33 C
Phnom Penh

​លិខិត​​ពី​តំ​ណាង​រាស្ត្រ​បក្ស​ប្រឆាំង​​​​ស្ដីពី​ការ​ផ្ដល់​សម្បទាន​​​ដី​ដល់​កង​​​​​​ទ័ព​វៀតណាម ​​​ត្រូវបាន​ផ្អឹប​​​​​​ទុក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក ហេង សំរិន ប្រធាន​​​រដ្ឋសភា​​​​​​​​​​​​បាន​​​​​​បដិសេធ​​​​​​មិន​​​​​​​បញ្ជូន​​​បន្ត​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឡើយ​​​​​​នូវ​​លិខិត​​​​​របស់​តំណាង​រាស្ត្រ​​​គណ​បក្ស​​​ប្រឆាំង​មួយ​រូប​ ដែល​ស្នើសុំ​​​ឲ្យ​​​​​លុប​ចោល​​​​ចម្ការ​​កៅស៊ូ​​​​មួយ​​​ចំនួន​​​​​​​​​​​​ដែល​​​​​​​​​គ្រប់គ្រង​ដោយ​មេបញ្ជាការ​កង​ទ័ព​វៀតណាម ​ព្រោះ​​​​​​​​​​​​​​វា​រំលោភ​រដ្ឋធម្មនុញ្ញ​​​​​។​

លិខិត​​​ចុះ​​​​កាល​​​បរិច្ឆេទ​​​​​​​​​ថ្ងៃទី​២៥ ខែ​មករា ​​របស់​​​​​​លោក​​ អ៊ុំ សំអាន តំណាង​រាស្ត្រ​គណ​បក្ស​​​​​សង្គ្រោះ​ជាតិ​នេះ កើត​មាន​ឡើង​​​បន្ទាប់ពី​​កាសែត ខេមបូឌា ដេលី បាន​ចុះ​ផ្សាយ​កាល​ពី​​ខែ​ធ្នូ ដោយ​លាត​ត្រដាង​ថា យោធា​វៀត​ណាម ​​​បាន​​​​​​កាន់​កាប់​​ចម្ការ​កៅស៊ូ​ចំនួន​បួន​ជា​បន្ត​បន្ទាប់​​​​ដែល​មាន​ផ្ទៃ​សរុបជិត​៤០.០០០ហិកតា​នៅ​ក្នុង​ខេត្ត​រតនគិរី តាម​បណ្ដោយ​ព្រំដែន​​​កម្ពុជា​-​វៀតណាម។

cam-map-ELCs-800x694កាលពី​ម្សិលមិញ លោក ឡេង ប៉េងឡុង អ្នក​នាំពាក្យ​​ និង​​ជា​អគ្គលេខាធិការ​រដ្ឋសភា​​​​បាន​បញ្ជាក់​ថា ​​​ពិត​ជាទទួល​បាន​លិខិត​នេះ​មែន ហើយ​​មាន​ប្រសាសន៍​​​ថា រដ្ឋ​​​សភា​​​​​​នឹង​មិន​បញ្ជូន​​​​វា​​ទៅ​នាយករដ្ឋមន្ត្រី​ឡើយ។ លោក​​​​បាន​​​គូស​​​បញ្ជាក់​ថា “​សម្ដេច​ [លោក ហេង សំរិន] មិន​បាន​បញ្ជូន​លិខិត​នេះ​ទៅ​សម្ដេច​នាយក​រដ្ឋមន្ត្រី​​​ទេ ពីព្រោះ​សម្ដេច​យល់​ថា លិខិត​នេះ​​​ជា​ការ​​​​ឃោសនា​របស់​បុគ្គល​ម្នាក់​ និង​គ្មាន​លក្ខណៈ​​​សម្បត្តិ​​គ្រប់​​​​​​គ្រាន់”។

​​​​​​​ក្នុង​លិខិត​​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេស​​ប៊ុក​​​របស់​​​​ខ្លួន​​​នេះ លោក អ៊ុំ​ សំអាន បាន​​​បញ្ជាក់​ថា ​សម្បទាន​ដី​សេដ្ឋកិច្ច​​​រំលោភ​រដ្ឋធម្មនុញ្ញ​ ពីព្រោះ​វា​ស្មើ​នឹង​​មូលដ្ឋាន​ទ័ព​វៀត​ណាម ​ទោះបី​ជា​គ្មាន​ភ័ស្តុតាង​បង្ហាញ​ពី​សកម្មភាព​យោធា​​នៅ​លើ​​ដីនោះ​​​ក៏​​​ដោយ​​​។

​លិខិត​នេះ​មាន​​ខ្លឹម​សារ​ដូច្នេះ​​​​ថា ”សូម​សម្តេច​​​​នាយក​​រដ្ឋ​មន្ត្រី​មេត្តា​​ពិនិត្យ​ និង​​ដក​ហូត​​​ដី​សម្បទាន​​សេដ្ឋ​កិច្ច​​ពី​កង​ទ័ព​​ប្រជា​ជន​​វៀតណាម ដែល​កាន់​​កាប់ ​និង​បោះ​ទីតាំង​​មូលដ្ឋាន​យោធា​លើ​​​ដី​សម្បទាន​សេដ្ឋ​កិច្ច​​នៅ​​ខេត្ត​រតនគិរី​​ ដោយ​​​​​ក្តី​អនុ​គ្រោះ​”។

​​​ទន្ទឹម​​នឹង​​​​​​នេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​​​​​​ខ្លួន លោក អ៊ុំ​ សំអាន ​បាន​ចោទ​​​ប្រកាន់​​​​លោក ហេង សំរិន ​​​ថា​​​បំពាន​​ទាំង​​​រដ្ឋធម្មនុញ្ញ និង​​​​បទ​​​​​​​​​បញ្ជា​​​​​​ផ្ទៃ​ក្នុង​រដ្ឋសភា​​​​តាម​រយៈ​ការ​បដិ​សេធ​​​​មិន​​​​បញ្ជូន​​​លិខិត​នេះ​បន្ត​ទៅ​លោក ហ៊ុន សែន។

លោក​​​​សរ​សេរ​ថា “សម្តេច​ ហេង សំរិន ប្រើ​សិទ្ធិ​អំណាច និង​​តួនាទី​របស់​សម្តេច​​​ក្នុង​នាម​ជា​​ប្រធាន​​រដ្ឋ​​សភា ​ហួស​ព្រំ​​ដែន​​”។

​​​​ទាក់​​​​​​ទិន​​​ការ​​​​​​លើក​​​ឡើង​​​​​​បែប​​​​​នេះ លោក​​ ឡេង ប៉េងឡុង បាន​​​ឆ្លើយ​​​តប​​​ថា ប្រធាន​រដ្ឋសភា​មាន​សិទ្ធិ​​​អំណាច​​​សម្រេច​ថា​​​​​លិខិត​ប្រភេទ​ណា​​គួរ​ទៅ​ដល់​លោក ហ៊ុន សែន ​​​ហើយ​​​បាន​​​​​​​​លើក​​​ឡើង​​​ជា​​​​​​​​​ទឡ្ហីករណ៍​​​​​​​​​ថា ​លោក​​​​​​នាយក​​​រដ្ឋ​​​​​​មន្ត្រ​ីបាន​​បក​ស្រាយ​​​យ៉ាង​​​​​​លម្អិត​​​​​​​ជា​សាធារណៈ​​​រួច​ទៅ​ហើយ​ជុំវិញ​​ជម្លោះ​ព្រំដែន​​​​រ៉ាំរ៉ៃ​របស់​កម្ពុជា ​ជាមួយ​វៀតណាម​។

​លោក​​​​មាន​​​ប្រសាសន៍​​​​​​ថា “​សម្ដេច​ប្រធាន​ [លោក ហេង សំរិន] មិន​បាន​​​រំលោភ​រដ្ឋធម្ម​នុញ្ញ​​​​ដូច​ការ​ចោទ​ប្រកាន់​​​នោះ​​​​ទេ ពីព្រោះ​សម្ដេច​​​​មាន​ឆន្ទានុសិទ្ធិ​នៅ​ពេល​បញ្ជូន​ឯកសារ​​ទៅ​រដ្ឋាភិបាល​។ ហើយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​​​​​ធ្លាប់​​​បាន​បក​ស្រាយ​រឿង​នេះ​រួច​មក​ហើយ ដូច្នេះ​​​​បើ​សម្តេច​​​​​​បញ្ជូន​​​លិខិត​នេះ​​​​ទៅ វា​គ្មាន​ប្រយោជន៍​ទេ​”។

លោក​​​បាន​បន្ថែម​​​​​​​​​​​ថា សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​​​​ត្រូវ​​​បាន​​​​​​លើក​​​ឡើង​ប្រាកដ​​​​​​ជា​​​ស្រប​ច្បាប់ ​​ពីព្រោះ​លោក​នាយក​រដ្ឋមន្ត្រី​​​​​​​​​​​ជា​​​​​​​​​អ្នក​អនុម័ត​វា​។ “​​​ទង្វើ​​​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ផ្ដល់​​សម្បទាន​​​ដី​​​សេដ្ឋកិច្ច​មិន​ខុស​ទេ​ ពីព្រោះ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ធ្វើ​អ្វីៗ​ផ្អែក​ទៅ​តាម​ច្បាប់​”។

លោក អ៊ុំ សំអាន ដែល​កំពុង​​​​​និរទេស​ខ្លួន​​​នៅ​​​បរទេស ​មិន​អាច​​ទាក់​ទង​​​​សុំ​ការ​បំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ។ តំណាង​រាស្ត្រ​គណ​បក្ស​​​ប្រឆាំង​រូប​នេះ​​​ស្ថិត​ក្នុង​ចំណោម​អ្នក​រិះគន់​​មិន​​​​សំចៃ​មាត់​បំផុត​ចំពោះ​​​​​ការ​​​ងារ​​​​​​កំណត់​​​ព្រំដែន​កម្ពុជា​-វៀតណាម ដែល​​​កំពុង​​​បន្ត​​​របស់​​​រដ្ឋា-ភិបាល ហើយ​បាន​សម្រេច​ចិត្ត​​​នៅ​បរទេស​សិន​​​ដោយសារ​ខ្លាច​​​​ត្រូវ​​​ចាប់​ខ្លួន ក្រោយពី​មាន​ការ​ចោទ​ប្រកាន់​​​រូប​​​លោក​​​​​​ជា​​​​​​​​​សាធារណៈ​​​​​​​ពី​​​បទ​​​​​​ញុះញង់​។

​​​កាល​​​ពី​​​ម្សិល​​​មិញ លោក អ៊ូ ច័ន្ទរិទ្ធ តំណាង​​​​​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​ ដែល​ជា​​​សហ​​​សេវិក​របស់​លោក អ៊ុំ សំអាន បាន​ច្រាន​ចោល​​​​​​កា​របក​ស្រាយ​​​របស់​លោក ឡេង ប៉េងឡុង ​​អំពី​​​​បទ​​​បញ្ជា​​​​​​ផ្ទៃ​ក្នុង​​​ដែល​កំណត់​​និយម​ន័យ​អំណាច​របស់​ប្រធាន​រដ្ឋសភា។ លោក​​​​​​​មាន​​​ប្រសាសន៍​​​ថា “​វា​មិន​ត្រឹម​​ត្រូវ​ទេ។ លិខិត​ទាំង​​​​អស់​​មិន​ថា​​លិខិត​ប្រភេទ​ណា​ក៏​​​ដោយ ​គួរ​តែ​បញ្ជូន​ទៅ​រដ្ឋាភិបាល​​ទាក់​​​ទិន​​​​​​បញ្ហា​ណាមួយ​ ហើយ​​​​ទុក​​​​​​ឲ្យ​រដ្ឋាភិបាល​ឆ្លើយ​តប​”។

គណបក្ស​ប្រឆាំង​​​ចោទ​ប្រកាន់​​​​​​ថា លោក ហេង សំរិន ធ្លាប់​​​បាន​​​ផ្អឹប​​​​​លិខិត​របស់​ខ្លួន​​​មិន​​​​​​​​ផ្ញើទៅ​​មន្ត្រី​​​រដ្ឋាភិបាល​​​​​​​​​ប៉ុន្មាន​​​​លើក​​​​​រួច​​​មក​​​ហើយ​​​កាលពី​មុន។

និយាយ​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​រតនគិរី ​​លោក អ៊ូ ច័ន្ទរិទ្ធ ​​​​​​ថ្លែង​​​​​​ថា វា​មិន​មែន​ជា​​​ជំហរ​​ផ្លូវ​ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​​ទេ​​​​ដែល​ថា ចម្ការ​ចំនួន​បួន​​​​​ខាង​​​​​​​​លើ​​​នេះ​​​​​​​​​ត្រូវ​​​បាន​​​​​​​ចាត់​ទុក​​​​ជា​មូលដ្ឋាន​យោធា​បរទេស​ដែល​​​​​​​រំលោភ​​​​​​​រដ្ឋធម្មនុញ្ញ​​​នោះ ហើយ​​​ថា ​ទីតាំង​​​​​​ទាំង​​​នេះ​​​​​​​​​​​​​ចាំ​​​​​​បាច់​​​​​​​​​​ត្រូវ​​​មាន​​​ការ​​​​ស៊ើបអង្កេត​​​បន្ថែម​​​ទៀត​​​៕ សុខុម (រាយការណ៍​បន្ថែម​ដោយ Zsombor Peter)​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស