28 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ​​ប្ដឹង​​​​​​ម្ចាស់​ហ្វេសប៊ុក​​ទាក់​ទង​ការ​​ចោទ​​ថា​កាប់​ឈើ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​កាលពី​ថ្ងៃ​សុក្រ បាន​​​ដាក់​​ពាក្យ​បណ្ដឹង​​​​​ពីបទ​បរិហារកេរ្តិ៍​​​ប្រឆាំង​ម្ចាស់​គណនី​​ហ្វេសប៊ុក​​ម្នាក់​​ដែល​បាន​​ភ្ជាប់​រូប​លោក​ និង​​​​​ម្ដាយ​របស់​លោក​ទៅ​នឹង​​ពាណិជ្ជកម្ម​ឈើ​ប្រណីត​​ខុស​ច្បាប់​។

ក្នុង​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​របស់​លោក​កាលពី​រសៀល​ថ្ងៃ​សុក្រ ​ឧត្ដម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​​នៃ​កង​យោធពលខេមរភូមិន្ទ​ បាន​​​មាន​​ប្រសាសន៍​ថា ​​ម្ចាស់​គណនី​ដែល​ប្រើ​ឈ្មោះ Chham Chhany បាន​បង្ខូច​​​កិត្តិយស​​ និង​​​ក្រុម​គ្រួសារ​​របស់​លោក​។

ឧត្ដម​សេនីយ៍​ឯក ម៉ាណែត បាន​សរសេរ​ថា “​ថ្ងៃ​នេះ​ខ្ញុំ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​លើ​មនុស្ស​ម្នាក់​​មាន​ឈ្មោះ Chham Chhany ​ដែល​បាន​​​ប្រឌិត​រឿង​​​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​​របស់​ខ្ញុំ​ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​”។

“ក្នុង​សង្គម​ប្រជាធិបតេយ្យ​ ពល​រដ្ឋគ្រប់រូប​មាន​សិទ្ធិ​​​បញ្ចេញ​មតិ​។ ប៉ុន្តែ​ការ​ប្រើ​សិទ្ធិ​​បញ្ចេញ​មតិ​បុគ្គល​​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​”។

ការ​បង្ហោះ​​ដែល​មាន​ចំណង​ជើង​ថា ​”​ឧក្រិដ្ឋជន​ព្រៃឈើ​​កាច់​កុង​គ្នា ​​ព្រោះ​ចង់​កាន់​កាប់​​តំបន់​កាប់​ឈើ បាន​ផល​​ត្រកូល​ ហ៊ុន” ​បាន​ធ្វើ​ឡើង​​ឆ្លើយ​តប​ទៅ​នឹង​​ក្រុម​ការ​ងារ​​ដែល​ទើប​​បង្កើត​ថ្មី​របស់​រដ្ឋាភិបាល​ដើម្បី​បង្ក្រាប​​ការ​រក​ស៊ី​​ឈើ​ខុស​ច្បាប់​ដ៏​រាល​ដាល​។ ​​ការ​បង្ហោះ​នោះ​ភ្ជាប់​ឧត្ដម​សេនីយ៍​ឯក ម៉ាណែត ​និង​​ម្ដាយ​របស់​លោក​​ គឺ​លោកស្រី ប៊ុន រ៉ានី ទៅ​នឹង​​​ឈ្មួញ​ស្ដុក​ស្ដម្ភ​ពីរនាក់​ ​ឈ្មោះ សឹង សំអុល និង លឹម ប៊ុណ្ណា ​ដែល​នៅ​ពេល​ថ្មីៗ​នេះ​​​​​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ចាត់ទុក​ថា ជា​គោល​ដៅ​សំខាន់​​ក្នុង​ការ​បង្ក្រាប​ថ្មី​​លើ​ការ​​កាប់​ឈើ​​ខុស​ច្បាប់​។

ដោយ​សំដៅ​ទៅ​ដល់​ការ​ឆ្មក់​ចាប់​​កាលពី​សប្ដាហ៍​មុន ​ដែល​លទ្ធផល​​​មិន​ទាន់​ចេញ​ជា​សាធារណៈ​នៅ​ឡើយ ​ការ​បង្ហោះ​​នោះ​បាន​និយាយ​ថា “​សឹង សំអុល ​មាន​ ប៊ុន រ៉ានី ជា​ខ្នង​បង្អែក ចំណែក​ឯ​ លឹម ប៊ុណ្ណា ​មាន​ ហ៊ុន ម៉ាណែត ​នៅ​ពីក្រោយ​ ចឹង​ហើយ​បាន​ជា​សមត្ថកិច្ច​​ដែល​ចុះទៅ​ពិនិត្យ​​កន្លែង​ស្តុក​ឈើ​​របស់​ លឹម ប៊ុណ្ណា និយាយ​ថា ជា​ឈើ​ស្រប​ច្បាប់​​។

Chham Chhany បាន​សរសេរ​ថា គាត់​បាន​ទទួល​ព័ត៌មាន​ឲ្យ​ដឹង​ថា “​សមត្ថកិច្ច​បាន​ទទួល​បញ្ជា​​​ពី​ ប៊ុន រ៉ានី ហ៊ុន សែន ឲ្យ​សម្រួល​​ដល់​ការ​ងារ​រក​ស៊ី​​របស់​​ឧកញ៉ា​ទាំង​ពីរ​​”។

“ឧកញ៉ា​” ជា​​គោរមងារ​ផ្ដល់​​ឲ្យ​ពាណិជ្ជករ​​​ជា​ថ្នូរ​នឹង​​ការ​រួម​ចំណែក​​ហិរញ្ញវត្ថុ​ដ៏ច្រើនដល់​រដ្ឋ​។

អ្នក​ប្រើ​ហ្វេស៊ុក​​​ដដែល​បាន​សរសេរ​ថា ​”​​ប្រភព​​របស់​ខ្ញុំ​បាន​បញ្ជាក់​ថា ​​ដើម​ឡើយ​​ប្រហែល​ជា​ ប៊ុន រ៉ានី ហ៊ុន សែន មិន​ដឹង​ថា​ឧកញ៉ា​​ ខ្នា ​(លោក ប៊ុណ្ណា) ​​មាន​ទំនាក់​ទំនង​ជាមួយ​​​ ហ៊ុន ម៉ាណែត ទេ ​​បាន​ជា​ខ្ចី​ដៃ​សម្ដេច​​​កម្ចាត់​ឧកញ៉ា​ ខ្នា ​ទុក​កន្លែង​ឲ្យ​ឧកញ៉ា​ សឹង សំអុល កាប់​ឈើ​​។ ​​តែ​ក្រោយពី​ឧកញ៉ា​ ខ្នា ​សុំ​អន្តរាគមន៍​ពី​ ហ៊ុន ម៉ាណែត ​​ក៏​អ្វី​ៗ​បាន​​ប្រែប្រួល​ទៅ​​ គឺ​ “​ឈើ​ស្រប​ច្បាប់” បាន​ន័យ​ថា ​ឧកញ៉ា​ទាំងពីរ​​នៅ​តែ​មាន​ឱកាស​​កាប់​ឈើ​ដដែល​ សំខាន់​ឲ្យ​តែ​មាន​សំណែន​សែន​ឲ្យ ប៊ុន រ៉ានី និង​ ហ៊ុន ម៉ាណែត ស៊ីគ្រប់គ្រាន់​ តែ​បើ​មិន​គ្រប់​ទេ​ គុក គុក គុក”។

កាលពី​ដើម​ខែ​នេះ​​ ស្នងការដ្ឋាន​​នគរ​​បាល​ជាតិ​​បាន​បង្ហោះ​របាយការណ៍​មួយលើ​គេហទំព័រ​របស់​ខ្លួន​ ដោយ​ចោទ​លោក សំអុល ​ថា​បាន​​​លាង​ឈើ​ដែល​កាប់​ខុស​ច្បាប់​​តាម​រយៈ​​​សម្បទាន​ដី​សេដ្ឋកិច្ច​មួយ​កន្លែង​​នៅ​ខាង​ក្នុង​ជម្រក​សត្វព្រៃ​ភ្នំព្រិច នៅ​ខេត្ត​មណ្ឌលគិរី។​ក្រោយ​ពី​ព័ត៌មាន​នេះ​​​ជ្រួតជ្រាប​ដល់​បណ្ដាញ​ព័ត៌មាន សេចក្ដី​រាយការណ៍​នេះ​បាន​បាត់​ទៅ​វិញ​ពី​គេហទំព័រ ហើយ​ក្រុម​មន្ត្រី​​នគរ​បាល​បាន​លើក​ឡើង​ថា មិន​ដែល​មាន​ព័ត៌មាន​​​​នេះ​ទេ​។

ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​​ដែល​កើត​ឡើង​បន្ទាប់​មក​ទៀត​​ ឃ្លាំង​មួយ​ក្នុង​ខេត្ត​​ក្រចេះ​​របស់​លោក ប៊ុណ្ណា ​ត្រូវ​បាន​គេ​ឆែក​​​ឆេរ​រក​ឈើ​ខុស​ច្បាប់​​។ ​អភិបាល​ខេត្ត​មណ្ឌលគិរី​​​​​ក៏​បាន​មាន​ប្រសាសន៍​​នៅ​សប្ដាហ៍​នេះ​ដែរ​​ថា ​លោក ប៊ុណ្ណា ​បាន​ទទួល​​សម្បទាន​​ដី​សេដ្ឋកិច្ច​មួយ​កន្លែង​ក្នុង​ជម្រក​សត្វព្រៃ​​ភ្នំព្រិច​ បន្ទាប់ពី​លោក ហ៊ុន សែន ​បាន​ផ្អាក​​ការ​​​អភិវឌ្ឍ​បែប​នេះ​កាល​ពី​ឆ្នាំ​២០១២ ​ក៏​ប៉ុន្តែ​​ក្រសួង​បរិស្ថាន​បាននិយាយ​ថា ​កិច្ច​សន្យា​​​នោះ​​គឺ​គ្រាន់​តែ​​កាប់​ឆ្ការ​ព្រៃ​លើ​​​​​ដី​សម្បទាន​​​មួយ​កន្លែង​ដែល​លុប​ចោល​ប៉ុណ្ណោះ”។

សមាជិក​​គ្រួសារ​របស់​លោក ហ៊ុន សែន ​​កាលពី​មុន​ត្រូវ​បាន​​ភ្ជាប់​ទៅ​នឹង​ការ​​កាប់​ឈើ​ខុស​ច្បាប់​ ដែល​ឃើញ​​​​​​ព្រៃឈើ​របស់​​ប្រទេស​កម្ពុជា​​​ត្រូវ​កាប់​បំផ្លាញ​​ក្នុង​​អត្រា​ដ៏លឿន​បំផុត​មួយ​​នៅ​លើ​ពិភព​លោក ​ក្នុង​របាយការណ៍​​​ក្លូបលវិតណេស​ឆ្នាំ​២០០៧ ​ដែល​មាន​​ចំណង​ជើង​ថា ពង្សាវលី​កម្ពុជា (Cambodia’s Family Tree) ៖ ការ​កាប់​​ឈើ​ខុស​ច្បាប់​​ និង​ការ​​​ដក​ហូត​​ទ្រព្យ​សម្បត្តិ​សាធារណៈ”។ ​របាយការណ៍​បាន​សរសេរ​ថា ក្រុម​កាប់​ឈើ​ខុស​ច្បាប់​​ដ៏មាន​ឥទ្ធិពល​បំផុត​​ធ្វើ​ប្រតិបត្តិការ​ដោយ​​បង​ប្អូន​ជីដូនមួយ​​របស់​លោក ហ៊ុន សែន និង​អតីត​ភរិយា​​​របស់​គាត់​ជា​មិត្តភក្តិ​របស់​លោកស្រី ប៊ុន រ៉ានី។ រដ្ឋាភិបាល​​បាន​បញ្ជា​ឲ្យ​​​រឹបអូស​ និង​​បំផ្លាញ​របាយការណ៍​ថត​ចម្លង​ទាំង​អស់​នោះ​។

បន្ទាប់​ពី​ការ​ចេញ​របាយការណ៍​​មួយ​​មុន​នោះ​ស្ដីពី​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ឆ្នាំ​២០០៥ ​​”ការ​ជាប់​ពាក់​ព័ន្ធ​លក្ខណៈ​​ជាប្រព័ន្ធ(Taking a Cut)” ​អង្គការ​​ក្លូបលវីតណេស​ ត្រូវ​បាន​គេ​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា​ ទោះ​ជា​យ៉ាង​នេះ​ក្ដី អង្គការ​នេះ​បាន​បន្ត​​ធ្វើ​ការ​ស៊ើបអង្កេត​​លើ​ការ​​​​លួច​ប្លន់​យក​ធនធាន​ធម្មជាតិ​របស់​​ប្រទេស​កម្ពុជា​។

ឧត្ដម​សេនីយ៍​ឯក ម៉ាណែត បាន​មាន​ប្រសាសន៍​​ក្នុង​ការ​បង្ហោះ​របស់​លោក​​កាលពី​ថ្ងៃ​សុក្រ​ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​​ពីបទ​បរិហារកេរ្តិ៍​ទៅ​​នគរ​បាល​ជាតិ​ និង​បាន​ស្នើ​​​​ឲ្យ​ Chham Chhany ​ដែល​មាន​​ទំព័រ​ហ្វេសប៊ុក​របស់​គាត់​​និយាយ​ថា ​គាត់​រៀន​នៅ​អាមេរិក​ និង​​​ថា​គាត់​រស់​នៅ​ទីនោះ​ ត្រូវ​យក​មក​​ផ្ដន្ទាទោស​តាម​អំណាច​​​ច្បាប់​ទាំង​ស្រុង។

ម្ចាស់​គណនី​​ហ្វេសប៊ុក​នេះ​មិន​អាច​ទាក់​ទង​​បាន​​ភ្លាមៗ​​ដើម្បី​សុំ​ការ​ពន្យល់​ទេ​។

លោក នេត សាវឿន អគ្គស្នងការ​នគរ​បាល​ជាតិ​​​បាន​មាន​ប្រសាសន៍​ថា ​​​លោក​មិន​ទាន់​​​អាច​​ធ្វើ​​អត្ថាធិប្បាយ​ណាមួយ​​​ទាក់​ទិន​នឹង​បណ្ដឹង​របស់​ឧត្ដម​សេនីយ៍​ឯក ម៉ាណែត បាន​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​មិន​ទាន់​ទទួល​បាន​បណ្ដឹង​​នោះ​ដល់​ដៃ​ខ្ញុំ​នៅ​ឡើយ​​ទេ​”៕ និត​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស