38.1 C
Phnom Penh

​បុរស​ជា​ប្ដី​និយាយ​ថា ប្រពន្ធ​របស់​ខ្លួន​​​បាត់​បង់​ជីវិត​ បន្ទាប់​ពី​​​​​​គ្រូពេទ្យ​​មិន​​ព្រម​​​សង្គ្រោះ​បន្ទាន់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​អាយុ​៣១​ឆ្នាំ​ម្នាក់​ដែល​រង​របួស​ក្បាល​​​ធ្ងន់​ធ្ងរ​នៅ​ក្នុង​សកម្មភាព​​វាយ​ប្រហារ​ដោយ​ជន​ប្រដាប់​ដោយ​ពូថៅ​នៅ​​ក្រុង​ព្រះ​សីហនុ​កាល​ពីថ្ងៃ​អង្គារ​ បាន​ស្លាប​់​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​​រសៀល​ម្សិលមិញ បន្ទាប់ពី​គ្រូ​ពេទ្យ​មិន​ព្រម​ស្គែន​​ខួរ​ក្បាល បញ្ចូលឈាម​ និង​វះកាត់ឲ្យ​ នេះបើយោង​តាម​ប្តី​របស់ស្ត្រីរូបនេះ។

អ្នកស្រី​ អ៊ុំ​ ផាន់​ណា​ អាយុ​៣១​ឆ្នាំ​ និង​ម្តាយ​​​របស់​អ្នកស្រី​​ឈ្មោះ​ ទូច​ សំអូន​ អាយុ​៦៧​ឆ្នាំ​ ព្រមទាំង​កូន​ប្រុស​អាយុ​៥​​ឆ្នាំ​របស់គាត់​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​កាល​​ពី​រសៀល​ថ្ងៃអង្គារ​​ បន្ទាប់​ពី​ពូួកគាត់​​ជាមួយនឹង​កូន​ៗ​​បួននាក់ផ្សេង​ទៀតត្រូវ​ជន​សង្ស័យ​មិន​ស្គាល​់អត្តសញ្ញាណ​វាយ​នឹង​ខ្នង​ពូថៅ​​​ ខណៈ​ពួកគាត់​កំពុង​ដេកលង់លក់​នៅក្នុង​ផ្ទះ​ដ៏តូច​មួយ​ក្នុង​សង្កាត់​១ ​ក្រុង​ព្រះសីហនុ។​

កូនស្រី​​ម្នាក់​​អាយុ​១៣​ឆ្នាំ​ក្នុង​ចំណោម​កូន​ទាំង​បួន​​នាក់​នេះ​​របស់​អ្នកស្រី អ៊ុំ ផាន់ណា ក៏​បាន​ស្លាប់​ដោយ​សារ​របួស​ដែរ​កាលពី​ម្សិល​មិញ ពេល​កំពុង​ត្រូវ​បាន​ដឹក​​ពី​​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​​មក​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា ក្នុង​រាជធានី​ភ្នំពេញ​ ជាមួយ​​បង​ប្អូន​បង្កើត​ពីរ​នាក់​ផ្សេង​ទៀត​។

cam-photo-massacre-front-jens1​នៅ​ផ្លូវ​​ខាង​ក្រៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​​​ក្នុង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត​ ​មិន​យូរ​ប៉ុន្មាន​មុន​ពេល​​ប្រពន្ធ​​​​ស្លាប់​នៅ​ម៉ោង​​​​ប្រហែល​​​​១​​រសៀល​​កាល​ពី​ម្សិលមិញ ​លោក គង់ ភារម្យ ​ដែល​​​​​​​កំពុងតែ​​នេសាទ​​​នៅ​ឯ​សមុទ្រ​ ពេល​ហេតុ​​ការណ៍​វាយ​ប្រហារ​កើត​​​​ឡើង ​បាន​ខំប្រឹង​ទប់​ទឹក​ភ្នែក​​​​ទាំង​អារម្មណ៍​ក្ដុក​ក្ដួល​យ៉ាង​ខ្លាំង ​ពេល​កំពុង​ពន្យល់​អំពី​​ការ​ទាក់​ទង​របស់​គាត់​ជាមួយ​បុគ្គលិក​ពេទ្យ​​​នៅ​ពេលថ្ងៃ​និងពេល​យប់​​​មុន​ពេល​​ប្រពន្ធ​​របស់​គាត់​ស្លាប់​។

លោក ភារម្យ បាន​និយាយ​ថា “​នៅ​ម៉ោង​​៨យប់​​ម្សិលមិញ (ថ្ងៃ​អង្គារ​) ខ្ញុំ​បាន​​ទៅ​ជួប​គ្រូ​ពេទ្យ​ម្នាក់ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ប្រពន្ធ​​ខ្ញុំ​ត្រូវ​ស្គែន​ក្បាល​​មុន​ពេល​វះកាត់​ ប៉ុន្តែ​​​ពួកគេ​បានទុក​ប្រពន្ធ​​ខ្ញុំ​ចោល​ពេល​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​គ្មាន​លុយ​គ្រប់​គ្រាន់​​​​ បន្ទាប់ពី​គ្រូពេទ្យ​រូប​​នេះ​តម្រូវ​ឲ្យ​បង់​ប្រាក់​២៥០​ដុល្លារ​សម្រាប់​ការ​ស្គែន​”។ ​គាត់​បាន​បន្ថែម​ថា ​គាត់​មិន​ចាំឈ្មោះ ​​ឬ​មុខ​របស់​គ្រូពេទ្យ​រូប​នេះ​ទេ។

គាត់​​បាន​និយាយ​ទៀត​ថា “​បន្ទាប់ពី​ខ្ញុំ​ឃើញ​​​ថា ស្ថានភាព​​មិន​ស្រួល ​​ខ្ញុំ​បាន​ហៅ​គ្រូពេទ្យ​ឲ្យ​​​វះកាត់​ប្រពន្ធ​របស់​ខ្ញុំ ​ប៉ុន្តែ​គាត់​និយាយ​ថា ‘​​អ្នក​​​ត្រូវ​បង់​ប្រាក់​២៥០​ដុល្លារ​សម្រាប់​ការ​ស្គែន​​​​ក្បាល​​ទើប​យើង​អាច​​​ធ្វើ​ការ​វះកាត់​បាន​”។

​លោក​ ភារម្យ បាន​បន្ថែម​ថា ​ក្រោយ​មក​​គាត់​បាន​បង្ហាញ​​ប័ណ្ណ​​​ក្រីក្រ​​ដែល​ចេញ​ដោយ​​អាជ្ញាធរ​សង្កាត់​​ឲ្យ​គ្រួសារ​​​​គ្មាន​លទ្ធភាព​​​បង់​ថ្លៃ​សេវា​ថែទាំ​សុខភាព​​ដល់​គ្រូពេទ្យ​រូប​នេះ​ ប៉ុន្តែ​គាត់​​​ត្រូវ​គ្រូពេទ្យ​រូបនេះ​ប្រាប់​ថា ​ប័ណ្ណ​នេះ​ត្រូវ​តែ​មាន​ការ​បញ្ជាក់​បន្ថែម​​ពី​តំណាង​​អង្គការ​មួយ​​ជាមុនសិន​ ដោយ​​ឲ្យ​គាត់​ទៅ​រង់ចាំ​នៅ​ក្នុង​បន្ទប់រង់ចាំ​​របស់​មន្ទីរ​ពេទ្យ។

​គាត់​​បាន​លើក​ឡើង​ទៀត​ថា គាត់​មិន​ស្គាល់​​​ឈ្មោះ​អង្គការ​នោះ​ទេ។

លោក ភារម្យ បាន​និយាយ​ថា “​បន្ទាប់ពី​ខ្ញុំ​បាន​ជួប​ជាមួយ​អង្គការ​នោះហើយ​​ទទួល​បាន​​​លិខិត​​មួយ​ពី​ពួកគេ​ដោយ​បញ្ជាក់​ថា យើង​គឺ​ជា​អ្នក​ក្រីក្រ​​ គ្រូពេទ្យ​រូប​នេះ​បាន​ប្រាប់​ខ្ញុំ​​​​ឲ្យ​រក​ឈាម​ដោយ​ខ្លួនឯង​​សម្រាប់​​​គ្រួសារ​​របស់​ខ្ញុំ​​ ប៉ុន្តែ​នៅ​ម៉ោង​ប្រហែល​​៩​ព្រឹក​ថ្ងៃ​នេះ ​​ពួកគេ​​​ប្រាប់​ខ្ញុំ​ថា ប្រពន្ធ​របស់​ខ្ញុំ​​​ទំនង​ជា​មិន​រស់​ទេ​”។ ​គាត់​បាន​បន្ថែម​ថា គ្រូពេទ្យ​បាន​ប្រាប់​គាត់​ថា ​ប័ណ្ណ​ក្រីក្រ​របស់​គាត់​​​មាន​ប្រយោជន៍​​តែ​បន្តិច​​​បន្តួច​ប៉ុណ្ណោះ​នៅ​ក្នុង​ករណី​ណាមួយ​។ “​គាត់​បាន​ប្រាប់​ខ្ញុំ​ថា វា​ប្រើ​បាន​សម្រាប់​តែ​របួស​តូច​តាច​ប៉ុណ្ណោះ​ ហើយថា​​ក្នុង​ស្ថានភាព​ដូច​ជា​ស្ថានភាព​របស់​ខ្ញុំ វា​មិន​អាច​​​ជួយ​បាន​ទេ”។ ​​គាត់បន្ថែមទៀត​ថា គាត់​បាន​​​ចំណាយ​ពេល​ដែល​នៅ​សល់​ក្នុង​យប់​នោះ​​​ច្របាច់​ឧប​ករណ៍​​​ជំនួយ​ដង្ហើម​ដោយ​ដៃ​ដើម្បី​​បញ្ចូល​ខ្យល់​អុក​ស៊ីសែន​ឲ្យ​ប្រពន្ធ​របស់គាត់​​។

ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​បន្ទាប់ពី​​ប្រពន្ធ​របស់​គាត់​ស្លាប់​​កាលពី​រសៀល​ម្សិលមិញ ​លោក ភារម្យ បាន​លើក​ឡើង​ថា ​​​គាត់​ជាមួយ​នឹង​សមាជិក​គ្រួសារ​ម្នាក់​​​ទៀត​​ក៏​បាន​​​​យល់​ព្រម​ផ្ដល់​ឈាម​ទៅ​ឲ្យ​ប្រពន្ធ​របស់​គាត់​ដែរ ប៉ុន្តែ​ត្រូវ​គ្រូពេទ្យដដែល​នេះ​ប្រាប់​ថា ​​​​មិន​អាច​បញ្ចូល​ឈាម​បាន​ទេ​​ ប្រសិន​បើ​​គ្រួសារ​របស់​គាត់​មិន​អាច​​បង់​ថ្លៃ​សម្រាប់​ការ​ស្គែន​​​ខួរក្បាល​នោះ​។

លោក ភារម្យ បាន​និយាយ​ថា “​​ខ្ញុំ​ជាមួយ​នឹង​​​​បងប្អូន​ថ្លៃបាន​សម្រេច​​​ផ្ដល់​ឈាម​​​​ឲ្យ​ប្រពន្ធ​របស់​ខ្ញុំ ប៉ុន្តែ​គ្រូពេទ្យ​រូបនេះ​ប្រាប់​ខ្ញុំ​ថា ទោះ​បី​ជា​ខ្ញុំ​មាន​ឈាម​​ក៏ដោយ​ក្ដី តែ​ខ្ញុំ​ត្រូវ​បង់​ថ្លៃ​​​ម៉ាស៊ី​ស្គែន​ជាមុន​សិន​”។

ប្រហែល​៣០​នាទី​មុន​ពេល​អ្នកស្រី អ៊ុំ ផាន់ណា បាន​ស្លាប់​ ​គ្រូពេទ្យ​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​​​បាន​ប្រាប់​​អ្នក​យក​​ព័ត៌មាន​​​​​ថា ​​​​ស្ត្រី​រូប​នេះ​ទំនង​ជា​​រង​របួស​ធ្ងន់​​ពេក​​​មិន​អាច​​ព្យាបាល​បាន​ឡើយ។

​បុរស​រូប​នេះ​​ដែល​​បដិសេធ​មិន​​ព្រម​ប្រាប់​​ឈ្មោះ ប៉ុន្តែ​មាន​ពាក់​កាតដែល​មាន​ឈ្មោះ​ថា “​សាមឌី” ​បាន​និយាយ​ថា “​ប្រពន្ធ​របស់​គាត់​​​​​​ទំនង​ជា​មិន​​​រស់​ទេ ព្រោះ​​របួស​​ធ្ងន់​ពេក​  ហេតុ​​​ដូច្នេះ​​​យើង​មិន​អាច​ជួយ​បាន​​ឡើយ​​”។ ​​​​​​​​​

នៅពេល​សួរ​ថា តើ​ហេតុអ្វី​បាន​ជា​លោក ភារម្យ​ ត្រូវ​បាន​គេ​​ប្រាប់ថា ប្រពន្ធរបស់​​​គាត់​​​​ត្រូវ​ការ​​ប្រាក់​២៥០ដុល្លារ​ដើម្បី​ស្គែន​ខួរ​ក្បាល បញ្ចូលឈាម និង​វះ​កាត់​ ​​បើ​ដឹង​ថា​គាត់​​​​​ទំនង​ជា​មិន​រស់​​នោះ លោក​​បាន​បដិ​សេធមិន​ឆ្លើយ​សំណួរនេះទេ​​ ហើយ​បាន​ឆ្លើយ​​​​​​​តប​ដោយ​ការ​ពន្យល់​ថា ជា​​នីតិវិធីវះកាត់​របស់​​​មន្ទីរពេទ្យ។

លោក​​បាននិយាយ​ថា “តាម​លក្ខណៈ​បច្ចេក​​ទេស យើង​ត្រូវ​ពិនិត្យ​ជាមុន​សិន​ ហើយ​ប្រសិន​​​​បើ​​ការ​ស្គែន​រក​ឃើញ​ថា មាន​ឱកាស​សូន្យ​ភាគ​​​រយនៅរស់​នោះ យើង​មិន​អាច​ជួយ​ផ្តល់​ការ​វះកាត់​បាន​ទេ”។ លោក​បាន​បន្ថែម​ថា អ្នកស្រី អ៊ុំ ផាន់ណា មិន​បាន​ឆ្លើយ​តប​តាម​តម្រូវ​ការ​សម្រាប់ការ​ស្គែន​ទេ។

មុនពេល​គំរាម​ហៅ​សន្តិសុខ​​ប្រសិន​បើ​អ្នក​យក​ព័ត៌មាន​មិន​ចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ទេនោះ លោក​បាន​និយាយ​ថា “​ប្រសិន​បើ​យើង​ឃើញ​ថា គាត់​ដឹង​ខ្លួន ក្អួត​ឈាម ឬ​មាន​អារម្មណ៍ឈឺក្បាល យើង​ត្រូវ​តែស្គែន​ហើយ​”។

ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​កាលពី​រសៀល​​​​ម្សិលមិញ លោក ឆឹង​ យ៉ាវយ៉េន អនុ​ប្រធាន​​មន្ទីរពេទ្យ​នេះ​​បានមាន​ប្រសាសន៍ថា លោក​មិន​ដឹង​ពី​ករណីនេះទេ ប៉ុន្តែ​ថា ប័ណ្ណ​ក្រីក្រ​​មិន​​​អាច​ប្រើ​ដើម្បីទទួលបាន​ការ​ព្យាបាល​​សម្រាប់​​គ្រួសារ​ទាំងមូល​ទេ ប៉ុន្តែ​​បាន​សម្រាប់តែអ្នក​​ដែលមាន​ឈ្មោះ​ក្នុង​កាត​នោះតែ​ប៉ុណ្ណោះ។

លោក យ៉ាវយ៉េន បាន​ថ្លែង​ថា “​ប័ណ្ណក្រីក្រ​ ​​មាន​ន័យថា នៅពេល​គេ​បង្ហាញ​វា ដូច​ជា​អ្នក​យក​លុយ​មក​អ៊ីចឹង​។ ប័ណ្ណក្រីក្រ​​ត្រូវ​បាន​ប្រើ​សម្រាប់​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ ដូច្នេះ​តើ​អ្នក​អាច​ប្រើ​វា​ដើម្បី​ជួយ​គ្រួសារ​ទាំង​មូល​ដូច​ម្តេចកើត”។

លោក យ៉ាវយ៉េន បាន​លើកឡើង​ថា បញ្ហា​​របស់លោក ភារម្យ​​ប្រហែល​ជា​កើត​ឡើង​ដោយ​សារ​​ទំនាក់ទំនង​មានការ​ភាន់ច្រឡំ​​​រវាង​​​​​បុរស​មាន​ទុក្ខ​រូបនេះ​ និង​បុគ្គលិក​របស់​លោក។

លោក​បាន​និយាយ​ថា “​វាអាច​ថា គាត់​បាន​​​ប្រាប់​​ពួកគេ​ថា គាត់​មាន​លុយ”។​លោក​បាន​បន្ថែម​ថា តាមពិត​ការ​យក​ថ្លៃ​​សេវា​២៥០​ដុល្លារ​​​​​​ជា​​អត្រា​​​ធម្មតា​សម្រាប់​ស្គែន​ខួរ​ក្បាល​នៅ​មន្ទីរ​ពេទ្យ​នេះ។

លោក យ៉ាវយ៉េន បាន​បន្ថែម​ថា ប្រសិន​បើ​​​លោក ភារម្យ​​ចង់​ឱ្យ​ប្រពន្ធរបស់គាត់​ទទួល​បាន​​​​ការ​បញ្ចូល​ឈាម វា​ជាការ​ទទួល​ខុស​ត្រូវ​​របស់​គាត់​។

លោក​បាន​និយាយ​ថា “​ទី១ គ្រួសារនេះ ​ត្រូវ​​​​រក​ឈាម​ដោយ​ខ្លួន​ឯង បើ​មិន​ដូច្នោះ​ទេ សុំ​ឈាមពី​សាច់​ញាតិ​របស់ខ្លួន។ ប្រសិនបើ​ស្ថានភាព​ពិត​ជា​ត្រូវ​ការ​មែន នោះ​មន្ទីរ​ពេទ្យ​​​​នឹង​បរិច្ចាគ ប៉ុន្តែ​​គាត់​ត្រូវ​យល់ថា ឈាម​មិន​អាច​ទិញ​ដោយ​ងាយ​ស្រួលទេ ហើយ​យ៉ាង​ហោច​ណាស់​គាត់​ត្រូវ​រក​អ្នក​បរិច្ចាគ​ឈាម”។

លោក ងី ម៉េង ប្រធាន​មន​្ទីរពេទ្យ​​​នេះ​មិន​បាន​​នៅ​ការិយាល័យទេកាលពី​ម្សិល​មិញ​ ហើយ​មិន​អាច​ទាក់​ទង​តាម​ទូរស័ព្ទបាន​ឡើយ​។

លោក ជេមស៍ ម៉ាកខេប (James McCabe) ប្រធានអង្គភាព​គាំពារ​កុមារ​​ជា​អង្គភាព​បង្កើត​​​គោលនយោបាយ​មួយ​ដែលទទួលបាន​ការ​ឧបត្ថម្ភគាំទ្រ​ពី​មូលនិធិ​កុមារ​កម្ពុជា​​ដែល​កំពុង​ជួយ​ដល់ការ​ស៊ើប​អង្កេត​ និង​ផ្តល់ការ​គាំទ្រ​ដល់​គ្រួសារនេះ​​បានមាន​ប្រសាសន៍​កាលពី​ម្សិល​​​មិញ​ថា កូន​ៗ​ទាំងបី​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា រួម​ទាំង​កូន​​អាយុ​៥ឆ្នាំ​ដែល​ចូលសម្រាក​ព្យា​បាល​​​​​ដំបូង​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ ស្ថិត​ក្នុងស​ភាព​នឹង​នរ។

លោក​បាន​ថ្លែង​ថា គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​​​​​មិត្តភាព​ខ្មែរ-សូវៀត​​បាន​សម្រេច​​ថា​របួស​របស់​​​អ្នកស្រី សំអូន​ ជា​ជីដូនទំនង​ជា​​ “មិន​រស់ទេ”។

ខណៈដែល​លោក ភារម្យ​ បានដឹក​សព​ប្រពន្ធនិង​កូនស្រី​របស់គាត់​ត្រឡប់ទៅ​ក្រុង​ព្រះ​សីហនុវិញ​កាលពី​យប់មិញ លោក ជួន សុវណ្ណ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានមាន​ប្រសាសន៍ថា កម្លាំងរបស់លោក​​កំពុង​បន្ត​ស៊ើប​អង្កេត​​ការ​វាយ​ប្រហារ​លើ​គ្រួសារនេះ។

លោក​​ថ្លែង​ថា “​ថ្ងៃនេះ យើង​មាន​តម្រុយ​បន្ថែមទៀត​​ពី​ការ​ស៊ើប​អង្កេត​របស់យើង ប៉ុន្តែ​​​​វា​មិន​ងាយ​ស្រួល​ក្នុងការ​ចាប់ជន​សង្ស័យ​ក្នុង​ករណី​នេះទេ ពីព្រោះ​វា​ក៏​​អាចជា​អំពើ​ប្លន់​ដែរ​។ ប៉ុន្តែ​​យើង​មិនបណ្តោយ​ឱ្យ​ជន​សង្ស័យ​​​​​រូប​នេះ​រួច​ខ្លួន​យូរ​ទេ”៕ស៊ុយឈាង និង​ សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស