29 C
Phnom Penh

សាលា​ឧទ្ធរណ៍​តម្កល់​​ការ​ចោទ​ប្រកាន់​​​មនុស្ស​​​​ចំនួន​១៣​​​នាក់​​​​​​​​​ក្នុង​សំណុំរឿង​​​នៅ​ផ្លូវ​វេងស្រេង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលា​ឧទ្ធរណ៍​​បាន​​តម្កល់​​​​​​ទុក​​​​​​ជា​​​​​​បាន​​​ការ​​​នូវ​​​ការ​ចោទ​ប្រកាន់​​ពីបទ​​​​អំពើ​​ហិង្សា​ដោយ​ចេតនា​ និង​​​​​​បង្ក​ការ​បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​លើ​មន្ត្រី​សហជីព​​ និង​​កម្មករ​ចំនួន​១៣​នាក់​​ដែល​​​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​កុបកម្ម​​​នៅ​ខាង​ក្រៅ​សួន​ឧស្សាហកម្ម​មួយ​ក្នុង​រាជធានី​​​ភ្នំពេញ ​កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៤ ដែល​​ពេល​នោះ​​​កង​រាជអាវុធ​ហត្ថ​បាន​បាញ់​ស្លាប់​​មនុស្ស​យ៉ាង​ហោច​ណាស់​ប្រាំនាក់​។

មនុស្ស​ទាំង​១៣​នាក់​នេះ​​ត្រូវ​បាន​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចោទ​ប្រកាន់​​កាលពី​ខែ​មីនា បន្ទាប់ពី​សវនាការ​​​​​មួយ​​​ដែល​​​បណ្តា​​​អង្គ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​យល់​​​ថា​​​មាន​គុណវិបត្តិ​ ប៉ុន្តែ​​​​​​​ត្រូវ​បាន​ដោះលែង​​​ឲ្យ​មាន​សេរីភាព​​​​ភ្លាមៗ​​​​​​​​​ហើយ​​​​​​ព្យួរ​​​​​​​​​ទោស​​​​​​​ជាប់​ពន្ធនាគារ​​​របស់​​​ពួកគេ​​​។ ​សវនាការ​ឧទ្ធរណ៍​របស់​ពួកគេ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​សប្ដាហ៍​មុន​​ដោយ​គ្មាន​វត្តមាន​របស់​ពួកគេ​។

​នៅ​ឯ​សាលា​ឧទ្ធរណ៍​កាលពី​ម្សិល​មិញ ​ដែល​​​​គ្មាន​​​វត្តមាន​​​របស់​​​​​ជនជាប់​ចោទ​ដែរ​នោះ ​ចៅក្រម​ ចាយ ច័ន្ទតារាវណ្ណ ​បាន​ប្រកាស​ថា ​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ត្រូវ​បាន​តម្កល់​ទុក​ជាបាន​ការ​។

​ចៅក្រម​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “​នៅ​ពេល​នោះ [ពេល​​កុបកម្ម​] នគរ​​​បាល​​​​បាន​ប្រាប់​ពួកគេ​​​​ឲ្យ​ឈប់​ ហើយ​​​​ចាក​ចេញ ប៉ុន្តែ​បាតុករ​មិន​ស្ដាប់ ហើយ​ពួកគេ​បាន​គប់​ដុំថ្ម​ និង​ដបសាំង និង​​​​ប្រើ​ប្រាស់​​​ចំពាម​​កៅស៊ូ​ទៅ​លើ​កង​រាជអាវុធ​ហត្ថ និង​នគរ​បាល​​​​បណ្ដាល​ឲ្យ​កង​រាជអាវុធហត្ថ និង​​នគរ​បាល​​រង​របួស​ធ្ងន់​ និង​ធ្វើ​ឲ្យ​​មន្ត្រី​ម្នាក់​ពិការ​ភ្នែក​ម្ខាង​។ នេះ​​​គឺ​ជា​ទង្វើ​ខុស​ច្បាប់​ដែល​បាន​បង្ក​ការ​ខូច​ខាត​ដល់​ទ្រព្យ​សម្បត្តិ​សាធារណៈ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។ មាន​​​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​សក្ខី​កម្ម​​​របស់​ជន​រងគ្រោះ…។ ចៅក្រម​សវនាការ​​មិន​​​​អាច​ជឿ​​លើ​ចម្លើយ​របស់​ចុង​ចោទ​​ដែល​និយាយ​ថា ​ពួកគេ​មិន​បាន​ចូល​រួម​បាតុកម្ម​ ប៉ុន្តែ​គ្រាន់​តែ​​ឈរ​មើល​​​​បាន​​​​​​ទេ”។

ចៅក្រម​រូប​នេះ​​មិន​បាន​​បក​ស្រាយ​​ថា ​តុលាការ​​​មាន​​​ភ័ស្តុ​​​តាង​​​​​​អ្វី​​​ដើម្បី​​​​​​ភ្ជាប់​​ជន​ជាប់​ចោទ​ទៅនឹង​អំពើ​ហិង្សា​នោះ​ឡើយ។ អំឡុង​សវនាការ​ដំបូង​របស់​​​​ខ្លួន​​​នៅ​សាលា​​ដំបូង​​រាជធានី​ ជន​ជាប់​ចោទ​​​ទាំង​អស់​សុទ្ធតែ​អះ​អាង​ថា ខ្លួន​​មិន​បាន​ចូល​រួម​ក្នុង​កុបកម្ម​ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​​​​​​ដោយ​​​គ្រាន់​តែ​ពួកគេ​នៅ​ក្បែរៗ​នោះ​។ នៅ​ពេល​មេធាវី​របស់​ពួកគេ​​​​សាកសួរ​មន្ត្រី​ថា​ តើ​ពួកគេ​បាន​ឃើញ​ចុង​ចោទ​​​​​ណាម្នាក់​ក្នុង​ចំណោម​ចុង​ចោទ​ទាំង​នេះ​ចូល​រួម​​ក្នុង​អំពើ​ហិង្សា​​មែន​​ដែរ​ទេ មន្ត្រី​ទាំង​នោះ​​​និយាយ​ថា មិន​ឃើញ​ទេ។

​លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេក​ទេស​​​ស៊ើបអង្កេត​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា មន្ត្រី​​​​​​​​​ប្រដាប់​​​អាវុធ​​​ទាំង​នេះ​បាន​​សារ​​​ភាព​​​​​ទទួល​​​ស្គាល់​​​​ដូចគ្នា​​អំឡុង​សវនាការ​របស់​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី២៧ ខែ​មករា។ លោក អំ​ សំអាត ដែល​​បាន​ចូល​រួម​សវនាការ​​​​​​នេះបាន​អះអាង​ដែរ​ថា ​ក្នុង​ចំណោម​​​នគរ​បាល​ ឬ​កង​រាជអាវុធ​ហត្ថ​ដែល​បាន​ឆ្លើយតប​នឹង​កុបកម្ម​នោះ គ្មាន​នរណា​ម្នាក់​ប្រដាប់​ដោយ​អាវុធ​ក្រៅ​តែ​ពី​ខែល​ ដំបង និង​​ទម្រ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ឡើយ។

យ៉ាង​ហោច​ណាស់​កម្មករ​កាត់​ដេរ​ប្រាំ​នាក់​​​ត្រូវ​បាន​បាញ់​ស្លាប់​​​ក្នុង​​​​ថ្ងៃ​កុបកម្ម​នោះ ហើយ​​​​ជាង​៤០​នាក់​ផ្សេង​ទៀត​​រង​របួស​​ដោយ​​​សារ​គ្រាប់​កាំភ្លើង។ រូប​ភាព​​នៅ​កន្លែង​កើត​ហេតុ​​បង្ហាញ​​ពី​សកម្មភាព​​​កង​រាជ​អាវុធ​ហត្ថ​​​បាញ់​កាំភ្លើង​អាកា​៤៧។ គ្មាន​ភ័ស្តុតាង​​​ដែល​​​បង្ហាញ​​​​ថា ​នរណា​ម្នាក់​ផ្សេង​​ទៀត​ប្រដាប់​​ដោយ​អាវុធ​​ ត្រូវ​បាន​​​ចុះ​​​ផ្សាយ​​​ជា​​​​សាធារណៈ​ឡើយ។

លោក អំ សំអាត បាន​រិះគន់​សាលា​ឧទ្ធរណ៍​​​ចំពោះ​ការ​បើក​សវនាការ​​ដោយ​គ្មាន​វត្តមាន​​​​​របស់​​​ចុង​ចោទ​​​។ លោក​បាន​មាន​ប្រសាសន៍​ថា ​”​មេធាវី​ទាំង​អស់​របស់​ពួក​​​គេ​​​បាន​ស្នើ​សុំ​ឲ្យ​​​ចៅក្រម​សវនាការ​ពន្យារពេល​ ព្រោះ​​​ពួក​​​​គាត់​​ចង់​ស្វែង​រក​កូនក្ដី​​​របស់​​​​ខ្លួន​​​​ដើម្បី​ចូល​រួម​សវនា​ការ​ ប៉ុន្តែ​​ចៅក្រម​​មិន​យល់​ព្រម​។ ចៅក្រម​ការ​បាន​បញ្ជូន​ដីកា​ទៅ​កាន់​អាសយដ្ឋាន​​របស់​​​​​ពួកគេ​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​បាន​រើ​ចេញ​អស់​ទៅ​ហើយ​”។

​ពេល​ទាក់​ទង​បន្ទាប់ពី​សាល​ដីកា​នេះ​ត្រូវ​បាន​ប្រកាស​ ចៅក្រម​​ ចាយ ច័ន្ទតារាវណ្ណ ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​​ទេ​នៅ​ពេល​​​​គេ​សួរ​ថា ហេតុ​អ្វី​បាន​ជា​តុលាការ​មិន​ចាត់​វិធាន​ការ​បន្ថែម​ដើម្បី​ជូន​ដំណឹង​ដល់​ចុង​ចោទ​អំពី​សវនាការ​នេះ​ ដោយ​បង្វែរ​សំណួរ​ទៅ​លោក​ទូច​ ផារិទ្ធ អ្នក​នាំពាក្យ​តុលាការ​ដែល​បដិសេធ​​មិន​ឆ្លើយ​បំភ្លឺ​ដូច​​​គ្នា​​​​។

ជន​​ជាប់​ចោទ​ម្នាក់​ឈ្មោះ រស់ សោភ័ណ្ឌ ​បាន​អះអាង​ថា ​​​ខ្លួន​គឺ​ជា​អ្នក​ឈរ​មើល​ដែល​គ្មាន​កំហុស​នៅក្នុង​​​​ថ្ងៃ​កើត​មាន​កុបកម្ម​ ហើយ​​​​និយាយ​ថា គាត់​នឹង​និយាយ​ជាមួយ​មេធាវី​របស់​ខ្លួន​ថា​តើ​ត្រូវ​ប្ដឹង​សាទុក្ខ​​ទៅ​តុលាការ​កំពូល​ឬយ៉ាង​ណា។ គាត់​និយាយ​ថា “​ខ្ញុំ​នឹង​បន្ត​​​​ស្វែង​រក​យុត្តិធម៌ ពីព្រោះ​​រឿង​នេះ​អយុត្តិ​ធម៌​​​ណាស់​សម្រាប់​ខ្ញុំ”៕ សុខុម​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស