ្នាំ ត្រូវបានចាប់ខ្លួនដោយសមាជិកផ្សេងទៀតនៃបុគ្គលិកសន្តិសុខក្លឹបនេះ ហើយបន្ទាប់កបានប្រគល់ឲ្យកងរាជអាវុធហត្ថ។
ឧត្តមសេនីយ៍ត្រី អេង ហីុ មានប្រសាសន៍ថា “ជនសង្ស័យរូបនេះបានបាញ់ជាង១០គ្រាប់ ហើយត្រូវសន្តិសុខពីរនាក់។ ប្រធានសន្តិសុខត្រូវគ្រាប់កាំភ្លើងត្រង់ពោះ ហើយមួយគ្រាប់ទៀតត្រូវចំដៃខាងស្តាំ”។ លោកបានបន្ថែមថា យើងដកហូតកាំភ្លើង AR-15 ទុកជាភ័ស្តុតាង ជាមួយគ្រាប់ចំនួន៦គ្រាប់ និងម៉ូតូហុងដា PCX scooter ។ យើងមិនមានតម្រុយទេ។ ជនសង្ស័យរូបនេះមិនបានប្រាប់យើងពីមូលហេតុដែលគេប្រព្រឹត្តរឿងនេះឡើយ”។
លោក ង៉ាត ងួន មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌដូនពេញទីដែលកន្លែងបាញ់បានកើតឡើងបានមានប្រសាសន៍ថា ជនសង្ស័យរូបនេះត្រូវបានប្រគល់ឲ្យកងរាជអាវុធហត្ថរាជធានីភ្លាមៗ បន្ទាប់ពីសារភាពថា បានទិញកាំភ្លើងដែលមានកម្លាំងខ្លាំងនេះដោយខុសច្បាប់។
លោក ង៉ាត ងួន បានមានប្រសាសន៍ថា “ជននេះបានប្រាប់យើងថា គាត់បានទិញកាំភ្លើងនេះពីទាហានម្នាក់ក្នុងខេត្តប៉ៃលិននៅតាមព្រំដែនជាប់ប្រទេសថៃ” ដោយកំណត់អត្តសញ្ញាណថា បុរសដែលរងរបួសឈ្មោះ កង ចិត្រា អាយុ៤៧ឆ្នាំ ជាប្រធានសន្តិសុខរង្គសាលនេះដែលបានរងរបួសធ្ងន់ និង ដុំ ធី អាយុ៤២ឆ្នាំ។លោកបាននិយាយថា “អ្នកទាំងពីរស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត”។
នៅក្រៅក្លឹបនេះកាលពីម្សិលមិញ អ្នករត់ម៉ូតូឌុបម្នាក់ដែលបានបដិសេធមិនប្រាប់ឈ្មោះ ដោយបារម្ភពីសុវត្ថិភាពរបស់ខ្លួនបាននិយាយថា គាត់បានឃើញការបាញ់នេះដោយ ផ្ទាល់ភ្នែក ដែលបានកើតឡើងនៅម៉ោងប្រហែល៣ និង៣០នាទីរំលងអធ្រាត្រ។
គាត់បាននិយាយថា លោក រង្សី ខឹងយ៉ាងខ្លាំងនៅពេលសន្តិសុខមិនឲ្យគាត់ចូលទៅក្នុងក្លឹប ហើយបានជេរប្រមាថលើពួកគេ។
អ្នកបើកបររូបនេះបាននិយាយថា “ជនសង្ស័យរូបនេះបាននិយាយថា ‘ចាំសិន ខ្ញុំនឹងទៅយកកាំភ្លើងបាញ់សម្លាប់អ្នកតែម្តង’”។
នៅពេលលោក រង្សី ត្រឡប់មកវិញ គាត់ស្ទើរតែបានធ្វើតាមការសន្យារបស់ខ្លួន។គាត់បាននិយាយថា “ជនសង្ស័យរូបនេះបានបាញ់ជាច្រើនគ្រាប់ ប៉ុន្តែ ខ្ញុំមិនប្រាកដថា គាត់បាញ់សន្តិសុខនេះដោយផ្ទាល់ ឬថា គ្រាប់កាំភ្លើងទាំងនេះប្លាតត្រូវពួកគេឡើយ ពីព្រោះខ្ញុំបានរត់បាត់ទៅហើយ”។
អ្នកបើកបររូបនេះបាននិយាយថា នៅពេលគាត់ត្រឡប់មកវិញ “ខ្ញុំបានឃើញសន្តិសុខពីរនាក់រងរបួស ហើយជនសង្ស័យរូបនេះត្រូវបានសន្តិសុខផ្សេងទៀតចាប់ខ្លួន។
នៅមន្ទីរពេទ្យកាលពីម្សិលមិញ ប្រពន្ធសន្តិសុខទាំងពីរនាក់បាននិយាយថា ពួកគាត់មិនអាចរៀបរាប់ពីអ្វីដែលបានកើតឡើងនៅក្រៅក្លឹបនេះបានទេ ពីព្រោះប្តីរបស់ពួកគាត់ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។
គេហទំព័រក្នុងស្រុកដើមអម្ពិលបានរាយការណ៍ថា ដំបូងឡើយជនសង្ស័យរូបនេះមានកំហឹងយ៉ាងខ្លាំង បន្ទាប់ពីបុរសម្នាក់ទៀតបានស្ទាបចង្កេះប្រពន្ធរបស់ខ្លួននៅកន្លែងរាំកម្សាន្តក្នុងក្លឹប ហើយថា គាត់បានទៅយកកាំភ្លើងមកបាញ់តែម្តង។
យោងតាមរបាយការណ៍បានឱ្យដឹងថា នៅពេលគាត់ត្រឡប់មកក្លឹបវិញជាមួយកាំភ្លើង AR-15 គាត់មិនត្រូវគេឲ្យចូលទេហើយបានបាញ់ទៅលើបុគ្គលិកសន្តិសុខតែម្តង៕សារុន